គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​មួយ​ចំនួន​បារម្ភ​ការ​វិវឌ្ឍ​ជំងឺ​ធ្ងន់ធ្ងរ​លើ​សាច់​ញាតិ

ដោយ ហេង រស្មី
2021-02-23
Share
គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​មួយ​ចំនួន​បារម្ភ​ការ​វិវឌ្ឍ​ជំងឺ​ធ្ងន់ធ្ងរ​លើ​សាច់​ញាតិ សមាជិក​គ្រួសារ​លើក​រូបថត​របស់សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ​ គឺ​លោកស្រី លឹម សាន និង​លោក គង់ សំអាន ក្នុង​អំឡុង​ពេល​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ

គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​សាច់ញាតិ​របស់​ពួកគាត់ ក្នុង​ពន្ធនាគារ​អាច​វិវឌ្ឍ​កាន់​តែ​ធ្ងន់ធ្ងរ​ថែមទៀត ដោយ​សារ​មន្ត្រី​ពន្ធនាគារ​មិន​បាន​យក​ចិត្ត​ទុក​មើល​ថែ និង​បញ្ជូន ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។ មន្ត្រី​សិទ្ធិ​​យល់ថា មន្ត្រី​ពន្ធនាគារ​គួរ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់ ចំពោះ​ស្ថាន​ភាព​ជំងឺ​របស់​អ្នក​ជាប់​ឃុំ និង​ប្រព្រឹត្ត​ស្មើភាព​គ្នា​ចំពោះ​អ្នក​ជាប់ឃុំ​ទាំង​អស់។

ក្រោយ​ពី​បាន​ចូល​ជួប​សួរសុខទុក្ខ​គ្រួសារ និង​សាច់​ញាតិ​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ចន្ទ ទី២២ កុម្ភៈ ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន បាន​បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន។

កូនស្រី​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​អ្នក​ស្រី លឹម សាន គឺ​កញ្ញា ផាន សាត រៀប​រាប់​ថា ម្ដាយ​របស់​កញ្ញា​នៅ​ក្នុង​ពន្ធនាគារ​ទទួល​រង​ការ​លំបាក​ខ្លាំង រួម​មាន​ការ​ភ្លេចភ្លាំង​ស្មារតី កើត​ជំងឺ​លើស​សម្ពាធ​ឈាម រលាក​សន្លាក់​រ៉ាំរ៉ៃ ដើរ​មិន​រួច ជាដើម។ កញ្ញា​ទាមទារ​ឱ្យ​មន្ត្រី​ពន្ធនាគារ​យក​ចិត្ត​ទុក​ដាក់​មើល​ថែទាំ និង​បញ្ជូន ម្ដាយ​ទៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ៖ «អំពាវនាវ​ដល់​ពួក​គាត់​ដែល​ពាក់ព័ន្ធ ប្រធាន​នៅ​ពន្ធនាគារ​ហ្នឹង យក​ចិត្ត​ទុក​ដាក់​អ្នក​ទោស​នយោបាយ​ទាំង​អស់ មើល​ថែ​សុខភាព​គាត់​ផង​កុំ​យក​គាត់​ទៅ​ដាក់​ចោល​ធ្វើ​ដូច​គាត់​លក់​ជាតិ លក់​ទឹកដី​កុំ​ធ្វើ​អ៊ីចឹង​អត់​ត្រូវ​ទេ ដោយ​សារ​គាត់​អត់​មាន​កំហុស​អ្វី​ទេ ដាក់​ហើយ​អត់​មើល​ថែ​គាត់​បាន​ល្អ ទៅ​ពី​ផ្ទះ​ជា ដល់​ពេល​ចូល​ដល់​ខាង​ក្នុង​ឈឺ​គ្រប់មុខ​ដូច​ម្ដាយ​ខ្ញុំ សំណូមពរ​គាត់​ឱ្យ​មើល​ថែទាំ​សុខភាព​ពួក​គាត់​ទាំង​គ្នា​ផង កុំ​ទុក​ពួក​គាត់​ចោល​អ៊ីចឹង»

