ក្រុមកម្មករកាត់ដេរព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថានភាពការងាររបស់ពួកគាត់ ស្របពេលឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិតជិតចូលមកដល់។ ក្រុមកម្មករបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធនេះមែន ពួកគាត់នឹងបាត់បង់ការងារ ហើយសេដ្ឋកិច្ចគ្រួសារនឹងធ្លាក់ចុះដុនដាបទៅតាមនោះដែរ។
ក្រុមកម្មកររោងចក្រអះអាងថា ស្ថានភាពប្រឈមផ្នែកការងាររបស់ពួកគាត់នៅពេលនេះ មានលក្ខណៈធ្ងន់ធ្ងរជាងពេលណាៗ ទាំងអស់ ដែលទាមទារឱ្យរដ្ឋាភិបាលមានដំណោះស្រាយឱ្យបានទាន់ពេលវេលា។
កញ្ញា ឃុន ស្រីពៅ គឺជាកម្មកររោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញ ដែលផ្គត់ផ្គង់ផលិតផលឱ្យក្រុមហ៊ុនសំលៀកបំពាក់ម៉ាក ហ្សារ៉ា (ZARA) និង មេងហ្គោ (MANGO)។ កញ្ញាឱ្យដឹងថា រោងចក្រមិនសូវមានការងារឱ្យកម្មករធ្វើច្រើនដូចពីមុនឡើយ ដោយសារក្រុមហ៊ុនបានកាត់បន្ថយការបញ្ជាទិញ។ កញ្ញាបន្តថា កាលពីមុនកញ្ញាធ្លាប់ទទួលបានប្រាក់ឈ្នួលចន្លោះពី ២៥០ ទៅ ៣០០ដុល្លារក្នុងមួយខែ ពីការងារពេញម៉ោង និងថែមម៉ោង ក៏ប៉ុន្តែពេលនេះកញ្ញាទទួលបានតែប្រមាណ ២១៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយខ្វះការងារថែមម៉ោង។ កញ្ញាបញ្ជាក់ថា ដោយសារមិនសូវសម្បូរការងារ រោងចក្ររបស់កញ្ញាបានបញ្ឈប់កម្មករជាបន្តបន្ទាប់អស់ប្រមាណ ៧០០នាក់រួចមកហើយ នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ។
កញ្ញាព្រួយបារម្ភថា ថ្ងៃណាមួយកញ្ញាក៏អាចនឹងត្រូវគេបញ្ឈប់ដែរ ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត។ កម្មកររូបនេះថ្លែងថា សព្វថ្ងៃកញ្ញាត្រូវទទួលបន្ទុកចិញ្ចឹមឪពុកម្ដាយចាស់ជរា និងបងស្រីដែលមានជំងឺប្រចាំកាយ ហើយបើកញ្ញាបាត់បង់ចំណូល នោះសេដ្ឋកិច្ចគ្រួសាររបស់កញ្ញានឹងត្រូវដួលទាំងជំហរតែម្តង៖ «កាលមុនយើងឧស្សាហ៍បានថែមម៉ោង ដោយសារទំនិញមានច្រើន ហើយពួកយើងសប្បាយចិត្តដែលទទួលបានកម្រៃលើកទឹកចិត្តក្រៅម៉ោងច្រើន ប៉ុន្តែមកដល់ពេលនេះអត់មានការងារធ្វើទេកម្មករភាគច្រើន។ ខ្ញុំមានការបារម្ភ មិនចាំបាច់តែទៅមុខទេ សូម្បីតែឥលូវកម្មករទូទៅ ទាំងគេទាំងខ្ញុំ គឺស្ថិតក្នុងការប្រឈមមុខ ព្រួយបារម្ភគ្រប់គ្នាពីមួយខែទៅមួយខែ ពីព្រោះចាប់ផ្ដើមដកកម្មកររឿយៗ ជារៀងរាល់ខែអ៊ីចឹង មិនដឹងថា ចំអ្នកណាទេ។ យើងខ្ញុំព្រួយបារម្ភខ្លាំងណាស់ក្នុងការអត់ការងារធ្វើហ្នឹង»។
ស្រដៀងគ្នានេះ កម្មករមួយរូបទៀតនៅរាជធានីភ្នំពេញ លោកស្រី ស៊្រុន សុខធី ឱ្យដឹងថា កាលពីមុន រោងចក្រលោកស្រីទទួលផលិតសៀកបំពាក់ឱ្យក្រុមហ៊ុនម៉ាកយីហោល្បីៗ ជាច្រើន ដូចជា លីវ៉ាយ (Levi) និងអាឌីដាស (Addidas) ជាដើម ប៉ុន្តែពេលនេះ រោងចក្រផលិតសម្រាប់តែក្រុមហ៊ុនមួយនៅប្រទេសជប៉ុនប៉ុណ្ណោះ ដោយក្រុមហ៊ុនផ្សេងទៀត បានផ្អាកការបញ្ជាទិញរបស់ខ្លួនហើយ។ លោកស្រីបញ្ជាក់ថារាល់ថ្ងៃ ខាងរោងចក្រមិនបានថែមម៉ោងឱ្យកម្មករទៀតឡើយ ពីព្រោះរោងចក្រមិនមានឥវ៉ាន់ឱ្យកម្មករដេរ។ លោកស្រីបន្តថា បញ្ហានេះបានធ្វើឱ្យកម្មករថយចុះប្រាក់ចំណូលដែលធ្លាប់ធ្វើបានប្រមាណ ៣០០ដុល្លារក្នុងមួយខែ មកនៅត្រឹមជិត ២០០ដុល្លារក្នុងមួយខែ។
