គណបក្សភ្លើងទៀន បន្តសកម្មភាពហែក្បួនឃោសនារកសំឡេងឆ្នោតនៅខេត្តជាប់ព្រំដែន នៅថ្ងៃទី២៨ ឧសភា ដោយមានមនុស្សចូលរួមរាប់ពាន់នាក់។ ចំណែកគណបក្សផ្សេងទៀតគ្រាន់តែហែក្បួនតូចៗនៅតាមឃុំសង្កាត់ដែលបានដាក់បេក្ខជនឈរឈ្មោះ និងផ្សព្វផ្សាយនៅមូលដ្ឋានដូចជាចាក់មេក្រូ និងចែកខិត្តប័ណ្ណគោលនយោបាយ និងសារនយោបាយនៅតាមផ្ទះ ដើម្បីអំពាវនាវទៅម្ចាស់ឆ្នោតបោះឆ្នោតជូនគណបក្សរបស់ខ្លួន ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា ( គ.ជ.ប) អះអាងថា បើទោះបីជាអំឡុងពេលនេះ មានពាក្យបណ្តឹងក៏ដោយ ក៏ដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅល្អប្រសើរដែរ។
យុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី០៨ គណបក្សភ្លើងទៀន បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់ព្រំដែនថៃ និងស្រុកកោះធំ ខេត្តកណ្តាលជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ ដោយចាក់មេក្រូ ដើរចែកខិត្តប័ណ្ណ និងបង្ហាញពីគោលនយោបាយគណបក្សតាមដងផ្លូវ។ ក្រុមអ្នកហែក្បូនភាគច្រើន ធ្វើដំណើរដោយម៉ូតូ និងរថយន្ត ពាក់អាវមួក និងដៃកាន់ទង់គណបក្ស ដោយចាក់បទចម្រៀង និងថ្លែងសារនយោបាយអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សពួកគេ។
ក្នុងយុទ្ធនាការឃោសនានៅខេត្តកោះកុង ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានលើកយកបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ អំពើពុករលួយ ដែលអ្នកមានអំណាចបានឃុបឃិតគ្នាជាមួយក្រុមហ៊ុនរឹបអូសយកដីស្រែចំការពលរដ្ឋស្លូតត្រង់។ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានថ្លែងនៅមុខអ្នកគាំទ្រថា កន្លងមកពលរដ្ឋនៅខេត្តកោះកុងបានរងអំពើអយុត្តិធម៌ និងរំលោភបំពានសិទ្ធិសេរីភាពជាបន្តបន្ទាប់ ដូច្នេះមេឃុំ ចៅសង្កាត់របស់គណបក្សភ្លើងទៀនត្រូវតែគោរពសិទ្ធិអំណាចពលរដ្ឋ ដោយការពារដីធ្លី ធនធានធម្មជាតិ ការពារព្រៃឈើ ដីធ្លី ប្រកបដោយទំនួលខុសត្រូវ ភាពស្មោះត្រង់ និងមិនប្រព្រឹត្តពុករលួយ ហើយប្រឆាំងដាច់ខាតរាល់ការអភិវឌ្ឍទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋ និងជាតិ៖ «បើកហ្វេសប៊ុកកាលណាឃើញតែការចាប់ចង ការលួចប្លន់ដីធ្លីប្រជាពលរដ្ឋ យើងខ្ញុំនៅមិនសុខព្រោះឃើញអាណិតខ្លោចផ្សា ថ្ងៃនេះគេយកផ្ទះ ដីអ្នកផ្សេង និងបំផ្លាញទ្រព្យសម្បត្តិអ្នកផ្សេង ថ្ងៃក្រោយប្រាកដមកដល់យើងហើយ ដូច្នេះដើម្បីកុំឱ្យដល់យើង ត្រូវការពារមុនដោយរួមគ្នាជាមួយគណបក្សភ្លើងទៀនការពារទ្រព្យសម្បត្តិជាតិ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ជយោ ! គណបក្សភ្លើងទៀន ជយោ !»។
ក្រៅពីយុទ្ធនាការហែក្បួនឃោសនានៅខេត្តកោះកុង និងខេត្តកណ្តាល គណបក្សនេះ ក៏បានរៀបចំហែក្បួននៅតាមស្រុក ក្រុងមួយចំនួននៃខេត្តមួយចំនួនដូចជាកំពង់ធំ សៀមរាប បន្ទាយមានជ័យជាដើម។ ទន្ទឹមនឹងនេះ ពួកគេក៏បានធ្វើសកម្មភាពមួយចំនួននៅតាមមូលដ្ឋានដូចជាការចាក់មេក្រូ និងចែកខិត្តប័ណ្ណតាមខ្នងផ្ទះប្រជាពលរដ្ឋផងដែរ។
ចំណែកគណបក្សកម្ពុជានិយមវិញ យុទ្ធនាការឃោសនាថ្ងៃទី៨បានហែក្បួនឃោសនាបោះឆ្នោត នៅស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានអ្នកគាំទ្រចូលរួមជិត១រយនាក់។ គណបក្សនេះ នឹងរៀបចំហែក្បូនឃោសនារកសំឡេងនៅសង្កាត់មួយចំនួននៅរាជធានីភ្នំពេញដូចជាសង្កាត់បឹងទំពុន២ សង្កាត់រលួស ដឹកនាំដោយប្រធានគណបក្សលោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែលមានមនុស្សចូលរួមជាង១រយនាក់ នៅព្រឹកថ្ងៃទី២៩ ឧសភា។
ប្រធាននាយកដ្ឋានព័ត៌មានលោក សុខ ប៉េងឡុង ថ្លែងថា រយៈពេលឃោសនាបោះឆ្នោតកន្លងទៅនេះ សកម្មជនគណបក្សរបស់លោកបានជួបបញ្ហាប្រឈម ជាមួយអាជ្ញាធរតាមសង្កាត់ក្នុងរាជធានីភ្នំពេញ ដោយរារាំងមិនឱ្យបោះតង់ឃោសនានៅទីតាំងសាធារណៈ ប៉ុន្តែករណីទាំងនេះបានដោះស្រាយរួចរាល់ហើយ ពុំមានការប្តឹងផ្តល់ទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតនោះទេ៖ «បច្ចុប្បន្ននេះសង្កាត់បឹងទំពុនទី២ យើងដាក់ស្តង់ឃោសនាមានអាជ្ញាធរទៅគំរាមកំហែង សម្លុតបើមិនចេញទេ គាត់ថានឹងចាប់យកទៅខណ្ឌជាដើម អាហ្នឹងរូបភាពដែលគណបក្សមិនអាចយកបានទេ ប៉ុន្តែដោយសារគោលនយោបាយ និងគោលការណ៍គណបក្សកម្ពុជានិយមអហិង្សាដោយផ្តោតលើក្រមសីលធម៌ ដូច្នេះយើងក៏ធ្វើតាមការណែនាំគេទៅ»។
រីឯគណបក្សប្រជាជនកម្ពុជាវិញ មិនបានហែក្បួនទ្រង់ទ្រាយធំនោះទេនៅថ្ងៃទី២៨ ខែឧសភា ដោយសារពួកគេកំណត់យកផែនការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ទ្រង់ទ្រាយធំនៅទូទាំងប្រទេសចំនួន២ដងប៉ុណ្ណោះ គឺថ្ងៃបើក និងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការ។ ប៉ុន្តែគណបក្សនេះបានបន្តធ្វើសកម្មភាពឃោសនានៅតាមឃុំ សង្កាត់នីមួយៗ ដោយចាក់មេក្រូ ចែកខិតប័ណ្ណ បង្រៀនពលរដ្ឋពីវិធីគូសនៅលើសន្លឹកឆ្នោត។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី ថា រហូតមកដល់ពេលនេះគណបក្សប្រជាជនកម្ពុជាមិនទាន់ទទួលរងនូវពាក្យពីគណបក្សនយោបាយណាមួយនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សរបស់លោកបានដាក់ពាក្យប្តឹងសកម្មជនគណបក្សភ្លើងទៀនជាច្រើនករណីនៅតាមបណ្តាខេត្តមួយចំនួនទៅគ.ជ.ប ដោយលោកចោទថា ពួកគេអនុវត្តមិនត្រឹមត្រូវតាមច្បាប់៖ «គ្រប់គណបក្សនយោបាយមិនឃើញបាតុភាពអ្វីធំដុំ កើតចេញពីគណបក្សនយោបាយប្រកួតប្រជែងនោះទេ បើតាមការវាយតម្លៃរបស់ខ្ញុំដោយសារគណបក្សនយោបាយ ក៏ដូចជាសកម្មជនចាស់ទុំខាងនយោបាយ យើងមានបទពិសោធន៍ឆ្លងកាត់យុទ្ធនាការឃោសនាបោះឆ្នោត»។
រីឯគណបក្សនយោបាយមួយចំនួនទៀតរួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាដើម មិនទាន់ប្រកាសថ្ងៃយុទ្ធនាការទ្រង់ទ្រាយធំនៅឡើយទេ ដោយសកម្មជនគណបក្សនយោបាយទាំងនេះបន្តធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយតូចៗនៅតាមឃុំ-សង្កាត់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែឧសភា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទូទាំងប្រទេសបានទទួលបណ្តឹងចំនួន៣៦ករណី ក្នុងនោះដោះស្រាយបានជិត២០ករណី។ លោកអះអាងថា ដំណើរការឃោសនាបោះឆ្នោតកន្លងមកនេះប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អ ទោះបីមានពាក្យបណ្តឹងក៏ដោយ៖ «អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ គាត់មានបញ្ហាសូមដោះស្រាយតាមរយៈការដាក់ពាក្យបណ្តឹង នោះគឺជាគំរូល្អសម្រាប់ដំណើរការឃោសនាបោះឆ្នោត»។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស សង្កេតឃើញថា រយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះ គឺមានពាក្យបណ្តឹងលើគណបក្សភ្លើងទៀនទាក់ទងសកម្មភាពឃោសនា និងការចែកថវិកា ខណៈបដា និងស្លាកជាច្រើនកន្លែងរបស់គណបក្សនយោបាយមួយចំនួនរងការលួចកាត់ និងហែកបំផ្លាញជាហូរហែ។ ម្យ៉ាងទៀតលោកឱ្យដឹងថា ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតអង្កេតការណ៍របស់អង្គការសង្គមស៊ីវិលមួយចំនួនបានសុំលាឈប់វិញ ដោយសារពួកគេព្រួយបារម្ភអំពីសុវត្ថិភាព និងការបំភិតបំភ័យ៖ «ទោះបីវាមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែយើងឃើញមានបណ្តឹងហ្នឹងនៅតាមខេត្តមួយចំនួនហ្នឹង ជាងនេះទៅទៀតរូបភាពថ្មី យើងបានទទួលនៅក្នុងបណ្តឹងទាក់ទងទៅនឹងការលួចហែកស្លាកបក្ស កាត់ស្លាកបក្សចោលជាដើម»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណ្ដើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.៦២២) អាសនៈ ហើយប្រជាពលរដ្ឋជាង ៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។