ប្រធានក្រុមជំនុំជម្រះ លោកចៅក្រម កូយ សៅ ប្រកាសបិទបញ្ចប់អង្គហេតុប្រទូសរ៉ាយករណីហិង្សានៅផ្លូវ វេង ស្រេង ស្ពានអាកាសស្ទឹងមានជ័យ និងនៅស្ពាននាគ ហើយក្នុងសំណុំរឿងរបស់ប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅក្នុងសវនាការ ថ្ងៃទី១៤ ខែកញ្ញានេះ។ ទោះយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិល ដែលតាមដំណើររឿងនេះលើកឡើងថា នេះគ្រាន់តែជាការបិទបញ្ចប់ចំណុចតូចមួយក្នុងដំណើររឿងដ៏វែងអន្លាយប៉ុណ្ណោះ។
សំណុំរឿងក្បត់ជាតិរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលអូសបន្លាយជាង ៥ឆ្នាំ និងឈានដល់សប្ដាហ៍ទី៥៦ នេះ តុលាការបន្តសួរសំនួរដាក់បន្ទុកដដែល ប៉ុន្តែតុលាការមិនសួរសំណួរដោះបន្ទុកលោក កឹម សុខា នោះទេ។ មេធាវី និងអ្នកឃ្លាំមើល រិះគន់ថា នេះជាការអនុវត្តប្រាសចាកពីនីតិវិធីនៃដំណើរការក្ដី។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់គឺអ្នកស្រី ម៉េង សុភាវី ឲ្យដឹងក្រោយចប់សវនាការថា ស្ថានភាពក្នុងសវនាការនៅតែមានភាពតានតឹង ព្រោះតំណាងអយ្យកានៅតែព្យាយាមដេញដោលសួរសំណួរលោក កឹម សុខា ដដែលតាមការចង់បានរបស់ខ្លួន ប៉ុន្តែ លោក កឹម សុខា មិនបានផ្ដល់ចម្លើយតាមការចង់បានរបស់តំណាងអយ្យការនោះទេ។ អ្នកស្រីក៏រិះគន់ដែរថា ប្រធានក្រុមជំនុំជម្រះ លោកចៅក្រម កូយ សៅ លើកយកតែសំនួរដាក់បន្ទុកមកចោទសួរកូនក្ដីរបស់អ្នកស្រី។ អ្នកស្រីមេធាវី ម៉េង សុភាវី ស្នើទៅតុលាការកុំយករូបមន្តគណិតវិទ្យាមកអនុវត្តនៅតុលាការ ព្រោះទ្រឹស្ដីច្បាប់អ្នកណាធ្វើខុសអ្នកនោះទទួល មិនមែនគ្រប់រឿងសុទ្ធតែទម្លាក់ឲ្យលោក កឹម សុខា ទទួលខុសត្រូវតែឯងនោះទេ៖ « ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនបានទៅធ្វើបាតុកម្ម សកម្មជនមួយចំនួនបានទៅធ្វើបាតុកម្ម ដូច្នេះជាការទទួលខុសត្រូវរបស់កូនក្ដីខ្ញុំហើយ ទេមិនមែនទេ មិនមែនជាការទទួលខុសត្រូវ ពីព្រោះដូចខ្ញុំលើកអញ្ចឹង អ្នកណាធ្វើអ្នកនោះទទួលជាគោលការណ៍ព្រហ្មទណ្ឌឈ្មោះក៏ធ្វើគឺអ្នកនោះជាអ្នកទទួលខុសត្រូវ យើងអត់អាចយករូបមន្តធរណីមាត្រមកនិយាយថា អា (A) ស្មើនឹងបេ (B) បេ (B) ស្នើនឹងសេ (C) អ៊ីចឹងនាំឲ្យអា (A) ហ្នឹងស្នើ (C) ដែរ វាអត់អាចអញ្ចឹង អត់អាចយករូបមន្តហ្នឹងនៅក្នុងរឿងព្រហ្មទណ្ឌនៅតុលាការបានទេ » ។
នារយៈពេលចុងក្រោយនេះ តុលាការនៅតែបន្តលើកយកករណីហិង្សា នៅផ្លូវ វេង ស្រេង ស្ពានអាកាសស្ទឹងមានជ័យ និងនៅស្ពាននាគ កាលពីឆ្នាំ២០១៣ មកទាមទារ ឲ្យលោក កឹម សុខា ទទួលខុសត្រូវ ទោះលោក កឹម សុខា បញ្ជាក់ទៅក្នុងតុលាការថា លោកទទួលខុសត្រូវតែបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលជាបាតុកម្មរៀបចំដោយគណបក្សសង្គ្រោះជាតិក្ដី។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចបកស្រាយពីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី១៤ ខែកញ្ញា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន តែងតែលើកឡើងដដែលៗ ថា សំណុំរឿង លោក កឹម សុខា ជាករណីពិសេសដូច្នេះគឺទាមទារឲ្យមានការសួរដេញដោលឲ្យបានល្អិតល្អន់។
