មេ​ឃុំ​បឹងទូក​​ចោទ​ថា​វេទិកា​សាធារណៈ​របស់​មន្ត្រី​រដ្ឋាភិបាល​មាន​ចរិត​គាប​មេ​ឃុំ​បក្ស​ប្រឆាំង

ដោយ វ៉ាន វណ្ណដេត
2017.08.22
វេទិកា​សាធារណៈ​នៅ​ខេត្ត​កំពត ២០១៧ អភិបាល​រង​ខេត្ត​កំពត លោក សុដ សារ៉ាត់ (ឆ្វេង) និង​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​អនុវត្ត និង​ត្រួត​ពិនិត្យ​គោលនយោបាយ​រដ្ឋាភិបាល ប្រចាំ​ស្រុក​ទឹកឈូ លោក មាន សុភា ក្នុង​វេទិកា​សាធារណៈ​នៅ​ឃុំ​បឹងទូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

មេ​ឃុំ​របស់​បក្ស​ប្រឆាំង​ដែល​ឈ្នះ​ឆ្នោត​នៅឃុំ​បឹងទូក ​ស្រុក​ទឹកឈូ ខេត្ត​កំពត រិះគន់​​វេទិកា​សាធារណៈ​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ ដែល​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ថា​មាន​ចរិត​លក្ខណៈ​ជា​ការ​គាប់​សង្កត់​មេ​ឃុំ​បក្ស​ប្រឆាំង ជា​ជាង​មាន​ចេតនា​ដោះស្រាយ​ទុក្ខ​កង្វល់​ពិត​ប្រាកដ​របស់​ពលរដ្ឋ។

ការ​ចោទ​ប្រកាន់​របស់​មេ​ឃុំ​បក្ស​ប្រឆាំង គឺ​ក្រោយ​ពេល​មន្ត្រី​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​អនុវត្ត និង​ត្រួត​ពិនិត្យ​គោលនយោបាយ​រដ្ឋាភិបាល ប្រចាំ​ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​បាន​បន្ទោស និង​រិះគន់​មេ​ឃុំ​បឹងទូក មាន​ចំណេះ​ដឹង​ទាប។ ​ក្រៅ​ពី​រិះគន់ និង​បន្ទោស​មេ​ឃុំ មន្ត្រី​ចុះ​អនុវត្ត និង​ពិនិត្យ​គោលនយោបាយ​មិន​បាន​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​ទាមទារ​ករណី​ក្រុមហ៊ុន​លោក​ឧកញ៉ា វិញ ហួរ ចាក់​ដី​លុប​សមុទ្រ​នៅ​ឃុំ​បឹងទូក ដោយ​សន្យា​ថា នឹង​ដាក់​ទៅ​ថ្នាក់​លើ​បន្ត។

មេ​ឃុំ​បឹងទូក នៃ​ស្រុក​ទឹកឈូ លោក សេង ចាន់ថន ផ្ដល់​បទសម្ភាសន៍​ក្រោយ​ពី​ចប់​វេទិកា​សាធារណៈ​ថា នៅ​ក្នុង​វេទិកា​នេះ មន្ត្រី​របស់​រដ្ឋាភិបាល​ហាក់​មិន​បាន​ផ្ដល់​ពេល​វេលា​សមស្រប​សម្រាប់​លោក​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​មេ​ឃុំ ប្រាប់​ថា តំណាង​ពលរដ្ឋ​ដែល​បាន​ឡើង​សួរ​សំណួរ​ភាគ​ច្រើន គឺ​ជា​អ្នក​មាន​សន្ដាន​ចិត្ត​ជាមួយ​បក្ស​កាន់​អំណាច និង​មាន​ម្នាក់​គឺ​ជា​ជំទាវ ភរិយា​របស់​អតីត​អភិបាល​រង​ខេត្ត​កំពត លោក អ៊ឹង ម៉េងហួរ។

