ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ នាំ​គ្នាទៅ​វត្តបន់​ព្រះ និង​ទេវតា ឱ្យ​ជួយ​ថែរក្សា​គ្រួសារ​កំពុង​ជាប់​ឃុំ

ដោយ ខែ សុណង
2021.10.05
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ នាំ​គ្នាទៅ​វត្តបន់​ព្រះ និង​ទេវតា ឱ្យ​ជួយ​ថែរក្សា​គ្រួសារ​កំពុង​ជាប់​ឃុំ ក្រុមស្ត្រីជាភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិនាំ​គ្នាទៅ​វត្ត វត្ត​បទុម​សាគរ ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែតុលា ដើម្បីបន់​ព្រះ និង​ទេវតា ឱ្យ​ជួយ​ថែរក្សា​គ្រួសារ​កំពុង​ជាប់​ឃុំ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​ស្ត្រី​តវ៉ា​រាល់​ថ្ងៃ​សុក្រ​ដែល​ជា​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង នាំ​គ្នា​ទៅ​វត្ត​នៅ​ថ្ងៃ​ទី៥ តុលា ដើម្បី​បែរ​បន់​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។ ទន្ទឹមគ្នា​នេះ​ ពួកគាត់​ក៏​ដាក់​បណ្ដាសា ចំពោះ​អ្នក​ដែល​ធ្វើ​បាប​ប្ដី​របស់​ពួក​គាត់​ឱ្យ​ទទួល​កម្ម​ពារ​ដូច​ពួកគាត់​ដែរ។

សាច់​ញាតិ​របស់​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ គឺ​ក្រុម​ស្ត្រី​តវ៉ា​រៀងរាល់​​ថ្ងៃ​សុក្រ ​បាន​នាំ​គ្នា​ធ្វើ​បុណ្យ​រួម​គ្នា ដោយ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​បទុម​សាគរ ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែតុលា។ ពួកគាត់​រំពឹង​ថា​ អានិសង្ស​នៃ​មគ្គផល​បុណ្យ​ភ្ជុំបិណ្ឌ នឹង​ជំរុញ​តុលាការ​​ដោះលែង​ប្ដី​ និង​ឪពុក​របស់​ពួកគេ​ឆាប់ៗ។

សមាជិក​ក្រុម​ស្ត្រី​តវ៉ា​រាល់​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន ឲ្យ​ដឹង​ថា ពួក​លោកស្រី​បាន​បួង​សួង​សុំ​បារមី​វត្ត​ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​ឃុំ​គ្រង និង​ថែរក្សា​អ្នក​នយោបាយ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឲ្យ​ជួប​តែ​សេចក្ដី​សុខ និង​សុំ​ឲ្យ​អ្នក​ក្បត់​ជាតិ​ពិត​ប្រាកដ​វិនាស​សាបសូន្យ៖ «បារមី​ព្រះ​អង្គ សូម​ឲ្យ​​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​ប៉ុន្មាន​ហ្នឹង​ជួយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ដន្ទាទោស​ទៅ​លើ​ជន​អាក្រក់ ជន​ក្បត់​ជាតិ​ពិត​ប្រាកដ​ហ្នឹង​ ឲ្យ​វា​រលាយ​វិនាស​សាបសូន្យ​ទៅ​តាម​ហ្នឹង​ទៅ ហើយ​សូម​ឲ្យ​អ្នក​ដែល​ស្រលាញ់​ជាតិ ស្រលាញ់​ទឹក​ដី​ហ្នឹង​មាន​សិទ្ធិ​ មាន​សេរីភាព​ឡើងវិញ»

ការ​យក​ចង្ហាន់​ទៅ​វត្ត​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ នៅ​ថ្ងៃ​ទី៥ តុលា មិន​រង​ការ​បង្ក្រាប ឬ​ហាម​ឃាត់​ពី​ប៉ូលិស​ដូច​ការ​​តវ៉ា ឬ​ការ​ដាក់​ញត្តិ​តាម​ស្ថានទូត​កន្លង​មក​ទេ។ ចំណែក​ស្ថានភាព​អ្នក​នយោបាយ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​វិញ ពួកគាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​សាច់​ញាតិ​ថា ខាង​ពន្ធនាគារ​ព្រៃ​ស​«ម១» បាន​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​ជួប​អ្នក​ជាប់​ឃុំ​បាន​រយៈ​ពេល ៣ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ តុលា។ ក្រុម​ស្ត្រី​ទាំង​នោះ​ក៏​បាន​រ៉ៃ​អង្គាស​លុយ​គ្នា ដើម្បី​ធ្វើ​នំ​បញ្ចុក​យក​ទៅ​ឲ្យ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ នៅ​ថ្ងៃ​ទី៦ ខែតុលា។

