របាយការណ៍​អង្គការ វេទិកា​អនាគត រក​ឃើញ​ថា គម្រោង BRI របស់​ចិន ខ្វះ​តម្លាភាព និង​រំលោភច្បាប់​កម្ពុជា

ដោយ មាន ឫទ្ធិ
2022.04.19
Share on WhatsApp
Share on WhatsApp
របាយការណ៍​អង្គការ វេទិកា​អនាគត រក​ឃើញ​ថា គម្រោង BRI របស់​ចិន ខ្វះ​តម្លាភាព និង​រំលោភច្បាប់​កម្ពុជា សំណង់ប្រព័ន្ធស្រោចស្រពវ៉ៃកូ សម្រាប់ខេត្តកំពង់ចាម ព្រៃវែង និង​ស្វាយរៀង។
រូប៖ ហ្វេសប៊ុកក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម

អង្គការ​វេទិកា​អនាគត (Future Forum) រក​ឃើញ​ថា គម្រោង​ផ្តល់​មូលនិធិ​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ប្រទេស​ចិន ខ្វះ​តម្លាភាព រំលោភច្បាប់​កម្ពុជា និង​ពុំ​មាន​ចិរភាព។ ការ​រក​ឃើញ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​​ទើបនឹង​ចេញផ្សាយ​កាលពី​ដើម​ខែមេសា​នេះ​ដោយ​អង្គការ​វេទិកា​អនាគត។

របាយការណ៍​បាន​លើក​យក​ករណី​សិក្សា​ចំនួន​បី​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​នេះ។ គម្រោង​ទាំង​បី​នោះ រួមមាន គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​នៅ​ខេត្តកោះកុង គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃកូ​នៅ​ខេត្តព្រៃវែង និង​ស្វាយរៀង និង​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៦ ប្រវែង ២៥០គីឡូម៉េត្រ ពី​តំបន់​ថ្នល់​កែង ខេត្តកំពង់ចាម រហូត​ដល់​តំបន់​អង្គ្រង នៅ​ខេត្តសៀមរាប។

ការសិក្សា​ស្រាវជ្រាវ​នេះ រក​ឃើញ​ថា គម្រោង​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​ទាំងនេះ បាន​រំលោភ​ច្បាប់​ស្តីពី​លទ្ធកម្ម​របស់​កម្ពុជា ដោយ​ពុំបាន​ដាក់​ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ។ គម្រោង​របស់​ចិន​ទាំងនេះ ក៏​បង្កើត​ឱ្យ​មាន​នូវ​ទំនាស់​ផល​ប្រយោជន៍​ក្នុងចំណោម​ក្រុមហ៊ុន​ដេញ​ថ្លៃ​ ឬ​ក្រុមហ៊ុន​ម៉ៅការ​របស់​ចិន​ផង​ដែរ។ លើស​ពី​នេះ​ទៀត គម្រោង​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​ទាំងនេះ ក៏​ពុំបាន​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ​ដូច​តាម​ច្បាប់​របស់​កម្ពុជា​នោះ​ទេ។ ការសិក្សា​ស្រាវជ្រាវ​ដដែល ក៏​រក​ឃើញ​ដែរ​ថា គម្រោង​ផ្តល់​មូលនិធិ​ដោយ​ចិន​ទាំង​នេះ មិនបាន​បើក​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ឡើយ ខណៈ​របាយការណ៍​សិក្សា​ពី​គម្រោង​ទាំង​នេះ ក៏​មិន​ត្រូវ​បាន​ចែក​រំលែក​ឱ្យ​ដឹង​ជា​សាធារណៈ​នោះ​ដែរ។ លើស​ពី​នេះ​ទៀត របាយការណ៍​រក​ឃើញ​ថា ក្រុមហ៊ុន​ម៉ៅការ​របស់​ចិន​ធ្លាប់​មាន​ប្រវត្តិ​មិនបាន​បំពេញការងារ​បាន​ល្អ​នៅ​កម្ពុជា។

ជា​រួម របាយការណ៍​វាយ​តម្លៃ​ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន ប្រឈម​នឹង​កង្វះ​តម្លាភាព​ធ្ងន់ធ្ងរ និង​ពុំ​មាន​ចិរភាព​នៅ​កម្ពុជា​ទេ។ អង្គការ​វេទិកា​អនាគត លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឱ្យ​ភាគី​ម្ចាស់​ជំនួយ និង​វិនិយោគិន​ទាំងអស់ ត្រូវតែ​ចែក​រំលែក​រាល់​ឯកសារ​សំខាន់ៗ​ទាក់ទង​នឹង​ការអនុវត្ត​គម្រោង និង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​គម្រោង​ដល់​សាធារណជន។ អង្គការ​ដដែល​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​មជ្ឈិម​ដើម្បី​ឱ្យ​សាធារណជន​អាច​ចូល​ទៅ​ពិនិត្យមើល​ឯកសារ​ដេញថ្លៃ និង​ការ​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន ព្រមទាំង​ព័ត៌មាន​សំខាន់ៗ មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង។

បើ​តាម​របាយការណ៍​របស់​អង្គការ​វេទិកា​អនាគត គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០២១ ចិន​បាន​កសាង​ស្ពាន​ចំនួន៨ និង​ផ្លូវថ្នល់​ប្រវែង​សរុប​ជាង ៣ពាន់​គីឡូម៉ែត្រ (.២៨៧គីឡូម៉ែត្រ) នៅ​កម្ពុជា ក្រោម​ទឹក​ប្រាក់​កម្ចីសម្បទាន​សរុប​ជាង ៣ពាន់​លាន​ដុល្លារ។ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ២០២១ កម្ចី​របស់​ចិន​ដល់​កម្ពុជា​មាន​តម្លៃ​សរុប​ជាង ៤ពាន់​លាន​ដុល្លារ (,០២ ពាន់​លាន​ដុល្លារ) ឬ​ស្មើ​នឹង​ជាង ៤០ភាគរយ (៤៣,៧៦ភាគរយ) នៃ​បំណុល​ដែល​កម្ពុជា​ខ្ចីបុល​ពី​បរទេស​សរុប ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៩ពាន់លាន​ដុល្លារ (,១៨ពាន់​លាន​ដុល្លារ)

របាយការណ៍​នេះ គឺជា​ការសិក្សា​រួមគ្នា​រវាង​អង្គការ​វេទិកា​អនាគត និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន៤ នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (the Philippines) មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) និង​ប្រទេស​ប៉ាពួ ញូវ ហ្គីណេ (Papua New Guinea) ជាដើម ។

ជុំវិញ​ការ​រក​ឃើញ​នេះ វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​នៅ​ឡើយ​ទេ៕

Wai_Kou_irrigation_Development_China_Cambodia.jpg
ស្លាកផ្សព្វផ្សាយអំពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព្វនៃទន្លេវ៉ៃគោ ខេត្តស្វាយរៀង។ រូបពីហ្វេសប៊ុកក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល