គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើរដ្ឋសភាពិចារណាដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោតឡើងវិញ ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានភាពឯករាជ្យ និងអព្យាក្រឹត្យ ក្នុងការបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការទី១ នៃរដ្ឋសភាបដិសេធសំណើរបស់បក្សនេះទាក់ទងសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីសមាសភាពស្ថាប័នគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាត់ទុកការឆ្លើយតប របស់គណៈកម្មការជំនាញនៃរដ្ឋសភា ថា មិនបានយកចិត្តទុកដាក់ បំពេញកិច្ចអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បី ដោះស្រាយប្រព័ន្ធបោះឆ្នោតដែលមាននៅក្នុងញត្តិរបស់បក្សនេះនោះទេ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឱ្យរដ្ឋសភាដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោតនៅកម្ពុជាឡើងវិញ ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឯករាជ្យភាព អព្យាក្រឹត្យ និងធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងទទួលបានការទុកចិត្តពីសំណាក់គណបក្សនយោបាយ អ្នកបោះឆ្នោត និងបញ្ចៀសនូវវិបត្តិនយោបាយក្រោយការបោះឆ្នោត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់កែបញ្ហាបោះឆ្នោត ជាពិសេសសកែសម្រួលសមាសភាពទាំង៩រូបរបស់ គ.ជ.ប តាមរយៈការជ្រើសរើសបុគ្គលឯករាជ្យ និងវិសោធនកម្មច្បាប់ កែបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉េង វីរៈ សោកស្តាយចំពោះរដ្ឋសភាដែលបដិសេធសំណើគណបក្សរបស់លោក ពីព្រោះការបកស្រាយរបស់រដ្ឋសភាពធ្វើឡើងមិនចំគោលបំណង ឬកម្មវត្ថុនោះទេ។ ទោះយ៉ាងណាលោកនៅតែប្ដេជ្ញាតស៊ូមតិស្វែងរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធបន្តទៀត ដើម្បីជជែកពីការកែ លម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
លោក យ៉េង វីរៈ៖ «រដ្ឋសភាគួរតែអង្កេត គួរតែអន្តរាគមន៍ ប៉ុន្តែការឆ្លើយតបអត់និយាយអំពីគណៈកម្មការរដ្ឋសភាសួរនាំ គ.ជ.ប ទេ ដោយគាត់គ្រាន់តែយោងច្បាប់ ស្រង់ច្បាប់មកវិញ វាអត់ដោះស្រាយបញ្ហា ព្រោះការដោះស្រាយបញ្ហាត្រូវកែច្បាប់មួយចំនួនដូចជាច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
គណៈកម្មការទី១នៃរដ្ឋសភាកាលពីពេលថ្មីនេះ ៗបានផ្ញើទៅប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉េង វីរៈ ដោយអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយយោងតាមបញ្ជីឈ្មោះគណបក្សនយោបាយទាំង២០ដែលចូលរួមការបោះឆ្នោត និងលទ្ធផលផ្លូវការនៃចំនួនអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានគណៈកម្មការទីមួយនៃរដ្ឋសភាលោក សរ សំរុង ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថា ការដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសបដិសេធមិនទទួលយកការបកស្រាយពីរដ្ឋសភានោះគឺជាសិទ្ធិ ដោយលោកអះអាងថា ការឆ្លើយកន្លងមកនេះធ្វើឡើងត្រឹមត្រូវតាមច្បាប់។
លោក សរ សំរុង៖ «សម្តេចប្រធាន(ហេង សំរិន)បានឯកភាព ក៏មានយោបល់មួយចំនួនពីអគ្គលេខាធិការ និងអ្នកច្បាប់ ខ្ញុំឆ្លើយទៅតាមមាត្រាច្បាប់ និងគោលការណ៍ រឿងគាត់ទទួលយកបាន ឬអត់ស្រេចតែគាត់ទេ»។
កន្លងទៅគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនធ្លាប់ដាក់លិខិតទៅរដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីកែលម្អស្ថាប័នបោះឆ្នោតដែរ ប៉ុន្តែស្ថាប័នមានសមត្ថកិច្ចទាំងនោះមិនបានយកចិត្តទុកដាក់ដោះស្រាយ ឬឆ្លើយតបដោយវិជ្ជមាននោះទេ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា សំណើរបស់គណបក្សនយោបាយជាសំណើដែលរដ្ឋសភាគួរយកចិត្តទុកដាក់ដោះស្រាយដោយត្រូវចុះស្រាវជ្រាវឱ្យច្បាស់លាស់មុននឹងបកស្រាយ ដើម្បីឲ្យការបោះឆ្នោតមានយុត្តិធម៌ អាចជឿទុកចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធ។ ទោះយ៉ាងណាលោកកត់ស្គាល់ថា កន្លងមកការធ្វើវិសោធនកម្មទាក់ទងការបោះឆ្នោតធ្វើទៅបានលុះត្រាតែមានការសម្របសម្រួលផ្នែកនយោបាយ ខណៈលោកមើលឃើញថា សមាជិកសភាបច្ចុប្បន្នអសកម្មក្នុងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ។
លោក កន សាវាង្ស៖ «តំណាងរាស្ត្រចាំបាច់ត្រូវធ្វើការសិក្សាហើយ ត្រូវធ្វើការបកស្រាយហើយ អ៊ីចឹងការបកស្រាយហ្នឹងត្រូវតាមលក្ខណៈបច្ចេកទេស ដោយយើងអត់និយាយរឿងកែច្បាប់ឬអត់ទេ ប៉ុន្តែជាទូទៅការអនុវត្តច្បាប់មានប៉ះពាល់ មានការតវ៉ាហើយ រដ្ឋសភាមានតួនាទីក្នុងការពិនិត្យមើលលើការអនុវត្តទាំងអស់ហ្នឹង ដើម្បីឱ្យដំណើរការហ្នឹងវាប្រព្រឹត្តបានល្អប្រសើរ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាស្ថាប័នពុំឯករាជ្យ មិនអព្យាក្រឹត្យ និងមាននិន្នាការគាំទ្រគណបក្សកាន់អំណាច ខណៈក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នជាតិមួយនេះ ភាគច្រើនសុទ្ធតែជាមនុស្សចេញពីជួរមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រំឭកដល់ម្ចាស់ឆ្នោតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺចង់ឱ្យតំណាងរាស្ត្របំពេញភារកិច្ចលើសពីការគ្រាន់តែដកស្រង់មាត្រាច្បាប់ ដោយធ្វើការអង្កេត អន្តរាគមន៍ ការដោះស្រាយបញ្ហាជាតិ ជាពិសេសតាមរយៈការកែ ឬធ្វើច្បាប់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគោរពរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។