ក្រុមស្ត្រីថ្ងៃសុក្រប្រមាណ ១០នាក់ប្រមូលម្ដុំគ្នាតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ មីនា ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលខ្មែរដោះលែងសមាជិកគ្រួសាររបស់ពួកគេ។ ក្រុមស្ត្រីទាំងនេះនៅតែអះអាងថា តុលាការចាប់ប្ដី និងឪពុករបស់ពួកគេដាក់ពន្ធនាគារដោយអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
ប្រពន្ធនិងកូនរបស់សកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រិះគន់ចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែលបន្តឃុំឃាំងប្ដីនិងឪពុករបស់ពួកគេថា ជាការធ្វើបាបពលរដ្ឋស្លូតត្រង់ ដើម្បីផ្គាប់ចិត្តលោក នាយករដ្ឋមន្ត្រីហ៊ុន សែន។
ប្រពន្ធសកម្មជនបក្សប្រឆាំងលោក កាក់ កុម្ភា គឺលោកស្រី ព្រំ ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ មីនាថា មូលហេតុដែលពួកលោកស្រីប្រមូលផ្ដុំគ្នានៅមុខស្ថានម៉ាឡេស៊ី គឺដើម្បីតាមដានញត្តិ ដែលបានដាក់ស្នើសុំស្ថានទូតនេះកាលពីពេលកន្លងទៅ។ លោកស្រីបន្តថា ការដាក់ញត្តិទៅស្ថានទូតម៉ាឡេស៊ី ព្រោះជាប្រទេសសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលាឆ្នាំ១៩៩១ ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឯកបក្សឱ្យដោះលែងប្ដីលោកស្រី និងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពវិញ។ ស្ត្រីវ័យ ៥០ឆ្នាំរូបនេះថ្លែងថា ពួកលោកស្រីខកចិត្តយ៉ាងខ្លាំង ដែលមន្ត្រីស្ថានទូតមួយនេះមិនចេញមកជួបពួកលោកស្រីដើម្បីសួរនាំពីលទ្ធផលញត្តិ ដែលបានដាក់នាពេលកន្លងទៅនោះទេ។ លោកស្រីនៅតែបញ្ជាក់ថា តុលាការបានចាប់ប្ដីលោកស្រីនិងសកម្មជនបក្សប្រឆាំងមួយចំនួនទៀតដាក់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលស្ថានទូតគួរតែជួយអន្តរាគមន៍ដល់ពួកលោកស្រីឱ្យបានឆាប់៖ «និយាយរួមទៅ មានការឈឺចាប់ខ្លាំងណាស់ដោយរងអំពើអយុត្តិធម៌សម្រាប់ក្រុមគ្រួសារពួកខ្ញុំ។ ដូចជា ខ្ញុំចូលស្ដាប់សវនាការថ្ងៃទី២៨ កន្លងទៅ ចាប់បង្ហាញភស្តុតាងមន្ត្រីយុត្តិធម៌ និងមន្ត្រីភេរវកម្ម ក៏ដូចជាមន្ត្រី ដែលយកតាមប្រព័ន្ធហ្វេសប៊ុកពីលោក សម រង្ស៊ី និងហ្វេសប៊ុកមនុស្សមួយចំនួនទៀត នៅប្រទេសក្រៅទាំងអស់ ហើយយកមកដាក់បន្ទុកលើប្ដីខ្ញុំ។ ហ្វេសប៊ុកស្អីគេគ្រាន់តែលោក សម រង្ស៊ី គាត់ប្រជុំនៅអាមេរិក ជាមួយគ្នាគាត់ដើម្បីរៀបចំកិច្ចការ ឬក៏មានគម្រោងចង់វិលត្រឡប់មកមាតុប្រទេសថ្ងៃទី៩ វិច្ឆិកាហ្នឹង។ អត់មានអីត្រូវខុសទេ ហើយអត់មានពាក់ព័ន្ធជាមួយក្រុមគ្រួសារពួកខ្ញុំទេ គឺអត់តែម្ដង » ។
ការតវ៉ារបស់ក្រុមស្ត្រីទាំងនោះ ស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចនៅរាជធានីភ្នំពេញជាច្រើននាក់ ប៉ុន្តែពុំមានការបង្កហិង្សាដល់ពួកគាត់នោះទេ ហើយពួកគាត់បានត្រឡប់ផ្ទះវិញ ក្រោយពីប្រមូលផ្ដុំគ្នា និងលើកបដាតវ៉ាទាមទារឱ្យតុលាការដោះលែងសមាជិកគ្រួសាររបស់ពួកគេប្រមាណកន្លះម៉ោងនៅមុខស្ថានទូតម៉ាឡេស៊ី។
