គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) គាំទ្រអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលអំពីលក្ខខណ្ឌអប្បបរមា សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ មន្ត្រីសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោតយល់ថា គណបក្សនយោបាយ មិនគួរនៅស្ងៀមទៀតនោះទេ គួរតែចាប់ផ្ដើមតស៊ូមតិរួមគ្នាជំរុញឲ្យរដ្ឋាភិបាលធានាការបោះឆ្នោតប្រកប ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២ ខែសីហាថា ការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលអាចទទួលយកបានពីគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត។ គណបក្សមួយនេះ ក៏ប្រកាសអញ្ជើញគណបក្សនយោបាយផ្សេងទៀត ជួបពិភាក្សាគ្នា អំពីលទ្ធភាពសហការគ្នាធ្វើការតស៊ូមតិលើការកែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា ថ្លែងប្រាប់អាស៊ីសេរី បន្ថែមថា មានតែការបោះឆ្នោត ប្រកបដោយតម្លាភាព និងយុត្តិធម៌នោះទេ ទើបជាមូលដ្ឋាននាំឲ្យមានការបង្រួបបង្រួមជាតិ ខណៈកន្លងទៅក្រោយការបោះឆ្នោតម្តងៗ តែងមានការជជែកវែកញែកអំពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត។ លោកបន្តថា លក្ខខណ្ឌអប្បបរមាទាំង៦ ចំណុចរបស់ក្រុមអង្គការសង្គមស៊ីវិល កាលពីពេលថ្មីៗ នេះ គឺសមស្របដែលអាចធានាបាននូវការបោះឆ្នោត ដែលសេរី និងយុត្តិធម៌៖ « រដ្ឋាភិបាលហាក់ដូចជាមិនខ្វល់អ៊ីចឹងមែន ប៉ុន្តែពួកយើង ក៏មិនបានធ្វើការងាររួមគ្នាដែររវាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ឬរវាងគណបក្សនយោបាយនិងគណបក្សនយោបាយទៀតសោត ក៏មិនបានអង្គុយជជែក ពិភាក្សារឿងហ្នឹងរួមគ្នាដែរ។ យើងធ្វើតែរៀងៗ ខ្លួន។ ដូច្នេះលើកនេះយើងគិតថា យើងគួរតែរួបរួមគ្នាក្នុងកម្រិតណាមួយដើម្បីជជែកវែកញែកតើចំណុចអ្វីខ្លះដែលកើតមានឡើងនៅពេលដែលបោះឆ្នោតហើយ តើយើងគួរធ្វើយ៉ាងណា ដើម្បីធានាឲ្យបានការបោះឆ្នោតមួយ ដែលប្រកបដោយសេរី យុត្តិធម៌ និងត្រឹមត្រូវដែលអាចទទួលយកបាន ទាំងអ្នកចាញ់ គឺចាញ់ទាំងអស់ចិត្ត ហើយទាំងអ្នកឈ្នះ គឺឈ្នះដោយកិត្តិយស » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច តែងតែអះអាងដូចៗ គ្នាថា គ.ជ.ប អនុវត្តការងាររបស់ខ្លួនទៅតាមច្បាប់ និងទាមទារឲ្យបញ្ឈប់ការចោទប្រកាន់ថា លម្អៀងទៅខាងណាមួយ។
កាលពីពេលថ្មីៗ នេះ អង្គការសង្គមស៊ីវិលចំនួន៦៤ រួមគ្នាទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមា ៦ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះរួមមានការបង្កើតបរិយាកាសនយោបាយសេរី ធានាសិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ដែលផ្ដោតលើការដោះលែងអ្នកជាប់ឃុំ ដោយសារអនុវត្តន៍សិទ្ធិនយោបាយ និងផ្ដល់សិទ្ធិឱ្យគ្រប់គណបក្សនយោបាយបានដំណើរការនយោបាយឡើងវិញ។ ធានាឆន្ទៈអ្នកបោះឆ្នោត ដោយធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត បញ្ឈប់ការដកហូតអាសនៈអ្នកតំណាងជាប់ឆ្នោត ដោយសារការរម្លាយគណបក្សនយោបាយជាដើម។ ធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដែលអាចជឿទុកចិត្តបានដោយរក្សាសមាសភាពមកពីភាគីពាក់ព័ន្ធដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺ ៤រូបមកពីបក្សកាន់អំណាច ៤រូបទៀតមកពីបក្សគ្មានអាសនៈក្នុងសភា និង ១រូបពីខាងសង្គមស៊ីវិលជាដើម។ ត្រូវធានាឯករាជភាព និងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់អាវុធ និងតុលាការ។ រីឯចំណុចចុងក្រោយ គឺធានាឱ្យក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចអនុវត្តតួនាទីពួកគេដោយសេរី។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ក្រុមគណបក្សនយោបាយទាំងអស់ មិនគួរនៅស្ងៀមហើយបណ្ដោយបញ្ហាដដែលៗ កើតឡើងសម្រាប់ខ្លួននោះទេ។ លោកយល់ថា គណបក្សនីមួយៗ ត្រូវតែពិនិត្យមើលថា តើបញ្ហាច្បាប់ និងបញ្ហាសំខាន់ៗ មួយចំនួនទៀត បានល្អប្រសើរហើយឬនៅសម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ ហើយប្រសិនបើមិនទាន់ល្អប្រសើរទេ គណបក្សនយោបាយ គួរតែរួមគ្នាតស៊ូមតិជំរុញទៅរដ្ឋាភិបាល ដើម្បីឲ្យមានការដោះស្រាយ៖ « មិនអាចនៅស្ងៀមបានទេ គួរតែមានការជជែក មានការពិគ្រោះ ឬមានការតស៊ូមតិជាមួយរដ្ឋាភិបាល ដើម្បីបង្ហាញអំពីការចង់បាន ការចូលរួមរបស់ខ្លួននៅក្នុងដំណើរការនៃការបោះឆ្នោត គឺជារឿងមួយដែលល្អហើយ។ បើសិនជានៅតែមិនមានការចូលរួមជជែកអំពីបញ្ហាទាំងនេះទេ មានន័យថា ខ្លួនអាចនឹងមានការសុខព្រម ហើយបើកាលណាមានការសុខព្រម យើងមិនអាចជជែកថា ដំណើរការនៅពេលក្រោយបោះឆ្នោត វាមិនល្អ វាមិនសុក្រឹតទេ » ។
ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងនៅឆ្នាំ២០១៧ មក ស្ថាប័ន គ.ជ.ប រងការរិះគន់ថា លែងឯករាជ្យ បាត់បង់តម្លៃ និងក្លាយជាឧបករណ៍ផ្ដាច់មុខរបស់គណបក្សកាន់អំណាច ដោយសារតែ គ.ជ.ប បានយកអាសនៈគណបក្សសង្គ្រោះជាតិ ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដែលទទួលបានពីការបោះឆ្នោត យកទៅចែកឱ្យគណបក្សដទៃដែលចាញ់ឆ្នោត ជាពិសេស បក្សប្រជាជនកម្ពុជា។ជាងនេះទៅទៀត គ.ជ.ប បានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ តាមរយៈការរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីឆ្នាំ២០១៨ ដើម្បីប្រមូលអាសនៈសភាទាំងស្រុងឱ្យគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ ក្បាលម៉ាស៊ីនដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ ភាគច្រើនចេញពីគណបក្សកាន់អំណាច។ ដោយសារតែបែបនេះ ប្រទេសលោកសេរីរួមមានអាមេរិក និងសហភាពអឺរ៉ុបជាដើម ក៏បានផ្ដាច់ជំនួយទាំងអស់លែងផ្ដល់ឲ្យ គ.ជ.ប ទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។