គ្រួសារ​ទាមទារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដោះលែង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​លោក គា វិសាល

គ្រួសារ​ចាត់ទុក​ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​លោក គា វិសាល ជា​ការ​បំបាក់​ស្មារតី និង​គំរាមកំហែង​លើ​អ្នកមាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល។ ពួកគេ​អំពាវនាវ​ដល់​អាជ្ញាធរ​ដោះលែង​មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ ។ ចំណែក​អាជ្ញាធរ​ក្រុងភ្នំពេញ​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​ជា​អនុវត្ត​ច្បាប់​ដោយ​មិនមែន​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នោះ​ឡើយ។

គ្រួសារ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​នៅ​ខេត្ត​កំពង់ចាម លោក គា វិសាល ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​បាន​ជួបជុំ​គ្រួសារ និង​បន្ត​សកម្មភាព​នយោបាយ​បន្ត​ទៅ​ទៀត។

ជំទប់​ទី​២​នៃ​ឃុំ​កោះមិត្ត មក​ពី​បក្ស​ភ្លើងទៀន​ដែល​ជា​ប្រពន្ធ​របស់​លោក គា វិសាល គឺ​អ្នកស្រី ញ៉ែ សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​មីនា ថា លោកស្រី​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ធ្វើ​បាប ឬ​ដាក់​សម្ពាធ​លើ​ប្ដី​ដែល​ជា​ឆ្អឹង​ទទឹង​របស់​អាជ្ញាធរ​បក្ស​កាន់អំណាច ខណៈ​លោកស្រី​មិន​ទាន់​ទទួល​ដំណឹង​អំពី​សុខទុក្ខ​ប្ដី​យ៉ាងណា​នោះ​ទេ មក​ដល់​ពេល​នេះ។ «»

អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​អនុប្រធាន​ក្រុមការងារ បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំងជាតិ​ខេត្តកំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មឺ សេង​ហ៊ ហៅ គា វិសាល នៅ​ភូមិ​កោះប៉ែន ឃុំ​កោះមិត ស្រុក​កំពង់សៀម ហើយ​បាន​បញ្ជូន​ឃុំខ្លួន​ទៅ​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក មឺ សេងហ៊ ហៅ គា វិសាល តាម​ពាក្យ​បណ្តឹង​ឈ្មោះ ម៉ៃ ហុងស្រៀង និង​អនុវត្ត​តាម​ដីកា​បញ្ជា​របស់​តុលាការក្រុង​ភ្នំពេញ​ពាក់ព័ន្ធ​រឿង ញុះញង់​បង្ក​ឱ្យ​មាន​ការរើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ​ចំពោះ​ដើម​បណ្តឹង​នៅ​លើ​បណ្ដាញ​សង្គម។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​លោក គា វិសាល តាម​នីតិវិធី​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំ​ត្រៀម​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៧ ខែ​មីនា។ លោក សំ វិច្ឆិកា អះអាង​ថា ការ​ចាប់ខ្លួន​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​រូប​នេះ​មិន​ទាក់ទង​ការ​ធ្វើ​ទុក្ខបុកម្នេញ បំភិតបំភ័យ​ក្រោម​ហេតុផល​នយោបាយ​នោះ​ទេ។ «»

ប៉ុន្តែ​អ្នកស្រី ញ៉ែ សុខឿន អះអាង​ថា ប្តី​អ្នកស្រី​មិន​បាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​ឡើយ​។ អ្នកស្រី​ចាត់ទុក​ករណី​ចាប់​នេះ​ជា​ការ​រៀប​ឡើង​ជា​ប្រព័ន្ធ​ក្នុង​គោលបំណង​គំរាមកំហែង ដាក់​សម្ពាធ​ផ្នែក​នយោបាយ​លើ​ប្តី​ដែល​មាន​ប្រជាប្រិយភាព និង​តស៊ូ​ជាមួយ​សកម្មជន​នៅ​តាម​មូលដ្ឋាន ខណៈ​លោក ម៉ៃ ហុងស្រៀង ដែល​ជា​ដើម​បណ្តឹង​វិញ​គឺជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​ព្រះសីហនុ​ដែល​ទើប​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០២៣​ទៀត​ផង​។ អ្នកស្រី​ឱ្យ​ដឹង​ថា ដើមហេតុ​ដែល​ប្តី​របស់​អ្នកស្រី​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កន្លង​មក ដើម្បី​ចង់​បាន​សង្គម​មាន​យុត្តិធម៌ ការពារ​ភាព​ត្រឹមត្រូវ ជាពិសេស​ទប់ស្កាត់​សកម្មភាព​របស់​លោក ម៉ៃ ហុងស្រៀង តែងតែ​តាម​អូស​ទាញ​អ្នកស្រី និង​ប្តី​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដោយ​សន្យា​ផ្តល់​តួនាទី និង​លុយ​កាក់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះសីហនុ​លោក ម៉ៃ ហុងស្រៀង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ល្ងាច ថ្ងៃទី១៦ ខែមីនា។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា សង្គម​ប្រជាធិបតេយ្យ​គឺ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចួលរួម​សកម្មភាព​នយោបាយ ការ​បញ្ចេញមតិ​ដោយ​គ្មាន​ការរារាំង ឬ​ការ​គំរាមកំហែង​នោះ​ទេ។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ជា​បន្តបន្ទាប់​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​បញ្ហា​នេះ​លោក​យល់​ថា​អ្នក​នយោបាយ​គ្រប់​និន្នាការ​គួរ​ចូល​តុ​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព និង​ឈរ​លើ​ផលប្រយោជន៍​ជាតិ។ «»

គណបក្ស​កម្លាំង​ជាតិ​កាលពី​ថ្ងៃទី​១៥ ខែ​មីនា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយបារម្ភ​ករណី​ចាប់ខ្លួន​លោក គា វិសាល និង​ចាត់ទុក​ថា នេះ​ជា​រូបភាព​បំភិតបំភ័យ និង​បង្ក​ឱ្យ​បរិយាកាស​នយោបាយ​អាប់អួ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ស្រុក ក្រុង ខណ្ឌ អាណត្តិ​ទី​៤។ គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​សមត្ថកិច្ច​ដោះលែង​លោក គា វិសាល ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ធានា​បរិ​កាស​នយោបាយ​ល្អ​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ខាងមុខ​នេះ។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក គា វិសាល ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​អំពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈពេល ១​ឆ្នាំ​ពេញ នៅ​ក្នុង​ពន្ធនាគារ។ លោក គា វិសាល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្រោយ​ចេញ​ពី​ពន្ធនាគារ​កន្លងទៅ​ថា​លោក​មិន​ដែល តក់ស្លុត ភ័យខ្លាច ឬ​ចុះ​ញ៉ម​ទៅ​នឹង​ការ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ក្រុងភ្នំពេញ ហើយ​នៅតែ​ហ៊ាន​បន្ត​តស៊ូ​មតិ​ដដែល។

បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ផាត់​បក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៧​មក លោក គា វិសាល បាន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នយោបាយ​ក្នុង​ប្រទេស​ថៃ​មួយ​រយៈ ដើម្បី​គេច​ពី​អាជ្ញាធរ​តាម​ធ្វើទុក្ខបុកម្នេញ​ដោយសារតែ​លោក​តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ភាព​អយុត្តិធម៌​នៅក្នុង​សង្គម​ជាដើម​។ ទោះ​យ៉ាងណា​លោក​បាន​សម្រេច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​កាលពី​២៥ ខែ​កុម្ភៈ ដោយ​បន្ត​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដើម្បី​ចុះ​ជួប​អ្នកគាំទ្រ​នៅ​មូលដ្ឋាន និង​រៀបចំ​បញ្ជី​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ស្រុក ក្រុង​សម្រាប់​ខេត្ត​កំពង់ចាម​រហូត​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​លោក​ជា​លើក​ទី​២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។