គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេសដោយឯកបក្សបន្តរងការរិះគន់ថាយកបញ្ហាកូវីដ១៩ ដើម្បីកេងចំណេញនយោបាយ។អ្នកឃ្លាំមើលនយោបាយយល់ថាមេដឹកនាំគណបក្សនេះគួរមានភាពថ្លៃថ្នូរគួរតែហ៊ានដាក់ឈ្មោះម្ចាស់អំណោយពិតប្រាកដឱ្យពលរដ្ឋបានដឹងមិនមែនដាក់ត្រឹមឈ្មោះលោក ហ៊ុន សែន ដូចពេលនេះទេ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានហៅកាត់ (GDP) សរសេរលើហ្វេសប៊ុកខ្លួនថា "ការយកលុយរដ្ឋដែលជាលុយបង់ពន្ធរបស់ពលរដ្ឋនិងលុយវិភាគទានរបស់ឧកញ៉ាទៅទិញអង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវប៉ុន្តែពេលចែកជូនពលរដ្ឋបែរដាក់ថា ជាអំណោយរបស់លោក ហ៊ុន សែនតើទង្វើបែបនេះមិនកេងចំណេញនយោបាយឬទេ?"។សំណួររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបែបនេះ ក្រោយពេលមានការចោទប្រកាន់ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កេងចំណេញនយោបាយពាក់ព័ន្ធនឹងការរិះគន់ជុំវិញរឿងចាត់ចែងដោះស្រាយបញ្ហាកូវីដ១៩ របស់រដ្ឋាភិបាលនាពេលកន្លងទៅ។
ជុំវិញការលើកឡើងនេះអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីថ្នាក់ដឹកនាំគណបក្សនេះរួមមានលោក យ៉ង សាំងកុមារ លោក សាម អ៊ីន និងលោក ឡឹក សុធា ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
ឆ្លើយតបចម្ងល់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាបើសិនអំណោយដែលបានពីថវិកាជាតិគឺមិនដាក់ឈ្មោះលោក ហ៊ុន សែន ទេ ប៉ុន្តែលោកថាបើសិនមន្រ្តីរាជការឬក្រុមឈ្មួញផ្ដល់ថវិកាឱ្យលោក ហ៊ុន សែនគឺអំណោយដាក់ឈ្មោះថា ជាអំណោយរបស់លោក ហ៊ុន សែន។ អ្នកនាំពាក្យដដែលអះអាងទៀតថាប្រភពអំណោយដែលម្ចាស់ថវិកាផ្ដល់ជូនលោក ហ៊ុន សែន ប៉ុន្តែដាក់ឈ្មោះថាអំណោយរបស់លោក ហ៊ុន សែន គឺមិនខុសទាស់អ្វីទេព្រោះលោក ហ៊ុន សែន មិនបានយកលុយទាំងនោះទៅទុកចាយឬធ្វើចង្ក្រានបាយរបស់លោក នោះទេ៖ « ទេសម្ដេច ហ៊ុន សែន គាត់អ្នកចាត់ចែង ដូចលោក ( ព្រះសង្ឃ ) លោកសូត្រមន្ត យើងទៅប្រគេនបច្ច័យលោកលែងជាបច្ច័យរបស់យើងហើយជាបច្ច័យរបស់លោកតាស»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលកំពុងរស់នៅក្នុងតំបន់ក្រហមសង្កេតឃើញថាអំណោយមានច្រើនប្រភេទហើយទន្ទឹមគ្នានោះក៏មានអំណោយខ្លះដាក់ថា ជាអំណោយរបស់លោក ហ៊ុន សែន ដែរ។ ទោះយ៉ាងណាមន្រ្តីសង្គមស៊ីវិលរូបនេះយល់ថារដ្ឋាភិបាលឬអ្នកចែកអំណោយពេលបានថវិកាពីអ្នកណាសម្រាប់ធ្វើអំណោយដល់ពលរដ្ឋគួរដាក់ឈ្មោះអ្នកនោះជាអ្នកផ្ដល់ឱ្យ៖ « អំណោយប្រភេទនេះបើសិនជាអំណោយពីសប្បុរសជនផ្សេងៗខ្ញុំគិតថា