គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានជួបជជែកគ្នា ដើម្បីប្រមូលមតិរួម ស្នើជួបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ទាមទារឲ្យកែទម្រង់ការងារបោះឆ្នោត។ អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបថារាល់សំណើដែលស្នើមក គឺ គ.ជ.ប នឹងពិនិត្យមើល ប៉ុន្តែមិនប្រាកដថា នឹងត្រូវធ្វើតាមឡើយ។
គណបក្សក្រៅរដ្ឋាភិបាល នៅតែចាត់ទុក ការកែទម្រង់កិច្ចការបោះឆ្នោត និងច្បាប់ទាក់ទងការបោះឆ្នោត ជារឿងអាទិភាព ដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ មានការប្រកួតប្រជែងមួយដែលស្មើភាពគ្នា តម្លាភាព និងយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិល ជំរុញទៅ គ.ជ.ប គួរស្ដាប់តាមការស្នើសុំ ដើម្បីឲ្យមហាជនមានជំនឿលើស្ថាប័នមួយនេះ។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យវិទ្យុអាស៊ីសេរីដឹងថា ក្រុមការងារបច្ចេកទេសនៃគណបក្សទាំង៤ បានជួបជជែកគ្នាកាលពីថ្ងៃទី១០ ខែសីហាពី គម្រោងដែលគណបក្សទាំង៤ នឹងជួបជជែកជាមួយ គ.ជ.ប នាពេលខាងមុខ ទាក់ទងនីតិវិធីនៃបោះឆ្នោត ការរៀបចំការបោះឆ្នោត និងច្បាប់មួយចំនួនទាក់ទងនឹងការបោះឆ្នោត។ លោកថា គណបក្សទាំង៤ មិនទាន់ដាក់កំណត់ថ្ងៃជាក់លាក់ ដើម្បីស្នើជួបជជែកជាមួយ គ.ជ.ប នៅឡើយទេ៖ « ដាក់ពេលដើម្បីជជែកជាមួយគ . ជ . ប ព្រោះយើងបានទាមទារពីមុនមកប៉ុន្មានចំណុច យើងចង់ឲ្យមានការកែប្រែហ្នឹងណា យើងអត់ទាន់បានសម្រេចថា ដាក់ថ្ងៃណាទេ ប៉ុន្តែយើងសម្រេចយើងនឹងជួបជាមួយ គ . ជ . ប យើងចង់ឲ្យមានការកែប្រែហ្នឹងណា » ។
ទាក់ទងរឿងនេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យដឹងដែរថា ដើម្បីឲ្យមានការប្រកួតប្រជែងមួយ ដែលគ្រប់ភាគីអាចទទួលយកបាន លុះត្រាតែមានការកែទម្រង់ស្ថាប័នបោះឆ្នោតជាមុន។ លោករំពឹងថា គ.ជ.ប នឹងលើកយកសំណើគណបក្សទាំង៤ នេះយកទៅពិចារណា ព្រោះគណបក្សទាំង៤ នេះ តំណាងឲ្យពលរដ្ឋឲ្យពលរដ្ឋជិត ២លាននាក់ ដែលបោះឆ្នោតឲ្យគណបក្សទាំងនេះ៖ « យើងជជែកមើលតើគូប្រកួត គេទទួលយកបានអត់ ហើយបើចាប់បង្ខំឲ្យគេធ្វើតាមយើងមិនស្របត្រឹមត្រូវទេ ព្រោះយើងធានាដល់ការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ ប្រកួតប្រជែងដោយស្មើភាពគ្នា អ៊ីចឹងយើងត្រូវតែជួបជជែកគ្នាតើអាចទទួលយកបាននៅ ?» ។
