គ្រួសារមន្រ្ដីបក្សភ្លើងទៀន ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង ស្នើតុលាការដោះលែងសមាជិកគ្រួសារខ្លួនឱ្យនៅក្រៅឃុំ ដោយសារស្ថានភាពរស់នៅក្នុងពន្ធនាគារជួបការលំបាក។ ចំណែកមេធាវីការពារក្ដីជំរុញឱ្យតុលាការពន្លឿនការបើកសវនាការជំនុំជម្រះឱ្យបានឆាប់រហ័ស ចៀសវាងការឃុំខ្លួនកូនក្ដីរយៈពេលយូរ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គល។
សមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ឡី សុខុន ជួបការលំបាកក្នុងរស់នៅទីនោះ និងមានបំណងស្នើតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយលោកជាប់ពន្ធនាគារខេត្តបាត់ដំបងជិតមួយខែមក។
លោកឡី សុខុន ជាសមាជិកក្រុមការងារគណបក្សភ្លើងទៀននៅស្រុកឯកភ្នំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៨ មិថុនា នៅហាងកាហ្វេមួយកន្លែងក្នុងក្រុងបាត់ដំបងដោយចោទពីបទរំលោភលំនៅឋាន បន្ទាប់ពីលោកថតវីដេអូក្រុមមន្ត្រីបក្សកាន់អំណាចអង្គុយកត់ឈ្មោះពលរដ្ឋនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ទោះបីដើមចោទបានដកពាក្យបណ្ដឹងវិញក៏ដោយ តុលាការខេត្តបាត់ដំបងនៅតែបន្តចោទប្រកាន់មកលើរូបលោកដដែលដោយអះអាងថា ជាបណ្ដឹងអាជ្ញា។
ភរិយារបស់លោក ឡី សុខុន គឺអ្នកស្រី លីន លីដា ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា បន្ទាប់ពីស្វាមីត្រូវឃុំខ្លួននៅពន្ធនាគារជិតមួយខែមកនេះ លោកស្រីសង្កេតឃើញស្វាមីមានសភាពស្គមស្គាំង និងចុះខ្សោយជាងមុន។ លោកស្រីបន្តថា ស្ថានភាពរស់នៅក្នុងពន្ធនាគារជួបការលំបាកខ្លាំង ព្រោះនៅទីនោះមានមូសច្រើន និងគ្មានអនាម័យ។ លោកស្រីឱ្យដឹងបន្តថា ចំណីអាហារ និងរបស់ប្រើប្រាស់មួយចំនួននៅក្នុងពន្ធនាគារមានតម្លៃថ្លៃជាងនៅខាងក្រៅ ដែលធ្វើឱ្យការចំណាយកាន់តែកើនឡើងមួយកម្រិតទៀត។ ទន្ទឹមគ្នានេះ ម្ដាយលោកឡី សុខុន កំពុងធ្លាក់ខ្លួនឈឺ ស្របពេលលោកស្រីរកចំណូលមិនសូវបានច្រើន។
បច្ចុប្បន្ន លោកស្រី លី ដា កំពុងដាក់លិខិតស្នើសុំតុលាការខេត្តបាត់ដំបងឱ្យដោះលែងលោក ឡី សុខុន នៅក្រៅឃុំបណ្ដោះអាសន្នសិន ដើម្បីឱ្យលោកបានរស់នៅជាមួយគ្រួសារ និងមានសុខភាពល្អជាងនៅក្នុងពន្ធនាគារ៖ « គាត់គេងអត់សូវបានឥឡូវហ្នឹង គាត់ស្គមខ្លាំងមែនទែន។ គាត់ថា ឥវ៉ាន់ប្រើប្រាស់នៅក្នុងហ្នឹងមួយចំនួនគឺថ្លៃ គាត់ទិញទៅគាត់ថា ថ្លៃនៅក្នុងហ្នឹង។ ម្ដាយរបស់គាត់ ( ឡី សុខុន ) អាយុច្រើនហើយគាត់បារម្ភ គាត់អង្គុយយំរហូត បាយទឹកក៏គាត់មិនពិសារ ឥឡូវគាត់ឈឺទៀត។ សុំសំណូមពរដល់គាត់ ( តុលាការ ) ជួយដោះលែងគ្រួសារខ្ញុំត្រឡប់មកវិញ ព្រោះពេលដែលគាត់ជាប់ឃុំឃាំងអ៊ីចឹង ខ្ញុំពិបាកមែនទែន ពិបាកទាំងសេដ្ឋកិច្ច ពិបាកទាំងអ្វីៗ គ្រប់យ៉ាង គាត់ជាបង្គោលគ្រួសារ »។
ចំណែកមេធាវីការពារក្ដីលោក សំ សុគង់ ជំរុញឱ្យតុលាការបើកសវនាការអង្គសេចក្ដីឱ្យបានឆាប់រហ័ស ជំនួសឱ្យការដោះលែងនៅក្រៅឃុំ។ លោកមានប្រសាសន៍ថា រឿងកូនក្ដីលោកជាបទមជ្ឈិម ហើយប្រសិនបើការមានការដោះលែងឱ្យនៅក្រៅឃុំ នោះរឿងក្ដីនឹងកាន់តែពន្យារពេល ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសិទ្ធិសេរីភាពរបស់លោក ឡី សុខុន។
