អតីតរដ្ឋមន្រ្តី​កាបរទេសថៃ​ថា​លោក ហ៊ុន សែន កំពុង​ធ្វើអោយ​អាស៊ាន​ជួបការបែកបាក់

0:00 / 0:00

ថ្នាក់ដឹកនាំ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា អេភីអេចអរ​ (APHR) ​លោក ​កាស៊ីត ភិរម្យ (Kasit Piromya) រិះគន់ លោក ហ៊ុន សែន ថា​កំពុង​តែព្យាយាម​ធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូមតិ​ដ៏លំបាក​របស់​អាស៊ាន​ប្រឆាំង​មេដឹកនាំ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយ​ជា​អសារបង់ ដោយសារ​តែ​ការប៉ុនប៉ង​ទទួល​ស្គាល់ និង​ព្យាយាម​ចង់ឱ្យ​មេដឹកនាំ​របបនេះ ​អាចចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​នៅ​ឆ្នាំ២០២២ ខាងមុខ។

ការលើកឡើង​របស់​លោក កាស៊ីត ភិរម្យ ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់ APHR និង​ជាអតីត​រដ្ឋមន្រ្តី​ការបរទេស​ថៃ​នេះ ឆ្លើយ​តប​នឹង​គម្រោង​ជួបពិភាក្សា​បញ្ហា​ភូមា​របស់លោក ហ៊ុន សែន ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ភូមា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា និងគម្រោង​របស់​លោកធ្វើទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា​ដោយឥតលក្ខខណ្ឌជាមុន។

លោក កាស៊ីត ភិរម្យ បញ្ជាក់​ថា ​ជារឿងមិនសមទំនង​ទាល់​តែសោះ ដែលលោក ហ៊ុន សែន ងាក​ទៅ​ពិភាក្សា​ពី​ផែនការ​ចង់​ផ្ដល់ភាព​ស្របច្បាប់​ទៅ​ឱ្យ​របបយោធា​ភូមា ទាំងដែល​មេដឹកនាំ​រដ្ឋប្រហារ​យោធា​រូបនេះ​មិន​បាន​កែប្រែ​ និងគោរពតាម​លក្ខខណ្ឌទាំង ​៥ ចំណុច ដែល​សមាជិក​អាស៊ាន​បាន​ឯកភាពគ្នាកាលពីពេលមុន ដើម្បីដោះស្រាយបញ្ហា​នៅភូមា។ លោក ភិរម្យ អំពាវនាវ​ឱ្យ​មេដឹកនាំទាំងឡាយ អង្គការ​អន្តរជាតិ​រួមទាំង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ ដែល​គាំទ្រ​មេដឹកនាំ​អាស៊ាន​ពីការឯកភាព​ប្រាំចំណុច រួមនឹង​សមាជិក​អាស៊ាន​ផ្សេងទៀត គួរតែបញ្ជាក់ឱ្យច្បាស់​ទៅ​ប្រធាន​ថ្មី​អាស៊ាន​ថា ប្រសិន​បើ​លោក ហ៊ុន សែន នៅតែ​បន្ត​ការប៉ុនប៉ង​តទៅ​ទៀត នោះ​ការរួបរួម និង​ភាពជឿជាក់​របស់​អាស៊ាន​អាច​នឹង​ជួប​គ្រោះថ្នាក់។

មិនខុសគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ (CICP) លោក វណ្ណ ប៊ុនណា មើលឃើញ ថា​អាស៊ាន​អាច​នឹង​មាន​ការប្រេះឆា​ធ្ងន់ធ្ងរប្រសិនបើ​កម្ពុជា​នៅ​តែប៉ុនប៉ង​ទទួល​ស្គាល់​របប​សឹក​ភូមា​ទៅតាម​ការចង់បាន​របស់​ប្រទេស​ចិន។ ម្យ៉ាងទៀត​លោក ហ៊ុន សែន​ អាចត្រូវ​ពលរដ្ឋ​​ភូមាថ្កោលទោស៖ «កម្ពុជា​អាច​នឹងត្រូវ​សម្របសម្រួល​បន្ថែមទៀត ឬក៏បញ្ហា ដែល​កម្ពុជា​ត្រូវ​សម្របសម្រួល​គឺ​ការបែក ឬ​ពុះចែក​គ្នា​រវាងបណ្ដាសមាជិក​អាស៊ាន​ហ្នឹង​ដោយសារ​ភាគី​ម្ខាង​ជាក្រុម​អាស៊ាន​នៅដីគោក មាន​ជំហរ​ទន់ភ្លន់​ទៅរកមេដឹកនាំយោធា ហើយ​មេដឹកនាំ​បណ្ដា​ប្រទេស​អាស៊ាន​ដីកោះ​មាន​ជំហរ​ដាច់ណាត់​គ្រាន់បើ​ដែរ​ទៅ​លើ​មេដឹកនាំ​ភូមា​ហ្នឹង អ៊ីញ្ចឹង​ចង់​មិនចង់ ប្រសិនបើ​កម្ពុជា​សម្របសម្រួល​មិនបាន​ល្អ​នោះ​អាស៊ាន​អាច​ពុះច្រៀក បែងចែកគ្នា​ផងដែរ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើង​ថា នៅថ្ងៃអង្គារ​នេះ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ដែល​តែងតាំងដោយ​របបសឹក​ភូមា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) និងលទ្ធភាព​អាចឱ្យ​ភូមា​វិលមក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​បានឡើងវិញ។

លោក ហ៊ុន សែន អះអាងថា​ អាស៊ាន​គ្មានសិទ្ធិ​បណ្ដេញ​ភូមា ហេតុនេះ​ភូមា​មាន​សិទ្ធិចូលរួម​ប្រជុំ។ លើសពី​នេះ​លោកថា​ អាស៊ាន​ត្រូវ​ការសំឡេង​ឯកឆន្ទ ប៉ុន្តែ​ក្នុង​បញ្ហា​ភូមា​នេះ ​កម្ពុជា វៀតណាម និងឡាវ​ អាច​នៅ​ខាង​ភូមា។

ប្រទេសចិន​កំពុង​ព្យាយាម​យ៉ាងសកម្ម​ក្នុងការបញ្ចុះបញ្ចូល​ឱ្យសមាគម​អាស៊ាន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធាភូមា ដែល​ក្រុមប្រទេសលោកសេរីមិនទទួលស្គាល់​ ឱ្យអាចចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេល​ខាង​មុខតំណាង​ឱ្យ​ប្រទេសភូមា​ឡើងវិញ​បាន។ សមាគម​អាស៊ាន​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​រូបនេះចូលរួម​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​ជាបន្តបន្ទាប់​ក្រោយ​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធារូបនេះ ​នៅតែមិនព្រម​បញ្ឈប់​អំពើហិង្សា​​បន្ទាប់​ពីបានដឹកនាំ​ធ្វើរដ្ឋប្រហារ​ទម្លាក់​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ចេញពីដំណែង​កាលពី​ខែកុម្ភៈ​ដើម​ឆ្នាំ២០២១​នេះ។ បន្ថែម​ពីនេះ​តុលាការ​របប​សឹក​នេះ​កាលពីថ្ងៃទី០៦ ខែធ្នូ បានសម្រេច​កាត់​ទោស​អ្នកស្រី​ដាក់​ពន្ធនាគារ​៤ឆ្នាំ ក្រោម​បទចោទ​ញុះញង់។

ចាប់​តាំង​ពី​ខែកុម្ភៈមកយ៉ាងហោចណាស់​មាន​ពលរដ្ឋស៊ីវិលភូមា​ជាង ១ពាន់ ៣រយនាក់ ត្រូវបាន​សម្លាប់ និង​មនុស្សជិត ៨ពាន់នាក់ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយ​របបសឹក​យោធា​ក្រោយ​អំពើ​រដ្ឋ​ប្រហារ​យោធា​នៅប្រទេសភូមា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។