នៅរសៀលថ្ងៃដដែលនេះមានក្រុមស្ត្រីថ្ងៃសុក្រចំនួន ៣នាក់បាននាំគ្នាទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃសបន្តទៀត។ លោកស្រី ព្រំ ចន្ថា ឱ្យដឹងថា ប្ដីរបស់លោកស្រីធ្លាក់ខ្លួនឈឺនិងមានសភាពស្គមស្គាំង ហើយបានត្អូញត្អែរប្រាប់លោកស្រីថា ខ្វះទឹកប្រើប្រាស់នៅក្នុងពន្ធនាគារ។ក្រុមស្ត្រីទាំងនេះនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ទៅស្ថានទូតនិងស្ថាប័នដទៃទៀតរហូតតុលាការដោះលែងប្ដីនិងឪពុករបស់ពួកគេឱ្យមានសេរីភាពវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ ដើម្បីសុំអត្ថាធិប្បាយពីការតវ៉ារបស់ក្រុមស្ត្រីទាំងនោះបានទេនៅថ្ងៃទី៣១មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ការតវ៉ាជាបន្តបន្ទាប់របស់ក្រុមស្ត្រីទាំងនោះទទួលបានលទ្ធផលខ្លះៗ ពីស្ថានទូតប្រទេសសេរីដែរ ។លោកបន្តថា ស្ថានទូតខ្លះបានចេញសេចក្ដីថ្លែងការណ៍រិះគន់ចំណាត់ការរបស់អាជ្ញាធរដែលបានចាប់ខ្លួនសកម្មជននយោបាយទាំងនោះដាក់ពន្ធនាគារថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ។ ចំពោះការចាប់ខ្លួនសកម្មជនទាំងនោះវិញ លោក ស៊ឹង សែនករុណា នៅតែយល់ថា ជារឿងនយោបាយ ដែលតុលាការគួរតែដោះលែងពួកគេឱ្យមានសេរីភាពវិញ៖ «ថ្មីៗ នេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកនៅតែបន្តសេចក្ដីរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងគឺ កំពុងតែដើរថយក្រោយ និងរងការរឹតត្បិតលើសេរីភាពទាំងនេះជាខ្លាំង។ ជាពិសេស ខាងសិទ្ធិពលរដ្ឋនិងនយោបាយហ្នឹងហើយ អីចឹងហើយបញ្ហាប៉ះពាល់ដល់កម្ពុជាលើឆាកអន្តរជាតិ នៅតែបន្តកើតមានឡើង ព្រោះសេចក្ដីថ្លែងការណ៍ទាំងអស់នេះវាមានឥទ្ធិពលណាស់ជាមួយនឹងបណ្ដាប្រទេសលោកសេរីគេទទួលយកមកគិតមកពិចារណា។ អាចនឹងមានវិធានការផ្សេងៗមកលើរដ្ឋាភិបាលកម្ពុជាទៀត បើសិនជាមិនកែសម្រួលអំពីឥរិយាបថរបស់ខ្ញុំចំពោះការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ » ។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៥០នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងនោះសកម្មជនមួយចំនួនត្រូវបានតុលាការក្រុងភ្នំពេញកាត់ក្ដីដាក់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែឱ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ និងសកម្មជនចំនួនទៀតកំពុងដំណើរការក្ដីក្ដាំពីបទញុះញង់ រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩ និងយុទ្ធនាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេស កាលពីឆ្នាំ២០១៨។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។