តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅពន្ធនាគារ ម៤ នៅជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាល តាមបណ្ដាញសង្គមហ្វេសប៊ុក (Face book)។ គ្រួសារមេគណបក្សកម្លាំងជាតិខកចិត្ត និងចាត់ទុកការសម្រេចរបស់តុលាការនេះជារឿងមិនត្រឹមត្រូវ និងធ្វើឡើងក្រោមហេតុផលនយោបាយ។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែឧសភា បានបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនមេបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារក្នុងតំបន់ដាច់ស្រយាល ស្ថិតនៅជាប់ជើងភ្នំក្រវាញ ខេត្តពោធ៍សាត់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ចែកប័ណ្ណក្រីក្រមានការរើសអើង រួមទាំងរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលបក្សកាន់អំណាច។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងថា សេចក្ដីសម្រេចរបស់តុលាការនេះ ជារឿងអយុត្តិធម៌សម្រាប់លោក ស៊ុន ចន្ធី ដែលប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ និងធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា បញ្ហានេះនឹងធ្វើឱ្យសេរីភាពបញ្ចេញមតិរួមតូច និងប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក រ៉ុង ឈុន៖«សិទ្ធិសេរីភាពនៅកម្ពុជាកាន់តែរួមតូចទៅៗ ហើយ ក្នុងនាមបក្សប្រឆាំងយើងដាក់ការព្រួយបារម្ភលើបញ្ហាទាំងអស់នេះ យើងចង់ឃើញកម្ពុជាបើកលំហសេរីភាពបញ្ចេញមតិ ឬដូចជាលំហសេរីភាព សិទ្ធិក្នុងការធ្វើនយោបាយឱ្យស្មើភាពគ្នាសម្រាប់ការប្រកួតប្រជែងតាមរយៈការបោះឆ្នោតបាទ»។
ចំណែកប្រពន្ធលោក ស៊ុន ចន្ធី គឺលោកស្រី យាន ស្រីយ៉ាន ប្រាប់វិទ្យុអាស៊ីសេរីថា តុលាការរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យលោកស្រីចូលជួបសួរសុខទុក្ខប្ដីនោះទេ។ លោកស្រីចាត់ទុកការចាប់ខ្លួនប្ដីថា ជាការគំរាមកំហែងផ្នែកនយោបាយ ចំពោះអ្នកតស៊ូ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងផលប្រយោជន៍ជាតិ។ លោកស្រីទាមទារតុលាការដោះលែងប្ដីមកវិញ ពីព្រោះអ្វីដែលគាត់ជាអ្នកនយោបាយលើកឡើងអំពីបញ្ហាសង្គមនោះ គឺជារឿងពិតដែលរដ្ឋាភិបាលគួរចិត្តឲ្យទូលាយទទួលយកការរិះគន់ពីគ្រប់និន្នាការទាំងអស់។
លោកស្រី យាន ស្រីយ៉ាន៖«ទឹកចិត្តខ្ញុំ និងប្ដីរបស់ខ្ញុំដូចគ្នាមិនតក់ស្លុតទេ មិនតក់ស្លុតទេ ហើយរូបភាពទាំងនេះបង្ហាញថាស្ថានការណ៍នៅប្រទេសកម្ពុជាកំពុងគំរាមកំហែង ចំពោះអ្នកនយោបាយស្រឡាញ់ប្រទេសជាតិ ដោយមានការគំរាមកំហែងជារូបភាពនយោបាយ ដោយចេះតែចោទបទអ៊ីចេះ បទអ៊ីចុះផ្ទុយនឹងច្បាប់»។
សមត្ថកិច្ចបានចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅវាលយន្តហោះរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា បន្ទាប់ពីលោកវិលត្រឡប់ពីជួបអ្នកគាំទ្រនៅប្រទេសជប៉ុន។