លោក សេង ចាន់ថន៖ «លោកស្រី (ភរិយា​របស់​អតីត​អភិបាល​រង​ខេត្ត​កំពត លោក អ៊ឹង ម៉េងហួរ) គាត់​សួរ ហើយ​គាត់​និយាយ​ថា ផ្លូវ​នេះ​ជា​របស់​គណបក្ស បើ​តាម​ខ្ញុំ​យល់ គឺ​មិន​ទេ ព្រោះ​អី​តាម​ច្បាប់​ថា ការងារ​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន អំបាញ់មិញ​គាត់​សួរ​អ៊ីចឹង ហើយ​គាត់​ទៅ​បាត់។ បើ​តាម​ខ្ញុំ​យល់ ផ្លូវ​អភិវឌ្ឍន៍​នានា​ក្នុង​មូលដ្ឋាន​គឺ​ជា​ថវិកា​ជាតិ។ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​បងប្អូន​យល់ ធ្វើ​ការងារ​អភិវឌ្ឍន៍​គឺ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រួម មិន​មែន​ផ្លូវ​របស់​គណបក្ស​ទេ»

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា មន្ត្រី​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​អនុវត្ត និង​ត្រួតពិនិត្យ​គោលនយោបាយ​រដ្ឋាភិបាល ប្រចាំ​ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងទូក ក្នុង​វត្ត​ព្រះច័ន្ទរង្ស៊ី ហៅ​វត្ត​រលួស ដើម្បី​ស្ដាប់​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ពេល​រសៀល អភិបាល​ស្រុក​ទឹកឈូ បាន​ទៅ​បើក​វេទិកា​សាធារណៈ​នេះ​មួយ​ទៀត​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កូនសត្វ ក្នុង​វត្ត​អង្គ​គ្រឹះស្នា។

មេ​ឃុំ​កូនសត្វ នៃ​ស្រុក​ទឹកឈូ លោក នាក់ គីម យល់​ថា វេទិកា​សាធារណៈ​នៅ​ឃុំ​កូនសត្វ អាជ្ញាធរ​ស្រុក​មិន​បាន​ដាក់​គំនាប​លោក​ទេ គ្រាន់​តែ​ណែនាំ​លោក៖ «អត់​គាប​ទេ។ គាត់ (អភិបាល​ស្រុក​ទឹកឈូ) គ្រាន់​តែ​សំណូមពរ​មេ​ឃុំ​ចុះ​សិក្សា ហើយ​ខ្ញុំ​ក៏​ឯកភាព​ទទួល​បាន​ប៉ុន្មាន​ចំណុច​ហ្នឹង ចាំ​ខ្ញុំ​ចុះ​សិក្សា»

​ស្រុក​ទឹកឈូ មាន​ឃុំ​ចំនួន​១៦។ លទ្ធផល​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​តំណែង​ជា​មេ​ឃុំ​ចំនួន ២​ឃុំ គឺ​ឃុំ​បឹងទូក និង​ឃុំ​កូនសត្វ។

ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​អនុវត្ត និង​ត្រួត​ពិនិត្យ​គោលនយោបាយ​រដ្ឋាភិបាល ប្រចាំ​ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក មាន សុភា ប្រកាស​ក្នុង​វេទិកា​សាធារណៈ​ថា វេទិកា​នេះ​មិន​មែន​ជា​វេទិកា​ដើម្បី​ឃោសនា​នយោបាយ​នោះ​ទេ ប៉ុន្តែ​វត្តមាន​របស់​ក្រុម​លោក​មក​ពី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​មក​ពី​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក គឺ​ដើម្បី​មក​អនុវត្ត និង​ត្រួត​ពិនិត្យ​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​អនុវត្ត​នៅ​ក្នុង​ឃុំ​បឹងទូក៖ «វេទិកា​សាធារណៈ​នេះ គឺ​គោលដៅ​សំខាន់​រាជរដ្ឋាភិបាល គឺ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ពង្រឹង​ពង្រីក​ប្រសិទ្ធភាព​នៃ​ការ​បម្រើ​រាស្ត្រ បម្រើ​ប្រជាជន​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន»

