ទុក្ខ​​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​រស់នៅ​បែក​គ្នា​ដោយសារ​ជាប់គុក និង​រត់​ភៀសខ្លួន

0:00 / 0:00

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំនេះ ក្រុម​គ្រួសារ​របស់​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ នៅតែ​គ្មាន​វាសនា​បាន​ជួបជុំ​ក្រុម​គ្រួសារ​ដូច​គេ​នោះ​ទេ ដោយសារ​របប​ក្រុងភ្នំពេញ​បន្ត​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ​ឥត​ស្រាកស្រាន្ត ក្រោម​មូលហេតុ​នយោបាយ​។ ក្រុម​គ្រួសារ​របស់​ពួកគេ​មួយចំនួន បាន​រស់នៅ​បែកបាក់​គ្នា​២​ឆ្នាំ ហើយ​ខ្លះទៀត​ ៤​ឆ្នាំ​ទៅ​ហើយ ចាប់តាំងពី​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុងឆ្នាំ​២០១៧ ​មក។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល ល្មម​ដល់ពេល​បញ្ចប់​វិបត្តិ​នយោបាយ និង​បើកឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​មាន​សេរីភាព និង​រស់នៅ​ជួបជុំ​ក្រុម គ្រួសារ​ឡើង​វិញ។

ក្រុម​គ្រួសារ​របស់​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​បញ្ហា​នយោបាយ មិន​ត្រឹមតែ​គ្មាន​ឱកាស​ជួបជុំគ្នា​ដោយ​ផ្ទាល់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​ទេ សូម្បីតែ​ជួប​សួរសុខទុក្ខ​គ្នា​ពី​ចម្ងាយ​តាមរយៈ​ទូរស័ព្ទ​ក៏​គ្មាន​ឱកាស​ដែរ​។ ករណីនេះ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួកគាត់ រស់នៅ​ជាមួយ​ទុក្ខ​ក្រៀមក្រំ ភាព​ភ័យខ្លាច និង​ការ​ព្រួយ​បារម្ភ​ពី​គ្នា​ទៅវិញទៅមក។

ប្រពន្ធ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្វាយរៀង លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី រៀបរាប់​ថា គ្រួសារ​លោកស្រី ឈឺចាប់​ក្រៀមក្រំ មិនបាន​ជួបជុំ និង​មិនបាន​ធ្វើបុណ្យ​រួមគ្នា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចំនួន​ពីរ​ដង​មក​ហើយ ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល បាន​ចាប់​ប្តី​លោកស្រី ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ទាំង​អយុត្តិធម៌ ចាប់តាំងពី​ចុង​ខែ​មីនា ឆ្នាំ​២០២០​មក​។ លោកស្រី បន្ត​ថា ពិធីបុណ្យ​ចូលឆ្នាំ​នៅ​ឆ្នាំនេះ ក្រុម​គ្រួសារ​លោកស្រី កាន់តែ​ក្រៀម​ស្រពោន​ថែមទៀត ព្រោះ​មិនបាន​ដឹង​អំពី​សុខទុក្ខ ប្តី​សូម្បី​តាម​ទូរស័ព្ទ ចាប់តាំងពី​អាជ្ញាធរ​ពន្ធនាគារ ផ្អាក​ការ​ចូល​សួរសុខទុក្ខ និង​ផ្ញើ​ម្ហូប​អាហារ​ជូន​អ្នក​ជាប់ឃុំ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩។ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ទទូច​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ និង​រដ្ឋាភិបាល ជួយ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​មួយ​នេះ៖ «ព្រាត់ប្រាស​មិន​បាន​ជួបគ្នា​អ៊ីចឹង គឺ​ក្តុកក្តួល​ខ្លាំង​ណាស់​។ ពេល​ជួប​កូនចៅ​អី ចៅ​តូចៗ​តែង​សួរ​រក​តា ដូច្នេះ​ធ្វើ​ឱ្យ​យើង​ក្តុកក្តួល​ខ្លាំង​ណាស់​។ អយុត្តិធម៌​បំផុត​សម្រាប់​អ្នកនយោបាយ​ទាំងអស់គ្នា ដូចជា​ប្តី​របស់​ខ្ញុំ​ជាដើម​។​ពួកគាត់​ម្នាក់ៗ​គ្មាន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​សោះ ហើយ​គេ​ចោទ​ប្រកាន់​ថា គាត់​ក្បត់ជាតិ​ទៅវិញ ។ ពេល​នេះ ខ្ញុំ​បារម្ភ​ពី​គាត់​ក្នុង​ពន្ធនាគារ​ខ្លាំង​មែនទែន ខ្លាច​តែ​គាត់​មិន​មាន​ម្ហូបអាហារ​គ្រប់គ្រាន់​ធ្វើ​ឱ្យ​បាត់បង់​សុខភាព ព្រោះ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ផង ហើយ​ខ្លាច​ឆ្លង​រាលដាល​ជំងឺ​កូវីដ​នេះ​ផង»។