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​លោក គង់ សំអាន គឺ​លោកស្រី អៀប សួគ៌ ប្រាប់​អាស៊ី​សេរី​ថា អ្នកស្រី​អាណិត​អាសូរ​ប្តី ដែល​មាន ជំងឺ​គ្រួស​តម្រង​នោម​ប្រចាំ​កាយ ហើយ​ពេល​នេះ​មាន​សភាព​ស្គមស្គាំង ឈឺធ្មេញ វិលមុខ និង​គេង​មិន​បាន​គ្រប់​គ្រាន់​ដោយ​សារ​វិទ្យុសកម្ម និង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ធ្វើ​ឱ្យ​ចុះ​ទ្រុឌទ្រោម ទន់​ខ្សោយ​ខ្លាំង៖ «ទាមទារ​ឱ្យ​រដ្ឋាភិបាល​សម្រួល​គ្នា​ទៅ ចរចា​គ្នា​ឱ្យ​បាន​ជួបជុំ​គ្រួសារ​ខ្ញុំ​វិញ​ផង កុំ​យក​ខ្មែរ​ធ្វើ​សត្រូវ គាត់​មនុស្ស​ល្អ អត់​ចេះ​ភូត​កុហក​អ្នកណា មាន​តែ​ជួយ​ប្រជាជន ចាប់​គាត់​អញ្ចឹង​អយុត្តិធម៌​ណាស់ សូម​ឱ្យ​តុលាការ​ទំលាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ប៉ុន្មាន ស្នើ​សុំ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ ព្រោះ​គាត់​មាន​ជំងឺ​ផង ហើយ​គាត់​ឧស្សាហ៍​វិលមុខ»

ដោយឡែក ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ដែរ ប្រកាស​ត្រៀម​ខ្លួន​កោរ​សក់ ដើម្បី​កាន់ទុក្ខ​លើ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​បំផ្លាញ និង​ដើម្បី​សម្ដែង​ការ​ដឹងគុណ​ដល់​សកម្មជន​បរិស្ថាន​ទាំងអស់ ដែល​លះបង់​កម្លាំង​កាយ​ចិត្ត និង​ជីវិត ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ។ ការ​ប្រកាស​​ត្រៀម​​កោរសក់​នេះ ក៏​ជា​ការ​បង្ហាញ​នូវ​ការ​ចូលរួម​សាមគ្គី ជាមួយ​យុវជន​​ជាប់​ឃុំ​ម្នាក់​ទៀត គឺ​លោកស្រី ឈឿន ដារ៉ាវី ដែល​បាន​កោរ​សក់​ប៉ុន្មាន​ថ្ងៃមុន​នេះ ដើម្បី​ទាមទារ​​យុត្តិធម៌​សង្គម។

ប្រពន្ធ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ប្រាប់​ថា លោកស្រី​គាំទ្រ​ស្វាមី ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​កោរ​សក់ ដើម្បី​បរិស្ថាន ទាមទារ​សិទ្ធិ​សេរីភាព ឱ្យ​តុលាការ​ឯករាជ្យ​និង​​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល៖ «ចំពោះ​ការ​កោរ​សក់​របស់​ស្វាមី​នាង​ខ្ញុំ ខ្ញុំ​យល់​ថា ជា​សិទ្ធិ​សេរីភាព​ក៏​ជា​ការ​ទាមទារ​របស់​គាត់ ដើម្បី​ឱ្យ​តុលាការ​មាន​ឯករាជ្យ​សម្រាប់​គាត់»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​ដែល​ជាប់​ឃុំ​ត្រូវ​ឱ្យ​ប៉ុស្តិ៍​សុខភាព​ពិនិត្យ​ជាមុន​សិន ប្រសិន​បើ​ប៉ុស្តិ៍​សុខភាព​ពិនិត្យ​ឃើញ​ថា​ចាំបាច់ នឹង​បន្ត​តាម​នីតិវិធី​ស្នើ​អ្នក​ជំងឺ​ជាប់​ឃុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ៖ «ទាល់​តែ​យើង​ស្រាវជ្រាវ​មក​ជាមួយ​ខាង​ប៉ុស្តិ៍​សុខភាព​វិញ ថា​តើ​ក្រោយ​ពី​ពិនិត្យ​ទៅ​គេ​សន្និដ្ឋាន​ថា​ករណី​គាត់​នឹង​គួរ​ត្រូវ​បាន​ព្យាបាល​នៅ​ក្រៅ​ ឬ​យ៉ាង​មិច ជួន​កាល​អះអាង​ថា គាត់​ឈឺ​នេះ ឈឺ​នោះ​ទៅ ប៉ុន្តែ​ជាក់​ស្ដែង គាត់​ប្រាប់​បងប្អូន​គាត់​នៅ​ក្រៅ​ថា​ឈឺ​ខ្លាំង ឈឺ​ធ្ងន់ ឈឺ​អ្វី​អ៊ីចឹង​ទៅ ហើយ​ខាងក្នុង​គេ​មើល​ផ្ទាល់​ជាក់​ស្ដែង​ឃើញ​ថា គាត់​មិន​ឈឺ​អ្វី ឱ្យ​គេ​បញ្ជូន​ទៅ​ម៉េច»

