គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​នៅ​ខេត្តបាត់ដំបង ទទួល​រង​ការ​គំរាមកំហែង

ដោយ សេក បណ្ឌិត
2022.06.17
Share on WhatsApp
Share on WhatsApp
គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​នៅ​ខេត្តបាត់ដំបង ទទួល​រង​ការ​គំរាមកំហែង លោក ឡី សុខុន សកម្មជន​គណបក្ស​ភ្លើង​ទៀន​។
រូប៖ ហ្វេសប៊ុក

គ្រួសារ​របស់​សកម្មជន​បក្ស​ភ្លើង​ទៀន ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង អះអាង​ថា ពួកគាត់ បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ព្រមទាំង​ទទួល​បាន​ការ​រើសអើង​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​ដែល​បណ្ដាល​មក​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ដើរ​ញុះញង់។អ្នក​វិភាគ​នយោបាយ​ថា ទង្វើ​របស់​មន្ត្រី​បក្ស​កាន់​អំណាច​ធ្វើ​បែប​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បក្ស​ខ្លួន​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មិន​ពេញ​ចិត្ត។

ក្រុម​គ្រួសារ​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​លោក ឡី សុខុន ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង អះអាង​ថា ពួក​គាត់ បាន​ទទួល​ការ​គំរាម​កំហែង​នៅ​ទី​សាធារណៈ និង​នៅ​ជុំវិញ​លំនៅឋាន​ដោយ​ជន​មិន​ស្គាល់​មុខ។ ក្រៅ​ពី​នោះ​ពួក​គាត់ ក៏​ទទួល​បាន​ការ​រើសអើង​នៅ​ក្នុង​មូលដ្ឋាន ដែល​ខ្លួន​កំពុង​រស់នៅ​ដែរ ព្រោះ​លែង​មាន​ញាតិ​មិត្ត​ហ៊ាន​មក​ទំនាក់ទំនង​ជាមួយ​គ្រួសារ​តទៅ​ទៀត ដោយ​សារ​បារម្ភ​ខ្លាច​មាន​រឿង​ដល់​ខ្លួន។

ភរិយា​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​លោក ឡី សុខុន គឺ​លោកស្រី លីន លីដា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ មិថុនា​ថា ក្រុម​គ្រួសារ​របស់​លោកស្រី ដែល​មាន​ទាំង​ម្ដាយ​បង្កើត និង​ម្ដាយ​ក្មេក​បាន​ទទួល​ការ​គំរាម​កំហែង និង​ការ​បំពាន​សិទ្ធិ​នៅ​ទី​សាធារណៈ​ផង​ដែរ។ លោកស្រី​ឱ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​តាមដាន ព្យាយាម​លួច​ថតរូប និង​តែងតែ​មក​ក្បែរ​ផ្ទះ​លោកស្រី​ហាក់បី​ដូច​ជា​មាន​បំណង​អ្វីមួយ។

