អ្នកវិភាគ​ថា មន្ត្រី​ជាន់ខ្ពស់​ចិន​មក​ពង្រឹង​ឥទ្ធិពល ជា​ជាង​ការ​ផ្ដល់​ប្រយោជន៍​ឲ្យ​កម្ពុជា

0:00 / 0:00

អ្នកវិភាគ​លើក​ឡើង​ថា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី (WANG YI) មក​កម្ពុជា ដើម្បី​ពង្រឹង​ឥទ្ធិពល ជា​ជាង​ការ​ផ្ដល់​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី លើក​នេះ​ថា ជា​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២។

អ្នកវិភាគ​លើក​ឡើង​ថា ពលរដ្ឋ​កម្ពុជា នឹង​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ជា​ដុំកំភួន​ពី​ចិន​ទេ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នៅ​ពេល​នេះ​។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​វិញ ចិន​នឹង​នៅតែ​ជួយ​ជ្រោមជ្រែង និង​ធ្វើជា​ខ្នងបង្អែក​គ្រប់​វិស័យ​សម្រាប់​រដ្ឋាភិបាល។

សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) និង​ជា​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ យល់ថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​ចិន​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​។ លោក​បន្ត​ថា កម្ពុជា​អាច​ឆ្លៀតឱកាស​នេះ ទាញ​យក​ផលប្រយោជន៍​ពី​ចិន​បន្ថែម​ទៀត តាមរយៈ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​(BRI)​របស់​ចិន ព្រោះ​ចិន​កំពុង​ប្រើប្រាស់​គម្រោង​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ស្រាប់។

ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា ផលប្រយោជន៍​ទាំងឡាយ​ដែល​មាន​មក​ពី​ចិន​ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​រដ្ឋាភិបាល ឬ​ក្រុម​អ្នកដឹកនាំ​រដ្ឋ ខណៈ​ដែល​ពលរដ្ឋ​មិន​ទទួល​បាន​ផលប្រយោជន៍​ជាក់ស្ដែង​ទេ។ លោក រ៉ូ វណ្ណៈ ក៏​បារម្ភ​ថា​នៅពេល​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ចិន រួច​ទៅ​វាយប្រហារ​តាម​វោហារសាស្ត្រ ទៅលើ​មហាអំណាច​ផ្សេង នោះ​អាច​នាំ​ឲ្យ​កម្ពុជា​ជួប​គ្រោះថ្នាក់​បាន៖ «អ្វី​ដែល​យើង​បារម្ភ​គឺ​ខ្លាច​ថា យើង​គាំទ្រ​ចិន ប៉ុន្តែ​យើង​ទៅ​វាយប្រហារ​មហាអំណាច​ផ្សេងទៀត តាមរយៈ​វោហារសាស្ត្រ​របស់​អ្នកនយោបាយ ឬក៏​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ដែល​រណប​រដ្ឋាភិបាល ឬក៏​ថា​ពាក់​ក្រោម​ស្លាក​ឯករាជ្យ ប៉ុន្តែ​បម្រើ​ឲ្យ​និន្នាការ​រដ្ឋាភិបាល ឬក៏​ថា​ជះ​ទឹក​។ គាំទ្រ​មហា​អំណាច​មួយ ហើយ​ជះ​ទឹក​ដាក់​មហាអំណាច​មួយទៀត គឺជា​រឿង​មួយ​គួរ​ជៀសវាង»។

