អនុក្រឹត្យចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលសម្រេចបង្កើនប្រាក់ខែមូលដ្ឋាន ឬប្រាក់ខែគោលកម្រិតទាបបំផុតរបស់មន្ត្រីរាជការនៃក្របខ័ណ្ឌ «ឃ» និងក្របខ័ណ្ឌ «គ» ចំនួន ៣សែន ២ម៉ឺនរៀល (៣២០.០០០រៀល) ក្នុងមួយខែ។
សេចក្ដីប្រកាសនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលរិះគន់ថា ជាចេតនាបក្សប្រជាជន ដែលកំពុងកាន់អំណាច ធ្វើឡើងដើម្បីយកប្រជាប្រិយភាពផ្នែកនយោបាយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាទូទៅតែងតែរិះគន់រដ្ឋាភិបាលនោះ បានចោទសួរនៅថ្ងៃទី៧ សីហា ថា ហេតុអ្វីបានជារដ្ឋាភិបាលប្រកាសដំឡើងប្រាក់ខែមន្ត្រីរាជការនៅពេលដែលរដ្ឋាភិបាលអាណត្តិចាស់ជិតចប់ដូច្នេះ៖ «ការដំឡើងនេះមិនមែនសុឆន្ទៈចង់ដោះស្រាយជូនមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនទេ គឺវាជារឿងនយោបាយច្រើនជាង។ ពីព្រោះយើងដឹងហើយថា គាត់ចង់ផ្កាប់ចិត្តចង់យកចិត្តមន្ត្រីរាជការនៅក្រោមឱវាទ ដែលឃើញស្ថានភាពមនុស្សគគ្រឹកគគ្រេងទៅគាំទ្រគណបក្សសង្គ្រោះជាតិ ហើយគាត់ត្រូវបាត់បង់ការគាំទ្រ...»។
ឆ្លើយតបទៅនឹងសំណួរនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ការប្រកាសដំឡើងប្រាក់ខែមន្ត្រីរាជការនេះ គឺមិនមែនធ្វើឡើងដូចការចោទប្រកាន់នោះទេ គឺរដ្ឋាភិបាលមានផែនការយូរហើយ ហើយនេះ គឺជាការដំឡើងប្រាក់ខែប្រចាំឆ្នាំធម្មតា ដែលរដ្ឋាភិបាលតែងតែធ្វើឡើងរៀងរាល់ឆ្នាំ មិនមានអ្វីភ្ញាក់ផ្អើលទេ៖ «អាហ្នឹង យើងមានជាគោលការណ៍ប្រចាំឆ្នាំហើយ ថែមដាក់រង្វាន់ទៀត អាស្រ័យហេតុដូច្នេះហើយដែលសង្គមស៊ីវិលគ្រាន់តែលោកមើលឃើញរាជរដ្ឋាភិបាលជ្រុងខ្មៅកខ្វក់ លោកចេះតែនិយាយ…»។
ជាទូទៅ ប្រាក់ខែមន្ត្រីរាជការសព្វថ្ងៃនៅមានកម្រិតទាបនៅឡើយ គឺក្នុងកម្រិតពី ២០ម៉ឺន ទៅ ៤០ម៉ឺន ស្មើនឹង ៥០ដុល្លារ ទៅ ១០០ដុល្លារក្នុងមួយខែ ដែលមិនអាចឲ្យមន្ត្រីរាជការរស់ពឹងលើប្រាក់ខែនេះតែមួយមុខបាន ហើយត្រូវបង្ខំចិត្តរកកម្រៃក្រៅ ហើយបញ្ហានេះបណ្ដាលឲ្យមានអំពើពុករលួយរាលដាលនៅក្នុងសង្គមខ្មែរធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។