លោកស្រី​បញ្ជាក់​ថា សកម្មភាព​ទាំង​នោះ​បង្ក​ការ​រំខាន និង​ប៉ះពាល់​ជីវិត​របស់​ប្រចាំថ្ងៃ ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​ទៅ​ដល់​ក្រុម​គ្រួសារ​លោកស្រី។ ទោះ​យ៉ាង​ណា​ក្ដី លោកស្រី​មិន​មាន​បំណង​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​ទាំង​នេះ​ទេ ដោយហេតុ​ថា អាជ្ញាធរ នឹង​មិន​អើពើ​ជាមួយ​ពាក្យ​បណ្ដឹង​របស់​លោកស្រី ដែល​ជា​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​នោះ​ឡើយ៖ «មាន​មនុស្ស​ប្រុស​បី​នាក់​គាត់​មក​ឆ្វែល​ឡាន​ខ្ញុំ ហើយ​មួយ​សន្ទុះ​ស្រាប់​តែ​មាន​ឡាន​មួយ​គ្រឿង​ទៀត​ឈប់​មក​អែប​ឡាន​ខ្ញុំ ហើយ​គាត់​ធ្វើ​ជា​ថតរូប​នេះ​រូប​នោះ។ ដូច​នៅ​ហាង ដែល​ខ្ញុំ​លក់​ឥវ៉ាន់​អី​ក៏​មាន​ប៉ូលិស​នៅ​យាម​ជិត​ហ្នឹង ដូច​ថា មក​ស៊ើប។ [] សូម្បី​តែ​មេភូមិ ដែល​ខ្ញុំ​នៅ​រាល់​ថ្ងៃ​ហ្នឹង​គេ​ដើរ​ប្រកាស​នៅ​តាម​ភូមិ​ថា បើ​អ្នក​ណា​ពាក់ព័ន្ធ​នឹង​ភ្លើង​ទៀន​គេ​ចាប់​យក​ទៅ​ទាំង​អស់ ដល់​ពេល​អ៊ីចឹង​អ្នក ដែល​គេ​ស្គាល់​ខ្ញុំ​គេ​ខ្លាច។ ពេល​ម៉ាក់​ខ្ញុំ បងប្អូន​ខ្ញុំ​គាត់​ឃើញ​អ៊ីចឹង​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​មែនទែន។ ខាង​យាយតា ម្ដាយ​ក្មេក​ខ្ញុំ​គាត់​បារម្ភ ឥឡូវ​ម្ដាយ​ក្មេក​ខ្ញុំ​គាត់​ធ្លាក់​ខ្លួន​ឈឺ គាត់​ពិបាក​ចិត្ត»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អធិការ​នគរបាល​ស្រុក​ឯកភ្នំ​លោក ឡុង យោធាវីរៈ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាមឯក លោក ហម ប៊ុនសន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​នោះ​ទេ ដោយ​អះអាង​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មាន​សណ្ដាប់ធ្នាប់​ជា​ធម្មតា។ លោក​បន្ថែម​ថា ប្រសិនបើ​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​លោក​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​ឱ្យ៖ «នៅ​ក្នុង​ករណី​ហ្នឹង​ដូច​អត់​មាន​អ្នក​ណា​ប្ដឹង​នៅ​ប៉ុស្តិ៍​ខ្ញុំ​ផង។ ខ្ញុំ​មិន​ថា​អី​ទេ ក្នុង​នាម​ខ្ញុំ​ជា​សមត្ថកិច្ច​មូលដ្ឋាន​ចេះ​តែ​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង ប៉ុន្តែ​រឿង​នេះ​ជា​របស់​ថ្នាក់​លើ»

ជុំវិញ​ករណី​នេះ អ្នក​វិភាគ​និង​ជា​អ្នក​ស្រាវជ្រាវ ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រាល់​សកម្មភាព​គំរាម​កំហែង​នៅ​តាម​មូលដ្ឋាន​ពី​មន្ត្រី​បក្ស​កាន់​អំណាច ទៅ​កាន់​បក្ស​ប្រឆាំង គឺ​មិនមែន​មក​ពី​មាន​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ទង្វើ​បែប​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ទង្វើ​ទាំង​នោះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ផ្សេង​ទៀត​កាន់​តែ​ស្អប់​ខ្ពើម និង​កាន់​តែ​មិន​ពេញ​ចិត្ត។ លោក​ថា អ្នក​នយោបាយ និង​មន្ត្រី​នៅ​តាម​មូលដ្ឋាន​គួរ​បញ្ឈប់​នូវ​សកម្មភាព​គំរាម​កំហែង ញុះញង់​ឲ្យ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ​ត​ទៅ​ទៀត និង​ត្រូវ​ងាក​ទៅ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​វិញ៖ «ជន​ទាំង​ហ្នឹង​ចេះ​តែ​បង្កើត​បញ្ហា​ឲ្យ​ស្មុគស្មាញ​ទៅ ហើយ​គេ​រិះគន់ គឺ​រិះគន់​រដ្ឋាភិបាល​ទេ ហើយ​ក្រុម​មនុស្ស​ជំពូក​ហ្នឹង​មិន​បាន​ជួយ​លើក​កេរ្តិ៍ឈ្មោះ​គណបក្ស​របស់​ខ្លួន​ទេ គឺ​មាន​តែ​បំផ្លាញ។ រឿង​ទាំង​អស់​នេះ​មែនទែន​ទៅ​មិន​គួរ​ឱ្យ​មាន​ទាល់​តែ​សោះ។ អ្នក​នយោបាយ​ត្រូវ​តែ​ជួយ​ការពារ​កុំ​ឱ្យ​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង ព្រោះ​អា​ហ្នឹង​វា​កើត​ទៅ​ជា​ការ​សងសឹក​ត​ត្រកូល​គ្នា អា​ហ្នឹង​វា​ជា​វប្បធម៌​អាក្រក់​មួយ ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​ចង​អាឃាត​គ្នា បែកបាក់​គ្នា​មក​ដល់​សព្វថ្ងៃ ក៏​ដោយសារ​តែ​ហេតុផល​មួយ​ហ្នឹង​ដែរ»