លោកស្រីបញ្ជាក់ថា នេះជាស្ថានភាពប្រឈមធ្ងន់ធ្ងរបំផុតដែលអ្នកស្រីមិនធ្លាប់ជួបប្រទះឡើយ ក្នុងរយៈពេលជាង២០ ឆ្នាំនៃជីវិតជាកម្មកររោងចក្រ។ លោកស្រីបន្ថែមថា សហភាពអឺរ៉ុបមិនទាន់នឹងបានដកការអនុគ្រោះពន្ធផង ស្ថានភាពធ្លាក់ដល់កម្រិតនេះទៅហើយ ទម្រាំដល់បាត់ EBA ទៀត លោកស្រីយល់ថា លោកស្រី និងកម្មករដទៃទៀតនៃវិស័យកាត់ដេរ ទំនងជាគ្មានការងារធ្វើទៀតឡើយ៖ «ពីមុនមក ពួកខ្ញុំធ្វើការថែមម៉ោង ម៉ោង៦ រហូតដល់មានម៉ោង៨ កន្លះអ៊ីចឹង ប៉ុន្តែមកដល់ពេលនេះ ពួកខ្ញុំអត់ដែលបានថែមម៉ោង ហើយក៏អត់មានទំនិញធ្វើបរិបូរ ពេលខ្លះយើងឈប់សម្រាកប្រចាំឆ្នាំអ៊ីចឹង។ បើយើងគិតប្រៀបធៀបពីមុន មកដល់ឥលូវហ្នឹងជួបបញ្ហាធ្ងន់ធ្ងរបំផុតសម្រាប់ពួកខ្ញុំជាកម្មករ»។
សហភាពអឺរ៉ុបបានទទួលឯកសារផ្លូវការពីគ្រប់ភាគីរួចរាល់អស់ហើយ ដើម្បីវាយតម្លៃ មុននឹងសម្រេចព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានដាក់ឯកសារទៅសហភាពអឺរ៉ុបដែរ ដើម្បីបង្ហាញពីភាពប្រសើរឡើងនៃការគោរពសិទ្ធិការងារ និងសិទ្ធិសហជីព។ សមាគមនេះបានស្នើឱ្យសហភាពអឺរ៉ុបរក្សាការអនុគ្រោះពន្ធដល់កម្ពុជាបន្តទៀត ពីព្រោះការដក EBA នឹងធ្វើឱ្យកម្មករ ៧៥ម៉ឺននាក់ ព្រមទាំងគ្រួសាររបស់ពួកគេ ៣លាននាក់ទៀត ត្រូវរងគ្រោះ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ថ្លែងថា ការលើកឡើងទាំងឡាយរបស់កម្មករ សុទ្ធសឹងតែជារឿងពិតដែលពួកគាត់បានជួបប្រទះ និងកំពុងប្រឈម។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាត្រូវតែរកដំណោះស្រាយសមស្របឆ្លើយតបនឹងកង្វល់របស់ក្រុមកម្មករ។ លោកបន្ថែមថា ក្នុងស្ថានភាពបែបនេះ ខាងក្រុមថៅកែរោងចក្រក៏មានតួនាទីសំខាន់ក្នុងការជួយស្ដារស្ថានការណ៍ដែរ ដោយត្រូវបញ្ឈប់ការរើសអើង និងការធ្វើទុក្ខបុកម្នេញលើកម្មករ និងសហជីព ព្រមទាំងលើកស្ទួយការគោរពសិទ្ធិការងារ និងសិទ្ធិសហជីព៖ «ស្នើសុំឱ្យគេជួយ តែខ្លួនឯងមានលទ្ធភាព មិនជួយ។ ដូចពាក្យបណ្ដឹងទាំងអស់ ៩០ % គឺនិយោជកប្តឹងដោយសារតែគាត់មានលុយ មានអំណាច មានសិទ្ធិគ្រប់យ៉ាង អ៊ីចឹងខ្ញុំគិតថា អាហ្នឹងសុទ្ធតែជារឿងអត់ត្រឹមត្រូវ។ អ៊ីចឹងនិយោជកអាចជួយបាន ទីមួយដូចជាដកបណ្ដឹង សម្រួលសិទ្ធិ និងសេរីភាព ផ្ដល់ផលប្រយោជន៍ឱ្យកម្មករ និងជួយកែតម្រូវច្បាប់ដែលជាឧបសគ្គនៃសិទ្ធិកម្មករថ្មីៗ ហ្នឹង ខ្ញុំគិតថា វាកាន់តែល្អឡើង ដែលធ្វើឱ្យមានការចូលរួមចំណែកក្នុងការជួយបន្ត EBA ហ្នឹងដែរ»។
