បទ​សម្ភាសន៍​លោក ឯម សុវណ្ណារ៉ា ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​មក​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែមិថុនា

0:00 / 0:00

រដ្ឋមន្ត្រី​ការ​បរទេស និង​អភិវឌ្ឍន៍​ នៃ​ចក្រភព​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែមិថុនា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចេញ​នៅ​ថ្ងៃ​ទី២១ ខែមិថុនា ឱ្យ​ដឹង​ថា​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា លោក ដូមីនិក រ៉ាអាប់ និង​លោក ប្រាក់ សុខុន នឹង​ជួប​ពិភាក្សា​ពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម។

ជាមួយ​គ្នា​នោះ​ លោក ដូមីនិក រ៉ាអាប់ នឹង​ជួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ ព្រម​ទាំង​ទៅ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ក្រសួង​ការបរទេស​កម្ពុជា​រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​រួម​ចំណែក​ជំរុញ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​កម្មវិធី​ជួបជុំ​ទាំង​អស់ ទាំង​ការ​ជួប​ផ្ទាល់ និង​ជួប​តាម​វីដេអូ ដោយសារ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ពី​ជំងឺ​កូវីដ១៩ រយៈ​ពេល ១៤ថ្ងៃ។

លោក​ក៏​បាន​សម្រេច​លុប​ចោល​ជំនួប​ជាមួយ​លោក ដូមីនីក រ៉ាអាប់ ក្រោម​ហេតុផល​ដដែល​នេះ។

សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​រវាង​អ្នកស្រី សុជីវី ជាមួយ​លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ...