រដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ជាក់ប្រាប់ប្រមុខការពារជាតិសហរដ្ឋអាមេរិក កុំឲ្យបន្តព្រួយបារម្ភអំពីបញ្ហាសង្ស័យពីវត្តមានកងទ័ពរំដោះប្រជាជនចិននៅកំពង់ផែកងទ័ពជើងទឹករាម។ អ្នកឃ្លាំមើលយល់ថា ការលើកឡើងរបស់ភាគីកម្ពុជានៅតែ មិនទាន់មានភាពច្បាស់លាស់ ដែលអាចធ្វើឲ្យសហរដ្ឋអាមេរិក ជឿទុកចិត្តបានឡើយ។
បញ្ហាសង្ស័យវត្តមានទ័ពចិននៅកំពង់ផែកងទ័ពជើងទឹករាម នៅតែជាប្រធានបទដ៏សំខាន់ក្នុងជំនួបរវាងប្រមុខការពារជាតិកម្ពុជា និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅរសៀលថ្ងៃទី២៣ វិច្ឆិកាថា ការជួបប្រជុំផ្ទាល់របស់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ នឹងអាចជួយកាត់បន្ថយភាពតានតឹងទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបន្តថា ក្នុងពេលកិច្ចប្រជុំប៉ុន្មានថ្ងៃនេះ លោក ក៏បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិចិន គឺលោក វ៉ៃ ហ្វេងហេ (Wei Fenghe) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) ដែរ។ ប្រមុខ ការពារ ជាតិកម្ពុជារូបនេះ អះអាងថា ជំនួបជាមួយភាគីចិន គឺទទួលបានលទ្ធផលផ្លែផ្កាល្អ និងប្ដេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែពិសេសថែមទៀត។ ចំពោះជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកវិញ លោកថា ភាគីទាំងពីរទទួលស្គាល់អំពីទំនាក់ទំនងវិស័យយោធាធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលជាការបារម្ភនេះមិនត្រឹមតែបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែមកពីការខ្វះខាតនូវតម្លាភាព។ ទាក់ទងទៅនឹងមូលដ្ឋានយោធារបស់ចិននៅកម្ពុជានោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅតែចាត់ទុកថា ជាការគំរាមកំហែងដល់ផលប្រយោជន៍ សន្តិសុខសហរដ្ឋអាមេរិក និងសន្តិសុខសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ ទោះជាយ៉ាងណាក្ដី លោក ទៀ បាញ់ ស្នើសុំឲ្យអាមេរិក ឈប់ព្រួយបារម្ភ និងសង្ស័យរឿងមូលដ្ឋានកងទ័ពជើងទឹករាមតទៅទៀត៖ «…..»។
លោក ទៀ បាញ់ សង្ឃឹមថា ក្រោយការជជែកទល់មុខគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកនេះ សង្ឃឹមថា ស្ថានភាពនឹងធូរស្រាលឡើងវិញ។
កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅខេត្តសៀមរាប ដែលមានប្រមុខការពារជាតិអាស៊ាន ៩ប្រទេស និងដៃគូ ៨ប្រទេសរួមមានអាមេរិក (US) ចិន (China) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ដ៍ (New Zealand) រុស្ស៊ី (Russia) ឥណ្ឌា (India) ជប៉ុន (Japan) និងកូរ៉េខាងជើង (North Korea) ចូលរួម។
ទាក់ទងនឹងរឿងនេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់ ថា ការលើកឡើងរបស់លោក ទៀ បាញ់ បែបនេះ នៅតែមិនទាន់មានភាពប្រាកដ ប្រជានោះទេ ហើយក៏មិនអាចឲ្យសហរដ្ឋអាមេរិក អស់មន្ទិលសង្ស័យដែរ។ លោក ថា កម្ពុជា គួរតែរក្សាជំហរអព្យាក្រិតដោយមិនគួរមានទំនាក់ទំនាក់ស្អិតរមួតជាមួយចិន ហើយបង្កភាពរកាំរកូសជាមួយអាមេរិកនោះទេ ព្រោះនាំឲ្យកម្ពុជាខាតបង់ផលប្រយោជន៍ជាតិ។ លើសពីនេះ លោកយល់ថា កម្ពុជា គួរតែព្យាយាមឆក់ឱកាស ដោះស្រាយរឿងមន្ទិលសង្ស័យកំពង់ផែកងទ័ពជើងទឹករាមនេះ ដើម្បីទាញយក ប្រយោជន៍ពីកិច្ចប្រជុំទាំងនេះ៖ «….»
រដ្ឋាភិបាល លោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។ ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជា និងចិន បានចេញមុខបដិសេធរឿងនេះក្តី ប៉ុន្តែខាងភាគីទាំងពីរមិន ដែលបង្ហាញភស្តុតាង និងព័ត៌មានដែលអាចគួរឱ្យជឿជាក់បាននោះឡើយ។ លើសពីនេះទៀត មូលដ្ឋានទ័ពជើងទឹករាម ដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធារបស់ចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗ មួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចចេញជារូបរាងឡើង ខណៈមន្ត្រីកម្ពុជា វាយកម្ទេចអាគារ ដែលជំនួយរបស់អាមេរិកដោយគ្មានការជូនដំណឹងជាមុន ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម។ ក្រុមអ្នកឃ្លាំមើលថា ទោះបីជាមានការបកស្រាយត្រឹមតែការលើកឡើងជាសាធារណៈពីសំណាក់លោក ហ៊ុន សែន និងមន្ត្រីរបស់លោកក៏ដោយ ក៏មិនអាចលាងជម្រះមន្ទិលសង្ស័យពីសហរដ្ឋអាមេរិកបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។