គ្រួសារ​សកម្មជន​នយោបាយ​ជាប់​ឃុំ នៅតែ​ទាមទារ​រក​យុត្តិធម៌​ពី​តុលាការ

ដោយ អាស៊ីសេរី
2022.06.18
គ្រួសារ​សកម្មជន​នយោបាយ​ជាប់​ឃុំ នៅតែ​ទាមទារ​រក​យុត្តិធម៌​ពី​តុលាការ សាច់ញាតិ​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​រួម​គំនិតក្បត់។
រូប​៖ ពលរដ្ឋផ្ដល់ឱ្យ

គ្រួសារ និង​សាច់ញាតិ​របស់​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ នៅតែ​ស្រែក​ទទូច​ឲ្យ​តុលាការ​ក្រុងភ្នំពេញ ជួយ​រក​យុត្តិធម៌ ដល់​អ្នក​ជាប់ឃុំ​ទាំងអស់​ផង​។ ពួកគាត់​នៅតែ​យល់​ថា អ្នក​ជាប់ឃុំ​មិនទាន់​ទទួល បាន​យុត្តិធម៌​ពិតប្រាកដ ពី​ការ​ជំនុំ​ជម្រះ​ពី​តុលាការ​នៅ​ឡើយ​ទេ ហើយ​ពួកគាត់​បញ្ជាក់​ថា នឹង​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់​បន្ត​ទៀត​។

ភរិយា​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា បន្ត​ស្នើ​ឲ្យ​តុលាការ ពិនិត្យមើល​សំណុំរឿង​របស់​ស្វាមី​លោកស្រី​ឲ្យ​បាន​ល្អិតល្អន់​ថែមទៀត ព្រោះ​លោកស្រី នៅតែ​មិនទាន់​អស់ចិត្ត ចំពោះ​ការ​កាត់ក្ដី​របស់​តុលាការ នា​ពេល​កន្លង​មក។

ភរិយា​របស់​លោក កាក់ កុម្ភារ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោកស្រី ព្រំ ចន្ថា ប្រាប់​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃទី​១៨ មិថុនា​ថា លោកស្រី​នៅតែ​ទទូច​ដល់​តុលាការ​ឲ្យ​ដោះលែង​ស្វាមី ទោះ​ដឹង​ថា​ពាក្យ​អង្វរ​ក​មិន​មាន​ឥទ្ធិពល​យ៉ាងណាក៏ដោយ តែ​លោកស្រី​នៅតែ​សង្ឃឹម​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌ របស់​ក្រសួង​យុត្តិធម៌ ថា​នឹង​អាច​លើកលែងទោស ដល់​ស្វាមី​លោកស្រី ជាពិសេស​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​ជួយ​ឲ្យ​កូនចៅ​បាន​ជ្រក​ក្រោម​ដំបូល​សន្តិភាព​របស់​លោក​ផង​។ លោកស្រី​បញ្ជាក់​ថា សព្វថ្ងៃ​រស់នៅ​ដោយ​វេទនា​ខ្លាំង​ណាស់ ព្រោះ​បាត់​បង្អែក​បង្គោលគ្រួសារ កូនប្រុស​ច្បង​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ត្រូវ​ការ​ឪពុក​មើលថែ លោកស្រី​ថា លោកស្រី​រ៉ាប់រង​បន្ទុកគ្រួសារ​ទាំង​អស់ ធ្វើជា​ឪពុក​ផង ធ្វើជា​ម្ដាយ​ផង មាន​ភាព​នឿយហត់​ខ្លាំង​ណាស់ លោកស្រី សំណូមពរ​ដល់​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​រឿងក្ដី​ស្វាមី​លោកស្រី​ផង​៖ «​កូន​ខ្ញុំ​គាត់ ឥឡូវ​គាត់ អារម្មណ៍​គាត់​អត់​សូវ​ល្អ​ទេ ដូច​មុន​ទេ​ចាស គាត់​ពីមុន​។ ខ្ញុំ​មិន​ដឹង​ថា​វា​ប៉ះពាល់​ម៉េច​ខ្លះ​ទេ ខ្ញុំ​អាណិតកូន​ខ្លាំង​ណាស់ មាន​អារម្មណ៍​ថា​គាត់​រឹង​ជាង​មុន កោងកាច​ជាង​មុន ។ គាត់​មិន​ដឹង​ថា​គាត់​ប៉ះពាល់​អី​ខ្លះ​នៅក្នុង​ខួរក្បាល​របស់​គាត់​ហ្នឹង​ណា ។ វា​ពិបាក​ទទួលយក​មែនទែន​តែម្ដង ហើយ​ខ្ញុំ​ថ្ងៃ​ណា ក៏​ខ្ញុំ​មិនដែល​សប្បាយចិត្ត​ដែរ ដោយសារ​វា​ធម្មតា​ហើយ​អូន ការ​បែក​បាក់​អីចឹង​ហើយ​ខ្ញុំ​គិតថា អត់​មាន​ធ្វើ​អី​ខុស​សោះ ប្ដី​របស់ខ្ញុំ ។​ដល់ពេល​(​អីចឹង​) ខ្ញុំ​ទទួល​យក​អត់​បានទេ វា​លំបាក​មែនទែន​តែម្ដង​ចាស មានតែ​តស៊ូ​ទៅមុខ​ទៀត​តែ​ប៉ុណ្ណឹង​ឯង​ចាស»

