ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​​សមាជិក​គ្រួសារ​របស់​ពួកគេ

2022.03.31
Share on WhatsApp
Share on WhatsApp
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​​សមាជិក​គ្រួសារ​របស់​ពួកគេ (រូបឯកសារ) ក្រុមស្ត្រីថ្ងៃសុក្រ​នាំគ្នា​ទៅ​ដាក់​ញត្តិ​រក​អន្តរាគមន៍ពី​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ១០នាក់​ប្រមូល​ម្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី៣១ មីនា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្មែរ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួកគេ។ ក្រុម​ស្ត្រី​ទាំង​នេះ​នៅ​តែ​អះអាង​ថា តុលាការ​ចាប់​ប្ដី និង​ឪពុក​របស់​ពួកគេ​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រពន្ធ​និង​កូន​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស រិះគន់​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បន្ត​ឃុំ​ឃាំង​ប្ដី​និង​ឪពុក​របស់​ពួក​គេ​ថា ជា​ការ​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ដើម្បី​ផ្គាប់​ចិត្ត​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក​ កាក់ កុម្ភា គឺ​លោក​ស្រី ព្រំ ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ មីនា​ថា មូលហេតុ​ដែល​ពួក​លោក​ស្រី​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថាន​ម៉ាឡេស៊ី គឺ​ដើម្បី​តាម​ដាន​ញត្តិ ដែល​បាន​ដាក់​ស្នើសុំ​ស្ថាន​ទូត​នេះ​កាល​ពី​ពេល​កន្លង​ទៅ។ លោក​ស្រី​បន្ត​ថា ការ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ម៉ាឡេស៊ី ព្រោះ​ជា​ប្រទេស​សមាជិក​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​ឆ្នាំ១៩៩១ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឯក​បក្ស​ឱ្យ​ដោះ​លែង​ប្ដី​លោក​ស្រី និង​អ្នក​ជាប់​ឃុំ​នយោបាយ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​វិញ។ ស្ត្រី​វ័យ ៥០ឆ្នាំ​រូប​នេះ​ថ្លែង​ថា ពួក​លោក​ស្រី​ខក​ចិត្ត​យ៉ាង​ខ្លាំង ដែល​មន្ត្រី​ស្ថានទូត​មួយ​នេះ​មិន​ចេញ​មក​ជួប​ពួក​លោក​ស្រី​ដើម្បី​សួរ​នាំ​ពី​លទ្ធផល​ញត្តិ ដែល​បាន​ដាក់​នា​ពេល​កន្លង​ទៅ​នោះ​ទេ។ លោក​ស្រី​នៅ​តែ​បញ្ជាក់​ថា តុលាការ​បាន​ចាប់​ប្ដី​លោក​ស្រី​និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​​អស់​រយៈ​ពេល​ជាង ២ឆ្នាំ​មក​ហើយ​ ដែល​ស្ថានទូត​​គួរតែ​ជួយ​អន្តរាគមន៍​ដល់​ពួក​លោក​ស្រី​ឱ្យ​បាន​ឆាប់៖ «និយាយ​រួម​ទៅ មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​​ដោយ​រង​អំពើ​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ។ ដូច​ជា ខ្ញុំ​ចូល​ស្ដាប់​សវនាការ​ថ្ងៃ​ទី២៨ កន្លង​ទៅ ចាប់​បង្ហាញ​ភស្តុតាង​មន្ត្រី​យុត្តិធម៌ និង​មន្ត្រី​ភេរវកម្ម ក៏​ដូច​ជា​មន្ត្រី ដែល​យក​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ពី​លោក សម រង្ស៊ី និង​ហ្វេសប៊ុក​មនុស្ស​មួយ​ចំនួន​ទៀត នៅ​ប្រទេស​ក្រៅ​ទាំង​អស់ ហើយ​យក​មក​ដាក់​បន្ទុក​លើ​ប្ដី​ខ្ញុំ។ ហ្វេសប៊ុក​ស្អី​គេ​គ្រាន់​តែ​លោក សម រង្ស៊ី គាត់​ប្រជុំ​នៅ​អាមេរិក ជា​មួយ​គ្នា​គាត់​ដើម្បី​រៀបចំ​កិច្ចការ ឬ​ក៏​មាន​គម្រោង​ចង់​វិល​ត្រឡប់​មក​មាតុប្រទេស​ថ្ងៃ​ទី៩ វិច្ឆិកា​ហ្នឹង។ អត់​មាន​អី​ត្រូវ​ខុស​ទេ ហើយ​អត់​មាន​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ទេ គឺ​អត់​តែ​ម្ដង»

ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​ទាំង​នោះ ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់​ ប៉ុន្តែ​ពុំ​មាន​ការ​បង្ក​ហិង្សា​ដល់​ពួក​គាត់​នោះ​ទេ ហើយ​ពួក​គាត់​បាន​ត្រឡប់​ផ្ទះ​វិញ ក្រោយ​ពី​ប្រមូល​ផ្ដុំ​គ្នា និង​លើក​បដា​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​សមាជិក​គ្រួសារ​របស់​ពួក​គេ​ប្រមាណ​កន្លះ​ម៉ោង​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​មាន​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចំនួន ៣នាក់​បាន​នាំ​គ្នា​ទៅ​​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស​បន្ត​ទៀត។ លោក​ស្រី ព្រំ ចន្ថា ឱ្យ​ដឹង​ថា ​ប្ដី​​របស់​​លោក​ស្រី​​​ធ្លាក់​ខ្លួន​ឈឺ​​និង​មាន​សភាព​ស្គមស្គាំង​ ហើយ​បាន​ត្អូញត្អែរ​​ប្រាប់​លោក​ស្រី​ថា ​​​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​។​​ក្រុម​ស្ត្រី​ទាំង​នេះ​​នឹង​​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​​ទៅ​ស្ថានទូត​​និង​ស្ថាប័ន​ដទៃ​ទៀត​រហូត​​តុលាការ​ដោះលែង​ប្ដី​​និង​ឪពុក​របស់​ពួកគេ​​ឱ្យ​មាន​សេរីភាព​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តាំង ​ស៊ុន​ឡាយ ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​ការ​តវ៉ា​​របស់​ក្រុម​ស្ត្រី​ទាំង​នោះ​​​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១​មីនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក ស៊ឹង សែន​ករុណា​ មើល​ឃើញ​ថា ​ការ​តវ៉ា​​ជា​បន្តបន្ទាប់​របស់​ក្រុម​ស្ត្រី​ទាំង​នោះ​ទទួល​បាន​លទ្ធផល​ខ្លះៗ ពី​ស្ថានទូត​​ប្រទេស​សេរី​ដែរ ។​លោក​បន្ត​ថា ស្ថានទូត​ខ្លះ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​ចំណាត់ការ​របស់​​អាជ្ញាធរ​ដែល​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ទាំង​នោះ​ដាក់​ពន្ធនាគារ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។ ចំពោះ​ការ​ចាប់​ខ្លួន​​សកម្មជន​ទាំង​នោះ​វិញ​ លោក​ ស៊ឹង សែន​ករុណា ​នៅ​តែ​យល់​ថា ជា​រឿង​នយោបាយ ដែល​តុលាការ​គួរតែ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ៖ «ថ្មីៗ នេះ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​នៅ​តែ​បន្ត​សេចក្ដី​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​គឺ កំពុង​តែ​ដើរ​ថយ​ក្រោយ​ និង​រង​ការ​រឹតត្បិត​លើ​សេរីភាព​ទាំង​នេះ​ជា​ខ្លាំង។ ជា​ពិសេស ខាង​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​ហ្នឹង​ហើយ​ អីចឹង​​ហើយ​បញ្ហា​ប៉ះពាល់​ដល់​កម្ពុជា​លើ​ឆាក​អន្តរជាតិ នៅ​តែ​បន្ត​កើត​មាន​ឡើង ព្រោះ​សេចក្ដី​ថ្លែង​ការណ៍​ទាំង​អស់​នេះ​វា​មាន​ឥទ្ធិពល​ណាស់​ជា​មួយ​នឹង​បណ្ដា​ប្រទេស​លោក​សេរី​គេ​ទទួល​យក​​មក​គិត​មក​ពិចារណា។ អាច​នឹង​មាន​វិធាន​ការ​ផ្សេងៗ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ទៀត បើសិនជា​មិន​កែ​សម្រួល​អំពី​ឥរិយាបថ​របស់​ខ្ញុំ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ»

បច្ចុប្បន្ន​​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៥០នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ ក្នុង​នោះ​សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ក្ដី​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស ៣ឆ្នាំ ៨ខែ ហើយ​ទោស​នៅ​សល់​ព្យួរ​ និង​សកម្មជន​ចំនួន​ទៀត​កំពុង​ដំណើរ​ការ​ក្ដីក្ដាំ​ពី​បទ​ញុះញង់ រួម​គំនិត​ក្បត់ និង​ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្សី កាល​ពី​ចុង​ឆ្នាំ២០១៩ និង​យុទ្ធនាការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស កាល​ពី​ឆ្នាំ២០១៨។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​បាន​ចាត់​ទុក​រឿង​ក្ដី​ក្ដាំ​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ជន​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។