គ្រួសារ​​​សកម្ម​ជន​​​បក្ស​​ប្រឆាំង​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនា​គារ​កំពុង​​​ជួប​ទុក្ខ​លំបាក​​ខ្លាំង​ផ្នែក​​ជីវភាព

0:00 / 0:00

ក្រុម​​គ្រួសារ​​សកម្មជន​បក្សសង្គ្រោះជាតិ ​កំពុង​ជាប់​ពន្ធនាគារ ​ត្អូញត្អែពី​ទុក្ខលំបាក​ផ្នែក​ជីវភាព​និង​ជំពាក់​បំណុល​កើន​ឡើងក្រោយ​ពេល​ប្តីរបស់​ពួកគាត់​ដែល​ជា​មេគ្រួសារ​ត្រូវ​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំខ្លះ​ទៀត​មួយ​ឆ្នាំ​កន្លះដោយ​សារ​មូលហេតុ​នយោបាយខណៈ​ពួកគាត់ជា​ប្រពន្ធ បាន​បាត់​បង់ការងារ​ព្រោះ​វិបត្តិ​កូវីដនិង​​តែង​​ចេញ​​តវ៉ា​​ស្វែង​​រក​​យុត្តិធម៌​ឲ្យ​ប្តី​ទៅ​តាម​​​ស្ថាន​​នានា។​ ទោះជា​​យ៉ាង​​ណាពួក​គាត់​មាន​​មោនភាព​​ចំពោះ​​គ្រួសារ​​ដែល​​លះបង់​សេរីភាព​ដើម្បី​​បុព្វហេតុ​សិទ្ធិសេរីភាព​និង​​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា។