លោក កាក់ កុម្ភារ ត្រូវ​តុលាការ​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ ឲ្យ​ជាប់ឃុំ ហើយ​តម្រូវ​ឲ្យ​កំណត់​រយៈពេល​អនុវត្ត​ទោស​ចំនួន​៦​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​មិន​ឲ្យ​យោធិន​ស្ដាប់បង្គាប់ ជាដើម​។ លោក កាក់ កុម្ភារ ក៏​ជា​អ្នកគាំទ្រ កាលដែល​លោក សម រង្ស៊ី មាន​គម្រោង​នឹង​ធ្វើ​មាតុភូមិនិវត្តន៍ នា​ពេល​កន្លងមក ក្នុង​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ​២០១៩​នោះ​ដែរ ហើយ​លោក​ក៏​ជា​មន្ត្រី​សកម្ម​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែរ។

ជុំវិញ​សំណើ​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន ប្រាប់​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃទី​១៨ មិថុនា​ថា ចំពោះ​រឿងក្ដី​របស់​លោក កាក់ កុម្ភារ បើសិនជា ភរិយា​របស់​គាត់​មិន​សុខចិត្ត ហើយ​ស្រែក​ថា​រង​ភា​ពអយុត្តិធម៌​លើ​ស្វាមី​របស់​លោក​ស្រី គាត់​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍​បាន ឲ្យ​សើរើ​រឿងក្ដី​ស្វាមី​គាត់​ឡើងវិញ​។ លោក​បន្ត​ថា តុលាការ​លោក​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់ មិនអាច​កាត់សេចក្ដី​តម្រូវ​ចិត្ត​ទៅតាម​បុគ្គល​ណា​ម្នាក់​ទេ ភាគច្រើន​អ្នក​ដែល​ចាញ់ក្ដី​តែងតែ​ស្រែក​ថា មិន​មាន​យុត្តិធម៌​សម្រាប់​ពួកគេ នោះ​ជា​រឿង​ធម្មតា​ហើយ​ក្នុង​សង្គម​មួយ​នេះ លោក​ថា លោក​ជឿជាក់​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​របស់​មន្ត្រី​តុលាការ​ក្រសួងយុត្តិធម៌​៖ «វា​គ្មានអ្វី​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​បញ្ហា អ៊ី ប៊ី អេ ទេ​។ រឿង​បញ្ហា អ៊ី ប៊ី អេ គឺជា​រឿង​សហគមន៍​អឺរ៉ុប ដែល​គេ​ពិនិត្យ គេ​សិទ្ធិ​របស់​គេ ចំពោះ​ប្រទេស​ណាមួយ ។ ប៉ុន្តែ​រឿង​របស់​គាត់ គឺ​គាត់​ជា​ប្រជាជន​កម្ពុជា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស យើង​ឃើញ​ហើយ​ថា មិនមែន​មានតែ​គាត់​ទេ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ល្មើស ហើយ​ថែមទាំង​តុលាការ​ផ្ដន្ទាទោស ។ ឃើញថា នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​អ្នកទោស​ជាប់ឃុំ មាន​ជាង​បី​ម៉ឺន​(៣០.០០០)​នាក់​ឯនោះ នៅ​ទូទាំង​ប្រទេស»

លោកស្រី ព្រំ ចន្ថា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ អ៊ី ប៊ី អេ (EBA Everythings But Arm) របស់​សហភាព​អឺរ៉ុប​បន្ថែម​ពី​លើ​នេះ​ទៀត ដែល​បាន​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល នា​ពេល​កន្លង​មក​ហើយ​នោះ​។ ប្រសិនបើ រដ្ឋាភិបាល​នៅតែ​ទទឹង​ទទែង​ជាមួយ​បស្ចិម​លោក ក្នុង​ការ​មិន​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ និង​ផ្ដាច់​ជីវិត​លទ្ធិប្រជាធិបតេយ្យ​មិន​ឲ្យ​ងើបឡើង​នោះ រដ្ឋអំណាច​របស់​លោក ហ៊ុន សែន នឹង​អាច​ខូចខាត​ប្រយោជន៍​ជាច្រើន​ទៀត ពី​ទំនាក់ទំនង​រវាង​ប្រទេស​លោក​សេរី នៅពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។