កាលពីចុងខែកុម្ភៈ កន្លងទៅ ពោលគឺបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសពីនីតិវិធីពិចារណាព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រាប់ឱ្យកម្មកររក្សាភាពស្ងៀមស្ងាត់រឿង EBA ពីព្រោះលោកថា នេះជាសង្គ្រាមចិត្តសាស្ត្រវាយប្រហាររបបរបស់លោក។ ក៏ប៉ុន្តែ ជាច្រើនខែមកនេះ របបក្រុងភ្នំពេញមិនបានកែប្រែស្ថានការណ៍ធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះឡើយ ធ្វើឱ្យវិបត្តិ EBA នេះ កាន់តែទុំជោរមកដល់ពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណា កម្មការិនីរោងចក្រកាត់ដេរមួយរូបនៅខេត្តកណ្ដាល លោកស្រី ដោក សាវ៉ាន់ ចង់ឱ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នពិនិត្យឱ្យបានដិតដល់ពីកង្វល់របស់កម្មកររោងចក្រកាត់ដេរ។ លោកស្រីបញ្ជាក់ថា លោកស្រីមិនដែលប្រទះស្ថានភាពការងារយ៉ាប់យ៉ឺនដូចពេលបច្ចុប្បន្ននេះទេ ក្នុងរយៈពេលជាង ២៥ឆ្នាំនេះ។ លោកស្រីបញ្ជាក់ថា ពេលនេះរោងចក្រមួយចំនួន រួមទាំងរោងចក្រដែលលោកស្រីកំពុងធ្វើការផង ចាប់ផ្ដើមរិះរកវិធីកេងប្រវ័ញ្ចកម្មករ ដោយតម្រូវឱ្យពួកគាត់ធ្វើការងារច្រើនជាងមុនជាមួយនឹងអត្ថប្រយោជន៍កាន់តែតិច។ លោកស្រីបារម្ភថា ស្ថានភាពនឹងកាន់តែលំបាកជាងនេះទៀត បើសហភាពអឺរ៉ុបសម្រេចដកហូតការអនុគ្រោះពន្ធពីកម្ពុជា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានតែសំណូមពរឱ្យទៅខាងរាជរដ្ឋាភិបាលនៃកម្ពុជារបស់យើងហ្នឹង សូមឱ្យមានការពិចារណាឡើងវិញនូវអ្វីដែល EU គេស្នើសុំ ដោយសារអ្វីដែល EU ស្នើសុំ ដូចជាវាមិនពិបាកធ្វើទេ គ្រាន់ថា គោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពរបស់កម្មករទៅ វារួចហើយ ជារឿងដែលយើងត្រូវតែធ្វើ»។
របបលោក ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីត្រៀមទប់ទល់នឹងស្ថានភាពបាត់បង់ការអនុគ្រោះពន្ធ EBA។ វិធានការទាំងនោះមានជាអាទិ៍ ការបញ្ចុះតម្លៃអគ្គិសនី កាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកដាក់កុងតឺន័រ លុបបំបាត់ស្ថាប័នមួយចំនួននៅកន្លែងនាំចេញ ហើយនៅចុងក្រោយនេះ គឺការលុបចោលថ្ងៃឈប់សម្រាក ៦ថ្ងៃបន្ថែមទៀត ដែលជាវិធានការធ្វើឱ្យបាត់ប្រយោជន៍កម្មករ និងចំណេញដល់ថៅកែរោងចក្រ។
ទោះជាយ៉ាងណា សហជីពឯករាជ្យមើលឃើញថា វិធានការទាំងនេះមិនអាចរំលត់ក្តីបារម្ភ និងស្អំចិត្តក្រុមថៅកែរោងចក្រឱ្យបន្តរកស៊ីនៅកម្ពុជាបានឡើយ ពីព្រោះវាមិនអាចប៉ះប៉ូវការខាតបង់របស់ក្រុមអ្នករកស៊ីបាន។ ការខាតបង់របស់ក្រុមអ្នកវិនិយោគ មិនមែនត្រឹមការបង់ពន្ធជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែមួយមុខនោះឡើយ ក៏ប៉ុន្តែក្រុមហ៊ុនម៉ាកយីហោល្បីៗ នឹងកាត់បន្ថយ ឬបញ្ឈប់ការបញ្ជាទិញទំនិញពីកម្ពុជាថែមទៀត។
ក្រុមសង្គមស៊ីវិល និងកម្មកររោងចក្រ ស្នើយ៉ាងទទូចឱ្យរបបក្រុងភ្នំពេញអនុវត្តតាមលក្ខខណ្ឌស្ការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសគ្រោះកាចនេះ ស្របពេលឱសានវាទរបស់សហភាពអឺរ៉ុបនឹងមកដល់នៅដើមឆ្នាំ២០២០ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។