ប្រពន្ធ​ស​​​កម្មជន​​បក្ស​ប្រឆាំង​​កំពុង​​ជាប់​ឃុំ​លោក យឹម សារ៉េត គឺ​​លោកស្រី អ៊ុក ចន្ធី រៀប​រាប់​​ប្រាប់​​អាស៊ីសេរី​ថា ថ្ងៃទី២២ ខែសីហា ចាប់​តាំង​​ពី​​អាជ្ញាធរ​​ចាប់​​ឃុំខ្លួន​ប្តី​មក​​បណ្តាល​​ឱ្យ​គ្រួសារ​​លោកស្រី​​ជួប​​វិបត្តិ​ផ្លូវ​ចិត្តនិង​​សេដ្ឋកិច្ច​គ្រួសារ​​ធ្ងន់ធ្ងរ។ លោកស្រី ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​​រោងចក្រ​កាត់ដេរ​​ទាំង​​ឈឺ​ដើម្បី​​រក​​ប្រាក់​​ផ្គត់ផ្គង់​​គ្រួ​សារនិង​​ដោះបំណុល​​ធនាគារ។ លោកស្រី​បន្តថា ​ទុក្ខលំបាក​​ផ្ទួនៗ​​នេះ​បាន​​ធ្វើ​ឱ្យ​គាត់​កាត់​​បន្ថយ​​ការ​​ចំណាយ​​លើ​​ផ្ញើម្ហូប​អាហារ​​ប្រចាំថ្ងៃនិង​​ផ្អាក​​ផ្ញើ​ថវិកា​​ឱ្យ​ប្តី​នៅ​​ក្នុង​​ពន្ធនាគារ​។ ប្រពន្ធ​​សកម្មជន​​បក្ស​ប្រឆាំង​​រូបនេះថា ​ប្តីលោកស្រី​បាន​​ជាប់ឃុំ​ទាំង​​អយុត្តិធម៌​​ជាង​ ​១ឆ្នាំ​ ៥ខែ​ មក​ហើយ​ខណៈ​សលាដំបូង​​រាជធានី​​ភ្នំពេញ​​បើក​​សវនាការ​​លើ​​សំណុំ​រឿង​ប្តី​របស់​​លោកស្រី​​បាន​​តែ​​ម្ត​ង​​ប៉ុណ្ណោះ​កាលពី​​ដើម​​ខែ​មករា ឆ្នាំ២០២១ ហើយ​​លើក​​ពេល​​រហូត​​មក​​ទល់​​ពេល​​នេះ​ក្រោម​​ហេតុផល​កា​រ​​រាតត្បាត​​ជំងឺ​​កូវីដ-១៩។ លោកស្រី​​ទទូច​ឱ្យ​រដ្ឋាភិបាល​​​ដោះលែង​​ប្តី​ឱ្យ​មាន​​សេរីភាព​ឡើង​វិញ​ ដើម្បី​ជួប​ជុំ​​គ្រួសារ និង​​ជួយ​​រក​ស៊ី​ដោះស្រាយ​​បញ្ហា​​សេដ្ឋកិច្ច​គ្រួសារ៖ «កាន់​តែ​ឈឺ​ចាប់​​ឡើង​​ដូច​ថា​​ប្តី​គេ​ចាប់​​យក​​ទៅ​​ឃុំ​ឃាំង​ដោយ​​គ្មាន​​កំហុស​​អ្វី​​ហើយ គេ​ធ្វើ​​បាប​ពេល​​ទៅ​​សម្តែង​​មតិ​​ចឹង ឥឡូវ​​មិន​ទាន់​ជា​​សះ​ស្បើ​យ​​ស្រួល​​បួល​​ផង​​ជើង ចង្កេះ​វា​​ធ្វើ​បាប​​យើង​​ធ្ងន់ធ្ងរ​​ពេក​​ដល់​​អ៊ី​ចឹង តែ​​មីង​​មិន​​រាថយ​ទេ ​នៅ​​តែ​​ពុះ​ពារ​​តស៊ូ​​រហូត​​មាន​​ដំណោះ​ស្រាយ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​មន្រ្តី​គណបក្ស​​ប្រឆាំង កំពុង​​ជាប់​​ពន្ធនា​គារ​​ម្នា​ក់​ទៀត​លោក កាក់ កុម្ភារ គឺ​លោក​ស្រី ព្រំ ចន្ថា ថ្លែង​ថា លោក​ស្រី ឈឺ​ចាប់​ជាខ្លាំង​ចំពោះ​​ទង្វើ​​អាជ្ញាធរ​​ដែល​​ចាប់​​ឃុំ​ខ្លួន​​ប្តី​និង​​កូន​ប្រុស​​របស់​​លោក​ស្រី ទាំង​អយុត្តិ​ធម៌ ហើយ​វា​​បាន​​រុញ​ច្រាន​​ជីវ​ភាព​​របស់​​លោកស្រី​​រស់​នៅ​​ត្រដាប​ត្រដួសគ្មាន​​ប្រាក់​​ចំណូល​សម្រាប់​​ផ្គត់ផ្គង់​​ជីវភាព​​គ្រួសារ។ ប្រពន្ធ​មន្រ្តី​បក្ស​ប្រឆាំង​​រូបនេះថា​ បច្ចុប្បន្ន​លោក​ស្រី ត្រូវ​​ចំណាយ​​ប្រាក់​​ព្យាបាល​​ជំងឺ​​ទឹក​នោម​​ផ្អែម​​ម្តាយ​ចាស់​​ជរា​​នៅ​​ផ្ទះ និង​​បា្រក់​​ម្អូប​​អាហារ​​និង​​សម្ភារ​ប្រើ​ប្រាស់​​ឱ្យ​​ប្តី​និង​​កូន​​ប្រុស​នៅ​ក្នុង​​ពន្ធនា​គារ​​ទៀត​​ផង។ លោក​ស្រី​កំពុង​​បារម្ភ​ថា បញ្ហា​ជីវ​ភាព​​នេះ នឹងប៉ះ​​ពាល់​​សុខ​ភាព​​ប្តី​និង​​កូន ព្រោះ​​ម្ហូប​​អាហារ​​នៅ​​ពន្ធនាគារ​​ពុំ​មាន​​ជីវ​ជាតិ និង​​អនាម័យ​នោះ​ទេ​ ដែល​​ធ្វើ​ឱ្យ​ពួក​គេ​​ប្រឈម​​ជំងឺឆ្លង​​​ផ្សេងៗ៖ «ដូច​​សម្លាប់​​មនុស្ស​​ទាំង​​រស់​​ចឹង​​រាល់​ថ្ងៃ​​ខ្ញុំ​រស់​​ចឹង​​ទៀត​​មិន​ដឹង​ត្រូវ​​គិត​​ដើរ​​ទៅ​​មុខ​​យ៉ាង​​មិច​​ទៀត​​ទេ ពិបាក​​ខ្លាំង​​មែន​​ទែន គាត់​​មាន​​ក្រុម​គ្រួសារ​​គាត់​​មាន​​កូន​​ចៅ​​ដែរ គាត់​​គួរ​​យល់​​អារម្មណ៍​​មួយ​​ហ្នឹង​​ពិបាករ​បៀប​​មិច គ្រួសារ​​ដល់​​ពេល​​ចឹង​​ទៅ​​ពួក​ខ្ញុំ​មា​ន​​អី​ណា​​ទៀត​​កូវីដ​​ការ​ងារ​​មាន​​ណា​​ធ្វើ គេ​បិទ​សឹង​​ទាំង​​អស់​​ហើយ ខ្ញុំ​មាន​សមត្ថ​ភាព​ទៅ​រក​លុយ​រក​កាក​នោះ»។