ក្រសួងយុត្តិធម៌បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការឃាត់ខ្លួននេះ គឺអនុវត្តតាមច្បាប់ ក្រោមហេតុផលចោទថា លោក ស៊ុន ចន្ធី បានផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមទម្លាក់កំហុសទៅលើរដ្ឋាភិបាល ទាក់ទងការចែកប័ណ្ណក្រីក្រជូនពលរដ្ឋ មានភាពលម្អៀង និងរើសអើង ហើយមួលបង្កាច់នាំឱ្យពលរដ្ឋយល់ច្រឡំ ចំពោះការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ទោះជាយ៉ាងណា ក្ដី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថាមុនបោះឆ្នោតសកលនិងអសកល គឺតែងតែមានការ ចាប់ខ្លួនមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សរូបនេះថាករណីចាប់ខ្លួនលោក ស៊ុន ចន្ធី ដែលជាមេដឹកនាំបក្សជំទាស់នេះ នឹងធ្វើឱ្យមានរិះគន់ពីសហគមន៍អន្តរជាតិ ទាក់ទងការរឹតត្បិតសិទ្ធិនយោបាយបន្ថែមទៀត។
លោក អំ សំអាត៖«សេរីភាពបញ្ចេញមតិ គឺមានធានានៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជា បទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ អ៊ីចឹង យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចសុំឱ្យអាជ្ញាធរ ក៏ដូចជា តុលាការពិនិត្យទៅលើសេរីភាពក្នុងការបញ្ចេញមតិហ្នឹងថា អ្វីជារបៀបបញ្ចេញមតិ អ្វីជាបទល្មើស ជៀសវាង។ កាលណាយើងបែងចែកមិនបានច្បាស់លាស់ អាហ្នឹងនាំឱ្យមានការរិះគន់ ទាក់ទងនឹងសេរីភាពបញ្ចេញមតិហ្នឹងបាទ»។
លោក ស៊ុន ចន្ធី អាយុ ៤៤ឆ្នាំ ជាអតីតជំនួយការលោក សម រង្ស៊ី។ លោក រួមជាមួយអតីតមេដឹកនាំសហជីព គឺលោក រ៉ុង ឈុន លោក ជា មុនី និងអតីតថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើននាក់ បាននាំគ្នាបង្កើតគណបក្សកម្លាំងជាតិ នៅខែតុលា ឆ្នាំ២០២៣ ក្រោយពីគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធររដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតថ្នាក់ជាតិ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្នថ្នាក់ដឹកនាំរបស់គណបក្សនេះចំនួនបីនាក់ កំពុងជាប់ពន្ធនាគារពីបទ ញុះញង់ និងរួមគំនិតក្បត់។
មកទល់ពេលនេះ ការចាប់ខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស មេសហជីព និងអ្នកបញ្ចេញមតិរិះគន់ បានកើនឡើងដល់ចំនួនជាង ៦០នាក់ហើយ។ ក្នុងចំណោមនោះចំនួន ២៨នាក់ ត្រូវបានចាប់ខ្លួននៅក្រោមអំណាចដឹកនាំដោយលោក ហ៊ុន ម៉ាណែត រយៈពេល ៩ខែ ដោយករណីទាំងនេះមិនទាន់រាប់បញ្ចូលអ្នក ដែលចូលជាមួយបក្សកាន់អំណាចប្ដូរនឹងការដោះលែងឱ្យនៅឃុំនៅឡើយ។ តែទោះជាយ៉ាងណាក្ដី ក្រុមអង្គការជាតិ និងអន្តរជាតិចាត់ទុកការចាប់ខ្លួនទាំងនេះ គ្រាន់តែជារូបភាពនយោបាយ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ការយកប្រព័ន្ធតុលាការមកគាបសង្កត់លើសំឡេងប្រឆាំង និងដោះលែងជាបន្ទាន់នូវសកម្មជន និងអ្នកនយោបាយដែលបានចាប់ឃុំខ្លួនដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។