ទោះយ៉ាងណាក្ដី មេធាវីការពារក្ដីលោក កឹម ម្នាក់ទៀត គឺលោកមេធាវី ចាន់ ចេន នៅតែទាមទារឲ្យតុលាការដំណើរការសវនាការឲ្យឆាប់រហ័ស ហើយយ៉ាងហោច មួយសប្ដាហ៍បើកសវនាការឲ្យបាន៣ថ្ងៃដែរ។ លោកមេធាវីរិះគន់ថា នេះជាប្រវត្តិសាស្ត្រដែលតុលាការប្រើពេលជាង៥ឆ្នាំទៅហើយ ប៉ុន្តែនៅតែមិនទាន់ឃើញការពិតនៅឡើយ៖ « សវនាការឲ្យឆាប់ ឆាប់កាលណាល្អកាលហ្នឹង អញ្ចឹងទស្សនដែលលើកឡើងថា ឯកឧត្តម កឹម សុខា ឬក៏សហមេធាវីការពារសិទ្ធិឯកឧត្ដម ពន្យារពេលជាការលើកឡើងដោយបំផ្លើស ជាការលើកឡើងមិនត្រឹមត្រូវ យើងមិនទទួលយកជាដាច់ខាតបាទ » ។
នៅពេលមានដេញដោលចោទសួរលើអង្គហេតុដដែល ទាក់ទងករណីហិង្សាកាលពីឆ្នាំ២០១៣ បែបនេះនៅចុងម៉ោងនៃសវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ បានប្រកាសថា ចាប់ពីសប្ដាហ៍ក្រោយ ដែលជាសប្ដាហ៍លើកទី៥៧ តទៅតុលាការលែងលើកយកករណីបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មកររោងចក្រនៅផ្លូវ វេង ស្រេង ស្ពានអាកាសស្ទឹងមានជ័យ និងអំពើហិង្សា នៅស្ពាននាគមកចោទសួរទៀតហើយ ដោយតុលាការដេញដេញដោលលើអង្គហេតុថ្មី។
ទោះយ៉ាងណាក្ដី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ដំណើរការនៃសវនាការនេះគ្មានភាពជឿនលឿនទេ ហើយការសួរសំណួរដដែលៗ របស់តំណាងអយ្យការធ្វើឲ្យមានភាពតានតឹងថែមទៀតផង។ លោកបន្តថា ទោះពេលនេះ តុលាការបិទបញ្ចប់អង្គហេតុប្រទូសរ៉ាយករណីហិង្សានៃទាមទារដំឡើងប្រាក់ឈ្នួលកម្មករក្ដី ប៉ុន្តែ លោកថា នៅមានករណីជាច្រើនទៀត ដែលតុលាការនឹងសួរដេញដោលបន្ត និងរួមទាំងការកោះហៅសាក្សីមកឆ្លើយបំភ្លឺបន្ថែមទៀតផង៖ « តុលាការនឹងបន្តនីតិវិធីទៅផ្សេងទៀត ដូចសប្ដាហ៍ក្រោយ នឹងមានការសាកសួរបន្ថែម ហើយនៅខែ១០ ( ខែតុលា ) នឹងមានការកោះហៅសាក្សីដើម្បីចូលបំភ្លឺបន្ថែមទៀត អ៊ីចឹងអាចនឹងចំណុចច្រើនទៀតដែលអាចនឹងត្រូវសួរជាបន្តបន្ទាប់ទៀតណា បាទអញ្ចឹងយើងមើលថា សវនាការនេះក៏មិនងាយបញ្ចប់ឆាប់ទៅបានដែរ » ។
ដូចសព្វដងដែរ សវនាការនេះមានការឃ្លាំមើលពីតំណាងស្ថានទូតបរទេស និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអ្នកសារព័ត៌មានផងដែរ។ ចំណែកនៅក្រៅរបងតុលាការមានអ្នកគាំទ្រលោក កឹម សុខា ប្រមាណ ៤០នាក់ និងមានការរឹតបន្តឹងសន្តិសុខ របស់ក្រុមសមត្ថកិច្ច ជុំវិញបរិវេណតុលាការ។
អ្នកគាំទ្រ លោក កឹម សុខា ម្នាក់ គឺលោក ខុន ផល្លា ចង់ឃើញរដ្ឋាភិបាលសម្របសម្រួលនយោបាយបញ្ចប់ជម្លោះសំណុំរឿងនេះ។ លោកថា វិបត្តិនយោបាយនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងប្រទេសជាតិរងនូវទណ្ឌកម្មថែមទៀតផង៖ « ខ្ញុំចង់ឃើញប្រជាពលរដ្ឋខ្មែរយើងគ្រប់និន្នាការទាំងអស់រួមសាមគ្គីសហការគ្នាដើម្បីដោះស្រាយវិបត្តិជាតិទាំងមូល ដោះស្រាយជីវភាពប្រជាពលរដ្ឋ ហើយការអូសបន្លាយនេះយើងដឹងស្រាប់ហើយ ពួកគាត់ រកទុក្ខលំបាកយ៉ាងខ្លាំង » ។
តុលាការនឹងបន្តសវនាការសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី២១ ខែកញ្ញា សប្ដាហ៍ក្រោយបន្តទៀត ទាក់ទងអង្គហេតុថ្មី រួមមាន យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ យុទ្ធនាការផ្កាឈូក អង្គហេតុនៅមុខសណ្ឋាគារសាន់វ៉េ និងការបណ្ដុះបណ្ដាលសកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសឥណ្ឌូនេស៊ី (Indonesia) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។