វិទ្យុ​អា​ស៊ី​សេរី​មិន​អាច​​ទាក់​ទង​​ប្រធាន​​អង្គភាព​​អ្នក​នាំ​​ពាក្យ​រដ្ឋា​ភិបាលលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​​ក្រសួង​​យុត្តិធម៌លោក ជិនម៉ាលីន និង​​អ្នក​នាំពាក្យ​តុលា​ការ​​ក្រុង​​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​ឆ្លើយ​តប​​ជុំវិញ​​រឿង​​នេះ​​បាន​​ទេ នៅ​ថ្ងៃ​ទី២២ ខែសីហា។

ចំណែក​​​​អ្នក​​នាំ​​​​ពាក្យ​​គណបក្ស​​កាន់​​​អំណាច​លោក សុខ ឥសាន លើក​​ឡើង​​ដដែលៗ​​ថា ​​សំណុំ​​រឿង​​សកម្ម​ជ​ន​​គណបក្ស​ប្រឆាំង ​គឺ​​ស្ថិត​​​នៅ​​ក្នុង​​​ដៃ​​របស់​​​តុលាការ ហើយ​​រដ្ឋា​ភិបាល​​ពុំ​មាន​​​មាន​​​សិទ្ធិ​សម្រេច​​លើ​​សំណើ​​​នោះ​​​ទេ។ លោក​ថា ​ករណី​អាជ្ញាធរ​​រដ្ឋា​ភិបាល​​បង្ក្រាប និង​​ចាប់​ខ្លួន​​សកម្ម​ជន​​​កន្លង​មក​​មិន​​មែន​​ការ​​ធ្វើ​ទុក្ខ​បុក​​ម្នេញ​​ផ្នែក​​នយោ​បាយ​​ដូច​ការ​​លើក​ឡើង​​នៃ​​មតិ​ជាតិ​​អន្តរ​ជាតិ​​ឡើយ៖ «សាមី​ជន​​ឬប្រពន្ធ​សាមី​ជន​​ដែល​​ចង់​​ឱ្យ​រដ្ឋា​ភិបាល ​គឺ​គណបក្ស​ប្រជា​ជន​​ទៅ​អន្តរា​គមន៍​​នេះ​​មិន​អាច​​​ធ្វើ​ទៅ​កើត​ទេ ​ពី​ព្រោះ​​ស្ថិត​​នៅ​​ក្នុង​​ឯករាជ្យ​ភាព​ និង​​អធិប​តេយ្យ​ភាព​​របស់​​តុលា​ការ»។

ទោះ​​ជា​​យ៉ាង​​​នេះ​​ក្តី ប្រពន្ធ​សកម្ម​ជន​បក្ស​ប្រឆាំង​​ដែល​​កំពុង​​ជាប់​​ពន្ធគារ​​លើក​ឡើង​​ដូចៗ​​គ្នា​ថា ​ពួក​​គាត់​​ប្តេជ្ញា​​ចិត្ត​នឹង​​ចេញ​​​​តវ៉ា​​​ដោយ​​​សន្តិ​​វិធី​ រៀង​រា​ល់​​ថ្ងៃសុក្រ ដើម្បី​​​ទាម​​ទារ​​​ឱ្យ​​​អាជ្ញាធរ​​​ដោះ​​លែង និង​​​ទម្លាក់​​​ចោល​​​បទ​​​ចោទ​​​ប្រកាន់​​លើ​​​ក្រុម​​​​គ្រួសារ​​​​ពួក​​​គាត់ និង​​​​អ្នក​ជាប់​​ឃុំ​​​​ក្នុង​​​​សំណុំ​​​រឿង​​​​នយោ​​បាយ​​​​ដទៃ​​​ទៀត។

