មេដឹកនាំគណបក្សនយោបាយថ្មីដែលជាអតីតមន្រ្តីបក្សប្រឆាំងលើកឡើងថាការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យជារឿងល្អ ប៉ុន្តែអ្នកនយោបាយទាំងនោះនៅស្ទាក់ស្ទើពីការចងសម្ព័ន្ធភាពគ្នានេះដោយទាមទារពេលវេលាយូរថែមទៀត។អ្នកនាំពាក្យបក្សកាន់អំណាចនិយាយថាទោះមានការបូកបញ្ចូលគ្នារវាងគណបក្សទាំងនេះក៏មិនមែនជាគូប្រជែងជាមួយបក្សកាន់អំណាចដែរ។
គំនិតផ្ដួចផ្ដើមនៃការរួមគ្នាគណបក្សថ្មីដែលជាអតីតមន្រ្តីបក្សប្រឆាំងចាប់ផ្ដើមចេញពីគណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន។
អតីតសមាជិករដ្ឋសភាពីគណបក្សសង្រ្គោះជាតិរូបនេះប្រាប់វិទ្យុអាស៊ីសេរីថាការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យនឹងអាចធ្វើឲ្យកម្ពុជាមានប្រជាធិបតយ្យឡើងវិញ។ថ្មីៗនេះលោកបានជួបសន្ទនាជាមួយទីប្រឹក្សាជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ហើយលោកថា លោក គង់ គាំ បានគាំទ្រគំនិតនេះ។លោកបន្តថាក្រៅពីគណបក្សរបស់លោក គង់ គាំ លោកក៏មានបំណងជួបមេដឹកនាំគណបក្សផ្សេងទៀតដែលចេញពីមន្រ្តីគណបក្សសង្រ្គោះជាតិ៖ «យើងគិតថា ប្រសិនបើមានឆន្ទៈដូចគ្នាខ្ញុំជឿថា ការជជែកគ្នាដើម្បីរួបរួមនេះអាចមានផលប្រយោជន៍ក្នុងការទាញយកប្រជាធិបតេយ្យមកវិញបើអញ្ចឹងទេបើនៅរប៉ាតរបាយប្រទេសហ្នឹងនឹងបន្តដំណើរឯកបក្សតទៅទៀត»។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងទៀតថាលោកក៏បានជួបជជែកជាមួយមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតដែរ។
ទាក់ទងការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះវិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីលោក គង់ គាំ និងប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មូនីកា បាននៅឡើយទេនៅថ្ងៃទី១២ខែសីហាដោយទូរស័ព្ទគ្មានអ្នកទទួល។
ទោះយ៉ាងណា លោក គង់ គាំ សរសេរលើហ្វេសប៊ុកលោកថាការរួបរួមអ្នកប្រជាធិបតេយ្យមិនអាចគ្រាន់តែជាវោហាស័ព្ទនយោបាយនោះឡើយ។ត្រូវប្រែក្លាយទ្រឹស្តីអោយទៅជាសកម្មភាពនិងលទ្ធផលជាក់ស្តែង។លោកបន្តថាការជ្រកក្រោមដំបូលតែមួយនៃអតីតមន្រ្តីគណបក្សសង្គ្រោះជាតិគឺត្រូវឆ្លងការជួបពិភាក្សាគ្នាដោយស្ម័គ្រស្មោះនិងរួមគ្នាទទួលខុសត្រូវខ្ពស់។ លោកថាលោកជូនតួនាទីទៅគណបក្សកែទម្រង់កម្ពុជាធ្វើជាអ្នកសម្របសម្រួលជាមួយគណបក្សនយោបាយថ្មីៗទៀត។
ចំណែកស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ឲ្យវិទ្យុអាស៊ីសេរីដឹងថា គណបក្សបេះដូងជាតិប្តេជ្ញារួមសាមគ្គីជាមួយអ្នកស្នេហាជាតិនិងអ្នកប្រជាធិបតេយ្យពិតប្រាកដផ្អែកលើគោលដៅរួម និងផលប្រយោជន៍រួមសម្រាប់ជាតិជានិច្ច។ ទោះយ៉ាណាលោកថា គណបក្សនេះមិនរួមសាមគ្គីសហការនយោបាយដើម្បីបំពេញមហិច្ឆតាដោយឡែក ផលប្រយោជន៍ដោយឡែកដែលលសម្រាប់បក្សពួកបុគ្គលឡើយ។
ស្រដៀងគ្នានេះដែរស្ថាបនិកគណបក្សកម្ពុជានិយមលោក អូក អ៊ី ប្រាប់ថាគណបក្សរបស់លោកក៏មានចេតនាចង់មានការរួបរួមនេះដែរប៉ុន្តែត្រូវការពេលច្រើនទៀតនិងការសម្រេចពីថ្នាក់ដឹកនាំបក្ស។លោកឲ្យដឹងទៀតថាមុនពេលបង្កើតគណបក្សកម្ពុជានិយមមេដឹកនាំគណបក្សនេះក៏ធ្លាប់បានជជែកជាមួយអតីតមន្ត្រីបក្សប្រឆាំងផ្សេងទៀតថា នឹងគួរដើរផ្លូវក្នុងការរួបរួមប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ៖ «ទាក់ទងការរួបរួមយើងមានបំណងដែរ យើងស្វាគមន៍ការរួ បរួមគ្នានៃគណបក្សទាំងអស់ណឹង ប៉ុន្តែមកដល់ពេលនេះថា ជាជំហរគណបក្សកម្ពុជានិយមបែបណានោះទាល់តែយើងរង់ចាំថ្នាក់ដឹកនាំសម្រេចគោលការណ៍ជារួមថារួបរួមឈរលើមូលដ្ឋានបែបណាដែរ»។
ជុំវិញការរួបរួមនេះដែរអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមេដឹកនាំគណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្ទ និងគណបក្សខ្មែរស្រឡាញ់ជាតិរបស់ក្រុមលោក ជីវ កត្តា ដែលជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិបាននៅឡើយទេ។
រីឯអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន វិញឱ្យដឹងថាការចង់ចងសម្ព័ន្ធភាពនៃគណបក្សរបស់អតីតមន្រ្តីបក្សប្រឆាំងជាសិទ្ធិរបស់អ្នកទាំងនោះប៉ុន្តែជោគជ័យ ឬ បរាជ័យនឹងដឹងនៅពេលក្រោយ។ទោះយ៉ាងណាលោកថាទោះមានការបូកបញ្ចូលគ្នាក្ដីក៏ការរួបរួមនេះមិនមែនជាគំរាមកំហែងដល់ការកាន់អំណាចរបស់បក្សកាន់អំណាចបានដែរ៖ «ក្បាលម៉ាស៊ីនដែលមកសុំនីតិសម្បទាធ្វើនយោបាយឡើងវិញសុទ្ធតែអតីតមន្ត្រីបក្សប្រឆាំងដែលទទួលបរាជ័យ អញ្ចឹងគាត់ចេញមក គាត់ប្រមូលផ្ដុំគ្នា ហើយអ្នកចេញមកសុទ្ធតែធ្លាប់ទទួលបរាជ័យទៅហើយ»។
គិតចាប់តាំងពីរដ្ឋាភិបាលលោកហ៊ុន សែន បានរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧អតីតមន្រ្តីគណបក្សនេះជាងម្ភៃនាក់ហើយបានសុំសិទ្ធិធ្វើនយោបាយនិងបង្កើតបក្សថ្មីជាបន្តបន្ទាប់គ្នាចំនួន៦បក្ស។អ្នកវិភាគនយោបាយលោក សេង សារី យល់ថាការសម្រុកបើកបក្សថ្មីនៃអតីតមន្រ្តីបក្សប្រឆាំងអាចមានកក្តាពីរគួរឲ្យកត់សម្គាល់គឺការចេញធ្វើនយោបាយរបស់នៃអតីតមន្រ្តីបក្សប្រឆាំងព្រោះអ្នកទាំងនោះអស់ភាពអត់ធ្មត់ក្នុងការមិនធ្វើសកម្មភាពនយោបាយនិងចំណុចសំខាន់មួយទៀតអាចថាមេដឹកនាំគណបក្សប្រឆាំងនៅពីក្រោយនៃការបើកគណបក្សថ្មីៗទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។