សកម្មជន​គណបក្ស​ភ្លើង​ទៀន​លោក ឡី សុខុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៨ មិថុនា តាម​បណ្ដឹង​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទ​គាត់​ពី​បទ​រំលោភ​លើ​លំនៅឋាន ដោយសារតែ​លោក​ថត​វីដេអូ​សកម្មភាព​អាជ្ញាធរ និង​មន្ត្រី​បក្ស​កាន់​អំណាច​មួយ​ក្រុម កត់​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​បោះ​ឆ្នោត។ តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ទោះ​បី​ជា​ដើម​បណ្ដឹង បាន​ដក​ពាក្យ​បណ្ដឹង​វិញ​ក៏​ដោយ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុកថា ករណី​ឃុំ​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​រឿង​នយោបាយ ព្រោះ​លោក ឡី សុខុន មិន​បាន​ប្រព្រឹត្ត​កំហុស​ផ្នែក​ច្បាប់​ឡើយ ពោល គឺ​លោក​បាន​ចូល​បង្ហាញ​ភស្តុតាង និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

មកដល់​ពេល​នេះ លោកស្រី លីន លីដា ដែល​ជា​ភរិយា ឱ្យ​ដឹង​ដែរ​ថា លោកស្រី​មិន​ទាន់​បាន​ជួប​មុខ​ស្វាមី​នៅ​ឡើយ​នោះ​ទេ ចាប់​តាំង​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៩ ខែមិថុនា ទោះ​បី​ជា​សមត្ថកិច្ច​ថា នឹង​ឱ្យ​លោកស្រី​ជួប​ស្វាមី​បន្ទាប់​ពី​ឃុំ​ខ្លួន​បាន​មួយ​សប្ដាហ៍​ក៏​ដោយ។ ទន្ទឹម​គ្នា​នេះ លោកស្រី​ថា តុលាការ​ហាក់​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ក្នុង​រឿង​ក្ដី​ស្វាមី​លោកស្រី​នោះ​ទេ។ លោកស្រី និ ង​មេធាវី មាន​គម្រោង​ដាក់​លិខិត​ស្នើសុំ​ទៅ​តុលាការ​ឲ្យ​ស្វាមី​របស់​អ្នកស្រី​នៅ​ក្រៅ​ឃុំ​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
អ្នក​ឃ្លាំមើល​​ថា ​ដំណើរ​​ទស្សនកិច្ច​របស់​​លោក ហ៊ុន សែន​ ទៅ​​គុយបា​ជា​ការ​​ពង្រឹង​​អំណាច​​ផ្តាច់ការ​​ច្រើន​​ជាង​​ផល​ប្រយោជន៍​​ជាតិ​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​បុរីញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។