គណបក្សនយោបាយចំនួនពីរ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សបំណងពលរដ្ឋ ចេញសេចក្ដីថ្លែងការណ៍សោកស្ដាយចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដែលសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីថ្ងៃទី១៣ខែកុម្ភៈ។ បក្សទាំងពីរនេះ ទាមទារឲ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុវីអូឌីដំណើរការឡើងវិញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍កាលពីល្ងាច ថ្ងៃទី១៤ កុម្ភៈ ថា សេរីភាពសារព័ត៌មានពិតជាសំខាន់ចាំបាច់សម្រាប់កសាងសង្គម ប្រជាធិបតេយ្យនៅកម្ពុជា។ បក្សមួយនេះ យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រសិនបើមានការផ្សព្វផ្សាយព័ត៌មានមួយមានការភាន់ច្រឡំ ឬព័ត៌មានពិត បុគ្គលសាធារណៈ ឬស្ថាប័នសាធារណៈ អាចធ្វើការឆ្លើយតប ឬស្នើសុំឲ្យកែតម្រូវការផ្សព្វផ្សាយនោះ គឺជាការគ្រប់គ្រាន់ហើយ។គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាត់ទុក វិទ្យុវីអូឌី គឺជាប្រព័ន្ធផ្សព្វផ្សាយមួយដែលផ្ដល់ព័ត៌មាន ឯករាជ្យ និងប្រកបដោយវិជ្ជា ជីវៈស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងមានការគាំទ្រប្រកបដោយទំនុកចិត្តពី ពលរដ្ឋកម្ពុជា។
ចំណែកគណបក្សបំណងពលរដ្ឋវិញ បក្សនេះ មានក្ដីកង្វល់ដែលរដ្ឋាភិបាលក្នុង របបប្រជាធិបតេយ្យ បិទវិទ្យុវីអូឌី ។ គណបក្សបំណងពលរដ្ឋសង្ឃឹមថា រដ្ឋាភិបាល នឹងពិចារណាក្នុងផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុវីអូឌីដំណើរការឡើងវិញ ដើម្បីបង្ហាញពីលំហសេរីភាពខាងសារព័ត៌មាននិងសេរីភាពខាងការបោះពុម្ពផ្សាយ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
ក្រៅពីគណបក្សទាំងពីរនេះ គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៣ កុម្ភៈ ក៏សោក ស្ដាយចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលបានបិទវិទ្យុវីអូឌីដែរ។ បក្សភ្លើងទៀន ចាត់ទុកថា ការបិទវិទ្យុវីអូឌី ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្ដល់ព័ត៌មានពិត និងឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ គឺជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន និងស្នើសុំឲ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឡើងវិញ។ បក្សភ្លើងលើកឡើងដូចគណបក្សផ្សេងទៀតដែរថា ផ្អែកតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ប្រសិនបើមានការផ្សាយព័ត៌មានខុសការពិត ដែលធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នណាមួយ បុគ្គល ឬស្ថាប័ននោះ មានសិទ្ធិឆ្លើយតប ឬទាមទារឲ្យសារព័ត៌មាននោះ កែតម្រូវ តែមិនឈានដល់ការដកអាជ្ញាប័ណ្ណឡើយ។
រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមអង្គការជាតិ និងអន្តរជាតិ ព្រមទាំងក្រុមប្រទេសប្រជាធិបតេយ្យ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសទង្វើរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ ចំពោះការប្រើអំណាចតាមទំនើងចិត្តក្នុងការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលជាប្រព័ន្ធផ្សព្វផ្សាយចុងក្រោយនៅកម្ពុជា។ ក្រៅពី «ថ្កោលទោស» និងស្នើឱ្យ «ពិចារណាឡើងវិញ» លើការបិទវិទ្យុវីអូឌី ក្រុមអង្គការជាតិ- អន្តរជាតិ និងក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ សុទ្ធតែព្រួយបារម្ភដូចៗ គ្នាថា ចំណាត់ការរបស់លោក ហ៊ុន សែន ពេលនេះ ប៉ះពាល់ដល់សេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សេរីភាពសារព័ត៌មាន និងដំណើរការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។