អង្គការពិភពលោកផ្នែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យលើកទឹកចិត្តដល់យុវជន ខ្មែរឱ្យបន្តភាពសកម្មរបស់ខ្លួន ដើម្បីជួយជំរុញឱ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ អង្គការទាំងនោះសង្កត់ធ្ងន់ថា គេមិនអាចរង់ចាំមេដឹកនាំផ្ដាច់ការដាក់ទានលទ្ធិប្រជាធិបតេយ្យឱ្យនោះទេ ប៉ុន្តែពលរដ្ឋខ្លួនឯងត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត។ មន្ត្រីរដ្ឋាភិបាលកម្ពុជាឆ្លើយតបថា កម្ពុជាមិនបានបិទលំហប្រជាធិបតេយ្យនោះទេ។
អង្គការអន្តរជាតិពីរដែលធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក គឺវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI)លើកឡើងស្របគ្នាថា តួនាទីរបស់ពលរដ្ឋ ជាពិសេសយុវជន មានសារៈសំខាន់ជាខ្លាំងនៅក្នុងការជំរុញឱ្យមានដំណើរការប្រជាធិបតេយ្យ។
ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) លោក ឌែរិក មិតឆល(Derek Mitchell) មានប្រសាសន៍ថា នៅក្នុងប្រទេសដែលមានការគាបសង្កត់ដូចកម្ពុជាបច្ចុប្បន្ននេះ ពលរដ្ឋអាចមានអារម្មណ៍ភ័យខ្លាច និងបោះបង់ចោលការតស៊ូរបស់ខ្លួន។ ប៉ុន្តែលោកជំរុញឱ្យពលរដ្ឋខ្មែរត្រូវតែរឹងមាំឡើង ដើម្បីការពារសិទ្ធិ និងភាពជាពលរដ្ឋរបស់ខ្លួន។ លោកថ្លែងទៀតថា ពលរដ្ឋខ្មែរដែលមានជំនឿ និងចង់បានលទ្ធិប្រជាធិបតេយ្យ គួរតែកសាងបណ្ដាញជាមួយពលរដ្ឋប្រទេសដទៃទៀត ដែលមានជំនឿដូចគ្នានេះដែរ ដើម្បីទទួលបានការគាំទ្រ និងសាមគ្គីភាព។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរគួរតែចាប់ផ្តើមរួមគ្នាធ្វើសកម្មភាពឱ្យបានច្រើននៅតាមមូលដ្ឋាន ដើម្បីបង្កើតជាវប្បធម៌នៃការពិភាក្សា និងដោះស្រាយបញ្ហានានា៖ « យើងឆ្ពោះទៅមុខទាំងអស់គ្នា ដើម្បីរកមធ្យោបាយធ្វើការដោយសាមគ្គីភាព និងភាពទន់ភ្លន់ និងដើម្បីធានាថា សតវត្សរ៍ទី២១នេះ ជាសករាជនៃសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែក្រុមពួកអភិជន និងមេដឹកនាំផ្ដាច់ការនោះទេ។ ខ្ញុំមានសុទិដ្ឋិនិយមណាស់ចំពោះរឿងនេះ។ ខ្ញុំយល់ថា នៅពេលដែលយុវជនដឹងពីតម្រូវការរបស់ខ្លួន ហើយតវ៉ាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឬទាមទារចង់បញ្ចេញសំឡេងនៅក្នុងសង្គម ការលើកឡើងទាំងនោះនឹងត្រូវបានគេដឹងលឺនៅថ្ងៃណាមួយ។ ពួកមេដឹកនាំផ្ដាច់ការកំពុងតែរីករាយនូវអ្វីដែលពួកគេមាននៅថ្ងៃនេះ ប៉ុន្តែពួកគេមិនមែនមានវាជារៀងរហូតនោះទេ ហើយបន្តិចម្តងៗ ទិវាប្រជាធិបតេយ្យអន្តរជាតិនឹងក្លាយជាពេលវេលាដ៏រីករាយ»។
ស្រដៀងគ្នានេះ ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) លោក ដេញ៉ល ថ្វាញនីង(Daniel Twining) មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យអាចដំណើរការទៅបាន ទាល់តែមានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋ ជាពិសេសយុវជន ពីព្រោះពួកគេមានថាមពល ភាពស្វាហាប់ និងសមត្ថភាពដ៏អស្ចារ្យក្នុងការចងក្រងគ្នាជាបណ្ដាញ។ លោកបន្តថា យុវជនខ្មែរអាចធ្វើសកម្មភាព និងតស៊ូមតិលើបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន មានជាអាទិ៍ បញ្ហាអប់រំ សុខាភិបាល បញ្ហាទឹកភ្លើង ឬរឿងផ្លូវថ្នល់ ជាដើម ដើម្បីជំរុញឱ្យមានដំណើរការប្រជាធិបតេយ្យពីកម្រិតមូលដ្ឋានមកវិញ៖ «ការមិនធ្វើអ្វីសោះ ហើយរង់ចាំឱ្យតំណាងរាស្ត្រ ឬរដ្ឋមន្ត្រីណាម្នាក់មកដោះស្រាយបញ្ហាឱ្យយើងនោះ វាមិនមែនជាដំណោះស្រាយឡើយ។ ខ្ញុំហ៊ាននិយាយថា នៅប្រទេសណាក៏ដូច្នេះដែរ រួមទាំងសហរដ្ឋអាមេរិកផង។ អ៊ីចឹងហើយ សូមសកម្មឡើង និងរួមគ្នាដើម្បីកៀរគរមិត្តភក្តិ ហើយរៀបចំផែនការសកម្មភាព។ ការចងក្រងគ្នាជាបណ្ដាញមានសារៈសំខាន់ណាស់ ពីព្រោះការធ្វើអ្វីមួយតែម្នាក់ឯងមិនងាយសម្រេចផលនោះទេ។ ផ្ទុយទៅវិញ បើយើងអាចធ្វើអ្វីមួយជាក្រុម ឬជាសហគមន៍នោះ វាពិតជាមានទម្ងន់ និងអាចសម្រេចជោគវាសនារបស់យើងម្នាក់ៗ។ នៅក្នុងប្រទេសមួយដែលពលរដ្ឋ ២ភាគ ៣ ជាមនុស្សវ័យក្មេង ដូចករណីប្រទេសកម្ពុជានេះ អ្នកនយោបាយត្រូវតែស្ដាប់ ហើយឆ្លើយតបតាមសំណើ និងសកម្មភាពរបស់អ្នកដោយចៀសមិនរួច »។