ប្រើពាក្យអំណោយរបស់សប្បុរសជនក៏បាន»។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍ជាលើកទី៣មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានចេញពីផ្ទះចុះជួបនិងចែកអំណោយដោយផ្ទាល់ដៃដល់ពលរដ្ឋដែលរងផលប៉ះពាល់នោះទេ។ ប៉ុន្តែអំណោយដែលចែកជូនពលរដ្ឋត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកគឺតែងដាក់ជាអំណោយរបស់លោក ហ៊ុន សែន។ ជាងនេះទៅទៀត អាជ្ញាធរក៏តែងរឹតត្បិតឬរារាំងក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការចែកអំណោយដល់ពលរដ្ឋថែមទៀតផង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត នៅ ន័រវេស (Norway) សង្កេតឃើញថាក្រុមឈ្មួញបានផ្ដល់លុយរាប់លានដុល្លារដើម្បីដោះស្រាយវិបត្តិជំងឺកូវីដដូច្នេះរដ្ឋាភិបាលគួរដាក់ឈ្មោះអ្នកទាំងនោះក្នុងអំណោយឱ្យពលរដ្ឋបានដឹង។អ្នកឃ្លាំមើលរូបនេះសង្កេតឃើញទៀតថាក្នុងវិបត្តិនៃជំងឺកូវីដនេះ លោក ហ៊ុន សែន មិនត្រឹមតែកេងចំណេញរឿងអំណោយប៉ុណ្ណោះទេប៉ុន្តែលោក ហ៊ុនសែនបានរំលោភអំណាចនិងបំបិទសិទ្ធិមន្រ្តីជាន់ខ្ពស់ផ្សេងទៀតមិនឲ្យបញ្ចេញស្នាដៃដោយ លោក ព្យាយាមផ្ដល់សិទ្ធិអំណាចស្ទើរទាំងស្រុងទៅកូនប្រុសរបស់ខ្លួនគឺលោក ហ៊ុន ម៉ាណែត និងភរិយាលោក ហ៊ុន ម៉ាណែត ដោះស្រាយសឹងគ្រប់រឿង៖ «គួរណាស់តែលោក ហ៊ុន សែន លើកទឹកចិត្តពួកឈ្មួញទាំងអស់ហ្នឹងថា ឥឡូវឈ្មួញឯងធ្វើវិភាគទានជូនរដ្ឋអីចឹងត្រូវមានប័ណ្ណសរសើរត្រូវមានការស្មោះត្រង់ដាក់ឈ្មោះអ្នកណឹងទៅ ហើយទៅដាក់ឈ្មោះ លោក ហ៊ុន សែន បានការអី ? លោក ហ៊ុន សែន គ្រាន់ជាប្រមុខរដ្ឋាភិបាល បើប្រមុខរដ្ឋាភិបាលចង់បានប្រយោជន៍ ចង់បានគុណសម្បត្តិស្អីពីពលរដ្ឋខ្លួនឯង»។
មេដឹកនាំដែលធ្លាប់មើលស្រាលជំងឺកូវីដរូបនេះផ្តល់ឱកាសឲ្យកូនៗរបស់លោកស្ទើរគ្រប់គ្នាដើរតួនាទីជំនួសលោកនិងមន្ត្រីកំពូលៗដទៃទៀត។ ជាក់ស្តែងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខនិងសណ្ដាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក។ រីឯ ភរិយារបស់លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ្រ ច័ន្ទមុនី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ។ ដោយឡែកកូនចៅរបស់មន្រ្តីជាន់ខ្ពស់គណបក្សនេះផ្សេងទៀត ដូចជា កូនលោក ស ខេង លោក សាយ ឈុំ ឬលោក ទៀ បាញ់ ជាដើមហាក់មិនឃើញបានបញ្ចេញសកម្មភាពឬដោះស្រាយបញ្ហាជំងឺកូវីដបានពេញលេញដូចកូនលោក ហ៊ុន សែន នោះទេ។
នេះមិនមែនលើកទីមួយទេដែលរដ្ឋាភិបាល លោក ហ៊ុន សែន រងការរិះគន់ថាបានយកលុយជាតិឡានរដ្ឋ និងឧបករណ៍សម្ភារៈរបស់រដ្ឋផ្សេងទៀតទៅបម្រើប្រយោជន៍បក្សឬបុគ្គលក្នុងបក្សនេះ។កន្លងមកសូម្បីតែការសាងសង់ផ្លូវ ស្ពាន ឬសាលាជាដើមសុទ្ធសឹងតែដាក់ឈ្មោះថា អំណោយរបស់លោក ហ៊ុន សែន ទោះបីជាចំណាយថវិការបស់ជាតិក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។