អតីត​​សមាជិក​​សភា​​អូស្ត្រាលី​​ជំរុញ​​ទៅ​​តុលាការ​​ទម្លាក់​​ការ​​ចោទ​​ប្រកាន់​​លើ​​ក្រុម​​យុវជន​​ពាក់ព័ន្ធ​​ក្នុង​​សំណុំរឿង​​របស់​​លោក​

0:00 / 0:00

អតីត​​សមាជិក​​សភា​​អូស្ត្រាលី​​លោក​ ហុង​ លីម បន្តជំរុញ​​ទៅ​​តុលាការ​​ទីក្រុង​ភ្នំពេញ ឲ្យទម្លាក់​​ការ​ចោទ​​ប្រកាន់​​លើ​​ក្រុម​​យុវជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ។ ការជំរុញ​បែប​នេះ ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ បានទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ករណី​ញុះញង់​ប្រឆាំង​នឹង​លោក ហុង លីម។ ទោះយ៉ាង​​មន្ត្រីបក្ស​​កាន់​អំណាច​​ថា​ ​គ្មាន​អ្នកណា​​អាច​​បញ្ជា​តុលាការ​​បាន​​ឡើយ។

អតីត​សមាជិក​សភា​អូស្ត្រាលី​​ដើម​កំណើត​ខ្មែរ​លោក​ ហុង​ លីម​ មិនបាន​​ស្វាគមន៍​​​​ការ​ដែល​តុលាការ​ទម្លាក់​​បទ​ចោទ​​​​​លើ​រូបនោះទេ​ ប៉ុន្តែលោកថា ​ ​ការ​សម្រេច​​របស់​តុលាការ​ពេលនេះ​ជា​សញ្ញា​វិជ្ជមាន​។ ​លោក​ថា​ រូប​លោក​ផ្ទាល់​ក៏​មិន​​បានដឹង​​ពី​មូលហេតុ ​ដែល​​ធ្វើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះលើរូបលោក​ដែរ​។ ទោះ​យ៉ាងណា​​ លោក​យល់ថា​ ​​ការ​សម្រេច​ចោទ​ប្រកាន់លើរូបលោកកន្លងមក​ និងការសម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់នៅពេលនេះ​ ​ព្រោះ​តុលាការ​រងធ្វើតាមការបញ្ជារបស់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​៖ «ខ្ញុំ​មិន​និយាយ​ថា​ ខ្ញុំ​សប្បាយ​ឬ​ខ្ញុំ​មិន​សប្បាយ​​អី​ទេ ​​​ប៉ុន្តែ​ត្រង់​ថា ​​រដ្ឋាភិបាល​​​ទម្លាក់ ការ​ចោទ​ប្រកាន់​និង​​ការ​ទាមទារ​ឲ្យ​បង់​លុយ​​ទាំង​អយុត្តិធម៌​ព្រោះ​អំពើ​ដែល​ចោទ​ប្រកាន់​​អយុត្តិធម៌​រួច​ស្រេច​ទៅ​ហើយ»។

លោក​ ហុង លីម​ រម្លឹក​ថា​ ​​​លោក​មិន​បាន​ពឹង​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​លើសំណុំរឿងនេះឡើយ ប៉ុន្តែ​លោក​បានស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​កម្ពុជា លោក ប៉ាបប្លូ កាង (Pablo Kang) ​​ឲ្យ​ជួយ​តាម​ដាន​​សវនាការ​នេះ​។

ប្រតិកម្មរបស់លោក ហុង លីម ពេលនេះ ក្រោយពេល សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​សកម្មជន​សង្គម​ ​សកម្មជន​នយោបាយ​ ​និង​យុវជន​ចំនួន១៤នាក់ ​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​០​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ​២​លាន​រៀល​ (​ប្រមាណ​ ​៥​០​០​ដុល្លារ​) ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ​ដោយ​ឡែក​ អតីត​សមាជិក​សភា​អូស្ត្រាលីលោក​ ហុង​ លីម ដែល​មាន​ឈ្មោះ​ក្នុងសំណុំរឿងដែរ​ ត្រូវ​បាន​តុលាការ​​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​។​​ លោក ​ហុង ​លីម ​ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់ ​យុវជនខ្មែរថាវរៈ​ទាំង​អស់​​ដូច​រូប​លោក​ដែរ​។​

នៅមុនពេលតុលាការ​សម្រេចលើកលែង​ការចោទ​ប្រកាន់​អតីត​តំណាងរាស្រ្ត​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក ហុង លីម នេះ លោក​ធ្លាប់​បាន​ប្រកាស​ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ជា​តុលាការ​របប​លោក ហ៊ុន​ សែន មិន​ផ្ដល់​យុត្តិធម៌ ឬលើកលែងកា​រ​ចោទ​ប្រកាន់​លោក​ទេ លោកនឹង​រក​មធ្យោបាយ​ធ្វើការ​តស៊ូមតិ​ប្រឆាំង​នឹង​របប​ហ៊ុន សែន។ ហើយ​បច្ចុប្បន្ននេះ​លោក ហុង លីម កំពុង​ជំរុញឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ធ្វើច្បាប់​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​ក​ម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយលោក​បណ្ឌិត សេង សារី លើកឡើងថា តុលាការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហុង លីម ឡើង​វិញ​នេះ ក៏អាច​មក​ពី​លោក ហ៊ុន សែន ចង់បន្ធូរបន្ថយ​ស្ថានការណ៍​​នយោយ​នៅ​មុន​ពេលកម្ពុជា​​នឹង​​ធ្វើជា​​ប្រធាន​​អាស៊ាន​ប្ដូរ​វេន​​នៅពេល​​ខាងមុខ​៖ « រដ្ឋាភិបាល​សម្របសម្រួល​​ស្ថានការណ៍​​នយោបាយ ដោយសារ​តែ​​កម្ពុជា​​ត្រៀ​ម​​ធ្វើជា​ប្រធាន​​អាស៊ាន​​ឆ្នាំ២០២២ ការបោះឆ្នោត​​ឆ្នាំក្រោយ​​ជិត​​មក​​ដល់ និង​ការ​ត្រៀម​​ចង់​​ខ្ចីលុយ​​ពីបរទេស​​ទៀត»។

ទាក់ទង​ការ​លើកឡើង​បែបនេះ​ របស់​លោក​ ហុង​ លីម នេះ​ វិទ្យុ​អាស៊ីសេរី​​មិន​ទាន់​​អាច​​សុំ​ប្រតិកម្ម​តប​​​ពី​​ប្រធាន​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​លោក​ តាំង​ ស៊ុនឡាយ​ បានទេ​ នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​។​

ប៉ុន្តែអ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​​កម្ពុជា​​លោក​ សុខ​ ឥសាន​ យល់​ថា​ ការ​សម្រេច​​របស់​​​តុលាការ​​បែប​ណា​​ជា​​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​​ឬ​​តុលាការ​​ដែល​​ជា​​ស្ថាប័ន​ឯករាជ្យ​៖ «​ គ្មាន​យល់​អី​ទេ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​​គេ ​ ( តុលាការ )​ មាន​ហេតុផល​របស់​​គេ ​​អញ្ចឹង​សួរ​លោក​បាន​ដឹង​​​? លោក ហុង​លីម​ ក៏​អត់​ដឹង​ដែរ​គាត់​ថា​​​ស្មាន​តាម​គំនិត​របស់​គាត់»។

ទោះ​យ៉ាងណានាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស លីកាដូ លោក​ អំ សំអាត សង្កេត​ឃើញ​ថា​ ការ​មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ក្រុម​យុវជន​ជា​សារ​គម្រាម​កំហែង​ និង​បំភិត​បំភ័យ​ដល់​យុវជន​ផ្សេង​ទៀត​ដែល​ចង់​ចូលរួម​ធ្វើ​ការងារ​សង្គម​។​ មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​លើក​ឡើង​ទៀត​ថា​ តាម​ការឃ្លាំមើល​របស់​​លោក​ និង​អង្គការ​សង្គម​នានា​​នៅ​​តែ​មើលឃើញថា ក្រុម​យុវជន​មិន​បាន​ប្រព្រឹត្តល្មើស​ឡើយ​ក្នុង​ទាមទារ​ឲ្យ​ដោះ​លែង​​លោក​រ៉ុង​ ឈុន​ នាពេលកន្លងមក៖ «យើង​​និយាយ​​ថា​ សំណុំរឿង​​ទាំង​អស់​​ហ្នឹង​​ចុះ​​ក៏​មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​​​និង​ឃុំ​ខ្លួន​​ផ្ដន្ទាទោស​ទៅ​លើ​យុវជន​ខ្មែរ​ថាវរៈ​ហ្នឹង​ដែរ ​ជា​សេរីភាព​​​​មូលដ្ឋាន​​ក្នុង​ការ​ជួប​ជុំ​ប្រមូលផ្ដុំ​​និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​​​ទេ​ ចំណែក​លោក​ ហុង​លីម​ កាន់​តែ​ឆ្ងាយ​ទៅ​ទៀត​ដោយ​សារ​នៅ​ក្រៅ​ប្រទេស​»។

កាល​ពី​ឆ្នាំ​២០២០​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ហុង​ លីម ​​និង​សកម្មជន​បរិស្ថាន​ អ្នកធ្វើ​ការងារ​សង្គម​ និង​សកម្មជន​បក្ស​ប្រឆាំង ​​១៤ ​​​នាក់​ផ្សេង​ទៀត​ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​និង​ផ្ដើម​គំនិត​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​។​

អង្គការ​លីកាដូ​ដែល​តាម​ដាន​សវនាការ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែតុលា​ការ ​បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន​ថា​​ ​​​​ក្នុង​​សវនាការ​នោះ​ក្រុម​យុវជន​​បាន​លើក​ឡើងថា ​​​ពួកគេ​គ្រាន់តែ​ចូលរួម​ក្នុង​ការ​តវ៉ា​​របស់​ពួក​គេ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ ​និង​បាន​លើកឡើង​ពី​ស្ថានភាព​លំបាក​នៃ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នាគា​រ​។ ក្រុមយុវជនក៏ ​រិះគន់​ថា​ ​សវនាការ​មិន​មាន​ភាព​យុត្តិធម៌​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។