ពលរដ្ឋច្រើនគ្រួសារនៅត្បូងឃ្មុំស្តាយស្រណោះដីស្រែកេរត្រូវវៀតណាមគ្រប់គ្រងទោះបោះបង្គោលព្រំដែនរួចហើយក្ដី
2023.04.01

ពលរដ្ឋជាច្រើនគ្រួសាររស់នៅខេត្តត្បូងឃ្មុំស្តាយស្រណោះ ដីស្រែចម្ការកេរឪពុកម្ដាយ របស់ពួកគាត់រាប់រយហិកតារ បានបាត់បង់ទៅភាគីវៀតណាមគ្រប់គ្រងក្រោយពីរដ្ឋាភិបាលបានបោះបង្គោលព្រំដែនជាមួយវៀតណាមកាលពីពេលកន្លងទៅ។
បើទោះបីជាអ្នកភូមិបាត់បង់ដីស្រែ និងទទួលរងភាពអយុត្តិធម៌យ៉ាងណាក្តី ក៏ពួកគាត់សុខចិត្ត ខាំមាត់សង្កត់ចិត្ត នៅស្ងៀមស្ងាត់ មិនហ៊ានបញ្ចេញមតិ ជុំវិញបញ្ហានេះ ខ្លាចក្រែងអាជ្ញាធរធ្វើបាប និងចាប់ដាក់គុក។
ពលរដ្ឋរាប់រយគ្រួសារ រស់នៅឃុំចាន់មូល ឃុំរូង និងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែឈឺចាប់ខ្លោចផ្សាក្នុងចិត្ត មិនហ៊ានងើបតវ៉ា ទាមទារដីស្រែកេរដូនតា របស់ពួកគាត់ ដែលបាត់បង់ទៅវៀតណាមគ្រប់គ្រង តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
អ្នកភូមិភាគច្រើនភ័យខ្លាច មិនហ៊ាននិយាយពីបញ្ហាព្រំដែន ព្រោះខ្លាចក្រែងអាជ្ញាធរ ធ្វើទុក្ខបុកម្នេញ ខណៈដែលកន្លងទៅ អាជ្ញាធរភូមិ/ឃុំ បានដើរគំរាមពលរដ្ឋតាមផ្ទះ មិនឱ្យនិយាយរឿងព្រំដែន បើពុំដូច្នេះទេ នឹងប្រឈមចំពោះមុខច្បាប់។
ទន្ទឹងនឹងនេះ ពលរដ្ឋរស់នៅភូមិចាន់មូល ៥០គ្រួសារ ដែលធ្លាប់តវ៉ាទាមទារដីធ្លី ដែលវៀតណាមគ្រប់គ្រងទំហំជាង ៣០០ ហិកតារ បានផ្លាស់ប្ដូរផ្នត់គំនិត ឈប់រវីរវល់រឿងនេះ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារ ហើយបច្ចុប្បន្ននៅសល់តែពលរដ្ឋ ២១គ្រួសារប៉ុណ្ណោះដែលបន្តប្តឹងផ្តល់រកយុត្តិធម៌។
រីឯពលរដ្ឋរាប់រយគ្រួសារទៀត រស់នៅតាមបណ្តោយព្រំដែន ក្នុងឃុំរូង និងឃុំជាំ ក៏មានបញ្ហាបាត់បង់ដីស្រែចម្ការ ទៅប្រទេសវៀតណាមកាន់កាប់ដែរ។
ពលរដ្ឋរស់នៅភូមិចាន់មូល លោក ឈីន ឆន ប្រាប់វិទ្យុអាស៊ីសេរីថា គ្រួសារលោកមានដីស្រែសរុបជាង ៧ហិកតារ ក៏ប៉ុន្តែនៅពេលដែលអាជ្ញាធរបោះបង្គោលព្រំដែន និងធ្វើផ្លូវក្រវាត់ព្រំដែនរួច នៅសល់តែ ០១ ហិកតារប៉ុណ្ណោះ ហើយ ៦ហិកតារទៀត របូតទៅវៀតណាមគ្រប់គ្រង។
លោកថា ពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនភាគច្រើន មានបញ្ហាដូចគ្រួសារលោកដែរ តែពួកគាត់មិនហ៊ានតវ៉ាទាមទារដីទាំងនោះវិញទេ ព្រោះបារម្ភពីសុវត្ថិភាព។
លោក ឈីន ឆន៖ «អត់ដីច្រើន អ្នកមិនហ៊ានតវ៉ាក៏មាន ដោយសារខ្លាច ហៅទៅតុលាការចាប់ដាក់គុក ខ្លាចមិនទាន់មានដំណោះស្រាយណាមួយទេ បាទ»។
