ក្រុមស្ត្រីថ្ងៃសុក្រប្រកាសធ្វើសកម្មភាពចេញតវ៉ា និងដាក់ញត្តិទៅស្ថានទូតប្រទេសប្រជាធិបតេយ្យដោយសន្តិវិធី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ដើម្បីអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ព្រមទាំងដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពឡើយវិញ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជាបានអនុវត្តសិទ្ធិនយោបាយពេញលេញ ដោយមិនបានធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយនោះទេ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សយល់ថា ភាគីពាក់ព័ន្ធគួរចូលតុចរចា ដោះស្រាយបញ្ហានយោបាយដូចពេលកន្លងទៅ ដើម្បីតម្កល់ផលប្រយោជន៍ជាតិ។
ក្រោយផ្អាកការប្រមូលផ្ដុំគ្នាជាច្រើនសប្ដាហ៍ ដោយសារពិធីបុណ្យភ្ជុំបិណ្ឌកន្លងមក ក្រុមស្ត្រីថ្ងៃសុក្រប្រកាសបង្កើនសកម្មភាពចេញតវ៉ា និងដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យបន្ថែមទៀត។ ពួកគេសង្ឃឹមថា មេដឹកនាំប្រទេសប្រទេសប្រជាធិបតេយ្យធំៗ ជាពិសេស ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងគ្រួសារពួកគាត់ ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំផ្សេងទៀត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ។
តំណាងស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ដែលកំពុងជាប់ពន្ធនាគារព្រៃស លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែតុលាថា ការចេញតវ៉ា និងដាក់ញត្តិលើកនេះ គឺមានសារសំខាន់សម្រាប់ពលរដ្ឋខ្មែរ ជាពិសេស អ្នកដែលរងភាពអយុត្តិធម៌ក្នុងសង្គម។ លោកស្រីបញ្ជាក់ថា ក្រុមស្ត្រីថ្ងៃសុក្រនឹងធ្វើសកម្មភាពរាល់សប្ដាហ៍ ដើម្បីរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងបង្ហាញទៅសហគមន៍អន្តរជាតិ និងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិតាមរយៈការចាប់ពលរដ្ឋ ឬសកម្មជនបក្សប្រឆាំង ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលដាក់ពន្ធនាគារដោយគ្មានកំហុសធ្វើចំណាប់ខ្មាំងនយោបាយ៖ « ជិតប្រជុំអាស៊ានធំ។ ដូច្នេះ ពួកខ្ញុំត្រូវតែបន្តការតវ៉ានៅមុខទៀត ដោយសារខ្ញុំមិនអាចទុកឱ្យស្ងាត់ស្ងៀមបានទេ ពីព្រោះកាន់តែស្ងាត់ស្ងៀម គេរំលោភបំពានរឹតតែខ្លាំង ក្រុមគ្រួសារពួកខ្ញុំជាប់ពន្ធនាគាររងការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងដែរ។ ខ្ញុំពន្លឿនសកម្មភាពឱ្យច្រើនជាងមុនទៀត ដើម្បីឱ្យជាតិ និងអន្តរជាតិមើលឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជាអត់មានរដ្ឋាភិបាលស្របច្បាប់ទេ របបឯកបក្សធ្វើបាបប្រជាពលរដ្ឋខ្លួនឯង»។
ស្រដៀងគ្នានេះដែរ ប្រពន្ធសកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅពន្ធនាគារម្នាក់ទៀត លោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី លើកឡើងថា មូលហេតុដែលជំរុញទឹកចិត្តពួកលោកស្រីចេញស្វែងរកយុត្តិធម៌ជូនប្ដី និងឪពុកបន្តទៀត ដោយសារការឈឺចាប់ពីប្រព័ន្ធតុលាការមិនឯករាជ្យ ហើយកាត់ទោសអ្នកនយោបាយស្លូតត្រង់ឱ្យរងទុក្ខវេទនានៅក្នុងគុករាប់ឆ្នាំ ដោយគ្មានដំណោះស្រាយនយោបាយរហូតមកដល់ពេលនេះ។ លោកស្រីបញ្ជាក់ថា ទោះជាត្រូវប្រឈមនឹងការតាមយាយី និងអំពើហិង្សាពីសំណាក់អាជ្ញាធរ និងក្រុមសន្តិសុខយ៉ាងណាក្ដី ពួកលោកស្រីមិនរាថយនោះទេ ក្នុងការធ្វើសកម្មភាពជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារកំពុងជាប់ឃុំ៖ « បើអ្នកនយោបាយជាប់ឃុំទាំងអយុត្តិធម៌មិនសង្គមលទ្ធិប្រជាធិបតេយ្យទេ អ៊ីចឹងបានខ្ញុំទទូចសូមឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់រាល់ការចោទប្រកាន់ទាំងអស់មកលើសកម្មជននយោបាយ សិទ្ធិមនុស្ស ដែលជាប់ឃុំហ្នឹង ដោះលែងគាត់ឱ្យមានសិទ្ធិសេរីភាពឡើងវិញទៅ ដើម្បីមុខមាត់ដល់ប្រទេសកម្ពុជាយើងទេ»។
