គ្រួសារ និងក្រុមយុវជនសង្គមគ្រោងនាំគ្នាដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ស្នើសុំជួយអន្តរាគមន៍ទៅអគ្គនាយកដ្ឋានពន្ធនាគារឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យមន្ត្រីគណបក្សប្រឆាំងខេត្តត្បូងឃ្មុំលោក គង់ សំអាន ដែលមានជំងឺធ្មេញធ្ងន់ធ្ងរទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញ។ មន្ត្រីសង្គមស៊ីវិលជំរុញអាជ្ញាធរពន្ធនាគារអនុញ្ញាតមន្ត្រីបក្សប្រឆាំងរូបនេះបានចេញទៅសម្រាកព្យាបាលជំងឺធ្មេញនៅខាងក្រៅ ដើម្បីកុំឱ្យអាការៈជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ និងរំលោភសិទ្ធិជនជាប់ឃុំ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពន្ធនាគារអះអាងថា អាជ្ញាធរនឹងពិនិត្យវាយតម្លៃស្ថានភាពជំងឺរបស់លោក គង់ សំអាន ដោយមិនទុកគាត់ចោលនោះទេ។
គ្រួសារ និងក្រុមយុវជនសង្គម នឹងដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែសីហាខាងមុខនេះ ដោយសារអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃមិនបានបញ្ជូនលោក គង់ សំអាន ទៅសម្រាកព្យាបាលជំងឺធ្មេញធ្ងន់ធ្ងរនៅមន្ទីរពេទ្យខាងក្រៅ។ ពួកគេបារម្ភជាខ្លាំងអំពីសុខភាពធ្មេញរបស់គាត់ ពីព្រោះរយៈពេលចុងក្រោយនេះសុខភាពរបស់លោក គង់ សំអាន មានសភាពទ្រុឌទ្រោម ស្គមស្គាំង និងធ្វើឱ្យចុះខ្សោយប្រព័ន្ធការពាររាងកាយ ជាពិសេសប្រឈមជំងឺផ្សេងៗដែលគ្រោះថ្នាក់ដល់អាយុជីវិត។
កូនស្រីមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារលោក គង់ សំអាន គឺកញ្ញា គង់ មុយលី ឱ្យវិទ្យុអាស៊ីសេរីដឹងថា ជំងឺមាត់ធ្មេញឪពុករបស់កញ្ញាបានធ្វើទុក្ខ ប្រហែល៦ខែមកហើយ ហើយគាត់ធ្លាប់ស្នើសុំទៅមន្ត្រីពន្ធនាគារជាច្រើនលើកដើម្បីចេញព្យាបាលនៅមន្ទីរពេទ្យខាងក្រៅដែរ តែខាងពន្ធនាគារបដិសេធដោយមិនបញ្ជក់ពីមូលហេតុត្រឡប់មកវិញទេ។ កូនស្រីមន្ត្រីបក្សប្រឆាំងរូបនេះរៀបរាប់ថា គ្រួសាររបស់កញ្ញាព្រួយបារម្ភអំពីអាការៈជំងឺធ្មេញរបស់ឪពុកជាខ្លាំង ព្រោះគាត់កំពុងដេកឈឺចុកចាប់ ហូបបាយមិនបានសម្រាន្តមិនលក់នៅក្នុងបន្ទប់ឃុំឃាំង ខណៈឪពុករបស់កញ្ញាក៏មានជំងឺប្រចាំកាយ ដូចជាលើសឈាម ជំងឺដុះសាច់តម្រង់នោម និងឈឺចុកចាប់ក្នុងរាងកាយជាដើម៖ « ខ្ញុំព្រួយបារម្ភណាស់ពីព្រោះគាត់មានជំងឺច្រើនមុខជាពិសេសជំងឺឈឺធ្មេញតែម្តង ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀតសូមជួយដោះស្រាយបញ្ហាឱ្យគាត់ចេញមកព្យាបាលជំងឺ ហើយសូមមើលថែរក្សាគាត់ឱ្យល្អផង ព្រោះគាត់ចាស់ហើយមិនដឹងយ៉ាងមិចទេនៅក្នុងពន្ធនាគារនោះ ពិបាករស់នៅ មានជំងឺទៀតគ្រួសារយើងខ្ញុំទទួលយកអត់បានទេ»។
