ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់គាំទ្រជំនួបជិតមួយម៉ោងរវាងមេបក្សប្រឆាំង លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន ដោយចាត់ទុកថា ជារឿងវិជ្ជមានសម្រាប់ នយោបាយកម្ពុជា។រីឯអ្នកវិភាគនយោបាយ យល់ថា កាយវិការរបស់តំណាងស្ថានទូតនេះ គឺបង្ហាញការគាំទ្រឲ្យគូបដិបក្ខនយោបាយទាំងពីរ វិលទៅរកតុចរចាបញ្ចប់វិបត្តិនយោបាយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅព្រឹកថ្ងៃទី១១ ខែឧសភា លោកបានទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជានៅគេហដ្ឋាន របស់លោកក្នុងក្រុងភ្នំពេញ ហើយក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញការសាទរ និង គាំទ្រ ចំពោះជំនួបរវាងលោក និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចាត់ទុកជំនួបដ៏កម្រនេះ ថា ជារឿងវិជ្ជមាន។ លោក កឹម សុខា បន្តថា លោក ក៏បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ខ្មែរក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពនាពេលអនាគតផងដែរ។
មេបក្សប្រឆាំងរូបនេះ បង្ហោះសារទៀតថា ក្នុងសប្ដាហ៍នេះ លោក ក៏នឹងទទួលជួបឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗ មួយចំនួនទៀត ដែលមានស្ថានទូតនៅ ភ្នំពេញជាបន្តបន្ទាប់ដោយផ្ទាល់នៅគេហដ្ឋានរបស់លោក។ ចំណែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តមួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្ដាញសង្គម មកសួរសុខទុក្ខលោកផងដែរ។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គម និងអ្នកវិភាគនយោបាយ បណ្ឌិត សេង សារី យល់ថា កាយវិការរបស់ តំណាងប្រទេសប្រជាធិបតេយ្យធំៗ នេះគឺជាការបង្ហាញការគាំទ្រដល់មេបក្សប្រឆាំង និងគាំទ្រឱ្យគួរបដិបក្ខនយោបាយទាំងពីរឱ្យវិលទៅរកតុចរចាដោះស្រាយវិបត្តិនយោបាយរាំរ៉ៃឡើងវិញ។ ទោះជាយ៉ាងណា លោក យល់ថា ប្រសិនបើ អ្នកនយោបាយខ្មែរ នៅតែគ្មានភាពស្មោះត្រង់ និងឆន្ទៈ ពិតប្រាកដក្នុងការដោះស្រាយជម្លោះនយោបាយនេះទេ គឺការផ្សះផ្សានយោបាយ គ្មានស្ថិរភាពនោះឡើយ៖ « ខ្ញុំជឿលើការធ្វើនយោបាយលក្ខណៈវិទ្យាសាស្ត្រ និងអាជីព ដូច្នេះដំណោះស្រាយនយោបាយ ដែលប្រើប្រាស់មនោសញ្ចេតនា ឬអារម្មណ៍ក្នុងការដោះ ស្រាយបញ្ហា គឺវាមិនមែនជាដំណោះស្រាយ ដែលមានរយៈពេលវែងនោះទេ។នៅពេលអ្នកនយោបាយសប្បាយចិត្តមកដោះស្រាយនយោបាយ តែពេលអ្នកនយោបាយមិនសប្បាយចិត្ត ក៏បញ្ហានយោបាយនៅជាប់គាំង » ។
កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ លោក កឹម សុខា បានជួបសន្ទនារយៈជិត ៥០នាទី ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលមេបក្សប្រឆាំងរូបនេះ ទៅចូលរួមគោរព វិញ្ញាណក្ខន្ធសពម្ដាយក្មេក លោក ហ៊ុន សែន។ ភាគីទាំងពីរ មិនបានបកស្រាយលម្អិតថា មានការជជែកគ្នាអ្វីខ្លះនោះទេ ប៉ុន្តែជំនួយរបស់លោក កឹម សុខា គឺលោក មុត ចន្ថា បង្ហើបនៅលើហ្វេសប៊ុក របស់លោកថា មេដឹកនាំនយោបាយទាំងពីរ បានសំណេះសំណាលគ្នាអំពីសុខទុក្ខ និងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ជំនួបរវាងមេបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រីកន្លងទៅនោះ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ហើយលោក មិនដឹងថា តំណាងស្ថានទូតបរទេស មើលឃើញចំណុចវិជ្ជមានជ្រុងណានោះទេ។ លោក ផៃ ស៊ីផាន ចាត់ទុកថា ជំនួបនោះ គ្រាន់តែជាវប្បធម៌ដ៏ល្អរបស់ខ្មែរនៅពេលមានសមាជិកគ្រួសារណាម្នាក់មានទុក្ខគឺតែងតែចូលរួមរំលែកទុក្ខឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ៖ « យើងចង់និយាយថា វិជ្ជមានក្នុងរឿងនយោបាយ ហើយខ្ញុំមើលវាមិនមែនជារឿងនយោបាយទេ រឿងឯកឧត្ដម កឹម សុខា គឺជារឿងកាតព្វកិច្ចរបស់តុលាការ។ អាស្រ័យហេតុដូច្នេះការដោះស្រាយទៅតាមផ្លូវតុលាការ គឺជាកាតព្វកិច្ចមួយ ដែលគ្មានអ្នកណាអាចបញ្ចៀសបានទេ សូម្បីតែនាយករដ្ឋមន្ត្រី។ ចំណុចទី៣ យើងនឹងដឹងពេលចប់កាតព្វកិច្ច តុលាការ គឺជាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ក្នុងការស្នើសុំព្រះមហាក្សត្រលើកលែងទោស » ។
តំណាងរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យធំៗ តែងតែបណ្ដាក់គ្នាទៅជួបសួរសុខទុក្ខ លោក កឹម សុខា ដល់ផ្ទះ របស់លោកជាបន្តបន្ទាប់ ចាប់តាំងពីតុលាការក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អនុញ្ញាតឱ្យលោកអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជា ហើយក៏មិនលោកធ្វើសកម្មភាពនយោបាយដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ឯកអគ្គរដ្ឋទូតប្រទេសសេរីទាំងនេះ បានជំរុញដល់រដ្ឋាភិបាលកម្ពុជាឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ឡើងវិញ តាមរយៈការទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងជនទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ក្នុងនោះរួមមានអ្នកសារព័ត៌មានសកម្មជនសង្គមស៊ីវិល ព្រមទាំងអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។