កន្លងទៅ ក្រុមស្ត្រីថ្ងៃសុក្របានដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ មួយចំនួនរួចមកហើយ ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជាដើម។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងរបស់គ្រួសារអ្នកជាប់ឃុំ ដែលចោទប្រកាន់រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញលើគ្រួសារពួកគេ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ។ លោកអះអាងថា បច្ចុប្បន្ន រដ្ឋាភិបាលបានអនុវត្តសិទ្ធិនយោបាយរបស់ពលរដ្ឋពេញលេញ ហើយកំពុងកសាងប្រជាធិបតេយ្យតាមរយៈការចូលរួមពីប្រជាពលរដ្ឋ និងគណបក្សនយោបាយនានា។ ទោះជាយ៉ាងណាក្ដី លោកបញ្ជាក់ថា ចំណាត់ការលើសកម្មជនបក្សប្រឆាំងកន្លងទៅ គឺជាការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ ចំណែកការបង្ក្រាបលើសកម្មភាពតវ៉ារបស់ក្រុមស្ត្រីថ្ងៃសុក្រវិញ ដោយលោកចោទថា ពួកគេមិនបានសុំច្បាប់ពីអាជ្ញាធរជាមុន៖ « ការតវ៉ាណាមួយស្ថិតក្នុងគោលការណ៍ច្បាប់ តាមច្បាប់ ដែលអនុញ្ញាត កាលណាការតវ៉ាណាមួយ ដែលខុសពីគោលការណ៍ច្បាប់ ខុសពីការអនុញ្ញាតនៃច្បាប់ អ្នកនោះត្រូវទទួលការបង្ក្រាប យ៉ាងណាក៏ដោយត្រូវតែសុំច្បាប់ដែរ តើគាត់សុំច្បាប់គេទេ»។
ផ្ទុយពីការលើកឡើងរបស់រដ្ឋាភិបាលនេះ មន្ត្រីផ្នែកឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ការតវ៉ា និងដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រ ដោយអហិង្សា និងសន្តិវិធី គ្មានច្បាប់ណាមួយ ដែលមានចែងក្នុងការបើកដៃឱ្យកម្លាំងអាជ្ញាធរបង្ក្រាបដោយហិង្សាលើពលរដ្ឋតាមទំនើងចិត្តបែបនោះឡើយ។
លើសពីនេះ ក្រុមអង្គការជាតិ និងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ កន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ ចំពោះរដ្ឋាភិបាលដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពសង្គមស៊ីវិល និងនយោបាយ ក្នុងនោះ ក៏រាប់ចូលទាំងការលុបចោល និងការកែទម្រង់ច្បាប់នានា ដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា គ្រួសារសកម្មជនបក្សប្រឆាំងតែងតែចេញតវ៉ា និងស្វែងរកដំណោះស្រាយពីស្ថានទូត និងក្រសួងពាក់ព័ន្ធជាប្រចាំ ខណៈសហគមន៍អន្តរជាតិជំរុញដល់រដ្ឋាភិបាលបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលធានាដោយបទដ្ឋានអន្តរជាតិ និងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាក៏ដោយ ក៏មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា ដំណោះស្រាយបញ្ហានេះ គឺអ្នកនយោបាយចូលតុចរចា ដែលអ្នកនយោបាយធ្លាប់ធ្វើកន្លងមក ទើបអាចជាមធ្យោបាយល្អ ដើម្បីផ្តល់ផលប្រយោជន៍ជាតិ និងអ្នកដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាព៖ « ខ្ញុំយល់ថា ការរំពឹងរបស់គាត់ គឺជារឿងមួយហើយ ចំពោះការយល់ឃើញ ប៉ុន្តែជាបទពិសោធន៍កន្លងមករបស់កម្ពុជា អ៊ីចឹង អ្វីដែលសំខាន់ ខ្ញុំមើលឃើញមានតែមួយ គឺការចរចា បន្តវប្បធម៌សន្ទនា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដែលសេសសល់ហ្នឹងទេ ហ្នឹងអាចដោះស្រាយបានបាទ»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា គឺអំពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម។ ក្រុមស្ត្រីថ្ងៃសុក្រ នៅតែស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសាច់ញាតិពួកគេឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។