ទន្ទឹម​គ្នា​នេះ ក្រុម​សមាជិក​បក្ស​ប្រឆាំង​ផ្សេងទៀត ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​តាម​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នោះ ក៏​កំពុង​កើតទុក្ខ​ក្រៀម​ក្រំ និង​នឹករលឹក​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ និង​ស្រុក​ទេស​កាន់តែ​ខ្លាំង​ដែរ។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​នៅ​សង្កាត់​សួង ខេត្ត​ត្បូងឃ្មុំ មកពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី យ៉ែម វណ្ណណែត និយាយ​ទាំង​ក្តុកក្តួល​ថា ក្នុង​រដូវ​បុណ្យចូលឆ្នាំ​នេះ​អ្នកស្រី ពិត​ជា​មាន​អារម្មណ៍​ស្រងេះស្រងោច​ខ្លោចផ្សា​ខ្លាំង​បំផុត​ដែល​គ្រួសារ​របស់​អ្នកស្រី ត្រូវ​រស់នៅ​បែកបាក់​គ្នា ដោយ​ឪពុក​កំពុង​ជាប់​ពន្ធនាគារ ខណៈ​អ្នកស្រី​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia)​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ព្រោះតែ​រឿង​នយោបាយ​។ អ្នកស្រី​ឱ្យ​ដឹង​ថា អ្នកស្រី មិន​អាច​វិល​ចូល​ប្រទេស​វិញ​បានទេ ព្រោះ​តុលាការខេត្ត​ត្បូងឃ្មុំ បាន​កាត់ទោស​កំបាំងមុខ​ឱ្យ​អ្នកស្រី​ជាប់ពន្ធនាគារ ៧​ឆ្នាំ ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ចុងឆ្នាំ​២០១៩​។ ទោះជា​យ៉ាងណា អ្នកស្រី​បន្ត​ថា អ្វី​ដែល​អ្នកស្រី​ខ្លោចចិត្ត​ខ្លាំង​នៅ​ពេល​នេះ គឺ​នឹក​អាណិត​ដល់​ឪពុក គឺ​លោក អ៊ុំ យ៉េត មាន​វ័យ​៦៨​ឆ្នាំ ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ក្រុង​សួង​ដែរ​នោះ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មាត់ឃ្មង់ ខេត្ត​ត្បូងឃ្មុំ​ប្រមាណ ៤​ខែ​មក​ហើយ​។ អ្នកស្រី​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​ក្នុង​សហគមន៍​ជា​លើក​ទី​៣​មក ក្រុម​គ្រួសារ​មិន​បាន​ដឹង​អំពី​សុខទុក្ខ​របស់​ឪពុក​នោះ​ទេ៖ «ដូច​ម្តាយ​របស់​ខ្ញុំ មិន​អាច​ជួប​ឪពុក​របស់ខ្ញុំ​បាន​ក្នុង​ពេលនេះ ទាំង​សំឡេង​ទាំង​រូបភាព ហើយ​ខ្ញុំ​ក៏​ដូចគ្នា​មិន​បាន​ជួប​ឪពុក​ទាំង​សំឡេង និង​រូបភាព​។​វា​ជា​ទុក្ខ​សោកសៅ​មួយ​ដែល​ពួក​ខ្ញុំ​តែងតែ​ជួប​នៅពេល​មានបុណ្យ​ទាន​អ៊ីចឹង គឺ​នឹករលឹក​ស្រុក​ខ្លាំង​បំផុត។ រឿង​ហ្នឹង គឺ​មកពី​មូលហេតុ​នយោបាយ ដែល​យើង​មាន​ទស្សនៈ​ផ្ទុយ​ពី​អ្នកដឹកនាំ​ប្រទេស ប៉ុន្តែ​ជា​ធម្មតា​យើង​ជា​អ្នកប្រឆាំង​យើង​រិះគន់​នូវ​អ្វី​ដែល​អវិជ្ជមាន​នៅ​ក្នុង​ប្រទេស ដើម្បី​ផលប្រយោជន៍​រួម ប៉ុន្តែ​យើង​ត្រូវ​បាន​ជួប​រឿង​ព្រាត់​ប្រាស់​បែបនេះ គឺជា​រឿង​ឈឺចាប់​បំផុត»។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ សង្ឃឹម​ថា មេដឹកនាំ​របប​ក្រុងភ្នំពេញ នឹង​បញ្ឈប់​ប្រើ​អំណាច​ផ្ដាច់ការ និង​បើកឱកាស​ឱ្យ​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង​ទាំងអស់​បាន​ជួបជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើង​វិញ៖ «យើងខ្ញុំ​សូម​បួងសួង​ឱ្យ​លោកឪពុក និង​អ្នកទោស​មនសិការ​ទាំង​អស់ បាន​ចេញពី​ពន្ធនាគារ​មាន​សេរីភាព​ឡើងវិញ ហើយ​សង្ឃឹម​ថា ថ្នាក់​ដឹកនាំ នៃ​គណបក្ស​ទាំងពីរ នឹង​ស្ដារ​ប្រជាធិបតេយ្យ​មក​វិញ ហើយ​បាន​ចូលរួម​បោះឆ្នោត ដើម្បី​ឱ្យ​ជនភៀសខ្លួន​ដូច​ពួក​ខ្ញុំ មាន​ឱកាស​បាន​ចូល​ទៅ​មាតុ​ប្រទេស​វិញ»។

