លោក ងួន សឿ អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​មរណភាព​ដោយ​ភាពមន្ទិល នៅ​ប្រទេស​បារាំង

លោក ងួន សឿរ អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ទទួល​មរណភាព​នៅ​ប្រទេស​បារាំង​ហើយ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​ទទួល​ការ​បញ្ជាក់​ព័ត៌មាន​នេះ ពី​គ្រួសារ​របស់​លោក ងួន សឿរ នៅ​ឡើយ។ នៅ​ពេល​វិទ្យុ​អាស៊ី​សេរី​ហៅ​ទូរស័ព្ទ​ទៅ​លេខ​របស់​លោក ងួន សឿរ ស្ត្រី​ម្នាក់ ដែល​លើក​ទូរស័ព្ទ​នោះ ហើយ​ដែល​អះអាង​ថា ជា​ភរិយា​របស់​លោក មិន​បញ្ជាក់​ប្រាប់​ពី​ដំណឹង​មរណភាព​នេះ​នៅ​ឡើយ​ទេ តែ​អ្នកស្រី​ក៏​មិន​បដិសេធ​ដំណឹង​នេះ​ដែរ។ អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​នឹង​បញ្ជាក់​នៅ​ពេល​ក្រោយ។

ដំណឹង​អំពី​មរណភាព​របស់​លោក ងួន សឿរ នេះ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​លើ​បណ្ដាញ​សង្គម​ជា​ហូរហែ តាំង​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី៣១ ខែមករា​នេះ។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ពី​ប្រទេស​បារាំង ឈ្មោះ មនោ ទេព បាន​ចុះ​ផ្សាយ​ថា លោក ងួន សឿរ ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ផង​នោះ បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​សៅរ៍ ទី២៩ មករា ដោយ​អាថ៌​កំបាំង។ មក​ទល់​ពេល​នេះ មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់​នេះ​នៅ​ឡើយ​ទេ។

ក្រៅ​ពី​នេះ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន សឿរ នៅ​ប្រទេស​បារាំង​បាន​ប្រាប់​អាស៊ី​សេរី កាល​ពី​រាត្រី​ថ្ងៃ​ទី៣១ មករា​នេះ​ថា លោក ងួន សឿរ បាន​ស្លាប់​ហើយ ដោយសារ​តែ​ជំងឺ​មហារីក។ ប្រភព​ដដែល​បញ្ជាក់​ថា លោក ងួន សឿរ ធ្លាប់​ប្រាប់​លោក​មុន​ពេល​ស្លាប់​ថា លោក​មាន​ជំងឺ​មហារីក​កម្រិត​ធ្ងន់​មួយ​រយៈ​មក​ហើយ។ ប្រភព​ដដែល​អះអាង​ថា ការណ៍​ដែល​លោក ងួន សឿរ ទាក់ទង​មក​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ី​សេរី​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នយោបាយ ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ នេះ ដោយសារ​តែ​លោក​ដឹង​ខ្លួន​ថា លោក​នឹង​មិន​រស់​យូរ​ទៀត​ទេ។

លោក ងួន សឿរ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​អគ្គស្នងការរង​នគរបាល​ជាតិ បាន​ចូលរួម​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​លើក​ចុង​ក្រោយ​ជាមួយ​លោក ជុន ច័ន្ទបុត្រ កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ទី២៥ មករា។ នៅ​ក្នុង​កម្មវិធី​នេះ លោក​បាន​រៀបរាប់​ពី​លោក ហុក ឡង់ឌី សម្លាប់ លោក ហូ សុខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ច្រើន​ទៀត រួម​ទាំង​លោក ជា វិជ្ជា ផង តាម​បញ្ជា​របស់​លោក ហ៊ុន សែន។

មក​ទល់​ពេល​នេះ អាស៊ី​សេរី​នៅ​ព្យាយាម​ទាក់ទង​ក្រុម​គ្រួសារ​របស់​លោក ដើម្បី​សួរ​អំពី​ដំណឹង​មរណភាព​របស់​លោក ងួន សឿរ បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។