ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលប្រព្រឹត្តិទៅនៅខែកក្កដាខាងមុខនេះកាន់តែខិតជិតចូលមកដល់ ចំណែកបក្សនយោបាយមួយចំនួនកំពុងរៀបបញ្ជីឈ្មោះបេក្ខជន។ ទន្ទឹមនឹងនេះមន្ត្រីសង្គមស៊ីវិល និងអ្នកធ្វើការងារលើកកម្ពស់យេនឌ័រ ជំរុញឱ្យបក្សនយោបាយបង្កើនចំនួនស្ត្រីក្នុងបញ្ជីឈ្មោះបេក្ខជនដើម្បីឱ្យស្ត្រីមានចំនួនច្រើនឡើងក្នុងក្រុមអ្នកបង្កើតគោលនយោបាយ និងសម្រេចចិត្តលើការងារសំខាន់ៗរបស់សង្គមជាតិ។
អ្នកធ្វើការងារលើកកម្ពស់យេនឌ័រជំរុញឱ្យគណបក្សនយោបាយនានាបង្កើនចំនួនស្ត្រីឱ្យបានកាន់តែច្រើនដើម្បីឱ្យការបង្កើតគោលនយោបាយ និងការសម្រេចចិត្តនានាពាក់ព័ន្ធអនាគតជាតិមានភាពកាន់តែប្រសើរ។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា ស្ត្រីស្ថិតនៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានតែប្រមាណជាង ១០ភាគរយប៉ុណ្ណោះ។ អ្នកស្រីបន្តថា ស្ត្រីមានចំនួនតិចក្នុងតួនាទីនយោបាយ ឬតួនាទីក្នុងការដឹកនាំនិងសម្រេចចិត្តនេះ ធ្វើឱ្យការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកន្លងមកមិនឆ្លុះបញ្ចាំងពីបញ្ហាសង្គមបានពេញលេញ។
អ្នកស្រីបន្តថា បើសិនជាចំនួនស្ត្រីមានការកើនឡើង ឬស្មើចំនួនបុរសនោះនឹងធ្វើឱ្យការងារមានភាពប្រសើរឡើង ព្រោះនៅក្នុងសង្គមចំនួនស្ត្រីមានច្រើនជាងបុរស ហើយស្ត្រីអាចយល់ច្បាស់ពីបញ្ហារបស់ស្ត្រី និងមានទស្សនៈយល់ឃើញមួយជ្រុងនៃបញ្ហារួមក្នុងសង្គមដែលបុរសមើលមិនឃើញ។ «»
អតីតនាយិកាអង្គការសីលកា ហើយបច្ចុប្បន្នជាអ្នកឃ្លាំមើលពីការអភិវឌ្ឍន៍សង្គមអ្នកស្រី ធីតា ឃឹះ សង្កេតឃើញថា ស្ត្រីមានរបៀបគិតនិងរបៀបធ្វើមួយបែបស៊ីជម្រៅលើបញ្ហាសង្គម។ «»
អ្នកស្រី ធីតា ឃឺះ ក៏បានលើកឡើងពីប្រព័ន្ធដឹកនាំ និងការដោះស្រាយបញ្ហាសង្គមមានភាពប្រសើរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ជាដើមដែលមានស្ត្រីប្រមាណ ៥០ភាគរយក្នុងចំណោមអ្នកដឹកនាំក្នុងតួនាទីសំខាន់។
វិទ្យុអាស៊ីសេរីបានទាក់ទងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីសុំការបញ្ជាក់ជំហរពីការដាក់បេក្ខជនជាស្ត្រី តែមិនមានអ្នកទទួល។ ក៏ប៉ុន្តែកន្លងទៅលោក សុខ ឥសានធ្លាប់បានបញ្ជាក់ញឹកញាប់ថា គណបក្សរបស់លោកមិនមានគោលការណ៍កំណត់ចំនួនស្ត្រីជាក់លាក់ទេ គឺគ្រាន់តែលើកទឹកចិត្ត ហើយការសម្រេចចុងក្រោយគឺអាស្រ័យលើសមត្ថភាព។
នៅក្នុងទិវាអន្តរជាតិនារី៨មីនាក្នុងឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីតួនាទីសំខាន់ជាច្រើនរបស់ស្ត្រីដូចជា ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គមជាដើម។ ប៉ុន្តែនៅក្នុងសុន្ទរកថា នោះលោកមិនបញ្ជាក់ពីបង្កើនចំនួនស្ត្រីក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រទេ គឺលោកគ្រាន់តែបង្ហើបថា លោកបានជួលបរទេសឱ្យធ្វើការស្រាវជ្រាវលទ្ធផលប្រជាប្រិយភាពរបស់លោកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខ ហើយថាលទ្ធផលមានចំនួនស្ត្រីចូលចិត្តរូបលោកច្រើនជាងបុរស។ «»
ចំណែកអគ្គលេខាធិការរងនៃគណបក្សខ្មែររួបរួមជាតិលោក ទិប ទាវ បញ្ជាក់ថា គណបក្សរបស់លោកក៏មិនមានគោលការណ៍ជាក់លាក់ក្នុងការកំណត់ចំនួនស្ត្រីឈរឈ្មោះជាបេក្ខជននោះទេ គឺមានការលើកទឹកចិត្ត។ «»
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បញ្ជាក់ថា គណបក្សរបស់លោកក៏មិនមានគោលនយោបាយកំណត់ចំនួនស្ត្រីជាបេក្ខជនជាស្ត្រីដែរ ប៉ុន្តែមានការលើកទឹកចិត្ត។ «»
ដោយឡែកសម្រាប់ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានអ្នកស្រី ប្រុក វ៉ាន្នី មានប្រសាសន៍ថា គណបក្សរបស់អ្នកស្រីបានមានគោលនយោបាយជាក់លាក់ក្នុងការកំណត់ចំនួនលេខរៀងស្ត្រី។ «»
របាយការណ៍អង្គការខុមហ្វ្រែលបង្ហាញថា ចំនួនស្ត្រីជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២មានចំនួនស្ត្រីតែ២២ភាគរយ ចំណែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីអាណត្តិទី៦ ឆ្នាំ២០១៨ មានចំនួនស្ត្រីជាប់ឆ្នោតតែជាង២០ភាគរយ។
មានបញ្ហាជាច្រើនដែលអ្នកធ្វើការងារលើកកម្ពស់យេនឌ័រមើលឃើញថា ជាឧបសគ្គរារាំងស្ត្រីមិនចូលរួមឈរឈ្មោះនោះ គឺបរិយាកាសនយោបាយមានការគំរាមកំហែងមិនមានការជួយជ្រោមជ្រែងពីបុរសជាស្វាមី និងករណីបុរសដែលកំពុងកាន់តួនាទីសំខាន់ៗនៅក្រាញក្តោបតួនាទីមិនព្រមចូលនិវត្តន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។