គ្រួសារសកម្មជនបក្សប្រឆាំងនៅក្រុងប៉ោយប៉ែតថ្លែងថា ពួកគាត់មិនបានសួរសុខទុក្ខលោក ចៅ វាសនា ជាង ៣ ខែមកហើយ ដោយពុំដឹងថា លោកមានសុខភាពយ៉ាងណានោះទេ។
ប្រពន្ធរបស់មន្ត្រីបក្សសង្គ្រោះជាតិកំពុងជាប់ឃុំលោក ចៅ វាសនា គឺលោកស្រី វង្ស គិមហុង ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២៤ ខែឧសភាថា ការដែលអាជ្ញាធរបញ្ជូនប្ដីរបស់គាត់ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ប្រៀបដូចជាសម្លាប់ពួកលោកស្រីទាំងរស់ និងបង្កើតការឈឺចាប់កាន់តែខ្លាំង។ លោកស្រីនិយាយថា មន្ទីរឃុំឃាំងនៅឆ្ងាយបែបនេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់លោកស្រី ដោយក្រុមគ្រួសារពិបាកធ្វើដំណើរទៅសួរសុខទុក្ខ និងត្រូវចំណាយប្រាក់ច្រើន។ សព្វថ្ងៃនេះ ជីវភាពរបស់លោកស្រីរកព្រឹកខ្វះល្ងាច ដោយសារគាត់ធ្វើជាមេគ្រួសារតែម្នាក់ឯង រកប្រាក់ផ្គត់ផ្គង់ប្ដីកំពុងជាប់ឃុំ ព្រមទាំងចិញ្ចឹមកូននិងចៅ ៤ នាក់នៅក្នុងបន្ទុកគ្រួសារ ខណៈដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាតខ្លាំងនៅក្រុងប៉ោយប៉ែតនោះ៖«ខ្ញុំបាន លុយកាក់តិចតួចខ្ញុំត្រូវយកទៅឱ្យគ្រួសារខ្ញុំ ហើយឈឺជាអីត្រូវឱ្យដឹងតែនេះបានសូន្យ ហើយឆ្ងាយ ពេលទៅម្ដងមិនមែនចំណាយលុយតិចទេ។ រឿងអីធ្វើបាបគាត់ដល់ថ្នាក់អីចឹង ខ្ញុំមិនមែនស្នើឱ្យចេញណាខ្ញុំគ្រាន់តែស្នើឱ្យមកខេត្តបន្ទាយមានជ័យ គេថាកូវីដអីចេះ កូវីដអីចុះ គេចេះតែដោះសារហូត។ អីចឹងខ្ញុំមិនដឹងទៅពឹងអ្នកណាបានទេ ខ្ញុំអួលដើមកខ្ញុំខឹងណាស់ ខ្ញុំប្រាប់ដោយស្មោះ ចង់និយាយថា តាមកម្មផលបោះយើងបើសិនណាគេធ្វើអាក្រក់មកលើគ្រួសារយើង ថ្ងៃក្រោយគេនឹងយកវិញ » ។
លោក ចៅ វាសនា គឺជាចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលមានដើមកំណើតខ្មែរក្រោម។ លោក ចៅ វាសនា ជាមន្ត្រីបក្សប្រឆាំងទី១ដែលជាប់ពន្ធនាគារយូរជាងគេ ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ បានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងរឿងចុះឃ្លាំមើលកម្មករអូសរទេះតវ៉ានៅក្រុងប៉ោយប៉ែត។ លោកបានជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យតាំងពីដើមឆ្នាំ២០១៧ ប៉ុន្តែនៅចុងខែវិច្ឆិកាឆ្នាំ២០២០ អាជ្ញាធរបានបញ្ជូន លោក ចៅ វាសនា ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងវិញ ដោយសារទឹកជំនន់លិចពន្ធនាគារខេត្តបន្ទាយមានជ័យ។ ប៉ុន្តែរហូតមកទល់ពេលនេះ មន្ត្រីពន្ធនាគារមិនទាន់បញ្ជូនលោកត្រឡប់ទៅខេត្តបន្ទាយមានជ័យវិញនៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ ខែឧសភា ដោយលោកប្រាប់ថា រវល់ប្រជុំ។ ប៉ុន្តែលោក នុត សវនា ធ្លាប់មានប្រសាសន៍ថា លោក ចៅ វាសនា ស្ថិតក្នុងចំណោមអ្នកដែលតុលាការកាត់ទោសរួចជាង៣០០នាក់។ លោកថា អាជ្ញាធរមិនបានបញ្ជូនគាត់ត្រឡប់ទៅពន្ធនាគារខេត្តបន្ទាយមានជ័យវិញនោះទេ ដោយសារមន្ទីរឃុំឃាំងខេត្តនេះចង្អៀតណែន។ បន្ថែមពីនេះលោកថា មូលហេតុដែលអាជ្ញាធរមិនអាចបញ្ជូនមន្ត្រីបក្សប្រឆាំងរូបនេះទៅខេត្តដើមអំឡុងពេលនេះ ដោយសារកំពុងផ្ទុះការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា៖ «គាត់ធ្វើសំណើមកអគ្គនាយកដ្ឋានពន្ធនាគារមកដើម្បីពិចារណាសំណើហ្នឹង។ តែឥឡូវនេះវាពិបាកណាស់អារឿងផ្ទេរអ្នកទោស»។
ទោះជាយ៉ាងណា ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា រឿងនេះមន្ត្រីពន្ធនាគារគួរតែបញ្ជូនលោក ចៅ វាសនា ត្រឡប់ទៅឃុំនៅពន្ធនាគារនៅក្បែរផ្ទុះគាត់វិញ ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារងាយស្រួលសួរសុខទុក្ខជនជាប់ឃុំ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចាត់ទុកការបន្តឃុំខ្លួនចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតរូបនេះនៅព្រំដែនប្រទេសវៀតណាម ថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ធ្វើឱ្យលោកនិងក្រុមគ្រួសារឈឺចាប់៖ «វាគ្រាន់តែជាការលើកឡើងដើម្បីគេចវេះអំពីការទទួលខុសត្រូវ និងគេចវេះកុំឱ្យសាធារណៈជនរិះគន់តែប៉ុណ្ណោះ។ ពីព្រោះបញ្ហាកូវីដមិនមានន័យថា មិនអាចយកអ្នកដែលជាប់ឃុំចល័តពីកន្លែងមួយទៅកន្លែងមួយបានទេ ពីព្រោះថា យើងមានវិធានការការពារ គ្រប់គ្រាន់នៅក្នុងការដែលដឹកអ្នកជាប់ឃុំចល័តពីកន្លែងមួយទៅកន្លែងមួយ។ យើងឃើញហើយមានការចល័តអ្នកជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយក្នុងស្ថានភាពកូវីដនេះ ក៏យើងឃើញមានដែរ។ អីចឹងហេតុអីបានគ្រាន់តែលោកចៅ វាសនា មួយយើងមិនអាចចល័តគាត់បាន » ។
កន្លងទៅមេធាវីការពារក្ដីឱ្យលោក ចៅ វាសនា បានប្ដឹងទៅតុលាការឧទ្ធរណ៍និងកំពូលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមជាបន្តបន្ទាប់ ប៉ុន្តែមិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះឡើយ។
មន្ត្រីសិទ្ធិមនុស្ស លោក នី សុខា នៅតែយល់ថា ការឃុំខ្លួនលោក ចៅ វាសនា រយៈពេលជាង៤ ឆ្នាំមកនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ពីព្រោះលោកមើលឃើញថា សកម្មជនរូបនេះមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។