លោក នុត សាវនា ឱ្យ​​ដឹង​ទៀត​ថា​ចំពោះ​ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កោរ​សក់ ដើម្បី​យុត្តិធម៌​សង្គម លោក​ប្រាប់​ថា ក្រុម​យុវជន​ក្នុង​ពន្ធនាគារ​មាន​​​សិទ្ធិ​ជឿ​សាសនា ប៉ុន្តែ​លោក​ថា​ពួក​គេ​ត្រូវ​ស្នើ​ទៅ​ប្រធាន​ពន្ធនាគារ ឬ​ប្រធាន​មណ្ឌល ដើម្បី​កុំ​ឱ្យ​ចោទ​ថា​មន្ត្រី​លោក​ចាប់​បង្ខំ។

កន្លង​ទៅ សាធារណ​ជន និង​អង្គការ​សិទ្ធិ​មនុស្ស បាន​រិះគន់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ជុំវិញ​ការ​អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ជាប់​ឃុំ​ដែល​ក្រីក្រ និង​អ្នក​មាន​លុយ​មាន​អំណាច។ អ្នក​ជាប់​ឃុំ​ក្រីក្រ និង​អ្នក​ទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ឡើយ ទោះ​ជា​ពួក​គេ​មិន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ក៏​ស្នើ​​សុំ​ច្រើន​ដង​បែប​​ណា​ក្តី។ ផ្ទុយ​ទៅ​វិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន ដែល​មាន​លុយ ឬ​មាន​អំណាច អាច​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​​រយៈ​ពេល​វែង​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្នក​ជាប់​ឃុំ​មាន​សិទ្ធិ​ទទួល​បាន​សេវា​សុខ​ភាព​​​ដូចគ្នា ដោយ​មិន​រើស​អើង​រវាង​អ្នក​មាន​និង​អ្នក​ក្រ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពន្ធនាគារ​មាន​អ្នក​ជាប់​ឃុំ​ច្រើន ហើយ​តូច​ចង្អៀត ធ្វើ​ឱ្យ​អ្នក​ជាប់​ឃុំ​​ថប់​អារម្មណ៍ មួម៉ៅ ប៉ះពាល់​សុខភាព និង​អាច​ប៉ះពាល់​ដល់​ដំណើរ​រឿង​ក្ដី​របស់​អ្នក​ជាប់​ឃុំ​ទៀត​ផង។ លោក​ជំរុញ​មន្ត្រី​ពន្ធនាគារ​គួរ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់​ចំពោះ​ស្ថានភាព​ជំងឺ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា​ចំពោះ​អ្នក​ជាប់​ឃុំ​ទាំង​អស់៖ «ជន​ដែល​ជាប់​ឃុំ​គឺ​មាន​សិទ្ធិ​ស្មើគ្នា អ៊ីចឹង​កន្លង​មក យើង​ឃើញ​ថា​សិទ្ធិ​ដូច​ខុស​គ្នា​មួយ​ទៅ​ហើយ ដែល​មាន​ការ​ខុស​គ្នា​ត្រង់​ឧកញ៉ា​មួយ​ចំនួន ឬ​ក៏​អ្នក​មាន​មួយ​ចំនួន​គាត់​មាន​សិទ្ធិ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​យូរ​ជួន​កាល​រាប់​ឆ្នាំ​ទៀត អ៊ីចឹង​ដែល​អ្នក​មាន​ជំងឺ​ដូចគ្នា​ត្រូវតែ​ទទួល​បាន​ការ​ព្យាបាល​ដូច​គ្នា ហ្នឹង​គឺ​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​សេវា»

ក្រៅ​តែ​ពី​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា ក៏​តែងតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​កែ​លម្អ​លក្ខខណ្ឌ​រស់​នៅ និង​សុខុមាលភាព​របស់​អ្នក​ជាប់​ឃុំ ពីព្រោះ​ពួកគេ​ក៏​ជា​មនុស្ស​ដែរ។ ប្រសិន​បើ​ពួក​គេ​​ត្រូវ​ជាប់​ឃុំ​​សម​ស្រប​តាម​ច្បាប់​នោះ ពួក​គេ​ត្រឹម​តែ​បាត់​បង់​សេរីភាព​ប៉ុណ្ណោះ មិន​ត្រូវ​រង​ទុក្ខ​លំបាក និង​ការ​ធ្វើ​បាប​ផ្សេងៗ ទៀត​ឡើយ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល