ប្រពន្ធមន្ត្រីបក្សគណបក្សភ្លើងទៀន ដែលកំពុងជាប់ឃុំនៅខេត្តបាត់ដំបង រំពឹងថា តុលាការនឹងដោះលែងប្ដី ឱ្យមានសេរីភាពវិញ ក្រោយបញ្ចប់ការជំនុំជម្រះ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យតុលាការខេត្តបាត់ដំបង ទម្លាក់ចោលបទចោទ និងដោះលែងមន្ត្រីបក្សភ្លើងទៀនរូបនេះឱ្យមានសេរីភាពវិញ ត្បិតអង្គហេតុបង្ហាញថា លោកមិនបានប្រព្រឹត្តខុសនោះទេ។
តុលាការខេត្តបាត់ដំបង បានសម្រេចបើកសវនាការជំនុំជម្រះករណីមន្ត្រីគណបក្សភ្លើងទៀន លោក ឡី សុខុន ពីបទរំលោភលើលំនៅឋាន នៅព្រឹកថ្ងៃទី១១ សីហា ក្រោយឃុំខ្លួនលោកអស់រយៈពេលជាង ២ខែមកនេះ ពាក់ព័ន្ធនឹងករណីថតរូបអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបក្សប្រជាជនកម្ពុជា អង្គុយកត់ឈ្មោះពលរដ្ឋ ដែលទៅបោះឆ្នោតឃុំ-សង្កាត់។
ប្រពន្ធលោកឡី សុខុន គឺលោកស្រី លីន លីដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ សីហាថា នៅក្នុងសវនាការចៅក្រមបានសាកសួរ ទៅកាន់ប្ដីរបស់លោកស្រី ថា បានចូលទៅក្នុងលំនៅឋាននោះដែរឬទេ និងមូលហេតុនៃការចូលទៅទីនោះ។ លោកស្រីបន្តថា ប្ដីលោកស្រី និងសាក្សីម្នាក់ទៀត បានអះអាងថា លោកមិនបានចូលទៅក្នុងរបងផ្ទះរបស់ឈ្មោះ សុខ លីម នោះឡើយ។ ទន្ទឹមគ្នានេះ ស្វាមីរបស់លោកស្រីក៏មិនបានពោលពាក្យគំរាមកំហែង ឬមានគោលបំណងអាក្រក់ណាមួយនោះទេ គឺលោកគ្រាន់តែបំពេញទៅតាមតួនាទីក្នុងនាមជាអ្នកសង្កេតការណ៍នៅពេលបោះឆ្នោតតែប៉ុណ្ណោះ។ លោកស្រីស្នើឱ្យតុលាការកាត់ក្ដីដោយភាពយុត្តិធម៌ និងដោះលែងប្ដីលោកស្រីត្រឡប់មករស់នៅជួបជុំគ្នាវិញ៖ « សំណូមពរទៅដល់ខាងតុលាការសុំឱ្យគាត់កាត់ក្ដីសុំឱ្យដោះលែងគ្រួសារខ្ញុំបានត្រឡប់មកវិញឱ្យមានសេរីភាព ព្រោះគាត់អត់មានទោសកំហុសអីទេ ហើយអ្នកដែលដាក់ពាក្យប្ដឹង ក៏មកដកពាក្យបណ្ដឹងអីអស់ហើយ » ។
មេធាវីការពារក្ដីឱ្យលោក ឡី សុខុន គឺលោក សំ សុគង់ ឱ្យដឹងថា នៅក្នុងសវនាការចៅក្រម និងព្រះរាជអាជ្ញារង សួរផ្ដោតតែលើចំណុចថា តើលោក ឡី សុខុន ពិតជាបានចូលទៅក្នុងបរិវេណផ្ទះនោះដែរ ឬទេ។ លោកថា បើយោងទៅតាមភស្តុតាងជាក់ស្ដែង និងការផ្ដល់ចម្លើយពីសាក្សី ផ្ទះរបស់លោក សុខ លីម មិនមានរបងនោះទេ ព្រមទាំងមានចាក់សាបស៊ីម៉ង់ត៍នៅក្បែរផ្លូវ។ លោកបន្តថា ផ្អែកទៅតាមអង្គហេតុ និងផ្លូវច្បាប់ ការចោទប្រកាន់ពីបទរំលោភលំនៅឋាន លុះត្រាតែជនបង្កបានប្រព្រឹត្តអំពើហិង្សា មានកលល្បិច ឬធ្វើការគំរាមកំហែងណាមួយ ដើម្បីចូលលំនៅឋាននោះ។ លោកបន្តទៀតថា ក្នុងសំណុំរឿងនេះមិនមានភស្តុតាងណាមួយបញ្ជាក់ថា កូនក្ដីលោក ពិតជាបានចូលទៅក្នុងលំនៅឋានឈ្មោះ សុខ លីម ឡើយដោយផ្ទះនោះគ្មានរបង និងនៅជាប់មាត់ផ្លូវ ដែលនេះចាត់ទុកថា ស្ថិតក្នុងកន្លែងសាធារណៈនៅឡើយ។ លោកស្នើឱ្យតុលាការពិចារណាលើអង្គហេតុ និងដោះលែងកូនក្ដីលោកឱ្យមានសេរីភាពវិញ ដ្បិតការជាប់ឃុំក៏មានរយៈពេលយូរ ដែលមិនសមាមាត្រជាមួយនឹងទំហំរឿងក្ដីនោះឡើយ។ យោងទៅតាមការសន្និដ្ឋានទាំងនេះ លោកចាត់ថា កូនក្ដីរបស់លោក គឺលោក ឡី សុខុន មិនមែនកំពុងស្ថិតក្នុងការដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់នោះទេ ប៉ុន្តែគឺជារឿងក្ដី ដែលមានទំនោរទៅនិន្នាការនយោបាយ៖ « ប៉ុន្តែដោយសារតែសំណុំរឿងហ្នឹង វាពាក់ព័ន្ធទៅនឹងរឿងនយោបាយដោយសារកូនក្ដីខ្ញុំ លោក ឡី សុខុន ហ្នឹងគាត់ គឺជាសកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបង។ ហើយអង្គហេតុ ដែលកើតឡើង គឺកើតឡើងនៅអំឡុងពេលបោះឆ្នោត ហើយគាត់ដើរត្រួតពិនិត្យអ្នកផ្សេងៗ ដែលមានបំណងជួបជុំទិញទឹកចិត្តអ្នកបោះឆ្នោតហ្នឹង ដែលធ្វើឱ្យរឿងកើតឡើង។
សវនាការជំនុំជម្រះ បានចាប់ផ្ដើមនៅម៉ោង ៩ព្រឹក និងបញ្ចប់ទៅវិញ នៅម៉ោង ១០:១០នាទី។ ក្នុងអង្គសវនាការមានវត្តមានចៅក្រមជំនុំជម្រះក្ដី អ្នកស្រី ហៃ ណៃហេង ព្រះរាជអាជ្ញារង លោក សេង ផានិត និងមេធាវីការពារក្ដី លោក សំ សុគង់។ ជាមួយគ្នានេះ ក៏មានដើមបណ្ដឹងឈ្មោះ ឡាញ់ ជុន អាយុ ៧០ឆ្នាំ ជាមួយសាក្សី ២នាក់ គឺលោកស្រី អឿន សារិទ្ធ ដែលត្រូវជាប្អូនស្រីបង្កើតដើមបណ្ដឹង និងជាមេភូមិកំពង់សំបួរ និងលោក សុភ័ក្ត្រ ជាសាក្សីរបស់លោក ឡី សុខុន។ ក្រោយបញ្ចប់សវនាការ តុលាការសម្រេចលើកពេលទៅប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែសីហាខាងមុខនេះ។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង អ្នកស្រី ជា ច័ន្ទរស្មី ដើម្បីសុំការបកស្រាយបន្ថែមជុំវិញករណីនេះនៅឡើយទេ នៅថ្ងៃទី១១ សីហា។
បើតាមអ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ដែលជាអ្នកទៅឃ្លាំមើលការជំនុំជម្រះដោយផ្ទាល់ក្នុងសវនាការ ឱ្យដឹងថា ចៅក្រម និងព្រះរាជអាជ្ញារង បានសួរដេញដោលទៅលោក ឡី សុខុន និងសាក្សី ថា បានចូលហួសផុតពីរបង ទៅក្នុងផ្ទះឈ្មោះ សុខ លីម ដែរឬទេ ក្នុងថ្ងៃកើតហេតុ។ លោក ឡី សុខុន និងសាក្សី បានឆ្លើយថា ខ្លួនមិនបានចូលទៅក្នុងលំនៅឋាននោះទេ ដោយគ្រាន់តែឈរនៅខាងក្រៅថតវីដេអូ និងបានសួរថា ប្រាក់នៅនឹងដៃឈ្មោះ ឡាញ់ ជុន ជាប្រាក់អ្វី ដោយសារលោកខ្លាចមានសំណូកសូកប៉ាន់តែប៉ុណ្ណោះ។ ក្នុងពេលនោះដោយឈ្មោះ ឡាញ់ ជុន ឆ្លើយថា ជាប្រាក់ខ្លួនលក់ត្រី ឯលោក ឡី សុខុន ក៏សុំទោសរួចចាកចេញទៅ។
ដោយឡែក សាក្សីរបស់ដើមបណ្ដឹង គឺមេភូមិកំពង់សំបួរឈ្មោះ អឿន សារិទ្ធ អះអាងថា លោក ឡី សុខុន បានឈានជើងចូលហួសព្រំរបង។ ប៉ុន្តែនៅក្នុងរូបភាព ដែលបង្ហាញដោយមេធាវី ផ្ទះឈ្មោះ សុខ លីម ធ្វើនៅជាប់ផ្លូវថ្នល់ និងគ្មានរបងនោះទេ ដោយមានផ្ទាំងជញ្ជាំងខាងមុខសម្រាប់បិទបើក ប្រើដែកត្រង់ជាជន្ទល់ និងមានចាក់សាបស៊ីម៉ង់ត៍ភ្ជាប់នឹងថ្នល់។
បន្ទាប់មក ចៅក្រមសួរបានសួរទៅកាន់លោក ឡី សុខុន ថាតើទៅទីនោះធ្វើអ្វី។ លោក សុខុន ឆ្លើយថា ខ្លួនដើរល្បាត និងឃ្លាំមើលភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ព្រោះមានប្រជាពលរដ្ឋរាយការណ៍មកថា នៅខាងមុខការិយាល័យបោះឆ្នោតវត្តកែវ មានការទិញសន្លឹកឆ្នោត ដូច្នេះគាត់ទៅថតរូប ទុកជាភស្តុតាងឲ្យ គ.ជ.ប ទៅតាមតួនាទីរបស់លោកតែប៉ុណ្ណោះ។
ក្រោយមក ចៅក្រមសួរឈ្មោះ ឡាញ់ ជុន ថា ហេតុអ្វីប្តឹងលោក ឡី សុខុន និងម្តេចបានដកពាក្យបណ្តឹងវិញ។ ឈ្មោះ ឡាញ់ ជុន ឆ្លើយថា ខ្លួនប្តឹង ព្រោះតែលោក ឡី សុខុន បានបង្ហោះរូបភាព ដែលគាត់កំពុងកាន់សាច់ប្រាក់លើបណ្ដាញសង្គម តែក្រោយមកគាត់ដកពាក្យបណ្តឹងវិញ ដោយសារលោក សុខុន បានលុបរូបភាពចោល ហើយក្រុមគ្រួសាររបស់លោក ក៏បានមកសុំទោសផងដែរ។
ជាមួយគ្នានេះ លោក អ៊ិន គង់ជិត ជំរុញឱ្យតុលាការពិនិត្យទៅលើអង្គហេតុ ធ្វើការទម្លាក់បទចោទទៅលើលោក ឡី សុខុន និងដោះលែងលោកឱ្យមានសេរីភាព រស់នៅជួបជុំជាមួយគ្រួសារ៖ « ក្នុងនាមជាសង្គមស៊ីវិល ដែលខ្ញុំបានទៅឃ្លាំមើលផ្ទាល់ ខ្ញុំសង្ឃឹម និងជឿជាក់ថា លោកស្រីចៅក្រមជំនុំជម្រះនឹងពិចារណាលើអង្គហេតុរឿងក្ដីនេះដោយសុភវិនិច្ឆ័យខ្ពស់ និងផ្ដល់ភាពយុត្តិធម៌ដល់រូបលោក ឡី សុខុន នាពេលខាងមុខ » ។
លោក ឡី សុខុន ជាសមាជិកក្រុមការងារគណបក្សភ្លើងទៀននៅស្រុកឯកភ្នំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៨ មិថុនា នៅហាងកាហ្វេមួយកន្លែង ដោយចោទពីបទរំលោភលំនៅឋាន បន្ទាប់ពីលោកថតវីដេអូក្រុមមន្ត្រីបក្សកាន់អំណាចអង្គុយកត់ឈ្មោះពលរដ្ឋនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ប៉ុន្តែដើមបណ្ដឹងដែលប្ដឹងលោក ឡី សុខុន មិនមែនជាម្ចាស់ផ្ទះនោះឡើយ ហើយក្រោយមកដកបណ្តឹងវិញ ដើម្បីបញ្ចប់រឿង។
យ៉ាងណា តុលាការខេត្តបាត់ដំបងនៅតែបន្តចោទប្រកាន់មកលើរូបលោកដដែលដោយអះអាងថា ជាបណ្ដឹងអាជ្ញា។ លើសពីនេះ តុលាការសម្រេចឃុំខ្លួនលោកនៅពន្ធនាគារអស់រយៈពេលជាង ២ខែមកហើយ គិតចាប់តាំងពីថ្ងៃឃាត់ខ្លួន។
យោងទៅតាមក្រមព្រហ្មទណ្ឌ ក្នុងមាត្រា ២៩៩ បទរំលោភលើលំនៅឋាន ជាប្រភេទបទល្មើសមជ្ឈិម ដែលជាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះនោះ។ បទល្មើសនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។
មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគ និងមន្ត្រីបក្សភ្លើងទៀន ចាត់ទុកនីតិវិធីរបស់តុលាការក្នុងករណីនេះថា ពាក់ព័ន្ធនឹងរឿងនយោបាយជាជាងការអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។