សព្វថ្ងៃ​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជាង ១០០​នាក់ ទាំងស្រី និង​ប្រុស​ហើយ​អ្នកខ្លះ​ក៏​មាន​កូនៗ​តូច កំពុង​តស៊ូ​រស់នៅ​ជា​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​។​ការ​រត់​គេចខ្លួន​នេះ​ដោយសារតែ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ តាម​ធ្វើទុក្ខបុកម្នេញ​ប្ដឹង​ទៅ​តុលាការ និង​តាម​ចាប់​ខ្លួន បន្ទាប់​ពី​ពួកគេ នៅតែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន​។ ចំណែក​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​មិន​ព្រម​រត់​គេច​ខ្លួន​វិញ ពួកគេ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់​ហើយ​អ្នក​ខ្លះទៀត ទទួលរង​ការ​វាយដំ​ដោយ​ជន​មិន​ស្គាល់​មុខ​។ គិត​មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សង្គម​ជាង​៧០​នាក់​ហើយ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ភាគច្រើន​ជាប់ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ជាដើម។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​រស់នៅ​បែកបាក់​ក្រុម​គ្រួសារ​របស់​សកម្មជន​នយោបាយ​ប្រឆាំង​ទាំងនេះ គឺជា​កំហុស​របស់​ពួកគេ​ខ្លួនឯង ដែល​នៅតែ​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចោទ​ប្រកាន់​ថា ជា​មេ​ឧទ្ទាម។ លោក​បន្ត​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា នឹង​នៅតែ​បន្ត​បង្ក្រាប​ទៅលើ​សកម្មជន​នយោបាយ​ប្រឆាំង​ទាំងនេះ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ​នោះ​ទេ៖ «ចូល​ស្រុក​បាន​លុះត្រាតែ​គាត់​ឈប់​ធ្វើ​សកម្មភាព​បម្រើ ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​ជា​ក្រុម​ខុសច្បាប់​ហើយ​បើ​គាត់​អត់​ចោល​ល្បិច អត់​ចោល​សកម្មភាព​ហ្នឹង​ទេ គឺ​នៅតែ​ជាប់ពិរុទ្ធ​ភាព​អ៊ីចឹង»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ ប៉ុន្តែ​របប​ក្រុងភ្នំពេញ​ទៅវិញ​ទេ ដែល​យក​តុលាការ​ធ្វើជា​ឧបករណ៍​នយោបាយ​ឡប់ឡែ ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ ហើយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ទទួលរង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ជា​បន្ត​បន្ទាប់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ថា សកម្មភាព​របស់​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក គឺជា​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​លោក​សោកស្តាយ​ដែល​ការចូលរួម​កិច្ចការ​នយោបាយ​នៅ​កម្ពុជា