យុវជន​ដែល​ធ្លាប់​ប្ដឹង​លោក ហ៊ុន សែន រឿង​បាត់​កោះត្រល់​ក្លាយ​ជា​ជនភៀសខ្លួន​នយោបាយ

ដោយ ខែ សុណង
2021-02-13
Share
យុវជន​ដែល​ធ្លាប់​ប្ដឹង​លោក ហ៊ុន សែន រឿង​បាត់​កោះត្រល់​ក្លាយ​ជា​ជនភៀសខ្លួន​នយោបាយ លោក នាង សុឃុន សកម្មជន​នយោបាយគណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ឯ​ប្រទេស​ថៃ។
RFA

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​ធ្លាប់​ប្តឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​រឿង​ធ្វើ​ឱ្យ​បាត់​កោះត្រល់​ទៅ​វៀតណាម​នោះ កំពុង​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​ពី​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ដដែល។ លោក នាង សុឃុន បញ្ជាក់​ថា មូលហេតុ​ដែល​លោក​បន្ត​ធ្វើ​នយោបាយ ដោយ​មិន​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​នេះ ព្រោះ​លោក​ចង់​ឱ្យ​ប្រទេស​កម្ពុជា មាន​មេដឹកនាំ​ដែល​បម្រើ​ការពារ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ពិតប្រាកដ។

លោក នាង សុឃុន គឺជា​សកម្មជន​នយោបាយ​ប្រឆាំង​ម្នាក់​ក្នុងចំណោម​សកម្មជន​នយោបាយ​ប្រឆាំង​លេចធ្លោ​ជាច្រើន​ទៀត ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ឯ​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់ខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​។ បើ​ទោះ​បី​ជា​លោក មាន​ជីវភាព​លំបាក និង​ប្រឈម​ការ​ចាប់ខ្លួន​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ក្តី ក៏​នៅតែ​ប្រើប្រាស់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាងសកម្ម​ដដែល​។ លោក​តែង​ចុះ​ជួប​ពលករ​ខ្មែរ​ស្ទើរ​រៀងរាល់​ចុង​សប្ដាហ៍ ដើម្បី​ពន្យល់​អំពី​បញ្ហា​សង្គមជាតិ និង​តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook)​ធ្វើជា​វេទិកា​ជជែក​ពិភាក្សា​អំពី​បញ្ហាន​យោបាយ និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​៖ «វិល​មក​ជួប​គ្នា​ម្តង​ទៀត ក្នុង​កម្មវិធី​ជនភៀសខ្លួន ផ្សាយ នៅ​ក្នុង​ហ្វេ​ស​ប៊ុកផេក​(Facebook page)​អ្នក​ប្រយុទ្ធ​CNRP ក្រោម ប្រធានបទ​របប ហ៊ុន សែន ជួប​គ្រោះ​យ៉ាង​ធំ​ទាល់តែ​រត់ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​២៣ តុលា ១៩៩១ ទើប​រួចខ្លួន»

លោក នាង សុឃុន បញ្ជាក់​ថា មូលហេតុ​ដែល​លោក​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ព្រោះ​លោក ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ ហើយ​ផ្លាស់ប្ដូរ​មេដឹកនាំ​សព្វថ្ងៃ ដាក់​មេដឹកនាំ​ដែល​គិតដល់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​៖ «យើង​មើល​ឃើញ​ស្រាប់​ហើយ​ពលរដ្ឋ​ខ្មែរ​យើង​នេះ ទោះបីជា​ថៃ បិទ​ច្រក​ព្រំដែន​ម៉េច​ក៏ដោយ ក៏​ពួកគាត់​នៅតែ​លូន​ក្រាប​មក​ធ្វើការ​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដែរ ដូច្នេះ​បើ សិន​ជា​លោក​ប្រធាន សម រង្ស៊ី ក្លាយ​ជា​មេដឹកនាំ​កម្ពុជា គាត់​នឹង​មិន​ក្លាយ​ជា​អ្នកដើរ​សុំទាន​ប្រទេស​គេ​ជិតខាង​ទេ គឺ​គាត់​នឹង​ពង្រីក​ការងារ​នៅ​ក្នុង​ប្រទេស ហើយ​គាត់​នឹង​ផ្ដល់​ក្តី​សុខ​ដល់​ប្រជាជន ហើយ ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ពិតប្រាកដ»

នាង សុឃុន ជា​កូន​កសិករ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។ អ្នក​កម្លោះ វ័យ​៣៧ ឆ្នាំ​ដែល​មាន​រាង​ខ្ពស់ និង​មាឌ​ធំ​រឹងមាំ​ក្រអាញ​ម្នាក់​នេះ រៀបរាប់​ពី​ជីវិត​កម្សត់​របស់​ខ្លួន​ថា លោក​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​វត្ត​តាំងពី​តូច និង​បាន​បួស​ជា​ព្រះសង្ឃ​រយៈពេល​៧​ឆ្នាំ ដើម្បី​បន្ត​ការសិក្សា​នៅ​ភ្នំពេញ។ លោក​បាន​សឹក​ពី​ភេទ​ជា​ព្រះសង្ឃ​នៅ​ឆ្នាំ​២០០៧ ប៉ុន្តែ​នៅតែ​បន្ត​ស្នាក់អាស្រ័យ​ក្នុង​វត្ត​ដដែល ហើយ​បាន​បន្ត​ការសិក្សា​រហូត​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​៖ «រៀន​ច្បាប់​នេះ ខ្ញុំ​ចង់​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅ ពេល​រៀន​យូរៗ​ទៅ ខ្ញុំ​មើល​ឃើញ​ភាព​ឈឺចាប់​របស់​ប្រជា​ពលរដ្ឋ និង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម ដូច្នេះ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​លះបង់​គោលបំណង​ដែល​ចង់​ធ្វើ​កិច្ច​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ហើយ​ខ្ញុំ បាន​ចូល​ប្រឡូក​នយោបាយ​ជាមួយ​គណបក្ស សម រង្ស៊ី ចាប់ពី​ឆ្នាំ​២០០៩»

ក្នុង​ពេល​ជា​និស្សិត​នោះ លោក បាន​ចាប់ផ្ដើម​ចូល​ប្រឡូក​នយោបាយ ហើយ​គេ​ចាប់ផ្ដើម​ស្គាល់​ច្រើន បន្ទាប់ពី​លោក​ជា​យុវជន​ដំបូង​គេ ដែល​ហ៊ាន​ប្ដឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ពី​បទ​កាត់​ដី​កោះត្រល់ និង​កោះ​ក្រចក​សេះ ទៅ​ឱ្យ​វៀតណាម ប៉ុន្តែ​តុលាការ មិន​ចាត់ការ​ចំពោះ​បណ្ដឹង​របស់​លោក​នោះ​ទេ ។ ផ្ទុយទៅវិញ លោក​បែរជា​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ និង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ពីរ​លើក​។ តុលាការ បាន​ផ្ដន្ទាទោស​លោក​រួម​ជាមួយ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​១៣​នាក់​ផ្សេងទៀត​ឱ្យ​ជាប់ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ក្បែរ​វត្តភ្នំ ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៤៖ «ពេល​អាជ្ញាធរ​គេ​ចុះទៅ​ចាប់​ខ្ញុំ គឺ​ព្រីន​រូបខ្ញុំ​កន្លះ​ម៉ែត្រ​៤​ជ្រុង ហើយ គេ​សួរ​ខ្ញុំ​ថា ធ្លាប់​សម្ដេច​ហ៊ុន សែន អត់ ? ខ្ញុំ​ឆ្លើយ​ធ្វើ​មិន​ដឹង​ថា ប្ដឹង​រឿង​អី ព្រោះ ខ្ញុំ​ចង់​ដឹង​ថា គេ​ចាប់​ខ្ញុំ​រឿង​អី​ដែរ ពេលនោះ​គេ​ថា បណ្ដឹង​សម្ដេច​រឿង​កាត់​កោះត្រល់​ឱ្យ​យួន ដូច្នេះ​ខ្ញុំ​ឆ្លើយ​ភ្លាម​ថា ត្រូវ​ហើយ​គឺ​ខ្ញុំ​ជា​អ្នក​ប្តឹង ព្រោះ ហ៊ុន សែន ក្បត់​​​​​ប្រទេស​ជាតិ​ទើប​ខ្ញុំ​ដាក់​បណ្ដឹង ហើយ​មិនមែន​ផលប្រយោជន៍​ខ្ញុំ​ទេ គឺ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​ប្រទេសជាតិ​របស់ខ្ញុំ​។ ពេល​នោះ​គេ​វាយ​ខ្នោះ​ខ្ញុំ​ហើយ​រុញ​ចូល​ឡាន​ភ្លាម»

