សាច់ញាតិ និងមេធាវីស្នើសុំឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ច្រានចោលសាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលផ្ដន្ទាទោសកំបាំងមុខសមាជិកប្រឆាំង អ្នកស្រី កឹម តុលា ឲ្យជាប់ពន្ធនាគារ ១ឆ្នាំពីបទ "ញុះញង់"។ ការស្នើសុំបែបនេះ គឺបន្ទាប់ពីមេធាវីបានដាក់បណ្ដឹងឧទ្ធរណ៍ កាលពីថ្ងៃទី១០ សីហា ដោយយល់ឃើញថា ការផ្ដន្ទាទោសនេះ គឺជារឿងអយុត្តិធម៌។
សាច់ញាតិ និងមេធាវី ចង់ឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ពន្លឿនសវនាការ និងដោះលែងមេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច អ្នកស្រី កឹម តុលា ឲ្យមានសេរីភាពឡើងវិញ។
បងស្រីបង្កើតរបស់អ្នកស្រី កឹម តុលា គឺលោកស្រី កឹម សេដ្ឋា រៀបរាប់ថា លោកស្រី រួមទាំងឪពុកម្ដាយចាស់ជរា កំពុងខ្វល់ចិត្តជាខ្លាំង ចំពោះការឃុំខ្លួនអ្នកស្រី កឹម តុលា ព្រោះគាត់ មានជំងឺរលាកក្រពះពោះវៀន និងដុះសាច់បំពង់កដែលត្រូវការថ្នាំពេទ្យជាប្រចាំ។ លោកស្រីយល់ថា ការចាប់ឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ ព្រោះប្អូនរបស់លោកស្រី ជាមនុស្សស្អាតស្អំ និងបានឈប់ពាក់ព័ន្ធនឹងរឿងនយោបាយជាយូរមកហើយ៖ « អារម្មណ៍នៅតែចង់ឲ្យមានការដោះលែងគាត់ឲ្យមានសេរីភាពវិញ ព្រោះគាត់ឈឺ។ ខ្ញុំចេះតែយល់ថា អយុត្តិធម៌សម្រាប់គាត់ ព្រោះគាត់លា លែងអីអស់ហើយ » ។
លោកស្រី កឹម សេដ្ឋា ឲ្យដឹងថា ចាប់តាំងពីប្អូនស្រីជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ រយៈពេលជិតមួយខែមកនេះ អាជ្ញាធរពន្ធនាគារ មិនទាន់អនុញ្ញាតឲ្យសាច់ញាតិចូលជួបសួរសុខទុក្ខនៅឡើយទេ គឺបានត្រឹមតែផ្ញើលុយកាក់ ថ្នាំពេទ្យ និងម្ហូបអាហារខ្លះៗ ប៉ុណ្ណោះ។
ជាមួយគ្នានេះ មេធាវីការពារក្ដីឲ្យអ្នកស្រី កឹម តុលា គឺលោក សំ សុគង់ ថ្លែងថា លោកទើបចូលជួបកូនក្ដីក្នុងពន្ធនាគារ និងបានដាក់បណ្ដឹងឧទ្ធរណ៍ តាមសំណើរបស់គាត់រួចហើយ កាលពីថ្ងៃទី១០ខែសីហា។ លោកបញ្ជាក់ថា ក្នុងបណ្ដឹងឧទ្ធរណ៍នោះ កូនក្ដីរបស់លោក ស្នើសុំឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ លើកលែងការចោទប្រកាន់ និងដោះលែងរូបគាត់ឲ្យមានសេរីភាពឡើងវិញ ព្រោះអ្នកស្រី ចាត់ទុកថា សាលក្រមផ្ដន្ទាទោសកំបាំងមុខ និងការចេញដីកាចាប់ឃុំខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ គឺជារឿងអយុត្តិធម៌បំផុត។ មេធាវីការពារក្ដីរូបនេះបន្តថា លោកក៏មិនអាចទទួលយកបានដែរចំពោះការសម្រេចឃុំខ្លួនក្តីរបស់លោក ព្រោះសំណុំរឿងនេះពាក់ព័ន្ធនឹងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធ ឈប់យកទោសពៃរ៍រួចទៅហើយ៖ « ការវិលមកវិញរបស់កូនក្ដី កឹម តុលា នេះ គឺអំឡុងឆ្នាំ២០២១ គឺក្នុងខែ៤ ទៅខែ៥ នេះ ក៏គាត់មិនមានធ្វើសកម្មភាពនយោបាយអីដែរ។គាត់ វិលមកក្នុងជីវភាពមួយជាប្រជាពលរដ្ឋធម្មតា។ ខ្ញុំគិតថា ការចាប់ខ្លួននេះផ្ទុយពីប្រសាសន៍របស់សម្ដេចផង ហើយកាត់កំបាំងមុខ គួរតែផ្តល់សិទ្ធិឲ្យកូនក្ដីខ្ញុំប្ដឹងតវ៉ា ឬជំទាស់ដើម្បីតតាំងទាក់ទងនឹងសាលក្រមកំបាំងមុខនេះផងដែរ » ។
អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនអ្នកស្រី កឹម តុលា កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ហើយបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ កក្កដា។ ការចាប់ឃុំខ្លួននេះ គឺអនុវត្តតាមសាលក្រមផ្ដន្ទាទោសកំបាំងមុខរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ី សាវិញ កាលពីខែមេសា ឆ្នាំ២០២១ ដែលសម្រេចផ្ដន្ទាទោសអ្នកស្រី កឹម តុលា និងសកម្មជនគណបក្សសង្គ្រោះជាតិ ៦រូបទៀត ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ២លាន (២.០០០.០០០) រៀលពីបទញុះឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការគាំទ្រផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី។ ការចាប់ខ្លួនសមាជិកបក្សប្រឆាំងរូបនេះ កើតឡើងក្រោយពេលរូប គាត់ វិលត្រឡប់ពីប្រទេសថៃ ទៅរស់នៅស្រុកកំណើតវិញមួយរយៈ ហើយបដិសេធចុះចូលជាមួយគណបក្សកាន់អំណាចតាមការបញ្ចុះបញ្ចូលរបស់អាជ្ញាធរមូលដ្ឋាន។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ករណីចាប់ឃុំខ្លួនអ្នកស្រី កឹម តុលា នេះ មិនខុសពីករណីសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងៗទៀតឡើយ គឺសុទ្ធតែពាក់ព័ន្ធនឹងរឿងនយោបាយ។ លោក យល់ថា យុត្តិធម៌សម្រាប់ជនជាប់ឃុំដោយមូលហេតុនយោបាយទាំងនេះ នឹងនៅតែស្ថិតក្នុងទីឆ្ងាយ ប្រសិនបើជម្លោះនយោបាយនៅតែតានតឹងដូចសព្វថ្ងៃ៖ « ប្រសិនបើរដ្ឋាភិបាល នៅតែចង់ដឹកនាំប្រទេសឲ្យមាន ការអភិវឌ្ឍស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងគោលការណ៍សិទ្ធិ មនុស្ស ខ្ញុំគិតថា រឿងដែលត្រូវដោះស្រាយបញ្ហាជាប់គាំងខាងនយោបាយនេះ គឺជារឿងចាំបាច់បំផុតនៅមុនដំណាក់កាលបោះឆ្នោតនេះ។ ជំហ៊ានទី១នៃការចាប់ផ្តើមនេះ គឺការដោះលែងអ្នកដែលជាប់ឃុំដោយរឿងកត្តានយោបាយ កត្តាសង្គម កត្តាសិទ្ធិមនុស្ស និងបរិស្ថាន ដើម្បីបង្ហាញឲ្យសហគមន៍ជាតិ និងអន្តរជាតិឃើញពី ឥរិយាបថនៃការចាប់ផ្ដើមស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។បើរដ្ឋាភិបាល មិនដោះស្រាយទេ ខ្ញុំគិតថា សម្ពាធនឹងចេះតែបន្តមានពីប្រទេសសេរី ដោយជៀសមិនផុតឡើយ » ។
ក្នុងពេលអាជ្ញាធររបបក្រុងភ្នំពេញ កំពុងបន្តធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថានជាបន្តបន្ទាប់នេះ ប្រទេសប្រជាធិបតេយ្យធំៗ រួមមានសហរដ្ឋអាមេរិក និងអូស្ត្រាលី ជាដើម កំពុងពន្លឿនអនុម័តច្បាប់ ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដោយសារការបំផ្លាញប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។អ្នកឃ្លាំមើលបញ្ហាសង្គមជឿថា ប្រសិនបើរបបលោក ហ៊ុន សែន នៅតែមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញទេនោះ របបនេះនឹងជៀសមិនផុតពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសប្រជាធិបតេយ្យឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។