សាច់ញាតិរបស់ស្ត្រីសកម្មជនបក្សប្រឆាំង ដែលស្លាប់ដោយសារប៉ូលិសដឹកធ្លាក់ពីលើម៉ូតូ មិនទាន់ទទួលបានយុត្តិធម៌

សាច់ញាតិរបស់ស្ត្រីជាសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀងម្នាក់ដែលបានស្លាប់ដោយសារ ធ្លាក់ពីលើម៉ូតូក្នុងពេលប៉ូលិសចាប់បង្ខំទៅសាកសួរកាលពីចុងខែតុលានោះ ស្នើសុំឲ្យតុលាការខេត្ត ស្វាយរៀង ពន្លឿនការផ្ដល់យុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ក្រុមប៉ូលិសដែលចុះអនុវត្តផ្ទាល់ គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់សកម្មជនបក្សប្រឆាំងនេះ។
ស្ត្រីសកម្មជនបក្សប្រឆាំងម្នាក់ឈ្មោះ សំ បុប្ផា វ័យ ៤៨ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង បានស្លាប់រយៈពេលជិត១ខែហើយ ដោយសារធ្លាក់ពីលើម៉ូតូក្នុងពេលប៉ូលិសនាំខ្លួនទៅសាកសួរទាំងបង្ខំ ក្នុងពេលរបបក្រុងភ្នំពេញ បើកយុទ្ធនាការចាប់ខ្លួន និងធ្វើទុក្ខ បុកម្នេញលើសកម្មជនបក្សប្រឆាំងកុំឲ្យគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី។ មកទល់ពេលនេះ ក្រុមគ្រួសារ និងសាច់ញាតិ ពុំទាន់ទទួលបានយុត្តិធម៌ ឬមានប៉ូលិសណាម្នាក់ចេញមុខទទួលខុសត្រូវនៅឡើយទេ។
ប្អូនប្រុសរបស់លោកស្រី សំ បុប្ផា គឺលោក សំ ឌីណា ប្រាប់អាស៊ីសេរីថា លោកបានដាក់ពាក្យប្ដឹងប៉ូលិសប៉ុស្តិ៍នគរបាលឃុំត្នោត និងប៉ូលិសស្រុកកំពង់រោទិ៍ ដែលចុះអនុវត្តច្បាប់ពុំត្រឹមត្រូវបណ្ដាលឲ្យបងស្រីរបស់លោកស្លាប់ចោលកូនចំនួន ៤នាក់នោះ ទៅសាលាដំបូងខេត្តស្វាយរៀងរួចរាល់ហើយ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រោយពិធីបុណ្យ ៧ថ្ងៃរបស់បងស្រីលោក។ ក្នុងបណ្ដឹងនោះ លោកទាមទារសំណងចំនួន ៣ម៉ឺនដុល្លារពីមន្ត្រីប៉ូលិសឃុំ និងស្រុក ព្រមទាំងទាមទារឲ្យផ្តន្ទាទោសអ្នកពាក់ព័ន្ធតាមច្បាប់។ ប្អូនប្រុសជនរងគ្រោះ ស្នើសុំឲ្យតុលាការពន្លឿននីតិវិធីក្នុងការស្វែង រកយុត្តិធម៌ជូនបងស្រីរបស់លោក៖ «ខ្ញុំសូមអំពាវនាវក្នុងនាមជាប្អូនពៅរបស់ជនរងគ្រោះ ឲ្យតុលាការខេត្តស្វាយរៀងជំរុញពន្លឿនដោះស្រាយឲ្យបានឆាប់ៗ ព្រោះមកដល់ពេលនេះយូរដែរ ហើយមនុស្សក៏បានស្លាប់ទៀត។ ការស្លាប់នេះអយុត្តិធម៌ណាស់។ ខ្ញុំឃើញប៉ូលិស ដែលធ្វើឲ្យបងខ្ញុំស្លាប់នៅមានសេរីភាពពាក់ខោអាវប៉ូលិសដដែល»។