ការ​លើក​ឡើង​នេះ ក្នុង​ពេលដែល​លោក វ៉ាង យី ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១២ កញ្ញា​។ លោក វ៉ាង យី បាន​ជួប​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​តំបន់ អន្តរជាតិ​មួយចំនួន​។ បន្ទាប់​មក លោក បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ក្រោម​ជំនួយ​របស់​ចិន​ក្នុង​តម្លៃ​ទឹកប្រាក់​ជាង​មួយរយ​ហាសិប​(១៥០)​លាន​ដុល្លារ ឲ្យ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំពោះ​ការ​ផ្ដល់​ជំនួយ​របស់​ចិន​ក្នុង​ការ​សាងសង់​ពហុកីឡាដ្ឋាន​នេះ ក៏​ធ្លាប់​ត្រូវ​បាន​អ្នកឃ្លាំមើល​រិះគន់​ថា មិន​មាន​តម្លាភាព​នោះ​ទេ ហើយ​ចិន​ប្រាកដជា​ទទួល​បាន​ផលប្រយោជន៍​ធំធេង​ពី​កម្ពុជា​វិញ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន បាន​លើក​សរសើរ​ចិន​ដែល​បាន​ជួយ​ដល់​រដ្ឋាភិបាល​របស់​លោក​កន្លង​មក។ លោក​រក្សា​ជំហរ​ថា កម្ពុជា​នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​ចិន​តែមួយ ហើយ​លោក​ស្នើសុំ​ឲ្យ​ចិន​ជួយ​ទំនុកបម្រុង​ដល់​កម្ពុជា​បន្ថែម​ទៀត ទាំង​ផ្នែក​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍន៍​គម្រោង​នានា និង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩(Covid-19) ជាដើម៖ « ចិន​មិនមែន​ដាក់ចេញ​ត្រឹមតែ​ទ្រឹស្ដី​ទេ​។ នៅ​ពេល​ដែល​ខ្ញុំ​ចូលរួម​ប្រជុំ​អំពី​ខ្សែក្រវាត់ និង​ផ្លូវ ចិន​បាន​ដាក់ចេញ ( គម្រោង​ )​ ហើយ ដាក់ចេញ​ទាំង​លុយ​តែម្ដង។ ពេល​នោះ​នៅ​ក្នុង​សុន្ទរកថា​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​និយាយ​ត្រង់​ទៅ​ប្រធានាធិបតី ស៊ី ជិនពីង ថា​គម្រោង​ច្រើនណាស់​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន ក្របខណ្ឌ​អាស៊ី ក៏ប៉ុន្តែ​វា​ស្ថិត​នៅ​ត្រង់​ថា អត់​លុយ​។ ប៉ុន្តែ​គម្រោង​ពិត​ប្រាកដ​ដែល​ចិន​បាន​ដាក់ គំនិត​ផ្ដួចផ្ដើម​មកនេះ​គឺ​ដាក់​ចេញ​មក​ទាំង​លុយ​សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​បណ្ដា​ប្រទេស​ក្រីក្រ »

សម្តេចតេជោ ហ៊ុន សែន និងប្រមុខការទូតចិន អញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀល ថ្ងៃអាទិត្យ ៦កើត...

Posted by Samdech Hun Sen of Cambodia on Sunday, September 12, 2021

លោក វ៉ាង យី នឹង​បន្ត​ជួប លោក ហ៊ុន សែន ម្ដង​ទៀត នៅ​វិមាន​សន្តិភាព​ដើម្បី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ទៀត មុន​នឹង​លោក​បន្ត​ដំណើរ​ទៅ​ប្រទេស​វៀតណាម សិង្ហបុរី និង​កូរ៉េខាងត្បូង​។ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃទី​១២ កញ្ញា​។ តែ​យ៉ាងណា ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា លោក វ៉ាង យី មក​កម្ពុជា​លើក​នេះ ដើម្បី​បន្ត​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជា​សកល​ដែល​កំពុង​កើត​មាន។

ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង ហៅ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​មក​កម្ពុជា​ដើម្បី យក​កម្ពុជា​ធ្វើជា​សមរភូមិ​យុទ្ធសាស្ត្រ​នយោបាយ ជាជាង​ពង្រឹង​មិត្តភាព​។ តំណាងរាស្ត្រ​ខេត្តពោធិ៍សាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង យល់ថា លោក ហ៊ុន សែន ជាប់​អន្ទាក់​នឹង​ចិន ទើប​លោក​មិន​អាច​ដោះដៃ​ចេញ​ពី​ចិន​បាន ខណៈ​ចិន​ចង់​ប្រើប្រាស់​ភូមិសាស្ត្រ​កម្ពុជា ដើម្បី​ពង្រីក​អំណាច​គ្រប់គ្រង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។ តំណាងរាស្ត្រ​រូប​នេះ អះអាង​ថា ការ​ពឹង​ផ្អែក​លើ​ចិន​ទាំងស្រុង មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​កម្ពុជា​ទេ ផ្ទុយ​ទៅវិញ​របប​ក្រុងភ្នំពេញ​កំពុង​បង្កើន​ភាព​ប្រះ​ឆា​ជាមួយ​មហា​អំណាច​លោក​សេរី​ទៅវិញ​ទេ៖ « អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ ហើយ​បង្ហាញ​ទៅ​មិត្ត​អន្តរជាតិ​ហ្នឹង គឺ​លោក ហ៊ុន សែន តែងតែ​លម្អៀង​ទៅ​ភាគី​ខាង​ចិន​។ អ៊ីចឹង​ហើយ បាន​មក​ដល់​ពេល​នេះ​យើង​ឃើញ​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​អ្វី គេ​ចាប់ផ្ដើម​រៀបចំ​ច្បាប់​ដើម្បី​ឲ្យ​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ »

កាលពី​ខែ​តុលា ឆ្នាំ​២០២០ លោក វ៉ាង យី ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន (FTA) និង​ឯកសារ​ផ្សេងទៀត​ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​។ ប៉ុន្តែ​មួយឆ្នាំ​មក​នេះ កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​តិចតួច​បំផុត ខណៈ​របប​ក្រុងភ្នំពេញ​បាន​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) របស់​សហភាព​អឺរ៉ុប​២០​ភាគរយ ដោយសារតែ​ការ​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។