ជាមួយគ្នានេះ លោកនៅតែអះអាងថា ការចោទប្រកាន់របស់តុលាការមកលើកូនក្ដីលោកជារឿងមិនត្រឹមត្រូវជាមួយអង្គហេតុនោះទេ៖ « ដោយសាររឿងគាត់ហ្នឹង ជារឿងមជ្ឈិមមានកម្រិតទោសត្រឹមតែមួយខែទៅមួយឆ្នាំ ហើយបើកាលណាយើងប្ដឹងសុំនៅក្រៅឃុំទៅ ខ្ញុំគិតថា វានាំតែអូសបន្លាយពេល។ អ៊ីចឹងខ្ញុំមានបំណងជំរុញឱ្យតុលាការហ្នឹងបើកសវនាការអង្កសេចក្ដីវិញ វាប្រសើរជាង។ បើយើងមើលពីបទចោទថា ចូលលំនៅឋានអ្នកដទៃហ្នឹង យើងមើលទៅអង្គហេតុអត់ពាក់ព័ន្ធបទចោទទេ។ គាត់អត់បានចូលទៅផ្ទះគេទេ គឺគាត់ឈរនៅលើថ្នល់ទេ។ ប៉ុន្តែយើងឃើញដែរសកម្មភាពរបស់គាត់ក៏មិនបានចូលទៅក្នុងផ្ទះ ហើយក៏មិនបានប្រើអំពើហិង្សាអីដែរ គ្រាន់តែសួរនាំ »។
សមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ឡី សុខុន ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងបញ្ជូនខ្លួនទៅពន្ធនាគារខេត្តបាត់ដំបង កាលពីថ្ងៃទី៩ មិថុនា ក្រោយការចាប់ខ្លួនមួយថ្ងៃ។ មកទល់ពេលនេះ លោកជាប់ពន្ធនាគាររយៈពេលជិតមួយខែមកហើយ ដោយមិនទាន់មានការជំនុំជម្រះសម្រេចពីតុលាការនៅឡើយ ខណៈការរស់នៅរបស់លោកក្នុងពន្ធនាគារកាន់តែមានសភាពយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ។
ជុំវិញរឿងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក កែវ សុជាតិ បដិសេធមិនធ្វើការអត្ថាធិប្បាយ ដោយលោករុញឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងជំនួសវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង អ្នកស្រី ជា ច័ន្ទរស្មី បាននៅឡើយនោះទេ នៅថ្ងៃទី៥ កកដ្កានេះ។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិនៃអង្គការលីកាដូមនុស្សប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ករណីរបស់លោក ឡី សុខុន ជាបទមជ្ឈិមកម្រិតស្រាល ដែលតុលាការគួរតែពិចារណាជំនុំជម្រះឱ្យបានឆាប់រហ័ស។ ទន្ទឹមគ្នានេះ លោកជំរុញតុលាការឱ្យដោះលែងលោក ឡី សុខុន នៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយហេតុថា លោកមានទីលំនៅច្បាស់លាស់ និងជាអ្នកចេះដឹងផ្នែកច្បាប់ម្នាក់ ដែលមិនអាចល្មើសនឹងច្បាប់បានឡើយ៖ « ខ្ញុំជឿថា គាត់នឹងអាចគោរពទៅតាមលក្ខខណ្ឌ ដែលតុលាការគួរអនុគ្រោះ ដូចជា ដាក់ឱ្យគាត់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ដោយសារគាត់មានទីលំនៅច្បាស់លាស់ គាត់មានមុខរបរ ហើយគាត់ជាអ្នកច្បាប់ផង អ៊ីចឹង គាត់នឹងគោរពទៅតាមនីតិវិធីរបស់តុលាការ គាត់នឹងមិនគេចខ្លួនទៅណាទេ។ អ៊ីចឹង ការស្នើសុំរបស់ភរិយាគាត់ហ្នឹង គួរតែតុលាការពិចារណាចៅក្រមស៊ើបសួរគួរតែពិចារណា អនុគ្រោះឱ្យគាត់ »។
មន្ត្រីសង្គមស៊ីវិល អ្នកវិភាគ និងមន្ត្រីបក្សភ្លើងទៀន ចាត់ទុកថា ករណី លោក ឡី សុខុន ពាក់ព័ន្ធនឹងរឿងនយោបាយជាជាងរឿងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។