ទោះ​យ៉ាង​ណា លោក មាន សុភា មិន​បាន​វាយ​តម្លៃ​អំពី​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​អនុវត្ត​នៅ​ឃុំ​បឹងទូក នោះ​ទេ។

​មុន​ឲ្យ​ពលរដ្ឋ​ឡើង​សួរ​សំណួរ​ទៅ​មន្ត្រី​ជំនាញ​នៅ​ថ្នាក់​ខេត្ត លោក មាន សុភា បាន​ផ្ដល់​ឱកាស​ឲ្យ​មេ​ឃុំ​បឹងទូក លោក សេង ចាន់ថន ឲ្យ​និយមន័យ​វេទិកា​សាធារណៈ​ជា​អ្វី។ ក្រោយ​ការ​ឡើង​ឆ្លើយ មន្ត្រី​នៅ​ថ្នាក់​ជាតិ​បាន​វាយ​តម្លៃ​ថា មេ​ឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំណេះ​ដឹង​ទាប។ លោក មាន សុភា បាន​ស្នើ​ឲ្យ​ពលរដ្ឋ​លើក​យក​បញ្ហា​តូចៗ ដូចជា​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ជិត​ខាង ឬ​សេវា​សាធារណៈ​នៅ​ថ្នាក់​ឃុំ​មក​ជជែក​ក្នុង​វេទិកា​នោះ ព្រោះ​បញ្ហា​ធំៗ​ពេក លោក​មិន​មាន​សមត្ថភាព​ដោះស្រាយ​ជូន​ទេ ដោយ​លោក​សន្យា​ទុក​សំណើ​នោះ​ទៅ​ថ្នាក់លើ​ជា​បន្ត​ទៀត។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​កែបថ្មី ឃុំ​បឹងទូក លោក អ៊ុក សំអែល នៅ​តែ​ឆ្ងល់​អំពី​គោលនយោបាយ ៥០​ម៉ឺន​ដុល្លារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រកាស​មុន​ការ​បោះឆ្នោត។ ពលរដ្ឋ​រូប​នេះ​ទាមទារ​ចង់​ឃើញ​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​មួយ​ឃុំ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា៖ «ខ្ញុំ​អត់​សំណូមពរ​ទេ ប៉ុន្តែ​ខ្ញុំ​រំលឹក​ពី​បញ្ហា សន្យា​ជាមួយ​ប្រជាពលរដ្ឋ ជាមួយ​ខ្ញុំ។ មុន​ការ​បោះឆ្នោត ខាង​សង្គ្រោះ​ជាតិ គាត់​បាន​ឃោសនា​ថា បើ​សិន​មេ​ឃុំ​ជាប់ មេ​ឃុំ​សង្គ្រោះ​ជាតិ គាត់​ហ្នឹង​១​ឆ្នាំ ៥០​ម៉ឺន​ដុល្លារ ដូច​ច្រើន​ពេក​ហើយ។ ខ្ញុំ​ថា រឿង​តិច​រឿង​ច្រើន​ជា​រឿង​របស់​គាត់​ដែល​សន្យា​ទេ អា​ហ្នឹង​ខ្ញុំ​ចង់​ឃើញ​ចំណុច​ហ្នឹង​ឲ្យ​បាន ចំណុច​នេះ»

មេ​ឃុំ​បឹងទូក លោក សេង ចាន់ថន បាន​ពន្យល់​ថា គោលនយោបាយ ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឃុំ​គឺ​អនុវត្ត​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០១៨។

អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក មាន សុភា ថា លោក​ទើបតែ​ដឹង​ថា គោលនយោបាយ ៥០​ម៉ឺន​ដុល្លារ គ្រាន់​តែ​ជា​ការ​សន្យា ហើយ​នឹង​អនុវត្ត​នៅ​ពេល​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត៖ «ទើប​តែ​ពេល​នេះ ទើប​តែ​យល់​ថា ការ​ដែល​ប្រើប្រាស់​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ឃុំ​ហ្នឹង​ទាល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ នោះ​ទេ អ៊ីចឹង​ទេ​លោក​មេ​ឃុំ។ អា​ហ្នឹង​គ្រាន់​តែ​សន្យា​ទេ​បង​ប្អូន»

​មេ​ឃុំ​បឹងទូក លោក សេង ចាន់ថន ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​មន្ត្រី​នៅ​ថ្នាក់​ជាតិ ទើប​តែ​យល់​អំពី​គោលនយោបាយ ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឃុំ​របស់​គណបក្ស​លោក។ តែ​យ៉ាង​ណា​លោក​មេ​ឃុំ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើ​ពើ ឬ​យ៉ាង​ណា​នោះ​ទេ?

អភិបាល​រង​ខេត្ត​កំពត លោក សុដ សារ៉ាត់ ហាក់​មិន​ទាន់​អស់​ចិត្ត​នឹង​គោល​នយោបាយ ៥០​ម៉ឺន​ដុល្លារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សន្យា​​នោះ​ទេ។ លោក​អភិបាល​រង​ខេត្ត បាន​ប្រាប់​ពលរដ្ឋ​ក្នុង​ឃុំ​បឹងទូក ថា បើ​ចង់​បាន​ថវិកា​ឃុំ​ច្រើន ពលរដ្ឋ​ត្រូវ​ស្ម័គ្រ​ចិត្ត​បង់ពន្ធ​ចូល​ថវិកា​រដ្ឋ៖ «ឧទាហរណ៍​យើង​ចង់​ដាក់ ១​លាន​ដុល្លារ​ក៏​បាន​ដែរ ប៉ុន្តែ​យើង​ត្រូវ​បន្ថែម​ពន្ធ​ពី​ប្រជាពលរដ្ឋ។ ឧទាហរណ៍​ថា គាត់​យក​ពី​ពន្ធ​អី​ក៏​បាន​ដែរ ពន្ធ​ពី​ជ្រូក ពី​មាន់ ពី​ទា​អី​ទៅ យើង​បាន​លុយ​ទៅ​អភិវឌ្ឍន៍​ឃុំ​យើង​ហើយ។ ប្រទេស​ដែល​គេ​មាន គេ​ពូកែ​ទារ​ពន្ធ»

​ចំណែក​អភិបាល​ស្រុក​ទឹកឈូ លោក នាក់ សុវណ្ណារី បន្ទោស​មេ​ឃុំ ករណី​មេ​ឃុំ​បឹងទូក ឃាត់​ឡាន​ដឹក​អំបិល​មិន​ឲ្យ​បើក​បរ​នៅ​លើ​ផ្លូវ​លំ​ក្នុង​ភូមិ​ លោក​អភិបាល​ស្រុក​ប្រាប់​មេ​ឃុំ​ថា ការងារ​ឃាត់​ឡាន​ដឹក​អំបិល មិន​មែន​ជា​កាតព្វកិច្ច​របស់​មេ​ឃុំ ហើយ​មេ​ឃុំ​គ្មាន​សិទ្ធិ​អ្វី​ទៅ​ឃាត់​ឡាន​ដឹក​អំបិល​នោះ​ទេ៖ «កិច្ច​ការងារ​ឃាត់​ឡាន​ដឹក​អំបិល មិន​មែន​ជា​សមត្ថកិច្ច​របស់​មេ​ឃុំ​ទេ ឯកឧត្ដម (មាន សុភា) គាត់​និយាយ ខ្ញុំ​សង្ខេប​ទេ។ មិន​មែន​សមត្ថកិច្ច​របស់​ឃុំ​ទេ សមត្ថកិច្ច​របស់​គាត់ ប្រហែល​ជា​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន។ អាច​បង្កើត​ជា​គណៈកម្មការ កម្លាំង​ចម្រុះ​ខេត្ត ឬ​មួយ​កម្លាំង​ចម្រុះ​របស់​ស្រុក​ហ្នឹង​អាច​ដាក់​បាន ឬ​មួយ​ក៏​លោក​បង្កើត​ជា​​សហគមន៍ ប្រើប្រាស់​ផ្លូវថ្នល់ ជា​បុគ្គល​មិន​អាច​ទេ»