ពាក់ព័ន្ធ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា នៅ​ថ្ងៃ​ទី៥ តុលា បាន​ទេ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី២ តុលា អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ បាន​ចេញ​លិខិត​សម្រេច​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​អាច​ចូល​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ និង​អនុញ្ញាត​ឱ្យ​មាន​ការ រៀប​ចំ​ពិធី​សាសនា​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ចំពោះ​តំបន់​ដែល​មាន​ហានិភ័យ​ទាប​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ (Covid-19)

ចំពោះ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដែល​ស្ថិត​ក្នុង​តំបន់​ហានិភ័យ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ គឺ​មិន​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​ជួប​សួរ​សុខទុក្ខ​ទេ តែ​សាច់ញាតិ​អាច​ផ្ញើ​ម្ហូបអាហារ និង​សម្ភារ​ផ្សេងៗ បាន​តាម​រយៈ​មន្ត្រី​ពន្ធនាគារ និង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​ខ្ជាប់ខ្ជួន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខាង​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ មិន​ទាន់​បង្ហាញ​ថា​ពន្ធនាគារ ឬ​មណ្ឌល​អប់រំ​កែប្រែ​ណា​ខ្លះ ស្ថិត​ក្នុង​តំបន់​ហានិភ័យ​កម្រិត​ណា​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ និង​ហៅ​ការ​បែរបន់​របស់​ក្រុម​ស្ត្រី​ទាំង​នេះ​ថា ជា​សិទ្ធិ​នៃ​ជំនឿ​សាសនា​របស់​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ព្រួយ​បារម្ភ​ថា បើ​ស្ថានភាព​នយោបាយ​នៅតែ​គ្មាន​ដំណោះស្រាយ​ដូច​សព្វ​ថ្ងៃ​នេះ អាច​ជះ​ឥទ្ធិពល​មិន​ល្អ និង​អាច​បណ្ដាល​ឲ្យ​អ្នក​នយោបាយ​បន្ត​ជាប់​ឃុំ​កាន់​តែ​យូរ​ទៀត៖ «បើ​សិន​ជា​មិន​មាន​ការ​ផ្ដល់​នូវ​ក្ដី​អាណិត​អាសូរ​ ឬ​ក៏​មេត្តា​រឿង​ទាំង​អស់​ហ្នឹង​ទេ។ ខ្ញុំ​គិត​ថា​គ្មាន​ការ​ដោះលែង​ទេ ព្រោះ​ស្ថានភាព​ទាំង​ឡាយ​ហ្នឹង​ខ្ញុំ​យល់​ថា​មាន​តែ​រង់​ចាំ​នូវ​ស្ថានភាព​ធូរ​ស្រាល​តែ​ប៉ុណ្ណឹង»

នៅ​សប្ដាហ៍​នេះ​ដែរ ក្រុម​ស្ត្រី​នឹង​ផ្អាក​ការ​ចេញ​តវ៉ា​សិន ព្រោះ​ស្ថាប័ន​មួយ​ចំនួន​ត្រូវ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។ ប៉ុន្តែ​នៅ​​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​ពួក​គាត់​នឹង​យក​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​នានា​បន្ត​ទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​សកម្ម​ជន​សង្គម ​សកម្ម​ជន​សិទ្ធិមនុស្ស ​និង​បរិស្ថាន​ដាក់​ពន្ធនាគារ​ជិត ៩០នាក់​ហើយ ដោយ​ចោទ​បទ​ញុះញង់ រួម​គំនិត​ក្បត់ ជេរ​ប្រមាថ​រដ្ឋាភិបាល និង​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។

សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​តាម​ទំនើងចិត្ត​បន្ត​ទៀត និង​ត្រូវ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។