ក្រោយ​ជាប់​ឃុំឃាំង​ជិត​៤​ឆ្នាំ លោក នាង សុឃុន រួម​ជាមួយ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ត្រូវ​បាន​របប​ក្រុងភ្នំពេញ ដោះលែង​វិញ កាលពីថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់ពី​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នៅ​ពេល​នោះ​។ អតីត​អ្នក​ទោស​នយោបាយ​រូប​នេះ ថ្លែង​ថា លោក​មិនដែល​រាង​ចោល និង​មិនដែល​សោកស្ដាយ​នោះ​ទេ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​។ ក្រោយ​ការ​ដោះលែង​នោះ លោក​បានសម្រេច​ចិត្ត​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​បន្ត​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គំនិត​ដែល​លោក​ចង់​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ច្បាប់ ក៏បាន​បោះបង់ចោល​វិញ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​ដែរ​នោះ លោក វឿន វាសនា មើល​ឃើញ​ថា លោក នាង សុឃុន គឺជា​មនុស្ស​ចិត្ត​ទូលាយ មិន​គិត​ផលប្រយោជន៍​បុគ្គល​ផ្ទាល់​ខ្លួន ហើយ​ចូលចិត្ត​និយាយ​អ្វី​និង​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ​៖ «ខ្ញុំ​មើល​ឃើញ​ថា ទឹក ចិត្ត​របស់​គាត់​គឺ​មាន​ការ​លះបង់​ខ្ពស់​សម្រាប់​ជាតិ​ហើយ​ក៏​ស្មោះត្រង់ ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​មាន​ជំហរ​រឹងមាំ​ដែរ»

បើ​ទោះ​បី​ជា​លោក នាង សុឃុន បាន​ចាក​ចេញពី​ប្រទេស​ហើយ​ក្ដី ប៉ុន្តែ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ នៅតែ​បន្ត​តាម​ធ្វើទុក្ខបុកម្នេញ​ដដែល​។ អាជ្ញាធរ​កម្ពុជា បាន​លុប​លិខិតឆ្លងដែន​របស់​លោក និង​ថែមទាំង​បិទ​រូបថត​តាម​ចាប់ខ្លួន​នៅ​តាម​ច្រក​ព្រំដែន​ខ្មែរ​-​ថៃ​ទៀត​ផង​។ លើស​ពី​នេះ លោក​ក៏​ជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​មន្ត្រី និង​សកម្មជន ជនជាប់ចោទ​ជាង​១​រយ​នាក់​ផ្សេងទៀត ដែល​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង​''​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ប៉ុន្តែ​ការ​គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បាន​ចោទ​ប្រកាន់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រត់​ទៅ​ប្រទេស​ថៃ គឺ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​បាន​ទៅ​រស់នៅ​ប្រទេស​ទី​៣។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គកា​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​បញ្ចេញមតិ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​និរទេស ឬ​ដាក់​ទណ្ឌកម្ម​ពួកគាត់​នោះ​ទេ​៖ «អ្នក​នយោបាយ​ទាំងអស់ យើង​ឃើញ​ថា​បាន​ឆ្លង​គាត់​ជំនាន់ៗ​ដ៏​ពិបាកៗ​កន្លងមក​ច្រើន​ហើយ ដូច្នេះ​ល្មម​ដល់​ពេល​អ្នកនយោបាយ ទាំងអស់​ហ្នឹង រក​វិធី​ដើម្បី​ចរចា​គ្នា​បញ្ចប់​ទៅ​នូវ​វិបត្តិ​នយោបាយ ហើយ​រួមគ្នា​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ដើម្បី​កុំ​ឱ្យ​អ្នកគាំទ្រ​គណបក្ស នយោបាយ​ណាមួយ​អាច​រងគ្រោះ ឬក៏​ភៀសខ្លួន​បន្ត​ទៀត»

លោក នាង សុឃុន ប្ដេជ្ញា​ថា លោក​នឹង​បន្ត​ចូលរួម​កិច្ចការ​នយោបាយ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ និង​ស្ដារ​សិទ្ធិមនុស្ស ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ។ លោក​ក៏​បញ្ជាក់​ជំហរ​ថា លោក​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល