អង្គការវេទិកាអនាគត (Future Forum) រកឃើញថា គម្រោងផ្តល់មូលនិធិក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ខ្វះតម្លាភាព រំលោភច្បាប់កម្ពុជា និងពុំមានចិរភាព។ ការរកឃើញនេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយទើបនឹងចេញផ្សាយកាលពីដើមខែមេសានេះដោយអង្គការវេទិកាអនាគត។
របាយការណ៍បានលើកយកករណីសិក្សាចំនួនបីនៅកម្ពុជាពាក់ព័ន្ធនឹងគម្រោងផ្តល់មូលនិធិដោយប្រទេសចិនដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសនេះ។ គម្រោងទាំងបីនោះ រួមមាន គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃនៅខេត្តកោះកុង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូនៅខេត្តព្រៃវែង និងស្វាយរៀង និងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៦ ប្រវែង ២៥០គីឡូម៉េត្រ ពីតំបន់ថ្នល់កែង ខេត្តកំពង់ចាម រហូតដល់តំបន់អង្គ្រង នៅខេត្តសៀមរាប។
ការសិក្សាស្រាវជ្រាវនេះ រកឃើញថា គម្រោងផ្តល់មូលនិធិដោយប្រទេសចិនទាំងនេះ បានរំលោភច្បាប់ស្តីពីលទ្ធកម្មរបស់កម្ពុជា ដោយពុំបានដាក់ឱ្យដេញថ្លៃជាសាធារណៈប្រកបដោយតម្លាភាពនោះទេ។ គម្រោងរបស់ចិនទាំងនេះ ក៏បង្កើតឱ្យមាននូវទំនាស់ផលប្រយោជន៍ក្នុងចំណោមក្រុមហ៊ុនដេញថ្លៃ ឬក្រុមហ៊ុនម៉ៅការរបស់ចិនផងដែរ។ លើសពីនេះទៀត គម្រោងផ្តល់មូលនិធិដោយប្រទេសចិនទាំងនេះ ក៏ពុំបានសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវដូចតាមច្បាប់របស់កម្ពុជានោះទេ។ ការសិក្សាស្រាវជ្រាវដដែល ក៏រកឃើញដែរថា គម្រោងផ្តល់មូលនិធិដោយចិនទាំងនេះ មិនបានបើកឱ្យមានកិច្ចពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានឡើយ ខណៈរបាយការណ៍សិក្សាពីគម្រោងទាំងនេះ ក៏មិនត្រូវបានចែករំលែកឱ្យដឹងជាសាធារណៈនោះដែរ។ លើសពីនេះទៀត របាយការណ៍រកឃើញថា ក្រុមហ៊ុនម៉ៅការរបស់ចិនធ្លាប់មានប្រវត្តិមិនបានបំពេញការងារបានល្អនៅកម្ពុជា។
ជារួម របាយការណ៍វាយតម្លៃថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់មូលនិធិដោយប្រទេសចិន ប្រឈមនឹងកង្វះតម្លាភាពធ្ងន់ធ្ងរ និងពុំមានចិរភាពនៅកម្ពុជាទេ។ អង្គការវេទិកាអនាគត លើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាតម្រូវឱ្យភាគីម្ចាស់ជំនួយ និងវិនិយោគិនទាំងអស់ ត្រូវតែចែករំលែករាល់ឯកសារសំខាន់ៗទាក់ទងនឹងការអនុវត្តគម្រោង និងទិន្នន័យពាក់ព័ន្ធនឹងគម្រោងដល់សាធារណជន។ អង្គការដដែលក៏ចង់ឃើញរដ្ឋាភិបាលបង្កើតឱ្យមាននូវប្រព័ន្ធគ្រប់គ្រងទិន្នន័យមជ្ឈិមដើម្បីឱ្យសាធារណជនអាចចូលទៅពិនិត្យមើលឯកសារដេញថ្លៃ និងការសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន ព្រមទាំងព័ត៌មានសំខាន់ៗ មួយចំនួនទៀតពាក់ព័ន្ធនឹងការអនុវត្តគម្រោង។
បើតាមរបាយការណ៍របស់អង្គការវេទិកាអនាគត គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចិនបានកសាងស្ពានចំនួន៨ និងផ្លូវថ្នល់ប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ (៣.២៨៧គីឡូម៉ែត្រ) នៅកម្ពុជា ក្រោមទឹកប្រាក់កម្ចីសម្បទានសរុបជាង ៣ពាន់លានដុល្លារ។ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២១ កម្ចីរបស់ចិនដល់កម្ពុជាមានតម្លៃសរុបជាង ៤ពាន់លានដុល្លារ (៤,០២ ពាន់លានដុល្លារ) ឬស្មើនឹងជាង ៤០ភាគរយ (៤៣,៧៦ភាគរយ) នៃបំណុលដែលកម្ពុជាខ្ចីបុលពីបរទេសសរុប ដែលមានទឹកប្រាក់សរុបជាង ៩ពាន់លានដុល្លារ (៩,១៨ពាន់លានដុល្លារ)។
របាយការណ៍នេះ គឺជាការសិក្សារួមគ្នារវាងអង្គការវេទិកាអនាគត និងអង្គការសង្គមស៊ីវិលចំនួន៤ នៅតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (the Philippines) មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) និងប្រទេសប៉ាពួ ញូវ ហ្គីណេ (Papua New Guinea) ជាដើម ។
ជុំវិញការរកឃើញនេះ វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយបំភ្លឺពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។