រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​រឿង​សភា​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​បន្ថែម​ពី​កម្ពុជា

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​ចំពោះ​សភា​អឺរ៉ុប​ដែល​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ី​ប៊ី​អេ (EBA) បន្ថែម​ពី​កម្ពុជា​នោះ​ឡើយ​។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​សភា​អឺរ៉ុប​អំពាវនាវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​ ពី​កម្ពុជា ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ ប្រព្រឹត្តទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។

មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ថា ជា​ការ​វាយតម្លៃ​មិន​គ្រប់​ជ្រុងជ្រោយ និង​ជឿ​លើ​អ្នកនយោបាយ​មួយ​ក្រុម​តូច ដោយ​មិន​ឆ្លុះបញ្ចាំង​ស្ថានភាព​ពិត​ជាក់ស្តែង​ក្នុង​គោល​បំណង​បន្តុប​បង្អាប់​ដល់​កិត្តិយស​កម្ពុជា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​មីនា ថា​រដ្ឋាភិបាល​មិន​ព្រួយបារម្ភ​ចំពោះ​សភា​អឺរ៉ុប​ចេញ​សារ​ព្រមាន​ដក​ពន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ពី​កម្ពុជា​ឡើយ ព្រោះ​រដ្ឋាភិបាល​ដឹង​រួច​ហើយ​ថា កម្ពុជា​មុន ឬ​ក្រោយ​ត្រូវតែ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​នោះ ដោយសារ​តែ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ដល់​កម្រិត​ចំណូល​មធ្យម​កម្រិត​ទាប។ លោក​បន្ថែម​ថា សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA)២០% ​ពី​កម្ពុជា​កន្លង​មក​មិន​ប៉ះពាល់​ដល់​ដំណើរ​ការផលិត ឬ​ការ​នាំ​ចេញ​ទិញ ឬ​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ។

លោក កត្តា អ៊ន ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​តែងតែ​រៀបចំ​ការបោះឆ្នោត ហើយ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​កំពុង​រីករាយ​នឹង​សន្តិភាព​ ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ខណៈ​គណបក្ស​នយោបាយ​កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខនេះ​នឹង​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ។

លោក កត្តា អ៊ន៖ «សិទ្ធិមនុស្ស​ដែល​យើង​ហៅថា​សិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​សង្គម​នីតិរដ្ឋ ហើយ​យើង​មិនអាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដោយ​រំលោភច្បាប់​ទេ អ៊ីចឹង​ការណ៍​ដែល​សហភាព​អឺរ៉ុប​មាន​ចេតនា​គាំទ្រ​បុគ្គល​មួយចំនួន អ្នក​នយោបាយ​មួយចំនួន​ដែល​បំពាន​ច្បាប់​មានន័យ​ថា សហគមន៍​អឺរ៉ុប​ចង់​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា មិន​គោរព​ច្បាប់​មិន​គោរព​សិទ្ធិមនុស្ស»។

ប្រតិកម្ម​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ដូច្នេះ បន្ទាប់ពី​សភា​អឺរ៉ុប​សំឡេង​ច្រើន​លើសលប់ កាលពី​ថ្ងៃទី​១៦ ខែ​មីនា បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​ថ្មី​មួយ​ដែល​មាន​៧​ចំណុច​ធំៗ​។ ចំណុច​សំខាន់​មួយ​នៃ​សេចក្តី​សម្រេច​នេះ គឺ​ព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ​ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខនេះ ធ្វើ​ឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​កើតមាន​ការរំលោភ​សិទ្ធិ​មនុស្ស​បន្ត​ទៀត។

សេចក្តី​សម្រេច​ដែល​ទើប​អនុម័ត​ចុង​ក្រោយ​នេះ ក្លាយ​ជា​ការព្រមាន​ផ្លូវការ​របស់​សភា​អឺរ៉ុប​ជា​លើក​ទី​ពីរ ក្រោយ​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ២០%​ពី​កម្ពុជា។ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២​កន្លងទៅ សភា​អឺរ៉ុប​ធ្លាប់​បាន​អនុម័ត​សេចក្តី​សម្រេច​ម្តង​រួចមក​ហើយដោយ​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ EBA ​ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា រំឭក​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ធំៗ​បាន​ជួយ​កម្ពុជា​ជា​ហូរហែ ជាពិសេស​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​នាំចេញ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ប្រទេស​។ លោក​មើល​ឃើញ​ថា ករណី​បន្ត​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​នេះ​បណ្តាល​មក​ពី​សភា​អឺរ៉ុប​មើល​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​បាន​ធ្លាក់ចុះ​។ លោក ស៊ឹង សែនករុណា យល់​ថា រដ្ឋាភិបាល​គួរ​យក​សំណើ​ទាំងនោះ​ទៅ​ពិនិត្យ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​វត្តមាន​ EBA ​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​វិនិយោគ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​យល់ថា​បញ្ហា​ទាំងអស់​នេះ​បើសិនជា​ភាគី​ពាក់ព័ន្ធ​ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​អ្វី​ដែល​លើកឡើង​របស់​សភា​អឺរ៉ុប​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​រដ្ឋាភិបាល​មាន​ធនធាន​ក្នុង​ដៃ​អាច​ធ្វើ​ឱ្យ​មានការ​កែប្រែ​ឱ្យ​ល្អ​ប្រសើរ​ឡើង​ទៅ​តាម​ការ​លើកឡើង​សភា​អឺរ៉ុប​នោះ»។