ក្លាយ​ទៅ​ពាក្យស្លោក​ថា ជា​រឿង​ស្លាប់​រស់ រត់ចោលស្រុក និង​ជាប់គុក​ច្រវាក់​ទៅវិញ​។ លោក​ចាត់ទុក​ថា ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ និង​ជា​ការ​គេចវេស​ពី​ការទទួលខុសត្រូវ​ក្នុង​ការ​បិទ​លំហ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស។ លោក​ស្នើសុំ​ឱ្យ​គណបក្សកាន់អំណាច បន្ទន់ឥរិយាបថ​ដោះស្រាយ​ជម្លោះ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​ផ្សះផ្សា​ជាតិ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​រស់នៅ​ដោយ​សុខដុមរមនា​ជាមួយគ្នា៖ «រឿង​ទាំងអស់​នេះ​យើង​យល់​ថា វា​ជា​រឿង​នយោបាយ ដូច្នេះ​ដំណោះស្រាយ​ទាំងអស់​នេះ​យើង​មិន​ចង់​ឃើញ​ប្រើ​នូវ​វិធាន​ផ្លូវច្បាប់​ទេ​។ គណបក្ស​កាន់អំណាច​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ដោះស្រាយ​នូវ​វិវាទ​នយោបាយ សូម​កែប្រែ​ពាក្យពេចន៍​ពាក្យស្លោក​ទាំងអស់​នេះ ធ្វើ​ឱ្យ​អ្នក​ចូលរួម​ក្នុង​រឿង នយោបាយ ឈប់​ភ័យខ្លាច ដោយ​បើក​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់ មាន​សិទ្ធិ​ធ្វើ​នយោបាយ ឱ្យ​សមស្រប​សង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ។ សូម​ផ្តល់​សិទិ្ធ​សេរីភាព​ឱ្យ​ពួកគាត់​មាន​ឱកាស​ជួបជុំ​ក្រុម​គ្រួសារ កុំ​ឱ្យ​បែក​បាក់​គ្នា​ទៀត»។

ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ​ជាច្រើន​ស្ថាប័ន រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចេញផ្សាយ​របាយការណ៍​ជា​បន្តបន្ទាប់ ស្តីពី​ការ​ធ្លាក់ចុះ​ដុនដាប​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់តាំងពី​របប​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​ចុងឆ្នាំ​២០១៧​មក។ របាយការណ៍​ទាំងនោះ រក​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ បន្ត​ចាប់ខ្លួន​សមាជិក​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ឥត​ល្ហែ និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​បកស្រាយ​ច្បាប់​តាម​ទំនើងចិត្ត ដើម្បី​បំបិទ​សិទិ្ធ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ពួកគេ​អំពាវនាវ​ជារឿយ​ឱ្យ​របប​ក្រុងភ្នំពេញ ប្រគល់​សេរីភាព​ជូន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ឡើងវិញ បើ​ពុំ​នោះ​ទេ ក្រុម​ប្រទេស​លោក​ខាងលិច នឹង​ពង្រីក​ទណ្ឌកម្ម​បន្ថែម​ទៀត​ក្នុង​នោះ ក៏​រួម​ទាំង​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​នៃ​របប​ក្រុងភ្នំពេញ​ជា​លក្ខណៈ​បុគ្គល​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។