គណបក្សដែលមានគម្រោងចង់ចងសម្ពន្ធភាពនេះ មាន ៥ ចូលរួមគឺ គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយឡែកគណបក្ស កម្ពុជានិយម ដែលធ្លាប់បង្ហាញជំហរ ធ្វើការងាររួមគ្នាជាមួយគណបក្សទាំងនេះ មិនបានចូលរួមប្រជុំទេ។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងដែរថា គណបក្សទាំង៤ មិនបានជជែកពីគម្រោងចងសម្ពន្ធភាពគ្នាទេ គឺត្រឹមជជែកការងារបច្ចេកទេស និងការងារតស៊ូមតិរួមគ្នា។ កាលពីខែកក្កដា គណបក្សទាំងនេះក៏ធ្លាប់រួមតស៊ូមតិរួមគ្នា ស្នើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា ប៉ុន្តែ មិនត្រូវបាន គ.ជ.ប និងអ្នកពាក់ព័ន្ធយកមកដោះស្រាយនៅឡើយទេ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឆ្លើយតបថា គ.ជ.ប តែងស្ដាប់រាល់សំណើទាមទារឲ្យកែលំអកិច្ចការបោះឆ្នោត។ ទោះយ៉ាងណាក្ដី លោករិះគន់ថា សំណើខ្លះបានហួសសមត្ថកិច្ច គ.ជ.ប ដោះស្រាយ៖ « បើសិនជាសំណើមិនផ្នែកលើមូលដ្ឋានច្បាប់សំណើផ្នែកទៅលើអារម្មណ៍ ឬយុទ្ធសាស្ត្រដោយឡែក របស់គណបក្ស ខ្លួនដែលគ . ជ . ប មិនអាចធ្វើបានគឺ គ . ជ . ប មិនអនុវត្តតាមនោះទេបាទ » ។
ទាក់ទងរឿងនេះដែរ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ថា គ.ជ.ប គួរតែពិនិត្យមើលចំណុចខ្វះខាតរបស់ខ្លួនក្នុងការងាររៀបចំការបោះឆ្នោតកន្លងទៅ និងងាកមកជជែកជាមួយតំណាងគណបក្សនយោបាយ ឬអ្នកពាក់ព័ន្ធ ដែលទាមទារឲ្យមានការកែទម្រង់ការបោះឆ្នោត។ លោកបន្តថា ដើម្បីឲ្យពលរដ្ឋម្ចាស់ឆ្នោត អ្នកនយោបាយ និងអ្នកពាក់ព័ន្ធមានទំនុកចិត្តលើ គ.ជ.ប ស្ថាប័នមួយនេះគួរលើកយកកង្វល់របស់គណបក្សនយោបាយទាំងនេះមកដោះស្រាយ៖ « ទាំង គ . ជ . ប ក៏ដោយទាំងរដ្ឋាភិបាល ជាពិសេសគឺសភា ដែលជាអ្នកទ្រទ្រង់របបលទ្ធិប្រជាធិបតេយ្យ ដែលជាអ្នកធានាហ្នឹងគួរតែពិនិត្យមើលផលប្រយោជន៍ ដែលបានកើតចេញពីការប្រកួតប្រជែងហ្នឹង ពីព្រោះការប្រកួតប្រជែងជាការរៀបចំមួយឲ្យបានស្មើភាពគ្នា ដែលពិនិត្យយ៉ាងណា កុំឲ្យការរៀបចំ ឬនីតិវិធីប៉ះពាល់ដល់ភាគីម្ខាងៗ » ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រកឃើញពីភាពមិនប្រក្រតី នៃការអនុវត្តរបស់មន្ត្រី គ.ជ.ប ដូចជា ការបិទទ្វារ រាប់សន្លឹកឆ្នោត និងការបិទការិយាល័យមុនដំណើរការរាប់សន្លឹកឆ្នោតជាដើម។ ក្រៅពីនេះ ក៏មានអាជ្ញាធរនៅក្នុងបរិវេណ នៃការិយាល័យបោះឆ្នោត មេភូមិ ឬមេឃុំ អង្គុយចាំកត់ឈ្មោះអ្នកមកបោះឆ្នោត ទោះយ៉ាងណាបញ្ហាទាំងនេះ មិនត្រូវបាន គ.ជ.ប លើកយកមកដោះស្រាយនោះទេ។ មិនត្រឹមតែគ្មានដំណោះស្រាយទេ គ.ជ.ប និងបក្សកាន់អំណាច ថែមទាំងប្ដឹងអ្នកដែលលាតត្រដាងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតទៅតុលាការទៀតផង។ លើសពីនេះ សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប បច្ចុប្បន្ននេះ ភាគច្រើនសុទ្ធតែចេញមកពីជួរមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដែលបក្សប្រឆាំង និងអ្នកឃ្លាំមើល យល់ថា ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ គ្មានភាពឯករាជ ដែលគួរឲ្យជឿទុកចិត្តបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។