គ្រួសារសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ស្នើរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយ ហើយដោះលែងអ្នកជាប់ឃុំនយោបាយមុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីលើកមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ សំណើនេះធ្វើឡើង មុនពេលមេដឹកនាំនៃប្រទេសប្រកាន់ប្រជាធិបតេយ្យធំៗ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន (Joe Biden ) នឹងធ្វើដំណើរមកប្រទេសកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកាខាងមុខនេះ។
ក្រុមគ្រួសារសកម្មជនគណបក្សប្រឆាំង ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងឋានជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោះស្រាយបញ្ហានយោបាយក្នុងប្រទេសឱ្យបានត្រឹមត្រូវ ជាពិសេសដោះលែង សមាជិកគ្រួសារពួកគេ ដែលត្រូវបានចាប់ឃុំខ្លួនដោយសារមូលហេតុនយោបាយកន្លងមក។
ប្រពន្ធមន្រ្តីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារព្រៃសលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ឱ្យដឹងថាកន្លងមកពួកលោកស្រីតែងតែដាក់ញត្តិថ្វាយព្រះមហាក្សត្រ និងស្នើដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិនយោបាយជាហូរហែ ប៉ុន្តែមកដល់ពេលនេះគ្មានស្ថានប័នណាមួយឆ្លើយតបឡើយ។ លោកស្រីយល់ថាការបន្តឃុំខ្លួនសកម្មជនបក្សប្រឆាំងរាប់ឆ្នាំបែបនេះមិនផ្តល់ផលចំនេញដល់កម្ពុជានោះទេ ហើយផ្ទុយទៅរដ្ឋាភិបាល កាន់តែរងការរិះគន់ និងរងទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិជាបន្តបន្ទាប់។ លោកស្រីស្នើរដ្ឋាភិបាលដោះលែងអ្នកនយោបាយដោយចូលតុចរចាបញ្ចាប់បញ្ហានយោបាយ និងបញ្ឈប់ការធ្វើទុកបុកម្នេញ និងធ្វើបាបសកម្មនយោបាយ៖
«សូមលោក(រដ្ឋាភិបាល)ដោះលែងសកម្មជននយោបាយមុខទៅ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិមនុស្ស និងនីតិរដ្ឋ ហើយប្រទេសក្រោមដំបូលសន្តិភាពរបស់លោកហើយចាប់ដាក់គុក ដាក់ច្រវ៉ាក់ចឹងអត់ត្រូវទេ អ៊ីចឹងវាបញ្ជាក់ថាកម្ពុជាអត់មានច្បាប់ត្រឹមត្រូវ»។
ស្រដៀងគ្នានេះដែរ ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀងម្នាក់ទៀតដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង លោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ថ្លែងថាប្តីលោកស្រី ព្រមទាំងសកម្មជនបក្សប្រឆាំងដទៃនៅតែជាប់គុក និងរងទុក្ខវេទនាទាំងយុត្តិធម៌ ដោយសារមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល។ លោកស្រីបញ្ជាក់ថាប្រទេសដែលមានសន្តិភាព និងគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដពុំមានអ្នកនយោបាយជាប់គុកនោះទេ ដូច្នេះលោកស្រីរំពឹងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួយអន្តរាគមន៍ដោះលែងអ្នកនយោបាយទាំងអស់ឱ្យមានសេរីភាព ដើម្បីលើកមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិមុនកិច្ចប្រជុំពូលអាស៊ានខាងមុខនេះ៖
«ខ្ញុំសូមឱ្យលោកប្រធានាធិបតីធ្វើយ៉ាងមិចជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងពួកគាត់(អ្នកនយោបាយ)ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ពីព្រោះពួកគាត់មិនមានកំហុសអ្វីសោះ ហើយរដ្ឋាភិបាលកម្ពុជាខ្លួនឯងគួរតែងាកមើលប្រជារាស្រ្តសព្វថ្ងៃរងទុក្ខលំបាកដោយសារអ្នកកាន់អំណាចហ្នឹង សូមដោះលែងពួកគាត់ទៅ»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៣០ ខែតុលា។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋជាង៦ពាន់គ្រួសារនៅខេត្តព្រៃវែង ដោយលោកឱ្យដឹងថាក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកំពុងត្រៀមរៀបចំកិច្ចប្រជុំ និងទទួលស្វាគមន៍មេដឹកនាំនៅក្រៅប្រទេស។ លោក ហ៊ុន សែន បញ្ជាក់ថាប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន (Joe Biden ) នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកា ប៉ុន្តែលោក ហ៊ុន សែន មិនទាន់បញ្ជាក់ថាលោកមានជំនួបទ្វើភាគីជាមួយប្រធានាធិបតីអាមេរិកឬយ៉ាងណាទេ។ ទន្ទឹមនឹងនេះ លោកនឹងជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូដឺមៀរ ហ្សេឡិនស្គី (Volodymyr Zelenskyy) ម៉ោង៤រសៀល នៅថ្ងៃទី១ ខែវិច្ឆិកាដែរ៖
«ច្បាប់លាស់ហើយប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន នឹងធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកនិងកិច្ចប្រជុំអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ»។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមានមេដឹកនាំ ពិភពលោកចូលរួមខាងមុខនេះ ក្រុមអង្គការសង្គមស៊ីវិល ឬហៅថា វេទិកាប្រជាជន អាស៊ាន (Asean People Forum) បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ជូននូវក្តី កង្វល់និងអនុសាសន៍សំខាន់ៗរួមមានបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើម។
ជុំវិញរឿងនេះ ប្រធានសមាគការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថាវត្តមាននៃមេដឹកនាំប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ជាពិសេស សហរដ្ឋអាមេរិកអំឡុងពេលប្រជុំកំពូលអាស៊ាននៅកម្ពុជា ស្របពេលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ គឺជាពេលវេលាដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជាត្រូវរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសឱ្យល្អប្រសើរឡើងវិញ។ ម្យ៉ាងទៀតលោកយល់ថារដ្ឋាភិបាលគួរទទួលយកអនុសាសន៍របស់សហគមន៍ជាតិអន្តរជាតិទៅពិនិត្យនិងកែលម្អដែរ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋខ្មែរ។ លោក នី សុខា បារម្ភថាបើសិនរដ្ឋាភិបាលខកខានយកចិត្តទុកដាក់ដោះស្រាយបរិយាកាសនយោបាយឱ្យទាន់ពេលនោះទេនឹងធ្វើរដ្ឋាភិបាលខូចឈ្មោះ និងរងសម្ពាធនានាពីសហគមន៍អន្តរជាតិដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ៖
«រដ្ឋាភិបាលគួរតែពិចារណាអ្វីដែលមតិជាតិនិងអន្តរជាតិលើកឡើង កុំនៅតែបន្តអះអាងឯកតោភាគីដោយមិនបានយកមតិទាំងអស់ហ្នឹងទៅពិចារណា គឺជាកំហុសធ្ងន់ណាស់បាទ។ បើយើងធ្វើការដោះស្រាយបញ្ហាដោយគោរពសិទ្ធិមនុស្សត្រឹមត្រូវ ខ្ញុំគិតថាប្រហែលប្រទេសអភិវឌ្ឍន៍មួយចំនួននៅក្នុងតំបន់ជាពិសេសប្រទេសប្រកាន់ប្រជាធិបតេយ្យមួយចំនួន ខ្ញុំគិតថាគេនឹងចូលមកជួយប្រទេសកម្ពុជាដែលធ្វើឱ្យប្រជាពលរដ្ឋរបស់នៅទាំងសេរីភាព សិទ្ធិមនុស្ស សេដ្ឋកិច្ច គឺមានការសំបូរសប្បាយមិនខានទេបាទ»។
ក្រុមអង្គការជាតិ និងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមប្រទេសប្រជាធិបតេយ្យធំៗ កន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាលដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បើកលំហរសេរីភាពសង្គមស៊ីវិល និងនយោបាយ ក្នុងនោះក៏រាប់បញ្ចូលទាំងការលុបចោល និងការកែទម្រង់ច្បាប់នានា ដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ។
គ្រួសារសកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិល សង្ឃឹមថា មេដឹកនាំប្រទេសប្រទេសប្រជាធិបតេយ្យធំៗ ជាពិសេសប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកស្តារប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌សង្គមស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំផ្សេងទៀត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។