ចំណែក អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គឹម សួរភីរិទ្ធ ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​បក្ស​ភ្លើងទៀន​បាន​ជួប​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ឺប និង​ស្នើ​ឱ្យ​ជួយ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ ជាពិសេស​ការគាបសង្កត់ ការ​គំរាមកំហែង​លើ​ដៃ​ប្រកួតប្រជែង ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ក្រោម​ហេតុផល​នយោបាយ​ឱ្យ​វិល​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ​។ លោក​ថា បើសិន​សហភាព​អឺរ៉ុប​បន្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ក្រោយ​ការ​បោះឆ្នោត​នោះ គឺជា​រឿង​សោកស្តាយ ពីព្រោះ​បាត់​ EBA ​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​រាប់​សែន​នាក់​បាត់​ការងារ​។ លោក​ទទូច​ដល់​រដ្ឋាភិបាល​ត្រូវ​ពិនិត្យមើល​លើ​លក្ខខណ្ឌ​របស់​សភា​អឺរ៉ុប​ឡើងវិញ ដើម្បី​លើកស្ទួយ​គោលការណ៍​ប្រជាធិបតេយ្យ និង​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ។

លោក គឹម សួរភីរិទ្ធ៖ «បើសិន​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​គិតគូរ​ផលប្រយោជន៍​អនាគត​របស់​ជាតិ គិតគូរ​ផលប្រយោជន៍​របស់​កម្ម​ករ​នោះ គាត់​អាច​ធ្វើ​ទៅ​បាន រឿង​នេះ​មិនមែន​ជា​លូក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ជា​លក្ខខណ្ឌ​សម្រាប់​អនុគ្រោះ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​តិចតួច​ដើម្បី​ជំរុញ​ឱ្យ​យើង​មាន​ការ​អភិវឌ្ឍ​ខ្លាំង ប្រទេស​ទាំងនោះ​ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​កន្លង​មក​ដែរ ជាពិសេស​គេ​ធ្លាប់ធ្វើ​មិច​ឱ្យ​កម្ពុជា​មាន​សន្តិភាព គេ​ធ្លាប់​ជួយ​ដោះស្រាយ​សង្គ្រាម​ស៊ីវិល គេ​ធ្វើ​ឱ្យ​មាន​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ដែល​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី»។

សភា​អឺរ៉ុប ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៣​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើភាព​គ្នា ដោយ​សេរី និង​តម្លាភាព ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ត្រូវ​មាន​តម្លាភាព និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ សេចក្តី​សម្រេច​នេះ ក៏​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ជាបន្ទាន់។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០២២ កន្លងទៅ មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ៤​ពាន់​៨​រយ លាន​ដុល្លារ (៤.៨៥៧ លាន​ដុល្លារ​) គឺ​កើនឡើង​ជិត ១៦% បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ក្នុង​ឆ្នាំ​២០២២​ដដែល កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​តម្លៃ​សរុប​រហូត​ដល់​ជាង ៤​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​ទិញ​ពី​អឺរ៉ុប​វិញ បាន​ត្រឹម​តែ​ជាង ៨០០ លាន​ដុល្លារ (៨១២ លាន​ដុល្លារ​) ប៉ុណ្ណោះ។

ខុសពី​មិត្ត​ដែកថែប​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​ចំនួន​ពីរ​របស់​កម្ពុជា ដែល​កម្ពុជា​រកស៊ី​ចំណេញ​ខ្លាំង​។ ផ្ទុយទៅវិញ មិត្ត​ដែកថែប​ចិន​មិន​បាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​កម្ពុជា​ឡើយ ដោយ​ចិន​ពូកែ​តែ​ខាង​យក​ទំនិញ​របស់​ខ្លួន​មក​លក់​ឱ្យ​ខ្មែរ គឺ​រហូតដល់​ទៅ​ជិត ១​ម៉ឺន​លាន​ដុល្លារ ខណៈ​ប្រទេស​នេះ​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​បាន​ត្រឹមតែ​ជាង ១​ពាន់​២​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។