អ្នកភូមិថា ដីតាមបណ្តោយព្រំដែន នៅចំណុចភូមិចាន់មូលសរុបជាង ៣០០ហិកតារ ដែលវៀតណាមគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨ រដ្ឋាភិបាលបានសម្របសម្រួល បោះបង្គោលព្រំដែន ជាមួយភាគីវៀតណាមរួចរាល់ ភាគីវៀតណាមបានប្រគល់ដីនៅតំបន់នោះមួយផ្នែក ដែលមានទំហំ ជាង ៧០ ឱ្យអាជ្ញាធរខ្មែរវិញ។
ចំណែកឯភូមិចាន់សាលា ឋិតនៅចំណុចវាលត្បូង ដែលជាភូមិបុរាណមួយ ពលរដ្ឋខ្មែររស់នៅទីនោះច្រើនជំនាន់មកហើយ បច្ចុប្បន្នបានក្លាយជាវាលរហោឋាន គ្រប់គ្រងដោយវៀតណាម។
រីឯនៅភូមិតានង ឃុំចាន់មូល ឋិតនៅចន្លោះបង្គោលព្រំដែនលេខ ៩៧ រហូតដល់ ៩៩ មានដីស្រែជាច្រើនហិកតារ ត្រូវវៀតណាមគ្រប់គ្រងដោយមានបង្គោលព្រំដែនខ្លះ បោះចំកណ្តាលដីស្រែអ្នកភូមិ។ បន្ថែមពីនេះ ភូមិអំផុស ដែលជាភូមិចាស់មួយទៀត ក្នុងឃុំចាន់មូល បច្ចុប្បន្នក៏ត្រូវបានវៀតណាមកាន់កាប់ដែរ ក្រោយពីរដ្ឋាភិបាលបោះបង្គោលព្រំដែនជាមួយវៀតណាមរួចរាល់ ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០២២។
លោក ឈីន ឆន បន្ថែមថា ពលរដ្ឋរស់នៅតំបន់ព្រំដែន ពិបាកវេទនាទាំងកាយ និងចិត្ត ខ្វះភាពកក់ក្តៅ មិនត្រឹមតែបាត់បង់ដីស្រែកេរដូនតានោះទេ បែរជាក្លាយជាជនរងគ្រោះជាប់បណ្តឹងនៅតុលាការ។ រីឯពលរដ្ឋភាគច្រើន បានបោះបង់ដីដែលវៀតណាមរំលោភយក ព្រោះមិនចង់មានរឿងវែងឆ្ងាយ ហើយមិនចង់ចំណាយពេលដើរប្តឹងផ្តល់នោះឡើយ។
លោក ឈីន ឆន៖ «ខ្ញុំឈឺចាប់ពេកហើយ ជំនាន់នោះ ហើយឥលូវក៏ខ្ញុំនៅតែសោកស្តាយដែរ តែធ្វើម៉េចជាក់ស្តែង។ បើសិនជាអនាគតទៅ ក្មេងជំនាន់ក្រោយ មានចំណេះដឹង អាចដោះស្រាយបានមួយជំនាន់ ទៅមួយជំនាន់ តាមច្បាប់អន្តរជាតិ ខ្ញុំក៏ត្រេកអរដែរ»។
ឆ្លើយតបរឿងនេះ មេឃុំចាន់មូល លោក មី សារុំ មានប្រសាសន៍ថា កំឡុងពេលដែលរដ្ឋាភិបាលបោះបង្គោលព្រំដែនជាមួយភាគីវៀតណាម ពលរដ្ឋបានឯកភាពទាំងស្រុង ពុំមានពលរដ្ឋណាតវ៉ាប្តឹងផ្តល់នោះទេ ហើយដីភាគច្រើនអាជ្ញាធរខ្មែរ ទាមទារបានពីវៀតណាមត្រឡប់មកវិញ។
លោកបញ្ជាក់ថា ផ្ទៃដីដែលអាជ្ញាធរទទួលបានពីវៀតណាម ទំហំជាង ៧០ហិកតារ ក្នុងឃុំចាន់មូល រដ្ឋាភិបាលគ្រោងរៀបចំដីទាំងនោះ ជាដីសម្បទានសង្គមកិច្ច។
លោក មី សារុំ៖ «ដីប្រជាពលរដ្ឋយើងដែលធ្លាប់គាស់រាន បានទៅលើវៀតណាមខ្លះ ហើយមួយចំនួនទៀត បានទៅលើពលរដ្ឋយើងច្រើន។ បើគិតពីផ្ទៃដីក្រោយពី ការបោះបង្គោលរួច ដែលផ្ទៃដីយើងបានពីវៀតណាមមក គឺជាង ៧០ហិកតារ»។
គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ រដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន សម្រេចបានការបោះបង្គោលព្រំដែនគោកជាមួយភាគីវៀតណាមបាន៣១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុប ៣៧៥ បង្គោល។ រដ្ឋាភិបាលនឹងផ្ដល់សច្ចាប័នលើសន្ធិសញ្ញាថ្មីទៀត ដើម្បីបោះបង្គោលព្រំដែនជាមួយភាគីវៀតណាម ចប់សព្វគ្រប់។
ជុំវិញរឿងនេះទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បកស្រាយថា មកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់បោះបង្គោលព្រំដែន ជាមួយភាគីវៀតណាមរួចរាល់នៅឡើយទេ ព្រោះការដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវឯកភាពគ្នាទាំងសងខាង ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនផ្លូវការច្បាស់លាស់ ។ លោកថា សំណល់ដីដែលវៀតណាមត្រូវសងមកឱ្យកម្ពុជា រដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋក្រីក្រ និងយោធាការពារព្រំដែន។
លោកព្រមានថា ប្រយ័ត្នមានរឿងវែងឆ្ងាយ ប្រសិនបើយកប្រភពពីបញ្ហាព្រំដែនពីលោក រ៉ុង ឈុន។
លោក វ៉ា គឹមហុង៖ «ការបោះបង្គោលព្រំដែនយើងរកខ្សែព្រំដែនផ្លូវការឯកភាពគ្នាសងខាង ទើបយើងគណនាដីចេញចូល កាលណាយើងចូលគេ គេចូលយើង យើងត្រូវថយ។ យើងចូលច្រើន យើងចូលតិច កុំអធិប្បាយតាមនេះ តាមនោះ តាម លោក រ៉ុង ឈុន នាំមានរឿងវែងឆ្ងាយ»។
ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសណ័រវ៉េ លោក ម៉ែន ណាត សង្កេតឃើញថា រដ្ឋាភិបាលបានចាប់ខ្លួនសកម្មជនព្រំដែន និងហាមឃាត់យុវជនមិនឱ្យតាមដាន ពីបញ្ហានេះ គឺជាសញ្ញាបង្ហាញថា ការកំណត់ព្រំដែនជាមួយវៀតណាម ខ្វះតម្លាភាព និងធ្វើឡើងដោយលាក់លៀម។
លោកចូលរួមសោកស្តាយជាមួយពលរដ្ឋខ្មែរ ដែលបាត់បង់ដីស្រែទៅវៀតណាម ព្រោះរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន តែងតែផ្តល់សម្បទានជូនវៀតណាម ក្នុងរឿងព្រំដែន។ លោកប្រកាសជំហរថា នឹងនៅតែរក្សាចិត្តគំនិតសើរើឡើងវិញ នូវឯកសារទាំងឡាយណាមិនប្រក្រតី ពាក់ព័ន្ធបញ្ហាព្រំដែននៅថ្ងៃអនាគត ក្នុងពេលដែលកម្ពុជាមានរដ្ឋាភិបាលថ្មី។
លោក ម៉ែន ណាត៖ «មូលហេតុចម្បងធ្វើឱ្យបាត់ដីស្រែចម្ការ របស់ពលរដ្ឋនៅតាមព្រំដែន នៅតាមភូមិជាំ ឃុំជាំនៅខាងត្បូងឃ្មុំអីហ្នឹង វាសុទ្ធតែពាក់ព័ន្ធបញ្ហាផែនទី ហើយផែនទីព្រំដែនដែលគេប្រើប្រាស់ហ្នឹង គេយកផែនទីបោន ដែលបោះខ្នាត ១/១០០ ពាន់ ដែលបោះពុម្ព ឡើងវិញនៅវៀតណាម ឆ្នាំ១៩៨៥ ខែធ្នូ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានទៅចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន ដែលបានបោះរួចចំនួន៨៤% ជាមួយភាគីវៀតណាមដល់រដ្ឋធានីហាណូយ។
ក្រោយមក ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម តាមសំណើ របស់លោក ហ៊ុន សែន ។ លោក ម៉ែន ណាត ចាត់ទុកសន្ធិសញ្ញានេះ ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។