លោក កឹម សុខា សង្ឃឹម​ថា តុលាការ​​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សង្ឃឹមថា តុលាការ​ទម្លាក់​បទ​ចោទ​ពី​លោក ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ។ ជុំវិញ​រឿង​នេះ មន្ត្រី​សង្គម​ស៊ីវិល​តាមដាន​ដំណើររឿង​នេះ​ ពួកគេ ក៏​ចង់​អ្នក​នយោបាយ​ទាំង​ពីរ​ភាគី​រក​ផ្លូវ​ចរចា​ឡើង​វិញ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ដែរ។ ទោះ​យ៉ាងណា​ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អ្នកប្ដឹង​លោក កឹម សុខា គឺ​រដ្ឋាភិបាល​ ដូច្នេះ​​រដ្ឋាភិបាល​មិន​អាច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។

លោក កឹម សុខា លើកឡើងថា​ លោក​រង់ចាំ​តុលាការ​បើក​សវនាការ​ឡើងវិញ​ជា​យូរ​មក​ហើយ។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ នៅតែ​មាន​ជំនឿ​​លើ​ដំណោះស្រាយ​នយោបាយ ដើម្បី​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​រូប​លោក « ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃនេះ​តុលាការ​នឹង​សម្រេច​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​រូប​ខ្ញុំ ដើម្បី​កម្ពុជា​យើង​បោះ​ជំហាន​ទៅ​រក​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ហើយ​យើង​មាន​សាមគ្គី​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំង​អស់​គ្នា »

តុលាការ កាល​ពី​ម្សិលមិញ ​បាន​ប្រើ​ពេល​​ត្រឹម​មួយ​ព្រឹក​ប៉ុណ្ណោះ​ លើ​ករណី​លោក កឹម សុខា ក្រោយ​ពី​បាន​ផ្អាក​ដំណើរ​ការ តាំង​ពី​ឆ្នាំ២០២០ មក។ តុលាការ​បាន​លើក​ពេល​ទៅ​បន្ត​សវនាការ ​នៅ​ថ្ងៃ​ទី២៥ ខែ​មករា​វិញ។

មេធាវី​ការពារ​ក្ដី​ លោក កឹម សុខា ​ម្នាក់​គឺ​លោក ចាន់ ចេន ​មិន​ពេញចិត្ត​ដែល​តុលាការ​ ប្រើ​រយៈពេល​យូរ​ពន្យារ​ពេល​កាត់​ក្ដី​រឿង​លោក កឹម សុខា នោះ​ទេ។ លោក​ចង់​ឃើញ​តុលាការ​កាត់ក្ដី​សំណុំរឿង​នេះ​យ៉ាង​ហោច​ណាស់ ៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ពេល​បើក​សវនាការ​កាល​ពី​ម្សិលមិញ តុលាការ​មិន​ទាន់​សួរ​នាំ​លោក​ កឹម​ សុខា​ នៅឡើយ​ទេ ប៉ុន្តែ ​ឲ្យ​មេធាវី​ទាង​សង​ខាង​ ធ្វើ​ការ​​កត់​សម្គាល់​រៀងៗ ខ្លួន ហើយ​នៅ​ចុង​ម៉ោង ​តុលាការ​អនុញ្ញាត​ឲ្យ​ចាក់​វីដេអូ​របស់​លោក កឹម សុខា ដែល​ថ្លែង​សារ​នយោបាយ នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ឆ្នាំ​២០១៣ ​រយៈពេល​ជាង​មួយ​ម៉ោង។ ប៉ុន្តែ​វីដេអូ​ចាក់​បាន​ជិត​ ៣០​​នាទី ​ក៏​ត្រូវ​តុលាការ​ផ្អាក ដោយសារ​ដល់​ម៉ោង​សម្រាក។ មេធាវីលោក កឹម សុខា និយាយ​ថា វីដេអូ​មិន​កាត់​ត​សម្ដី​លោក កឹម សុខា បង្ហាញ​ថា លោក កឹម សុខា ជា​មនុស្ស​គ្មាន​កំហុស៖ « ជា​ការ​ស្នើសុំ​មេធាវី​ការពារ​សិទ្ធិ​ឯកឧត្តម​ កឹម សុខា​ គឺ​ថា​ សុំ​ឲ្យ​ចាក់​វីដេអូ​វែង​ហ្នឹង​គឺ​ជា​មាស​ទឹក១០​ ដែល​មិនមែន​ជា​វីដេអូ​កាត់​ជា​កង់ៗ ​ខ្លីៗ​​ ទេ​ណា​ ពីព្រោះ​​យើង​ពិនិត្យ​ខ្សែ​វីដេអូ​ ដែល​បាន​លើកឡើង​ពេញ​ហ្នឹង​ ដូច​អ្នក​សារព័ត៌មាន​​​បាន​ដឹង​កន្លង​មក​ហើយ​ មិនមែន​ជា​រឿង​ឃុបឃិត​ជាមួយ​បរទេស​ មិនមែន​ប្រើ​អំពើ​ហិង្សា​ មិនមែន​ជា​រឿង​ផ្ដួល​រំលំ​អី​ទេ »

