គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ កញ្ញានេះ។ គណបក្សទាំង៤ ស្នើទៅក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សក្រៅរដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិលថា ជំនួបនេះ ជាការវិវឌ្ឍន៍ថ្មីមួយ ហើយដើម្បីឲ្យបរិយាកាសនយោបាយល្អ គឺទាមទារឲ្យក្រសួងមហាផ្ទៃយកចិត្តទុកតាមដានការងារលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួននៅមូលដ្ឋាន។
ជំនួបនេះ តំណាងគណបក្សទាំង៤ បានផ្ដល់សិទ្ធិឲ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ លើកឡើងពីបញ្ហាប្រឈមនៃការអនុវត្តសិទ្ធិនយោបាយនៅថ្នាក់មូលដ្ឋានរបស់គណបក្សទាំងនេះ។ ចំណែកតំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា។
ប្រធានគណបក្សឆន្ទៈខ្មែរ គង់ មូនីកា ដែលបានចូលរួមក្នុងជំនួបនោះដែរ ឲ្យវិទ្យុអាស៊ីសេរីដឹងថា គណបក្សក្រៅរដ្ឋាភិបាលទាំង៤ បានលើកយកបញ្ហាប្រឈម៧ចំណុច ប្រាប់ទៅតំណាងក្រសួងមហាផ្ទៃឲ្យដឹង និងដើម្បីដោះស្រាយ។ លោកបន្តថា ចំណុចដែលលើកឡើងទាំងនោះរួមមាន ការស្នើទៅក្រសួងមហាផ្ទៃឲ្យមានទំនាក់ទំនងល្អជាមួយគណបក្សក្រៅរដ្ឋាភិបាល ការស្នើទៅអាជ្ញាធរមូលដ្ឋានឱ្យបញ្ឈប់ការបំភិតបំភ័យ គំរាមកំហែងលើសកម្មជននយោបាយជាដើម។ លោកឲ្យដឹងទៀតថា តំណាងក្រសួងមហាផ្ទៃ បានយល់ព្រមទទួលសំណើទាំងនោះ និងសន្យាថា នឹងសិក្សាស្រាវជ្រាវ រួមទាំងណែនាំទៅមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន៖ « តស៊ូមតិនេះដើម្បីជំរុញឲ្យបរិយាកាសនយោបាយក៏ ដូចជា សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងសកម្មជននយោបាយ ហ្នឹងកាន់តែមានភាពទូលំទូលាយហើយយើងរំពឹងថា ប្រសិនបើមានការកែលំអឲ្យកាន់តែប្រសើរជាងនេះ ស្ថានភាពនៃការបោះឆ្នោតនៅពេលខាងមុខនឹងទទួលបាននូវបរិយាកាសមួយល្អ ហើយគណបក្សនយោបាយ ក៏មានភាពងាយស្រួល ក្នុងការអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដែរបាទ » ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែម ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានទេ នៅថ្ងៃទី១៥ កញ្ញានេះ។
ទាក់ទងរឿងស្នើកែលំអសេរីភាពនយោបាយ មុនការបោះឆ្នោតនេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីស្នើទៅប្រទេសមហាអំណាចមួយនេះជួយអន្តរាគមន៍ឲ្យគ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពនយោបាយដោយគ្មានការធ្វើទុក្ខបុកម្នេញ។
ជុំវិញរឿងនេះដែរ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៥ ខែ កញ្ញានេះ។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ លើកឡើងថា បើគណបក្សទាំង៤ ពិតជាត្រូវបានអាជ្ញាធរមូលដ្ឋាន បំភិតបំភ័យគំរាមកំហែងមែននោះ ពួកគេគួរបង្ហាញភស្តុតាងដាក់ជូនក្រសួងមហាផ្ទៃ៖ « ត្រូវធ្វើភស្តុតាងខ្លួនឯងទៅមានអីពិបាកប្រទេសណាក៏ដូចតែគ្នា ហើយយើងគ្រាន់តែថាៗ ក្នុងន័យនយោបាយមិនមែនក្នុងន័យទង្វើឯណា គួរនាំគ្នាធ្វើក្នុងន័យទង្វើឲ្យច្រើនជាងន័យនយោបាយ » ។
ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា កន្លងមកក្រសួងមហាផ្ទៃតែងចេញលិខិតជាបន្តបន្ទាប់ បង្គាប់ទៅអាជ្ញាធរមូលដ្ឋាន ឲ្យសម្រួលដល់ការធ្វើសកម្មភាពនយោបាយរបស់គ្រប់គណបក្ស ដែលបានចុះបញ្ជី។ ប៉ុន្តែលោកថា គណបក្សក្រៅរដ្ឋាភិបាល តែងត្អូញត្អែរថា អាជ្ញាធរមូលដ្ឋាននៅតែបំភិតបំភ័យគំរាមកំហែងដល់ពួកគេដដែល។ លោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះក្រសួងមហាផ្ទៃ គួរបង្ហាញឆន្ទៈពិតប្រាកដក្នុងការត្រួតពិនិត្យលើការបំពេញការងាររបស់អាជ្ញាធរនៅមូលដ្ឋាន៖ « ត្រូវមានដំណោះស្រាយយ៉ាងម៉េចនៅពេលលោក ( ក្រសួងមហាផ្ទៃ ) ឬមួយក៏លោកគ្រាន់តែថា មានការផ្អើលៗ នៅខាងលើទៅ ហើយខាងក្រោមប្រលែងឲ្យធ្វើម៉េចធ្វើទៅ នេះជាចំណុចមួយ ដែលជាផ្នែកនៃការជជែកគ្នាហើយ ដែលគណបក្សនយោបាយនឹងត្រូវប្រមូលនូវធាតុចូលនូវអំណះអំណាងយកទៅជជែក ចង្អុលបង្ហាញច្បាស់លាស់ » ។
គណបក្សក្រៅរដ្ឋាភិបាលទាំង៤ មានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរួមគ្នាដាក់លិខិតទៅ រដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីចុងខែសីហា ស្នើកែច្បាប់មួយចំនួន ដើម្បីឲ្យធ្វើប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយមានភាពល្អប្រសើរឡើងវិញ។ គិតមកដល់ពេលនេះនៅតែ រដ្ឋសភាមួយប៉ុណ្ណោះ ដែលមិនទាន់យល់ព្រមជួបជាមួយគណបក្សទាំងនេះ ដោយយកលេសថា រដ្ឋសភា មិនជជែកជាមួយគណបក្សដែលគ្មានអាសនៈនៅសភានោះទេ។ ទោះយ៉ាងណា គណបក្សទាំង៤ គ្រោងនឹងដាក់លិខិតទៅរដ្ឋសភា ជាថ្មីម្ដងទៀតនៅសប្ដាហ៍ក្រោយ។
គណបក្សទាំង៤ លើកឡើងថា អ្វីដែលពួកគេចង់បានពីការទាមទារកែលំអប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនេះ គឺដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ មានភាពត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។