ជុំវិញ​រឿង​នេះ​ប្រធាន​​សមា​គម​ការ​ពារ​​សិទ្ធិ​មនុស្ស​​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា​ សង្គម​​ស៊ីវិល​​សោ​ក​​ស្តាយ​​ចំពោះ​ការ​​​ចាប់​​និង​​ឃុំ​​ខ្លួន​សកម្ម​​ជន​​​គណបក្ស​​​ប្រឆាំង​​កន្លង​​ទៅ ​គឺ​សុទ្ធ​​សឹង​​​ជា​​​មេ​​គ្រួសារ​​​បាន​​​ធ្វើ​​ឲ្យ​​គ្រួសារ​​​របស់​​ពួក​គេ​​​បាត់​បង់​​​ការ​ងារ ទទួល​​​រង​​​វិបត្តិ​​ក្នុង​​​គ្រួសារ​​ធ្ងន់​ធ្ងរ។ លោក​ថា ​ការអូស​​បន្លាយ​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​លើ​​សកម្ម​ជន​​ទាំង​​នោះ គឺ​​ប៉ះ​ពាល់​​ដល់​​សិទ្ធិទទួល​​បាន​​យុត្តិធម៌ ដូច្នេះ​លោក​​អំពាវ​នាវ​​ឱ្យ​​ដោះ​លែង​​ពួក​គេ​​នៅ​​ក្រៅ​​ឃុំ​​បណ្តោះ​អាសន្ន ដើម្បី​​ជួយ​​ស្តារ​​សេដ្ឋកិច្ច​​គ្រួសារ និង​​សង្គម បន្ធូរ​បន្ថយ​​ភាព​ចង្អៀត​​ណែន និង​​កាត់​​បន្ថ​យ​​បញ្ហា​​ប្រឈម​​ការ​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ-១៩ ​នៅក្នុង​​ពន្ធនា​គារ ជា​ពិសេស​​បន្ធូរ​បន្ថយ​​បរិយា​កាស​​នយោ​បាយ​​ដែល​​តាន​​តឹង៖ «យើង​ដឹង​ហើយ​ថា​ ការ​ចាប់​ខ្លួន​សកម្ម​ជន​គណ​បក្ស​ប្រឆាំង សិទ្ធិ​មនុស្ស ផ្សេងៗ​កន្លង​មក​នេះ​ គឺ​វា​ជា​រឿង​មួយ​ដែល​​ភ្ជាប់​លក្ខ​ខណ្ឌ​អ៊ីប៊ីអេ (EBA) របស់​សហភាព​អឺរ៉ុប រឹត​តែ​រឿង​ធំ​ទៅ​ទៀត​វា​មិន​មែន​ត្រឹម​តែ​ប៉ះ​ពាល់ជីវភាព​និង​ក្រុម​គ្រួសារ​នោះ​ទេ រឿង​ទាំង​អស់​នេះ​ជា​រឿង​ប៉ះ​ពាល់​ដល់​បញ្ហាសេដ្ឋ​កិច្ច​ជាតិ​ទៅ​ទៀត យើង​មើល​ឃើញ​លក្ខ​ខណ្ឌ​ដែល​សហ​ភាព​អឺរ៉ុប​ដក​ម្ភៃភាគ​រយ​ហ្នឹង​ដោយ​សារ​រដ្ឋា​ភិបាល​ចាប់​លើ​សកម្មជន​ទាំង​អស់​ហ្នឹង​ហើយបាទ»។

មក​​​ទល់​​​ពេល​​​នេះ​​​របប​​​ក្រុង​​ភ្នំពេញ ​បាន​​​ចាប់​​​ខ្លួន​​​សកម្ម​​ជន​​​នយោ​​បាយ ​​សង្គម ​​សិទ្ធិ​​​មនុស្ស ​និង​​​​អ្នក​​ការ​ពារ​​​បរិស្ថាន​​​ជាង​​​៨០​​នាក់​​​​ហើយ​ ដាក់​​​​​ពន្ធនា​​គារ ដោយ​សារ​​​ការ​​អនុវត្ត​​​សិទ្ធិ​​​ជា​​​មូល​​ដ្ឋាន​​​​របស់​​​ខ្លួន​។ ​​អង្គ​ការ​​​សិទ្ធិ​​​មនុស្ស​​​​ជាតិ ​អន្តរ​​ជាតិ និង​​​​​ក្រុម​​​អ្នក​​​ជំនាញ​​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គ​ការ​​សហ​​​ប្រជា​​​ជាតិ​​​ផង​ ហៅ​​​ការ​​ចាប់​​ខ្លួន​​​ទាំង​​​នោះ​​ថា ​​​ជា​​​សកម្ម​ភាព​​​បង្ក្រាប​​លើ​​​សំឡេង​​​រិះគន់។ ពួក​​គេទាម​​ទារ​​​ឲ្យ​​​រដ្ឋា​​ភិបាល​​​ដោះ​​លែង​​​​សកម្ម​​ជន​​​ទាំង​​​អស់​ដោយ​​​​​គ្មាន​​​លក្ខ​​ខណ្ឌ និង​​​​​​​​បញ្ឈប់​​​អំពើ​រំលោភ​​​សិទ្ធិ​​​មនុស្ស​នៅ​​​​កម្ពុជា​តទៅ​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។