អនុសាសន៍របស់ប្រធានអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងពីរនេះ ធ្វើឡើងនៅក្នុង កិច្ចពិភាក្សាមួយតាមប្រព័ន្ធអ៊ិនធើណិត (Internet) ដើម្បីអបអរទិវាប្រជាធិបតេយ្យអន្តរជាតិនៅថ្ងៃទី១៥ ខែកញ្ញា។ កម្មវិធីនេះរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ហើយដែលមានឯកអគ្គរដ្ឋទូតលោក ផាទ្រីក ម័រហ្វី (Patrick Murphy) ជាអ្នកសម្របសម្រួល។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលមិនបានបិទលំហប្រជាធិបតេយ្យ និងសិទ្ធិរបស់ពលរដ្ឋ ឬយុវជននោះទេ។ លោកថ្លែងការពារចំណាត់ការទាំងឡាយលើគណបក្សប្រឆាំង សង្គមស៊ីវិល និងសកម្មជននាពេលកន្លងទៅនោះថា ជាការអនុវត្តច្បាប់៖ « ទោះបីអ្នកហ្នឹងបង្កើតគណបក្សកុម្មុយនីស្តក៏គ្មានអ្នកណាទៅថាអ្វីឱ្យគេដែរ ពីព្រោះចំហតើ មិនប្រកាន់លទ្ធិណាជាលទ្ធិណាទេ។ ដូច្នេះជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជាទេ មិនមែនជាជម្រើសរបស់បរទេសឯណា » ។
ផ្ទុយពីការបកស្រាយនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មើលឃើញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះខ្លាំង ចាប់តាំងពីចុងឆ្នាំ ២០១៧មក។ លោកយល់ថា ការធ្លាក់ចុះនេះ គឺដោយសារតែពលរដ្ឋមិនទាន់ក្លាយជាម្ចាស់អំណាចពេញលេញនៅឡើយ។ លោក នី សុខា គាំទ្រចំពោះការលើកឡើងរបស់អ្នកជំនាញអន្តរជាតិ ដែលជំរុញឱ្យពលរដ្ឋ និងយុវជនបន្តភាពសកម្មថែមទៀត ដើម្បីក្លាយជាម្ចាស់អំណាច ស្របតាមគោលការណ៍ប្រជាធិបតេយ្យ៖ « សាររបស់គាត់ (NDI និង IRI) ខ្ញុំគិតថា វាជារឿងមួយត្រឹមត្រូវណាស់ អ៊ីចឹងហើយយើងដាស់ស្មារតីរបស់ខ្មែរទាំងអស់ ពិសេសគឺយុវជន យុវនារី។ ប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈ ត្រូវតែគិតគូរ ត្រូវតែចូលរួមឱ្យបានសកម្មនៅក្នុងដំណើរការហ្នឹង ទើបយើងអាចក្លាយទៅជាម្ចាស់ប្រទេសពិតប្រាកដ ទើបយើងអាចស្ដារលទ្ធិប្រជាធិបតេយ្យយើងត្រឡប់មកវិញឱ្យបានល្អ មិនមែនយើងពឹងអាស្រ័យតែទៅលើអ្នកដឹកនាំ ឬក៏ពឹងអាស្រ័យទៅលើគណបក្សនយោបាយ អ្នកដឹកនាំនយោបាយទេ »។
សហគមន៍ជាតិ និងអន្តរជាតិបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ដុនដាបខ្លាំង បន្ទាប់ពីរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៧ និងបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំលើសារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល សហជីព និងអ្នករិះគន់។ ជិត ៤ឆ្នាំមកនេះ ស្ថានការណ៍ធ្លាក់ដុនដាបទាំងនេះ មិនទាន់វិវឌ្ឍទៅរកភាពប្រសើរឡើងវិញនៅឡើយ ស្របពេលអាជ្ញាធររបបលោក ហ៊ុន សែន នៅតែបន្តបង្ក្រាបលើសំឡេងរិះគន់ និងសំឡេងឯករាជ្យ។
អ្នកតាមដានស្ថានការណ៍វាយតម្លៃថា យុទ្ធសាស្ត្របង្ក្រាបឥតស្រាកស្រាន្តនេះ គឺដើម្បីធានាជ័យជម្នះឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ និងការបោះឆ្នោតអាណត្តិថ្មីនាពេលខាងមុខ។ ប៉ុន្តែយុទ្ធសាស្ត្រនេះបានជះផលអាក្រក់មកវិញដល់សង្គមជាតិ នោះគឺការរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ព្រមទាំងការខូចស្ថាប័ន និងប្រព័ន្ធប្រជាធិបតេយ្យដែលមានអាយុកាលជិត ៣ទស្សវត្សរ៍នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។