កញ្ញា គង់ មុយលី ឱ្យដឹងទៀតថា លោក គង់ សំអាន ជួបញ្ហាជំងឺធ្មេញផ្នែកខាងលើជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយពេលជាប់ឃុំជាង២ឆ្នាំមកនេះបានធ្វើឱ្យអាការៈវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ កញ្ញាស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធអនុញ្ញាតឱ្យឪពុករបស់កញ្ញាបានចេញមកពិនិត្យ និងព្យាបាលធ្មេញនៅមន្ទីរពេទ្យមន្ទីរពេទ្យឯកទេសមាត់ធ្មេញខាងក្រៅឱ្យទាន់ពេលវេលាដើម្បីកុំឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ។
ចំណែកតំណាងយុវជនសង្គមដែលទើបចេញពីពន្ធនាគារកញ្ញា ឈឿន ដារ៉ាវី ចង់ឃើញមន្ត្រីពន្ធនាគារយកចិត្តទុកដាក់ចំពោះអ្នកជាប់ឃុំទាំងអស់ស្មើភាពគ្នា ព្រោះកន្លងមកអាជ្ញាធរទាំងនោះមិនសូវខ្វល់ពីបញ្ហាសេវាសុខភាពចំពោះអ្នកជាប់ឃុំនោះទេ ហើយប៉ុស្តិ៍សុខភាពទៀតសោតពុំមានលទ្ធភាពឆ្លើយតបនឹងស្ថានភាពអ្នកជំងឺដែរ។ កញ្ញាឱ្យដឹងថា ក្រុមយុវជននឹងដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆាប់ៗនេះ ដើម្បីឱ្យលោក គង់ សំអាន បានព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
កញ្ញាយល់ថា ការទុកលោក គង់ សំអាន ចោលដោយមិនយកចិត្តទុកដាក់ដោះស្រាយនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់គាត់បន្ថែមទៀត ហើយកញ្ញាថា បញ្ហានេះហាក់ប្រមាថនិងដាក់ទណ្ឌកម្មលើគាត់ដែលជាសកម្មជននយោបាយ៖ «សុំឱ្យមានសំណោះស្រាយនិងយកចិត្តទុកដាក់ជាទូទៅចំពោះអ្នកទោសដែលគ្នាអត់មានលទ្ធភាពយកលុយសូកអស់លោកហ្នឹងសូមឱ្យយកចិត្តទុកដាក់ទាំងអស់គ្នា ពីព្រោះអាយុជីវិតម្នាក់ៗក៏សំខាន់ដែរ ទោះបីគ្នាជាប់ពន្ធនាគារមានទោសអ្វីក៏ដោយ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនបានដឹងអំពីស្ថានភាពជំងឺមាត់ធ្មេញរបស់លោក គង់ សំអាន នៅឡើយទេ ប៉ុន្តែខាងលោកនឹងពិនិត្យនិងវាយតម្លៃករណីនេះ ហើយបើសិនចាំបាច់នឹងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។ ទន្ទឹមនឹងនេះលោកអះអាងថា មន្ត្រីពន្ធនាគារតែងតែយកចិត្តទុកដាក់ទាក់ទងបញ្ហាសុខភាពរបស់ជនជាប់ឃុំទាំងអស់ ដោយមិនបណ្តោយឱ្យជនជាប់ឃុំណាម្នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ៖ «បើសិនមានបញ្ហាខាងខ្ញុំនឹងប្រាប់ទៅខាងមណ្ឌលបន្ថែមទៀត បើមានក្តីកង្វល់ពីគ្រួសារ ចាំខ្ញុំសួរទៅខាងមណ្ឌលសិនបើគេវាយតម្លៃទៅ គាត់មានអាការៈធ្ងន់ធ្ងរនឹងបញ្ជូនគាត់ទៅពេទ្យហើយ គេមិនទុកចោលទេ»។
ទោះជាយ៉ាងណា ការបញ្ជូនអ្នកជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារនេះ សាធារណជន និងក្រុមអ្នកការពារសិទ្ធិមនុស្ស តែងរិះគន់អាជ្ញាធរចំពោះការអនុវត្តមិនស្មើភាពគ្នាលើអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយ និងឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើសធំៗ តែមានលុយមានអំណាច។ ចំណុចមិនស្មើភាពគ្នានោះ គឺពួកឧក្រិដ្ឋជនខ្លះ ទោះជាត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឃាតកម្ម ឬជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំក៏ដោយ ក៏ពួកគេមិនបានជាប់ឃុំក្នុងពន្ធនាគារតាមអំណាចសាលក្រមរបស់តុលាការដែរ។
ជាឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងរឿងក្តីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ ២០១៥ នោះ បានជាប់ឃុំក្នុងពន្ធនាគារមិនដល់មួយសប្តាហ៍ផង រួចក៏ត្រូវបានគេបញ្ជូនមកស្នាក់នៅបន្ទប់វីអាយភី (VIP) ក្នុងមន្ទីរពេទ្យខាងក្រៅពន្ធនាគារវិញ រហូតទាល់តែសាលាឧទ្ធរណ៍សម្រេចដោះលែងឱ្យនៅក្រៅឃុំនៅខែវិច្ឆិកា ឆ្នាំ២០១៩។ រីឯបងប្រុសបង្កើតរបស់លោក គិត ម៉េង គឺលោក គិត ធាង វិញ តុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀនជិត ៥០ គីឡូក្រាម ប៉ុន្តែលោកជាប់ឃុំប្រមាណកន្លះខែ ក៏ត្រូវបានគេបញ្ជូនឱ្យទៅស្នាក់នៅក្នុងបន្ទប់វីអាយភី (VIP) នៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារដែរ រហូតទាល់តែសាលាឧទ្ធរណ៍កាត់តម្រឹមទោសត្រឹម ២ឆ្នាំ ហើយដោះលែងលោកនៅឆ្នាំ២០២១។ ឧកញ៉ាទាំងពីររូបអាចរស់នៅក្រៅពន្ធនាគារបានយូរតាមចិត្តចង់ ដោយសារតែហេតុផលសុខភាពនេះឯង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ជនជាប់ឃុំបាត់បង់សិទ្ធិសេរីភាពដើរហើរ ប៉ុន្តែពួកគេមានសិទ្ធិទទួលបានការថែទាំ និងព្យាបាលជំងឺដូចពលរដ្ឋដទៃទៀតដែរ។ លោកយល់ថា អាជ្ញាធរពន្ធនាគារគួរតែអនុញ្ញាតឱ្យលោក គង់ សំអាន បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ពីព្រោះនៅក្នុងពន្ធនាគារមិនមានគ្រូពេទ្យឯកទេសផ្នែកធ្មេញនោះទេ៖ «ជំងឺឈឺធ្មេញរបស់គាត់នឹងត្រូវបញ្ជូនទៅពេទ្យ គឺត្រូវតែបញ្ជូនទៅពេទ្យហើយ ទុកទៅមានបញ្ហាសុខភាព អាហ្នឹងគឺជារំលោភលើសិទ្ធិរបស់គាត់ហើយ ទោះយ៉ាងណាក៏ដោយការស្នើសុំរបស់ក្រុមគ្រួសារត្រូវមានចម្លើយឱ្យទៅ ឬមិនឱ្យទៅត្រូវតែឆ្លើយតប បើសិនជាមិនបញ្ជូនត្រូវមានមូលហេតុសមរម្យដើម្បីឱ្យគ្រួសារបានដឹង និងកុំឱ្យគាត់បារម្ភ»។
លោក គង់ សំអាន អាយុ ៧០ឆ្នាំ គឺជាអតីតគ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាស្រុកមេមត់នៃគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០២០។ តុលាការខេត្តត្បូងឃ្មុំបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំ ពីបទរួមគំនិតក្បត់ ដោយសារលោកបានគាំទ្រនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង និងហូបនំបញ្ចុកជុំគ្នាជាមួយសមាជិកដទៃទៀតនៃគណបក្សសង្គ្រោះជាតិ ជាពិសេសលោកបានគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ថ្មីៗនេះ តុលាការកំពូលតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ក្រោមដែលបានកាត់ទោសឱ្យលោក គង់ សំអាន ជាប់ពន្ធនាគារ៧ឆ្នាំដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។