នាវាចម្បាំងចិន ២គ្រឿងផ្តល់ឲ្យកម្ពុជា បង្កក្ដីបារម្ភអំពីវត្តមាននាវាចិនអចិន្ត្រៃយ៍នៅឈូងសមុទ្ទថៃ
2024.09.07
នាវាចម្បាំងចិន ២គ្រឿងផ្តល់ឲ្យកម្ពុជា ជំរុញឲ្យសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតក្នុងតំបន់ បារម្ភពីវត្តមាននាវាចិនជាអចិន្ត្រៃយ៍ នៅឈូងសមុទ្ទថៃ។
ក្តីបារម្ភនេះ ធ្វើឡើងក្រោយពីមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រាប់ទីភ្នាក់ងារព័ត៌មាន អេភី (AP) កាលពីថ្ងៃទី៤ ខែកញ្ញាថ្មីៗ នេះថា ចិនបានផ្តល់នាវាចម្បាំងពីរគ្រឿង ដែលបានចតនៅកំពង់ផែរាមអស់ជាច្រើនខែមកនេះ ខណៈដែលប្រទេសចិន បានផ្តល់ជំនួយថវិកាធ្វើទំនើបកម្ម នៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា លើកឡើងថា ជំនួយនាវាចម្បាំងចិនពីរគ្រឿងនេះជាសំណើរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា ហើយដែលករណីនេះ វិទ្យុអាស៊ីសេរី និងសារព័ត៌មាន Diplomat ធ្លាប់បានចុះផ្សាយពីមុនថា ចិននឹងប្រគល់ផែស្ងួត និងផ្តល់នាវាចម្បាំងពីរគ្រឿងមកឱ្យកម្ពុជា។
កន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញក្តីព្រួយបារម្ភអំពីការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន។ សហរដ្ឋអាមេរិកសង្ស័យថា ចិននឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ទាំងលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បានបដិសេធម្ដងហើយម្ដងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
អ្នកវិភាគជាន់ខ្ពស់ផ្នែកការពារជាតិ នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បណ្ឌិត អ៊ួន ក្រាម (Euan Graham) លើកឡើងថា ការផ្តល់នាវាចម្បាំងចិនឲ្យកម្ពុជា និងការធ្វើទំនើបកម្មនៅមូលដ្ឋានទ័ពនេះ គឺជាថ្នូរនឹងការអនុញ្ញាតពិសេសឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ដែលជាផ្នែកមួយរបស់រដ្ឋាភិបាលចិន កំពុងបង្កើតបណ្ដាញមូលដ្ឋានយោធាចិន នៅក្រៅប្រទេស។ លោក Euan Graham សង្កត់ធ្ងន់ថា នេះជាវិធានការដ៏ឆ្លាតវៃរបស់ចិន ពីព្រោះវាអនុញ្ញាតឲ្យកម្ពុជានៅតែបន្តអះអាងថា កម្ពុជាគោរពរដ្ឋធម្មនុញ្ញ ដោយមិនអនុញ្ញាតឲ្យបង្កើតមូលដ្ឋានបរទេសនៅក្នុងទឹកដីរបស់ខ្លួនឡើយ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងមន្ត្រីក្រសួងការពារជាតិ ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហាលើកឡើងនេះនៅឡើយទេ នៅថ្ងៃទី៦ ខែកញ្ញា។
ក្រៅពីគម្រោងផ្នែកយោធាដល់កម្ពុជា រដ្ឋាភិបាលចិន បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដូចជា អាកាសយានដ្ឋាន ផ្លូវថ្នល់ ស្ពាន កាស៊ីណូ និងការអភិវឌ្ឍន៍ផ្សេងៗ។ កម្ពុជាជំពាក់បំណុលបរទេស ចំនួនទឹកប្រាក់ជាង ១១ពាន់លានដុល្លារអាមេរិក ក្នុងនោះ ប្រមាណ ៤០% ជាបំណុលចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។