សកម្មជនគណបក្សសង្គ្រោះជាតិ លោកស្រី សំ បុប្ផា បានស្លាប់កាលពីរសៀលថ្ងៃទី៣០ ខែតុលា។ ប្អូនប្រុសជនរងគ្រោះ ដែលឃើញហេតុការណ៍ផ្ទាល់ រៀបរាប់ថា រឿងរ៉ាវដំបូងឡើយ គឺបងស្រីរបស់លោកបានឈ្លោះប្រកែកគ្នាជាមួយប្តី និងបានជេររាលដាលដល់ឪពុកក្មេកមួយម៉ាត់ថា បានលក់ក្បាលឲ្យគណបក្សប្រជាជនកម្ពុជា ក្រោយពេលឪពុកក្មេកដែលជាសកម្មជនគណបក្សសង្គ្រោះជាតិដែរនោះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចថា ឈប់គាំទ្រផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។ លោក សំ ឌីណា បន្តថា ផ្ដើមចេញពីរឿងឈ្លោះប្រកែកគ្នានោះ ក៏ស្រាប់តែមានក្រុមប៉ូលិសជាច្រើននាក់គឺមានទាំងប៉ូលិសឃុំ និងស្រុកបានចុះទៅឃាត់ខ្លួន លោក ស្រី សំ បុប្ផា ទៅសាកសួរទាំងបង្ខំ ដោយសំអាងថាឪពុកក្មេកលោកស្រីគឺលោក ហ៊ុន យាប់ បានប្ដឹងទៅអាជ្ញាធររឿងជម្លោះក្នុងគ្រួសារនិងជេរប្រមាថធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់។ បើទោះជា យ៉ាងណា លោក សំ ឌីណា គិតថាអាជ្ញាធរច្រើននាក់ចុះទៅចាប់បងស្រីរបស់លោកមិនមែនគ្រាន់តែដោយសារមានជម្លោះក្នុងគ្រួសារទេ។ លោកសង្ស័យថា រឿងនេះ គឺពាក់ព័ន្ធនឹងរឿងនយោបានច្រើនជាង គឺការបង្ខិតបង្ខំឲ្យសកម្មជនបក្សប្រឆាំងចូលសារភាព និងការគំរាមកំហែង បងស្រីរបស់លោកឲ្យឈប់រិះគន់ឪពុកក្មេក ដែលចុះចូលជាមួយគណបក្សកាន់អំណាច។ ប្អូនប្រុស របស់ជនរងគ្រោះ បន្តថា នៅពេលដែលប៉ូលិសចាប់បង្ខំដឹក បងស្រីរបស់លោក ទៅសួរចម្លើយតាមម៉ូតូនោះហើយ ទើបបណ្ដាលឲ្យរូបគាត់ ខ្យល់គរធ្លាក់ពីលើម៉ូតូស្លាប់ មុនពេលទៅដល់មន្ទីរពេទ្យ។
មន្ត្រីនគរបាលឃុំត្នោត លោក មាស រៀង ដែលជាអ្នកជិះម៉ូតូដឹកលោកស្រី សំ បុប្ផា ទៅសួរចម្លើយ បណ្ដាលឲ្យធ្លាក់ស្លាប់នោះ មិនឆ្លើយតបករណីនេះទេ ដោយប្រាប់អាស៊ីសេរីឲ្យទៅសួរថ្នាក់ដឹកនាំរបស់លោកវិញ៖ «ខ្ញុំអត់ដឹងផង ទៅសួរថ្នាក់លើទៅ។ ខ្ញុំបញ្ជូនឯកសារទៅថ្នាក់លើអស់ហើយ មិនអាចទាក់ទងបានទេ។ ខ្ញុំមិនអាចឆ្លើយទេ ជាប់រវល់ណាស់»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអធិការស្រុកកំពង់រោទិ៍ លោក ហែម សាមុត និងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង លោក ទេព ផល្លា ថ្លែងថា តុលាការបានទទួលបណ្ដឹងពីគ្រួសារជនរងគ្រោះរួចហើយ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយថា តុលាការ នឹងចាប់ផ្ដើមនីតិវិធីពេលណានោះទេ។ លោកបង្វែរសំណួរទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយ រៀងវិញ៖ «ចំណាត់ការយ៉ាងម៉េចទាល់តែសួរខាងអ្នកនាំពាក្យអយ្យការ ព្រោះខ្ញុំអត់ហ៊ានឆ្លើយទេ។ចំណាត់ការអីយ៉ាងម៉េចៗ របស់ព្រះរាជអាជ្ញា