នេះ​មិនមែន​ជា​លើក​ទី១​ ដែល​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ជជែក និង​ពិនិត្យ​លើ​ភស្តុតាង ជា​ឃ្លីប​វីដេអូ​ពេញ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​នេះ​។​ កាល​ពី​ក្នុង​សវនាការ​ខែ​មករា​ឆ្នាំ​២០២០​ កន្លង​ទៅ​ តុលាការ​ពេល​នោះ​ ក៏​ផ្ដោត​លើ​ខ្លឹមសារ​វីដេអូ​​លោក​ កឹម​ សុខា​ ថ្លែង​នៅ​អូស្ត្រាលី​នេះ​ដែរ​។​ លោក​មេធាវី ចាន់ ចេន បញ្ជាក់​ថា​ ការ​ធ្វើ​ដំណើរ​របស់​លោក កឹម សុខា ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣ គឺ​មាន​គោលបំណង​សំខាន់​ពីរ​គឺ លោក​ថ្លែងអំណរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ដែល​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រោយ​តុលាការ​ផ្អាក​សវនាការ មេធាវី​ការពារ​ក្ដី​រដ្ឋាភិបាល គឺ​លោក គី តិច ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​លោក កឹម សុខា អាច​ចប់​ក្នុង​ពេល​ឆាប់ៗ ប្រសិនបើ​លោក កឹម សុខា សុខ​ចិត្ត​ទទួល​កំហុស៖ «ប្រសិនបើជនជាប់ចោទគាត់ទទួលស្គាល់​ការពិត ទទួល​ស្គាល់​កំហុស និង​ទទួល​ស្គាល់​នូវ​ទង្វើ​ដែល​គាត់​បាន​ធ្វើ​ខុសនឹង​ច្បាប់ ហើយ​គាត់​បាន​សារភាព​ទទួល​យក​ទោស​កំហុស​ទាំង​នោះ អា​ហ្នឹង​ជា​ឆាប់​ចប់​ដែរ»។

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ស្នើសុំ​ការ​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា បាន ក្រោយ​តុលាការ​បញ្ចប់​សំណុំរឿង​នេះ ប្រសិន​បើ​លោក ហ៊ុន សែន គិត​ថា ការ​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា មិន​ប៉ះពាល់​សន្តិសុខ​ជាតិ។

ប្រធាន​សមាគម​អាដហុក លោក នី សុខា ដែល​ទៅ​ឃ្លាំ​មើល​​សវនាការ​ថ្លែង​ថា មានតែ​ការ​ចរចា​នយោបាយ​ទេ ទើប​អាចបញ្ចប់​ជម្លោះ​នយោបាយ​នេះ​បាន។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ពេល​នេះ។

សវនាការ​លោក កឹម សុខា មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិមនុស្ស តំណាង​អង្គការ​សហប្រជាជាតិ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៣០នាក់ និង​ការ​រឹតបន្តឹង​សុន្តិសុខ​ពី​ក្រុម​សន្តិសុខ​ផង​ដែរ។ ទោះបីជា​យ៉ាង​ណា​ក្ដី តុលាការ​មិន​រៀបចំ​ដើម្បី​អនុញ្ញាត​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ដូចជា តំណាង​អង្គទូត មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​អាច​ចូល​ស្ដាប់​​សវនាការ​នោះ​ទេ។ អង្គការ​សង្គម​ស៊ីវិល ស្នើសល់​តុលាការ​ថា គួរ​ផ្សាយ​ផ្ទាល់​វីដេអូ ដើម្បី​អាច​ឲ្យ​សាធារណជន​អាច​​មើល​ឃើញ​នៃ​ដំណើរ​ក្ដី​នេះ​ដ៏​សំខាន់​មួយ​នេះ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ឬ​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល កាលពី​ឆ្នាំ២០១៧។ កាលពី​ឆ្នាំ២០១៩ តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក អាច​ឱ្យ​ធ្វើដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថា លោក​​ចង់​ឲ្យ​សំណុំរឿង​​អូស​បន្លាយ​​ដល់​ឆ្នាំ២០២៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។