គឺជាសិទ្ធិរបស់ខាង អយ្យកា។ រឿងនេះគាត់បានប្ដឹងទៅខាងព្រះរាជអាជ្ញា ដោយសារគាត់ប្ដឹងទៅខាងប៉ូលិសព្រហ្មទណ្ឌ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លោក គង់ ច័ន្ទខេមរិទ្ធ បានទេ ដោយលោកថា ស្ដាប់មិនច្បាស់ ប៉ុន្តែនៅពេលអាស៊ីសេរីព្យាយាមទូរស័ព្ទទៅជាថ្មីទៀត ពុំមានអ្នកទទួលទូរស័ព្ទឡើយ។
ករណីស្លាប់សកម្មជនបក្សប្រឆាំងនេះ របាយការណ៍ប៉ូលិសបង្ហាញថា មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ហើយប៉ូលិសក៏មិនបានចាប់បង្ខំស្ត្រី ដែលស្លាប់នោះទៅសាកសួរដែរ។ របាយការណ៍បញ្ជាក់ថា អ្នកស្រី សំ បុប្ផា ប្រើហិង្សាលើប្តី និងជេរប្រមាថឪពុកក្មេក ហើយមន្ត្រីនគរបាល ដែលទទួលបណ្ដឹងពីឪពុកក្មេក បានយកឡានទៅអញ្ជើញលោកស្រី ទៅសួរនាំ ប៉ុន្តែលោកស្រី មិនចង់ជិះឡានទេ ដោយសុំជិះម៉ូតូវិញ ដែលជាហេតុចៃដន្យបណ្ដាលឲ្យធ្លាក់ស្លាប់។
ប្អូនប្រុសជនរងគ្រោះ ចាត់ទុកថា របាយការណ៍របស់ប៉ូលិសមាន ភាពលម្អៀង និងជាការដោះសាយករួចខ្លួន។ លោក សំ ឌីណា អះអាងថា បងស្រីរបស់លោក មិនបានប្រើហិង្សាអ្វីទេ គ្រាន់តែ ឈ្លោះជេរគ្នារវាងប្តី និងប្រពន្ធ។ លោកថា បើគ្រាន់តែជម្លោះក្នុងគ្រួសារ ហេតុអី្វទើបមាន ប៉ូលិសឃុំ និងស្រុកមានគ្នាលើសពី ១០នាក់យកឡាន និងម៉ូតូមកចាប់បង្ខំបងស្រីរបស់លោកទៅសួរនាំ ទាំងដែលលោក និងបងស្រីរបស់លោកបានអង្វរថា មិនអាចទៅបានដោយសារពេលនោះ គាត់មិនស្រួលខ្លួន៖ «ពេលនោះគាត់ថា មិនស្រួលខ្លួនទេ គាត់ទៅមិនបានទេ ហើយគាត់ថា រឿងនេះជម្លោះក្នុងគ្រួសារទេ មិនត្រូវមានប៉ូលិសទាំងឃុំ និងស្រុកមកថា ទោះបីជាគាត់មិនស្រួល ក៏នៅតែឲ្យគាត់ទៅដាច់ខាត បើមិនទៅនៅតែចាប់ទៅដែរទេ។ ពេលនោះ ក៏គ្មានលោកមន្ត្រីណាបញ្ជាឲ្យបងស្រីខ្ញុំឡើងជិះឡានដែរ។ ដឹកបងស្រីខ្ញុំតាមម៉ូតូរួច ហើយទើបមានឡានមកអមតាមក្រោយនោះ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន ដែលចុះអង្កេតករណីនេះ មានប្រសាសន៍ថា ករណីពាក់ព័ន្ធនឹងអាជ្ញាធរបែបនេះ គឺដំណើរការរកយុត្តិធម៌មានភាពយឺតយ៉ាវ ប៉ុន្តែប្រសិនបើគ្រួសារជនរងគ្រោះ ដាក់បណ្ដឹងទៅ តុលាការរយៈពេលជិត ១ខែនេះ នោះមិនទាន់ហួសនីតិវិធីទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា ជនរងគ្រោះ និងប្តី ព្រមទាំងឪពុកក្មេក គឺជាសកម្មជនគណបក្ស សង្គ្រោះជាតិកាលពីគណបក្សនេះ មិនទាន់ត្រូវបានរំលាយ ប៉ុន្តែឪពុកក្មេកទើបតែចូលសារភាពចុះចូលជាមួយគណបក្ស កាន់អំណាចតាមការអំពាវនាវរបស់អាជ្ញាធរនៅពេលមានផែនការវិលចូលស្រុករបស់មេបក្សប្រឆាំង។ លោកមិនទាន់ហ៊ានវាយតម្លៃថា ករណីនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ឬយ៉ាងណានោះទេ ប៉ុន្តែលោកថា ប្រសិនបើគ្រាន់តែជារឿងជម្លោះ ឬហិង្សាក្នុងគ្រួសារ មិនគួរណាមានប៉ូលិសឃុំនិងស្រុកច្រើននាក់មានទាំងឡានទាំងម៉ូតូ ចុះទៅចាប់បង្ខំស្ត្រីម្នាក់ទៅសួរចម្លើយនោះទេ ព្រោះលោកសង្កេតឃើញថា កន្លងមកពេលមានអំពើហិង្សាក្នុងគ្រួសារម្តងៗ ហើយពលរដ្ឋទៅប្ដឹង ស្ទើរតែគ្មានប៉ូលិសចុះទៅសួរនាំផង។ លោក នុត ប៊ូពិណ្ណារ័ត្ន យល់ថា ទង្វើរបស់ក្រុមប៉ូលិស ដែលចុះទៅចាប់បង្ខំជនរងគ្រោះយកទៅសាកសួរបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់នេះ គឺជាការអនុវត្តច្បាប់មិនត្រឹមត្រូវ និងរំលោភ សិទ្ធិមនុស្សដែលក្រុមប៉ូលិសទាំងនោះ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់៖ «បើសិនជារឿងហិង្សាក្នុងគ្រួសារមែន ក៏មិនអាចបង្ខំគាត់ទៅបានដែរ ព្រោះគាត់អត់ទាន់បានប្រព្រឹត្តទៅកាប់សម្លាប់ ឬមានបទល្មើសអីធ្ងន់ធ្ងរទេ ដូច្នេះប៉ូលិស អាចសម្របសម្រួលគាត់នៅទីតាំងនោះ នៅផ្ទះមេភូមិ ឬនៅសាលាឃុំអីបាន។ ក្នុងរឿងនេះនៅពេលសមត្ថកិច្ចរុញឲ្យគាត់ត្រូវតែទៅ ហើយគាត់មានបញ្ហាស្លាប់ដូច្នេះ គឺសមត្ថកិច្ចមានតួនាទីទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះ»។
ករណីស្លាប់របស់ស្ត្រីសកម្មជនបក្សប្រឆាំងនេះ កើតក្នុងពេលដែលរបបលោក ហ៊ុន សែន ធ្វើយុទ្ធនា ការបង្ក្រាបយ៉ាងធ្ងន់ធ្ងរទៅលើកម្មជនបក្សប្រឆាំងតាមមូលដ្ឋានដូចជាការចាប់ខ្លួនដាក់ពន្ធនាគារ ការកោះហៅទៅសួរនាំនិងការបង្ខិតបង្ខំឲ្យចូលខ្លួនសារភាពឈប់គាំទ្រគណបក្សសង្គ្រោះជាតិជាដើម។ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំង ១២នាក់ទៀត ត្រូវបានជនអនាមិកលួចវាយប្រហារតាមដងផ្លូវបណ្ដាលឲ្យបែកក្បាល និងរបួសធ្ងន់ដែរ ប៉ុន្តែសមត្ថកិច្ចមិនទាន់វែកមុខចាប់ជនដៃដល់យកមកកាត់ទោសតាមច្បាប់បាននៅឡើយទេ។
ថ្មីៗ នេះ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៧៥នាក់ ទើបតែត្រូវបានដោះលែងពីពន្ធនាគារ និងមួយចំនួនទៀតទើបតែបានវិលទៅជួបជុំក្រុមគ្រួសារ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឲ្យតុលាការ និងសមត្ថកិច្ច ដោះលែង និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង ស្របពេលមានសម្ពាធពីសហភាពអឺរ៉ុប ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។