ពលរដ្ឋ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក លោក សឹម ស៊ាំសើន ឡើង​សួរ​គណៈ​អធិបតី​ថ្នាក់​ជាតិ​នៅ​ក្នុង​វេទិកា​សាធារណៈ នា​ឃុំ​បឹងទូក ស្រុក​ទឹកឈូ ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
ពលរដ្ឋ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក លោក សឹម ស៊ាំសើន ឡើង​សួរ​គណៈ​អធិបតី​ថ្នាក់​ជាតិ​នៅ​ក្នុង​វេទិកា​សាធារណៈ នា​ឃុំ​បឹងទូក ស្រុក​ទឹកឈូ ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

មេ​ឃុំ​បឹងទូក លោក សេង ចាន់ថន បាន​ពន្យល់​ថា ការ​ឃាត់​រថយន្ត​ដឹក​អំបិល​ដោយសារ​ដឹក​លើស​ទម្ងន់ និង​ដឹក​ខុស​ផ្លូវ​ដឹក​អំបិល។ លោក​ថា នៅ​ក្នុង​ឃុំ​មាន​ផ្លូវ​មួយ​សម្រាប់​ឲ្យ​រថយន្ត​ដឹក​អំបិល ហើយ​ការ​ដឹក​អំបិល​លើស​ទម្ងន់​ជា​ច្រើន​ដង បាន​បង្ក​ឲ្យ​ផ្លូវ​នោះ​ខូច​ខ្ទេច។ រថយន្ត​បាន​ដឹក​អំបិល​តាម​ផ្លូវ​អ្នក​ភូមិ​សម្រាប់​ធ្វើ​ដំណើរ ទើប​មាន​ការ​ឃាត់។ មុន​ការ​ឃាត់​រថយន្ត​នោះ គឺ​បាន​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ ព្រម​ទាំង​មាន​សំណើ​ពី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បឹងទូក។

​ទោះជា​មន្ត្រី​នៅ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក​បាន​ប្រកាស​ជា​មុន​ថា វេទិកា​សាធារណៈ​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ស្រុក​ទឹកឈូ មិន​មែន​ជា​វេទិកា​នយោបាយ ឬ​មិន​មែន​មក​តំណាង​ឲ្យ​គណបក្ស​នយោបាយ​ក៏ដោយ ប៉ុន្តែ​នៅ​ក្នុង​វេទិកា​នោះ គ្រប់​មន្ត្រី​ជាន់​ខ្ពស់​សុទ្ធ​តែ​មិន​ភ្លេច​ពី​ការ​សរសើរ​គោលនយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​គំនិត​ដ៏​ឈ្លាសវៃ​ដ៏​អស្ចារ្យ​នោះ​ទេ។

សំឡេង​សរសើរ​ពី​គោលនយោបាយ​លោក​នាយក​រដ្ឋមន្ត្រី៖ «យ៉ាង​ណា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន លោក​តែងតែ​គិត​ពី​ធនធាន​ធម្មជាតិ​ជា​ចម្បង​មិន​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទេ»

តំណាង​សហគមន៍​នេសាទ​នៅ​ភូមិ​កែបថ្មី ឃុំ​បឹងទូក លោក អ៊ិន ឆុំ ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់​ខេត្ត ចុះ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុនលោក កែវ ជា លោក សៀង ណាំ និង​ក្រុមហ៊ុន ចិន ចាក់​ដី​លុប​សមុទ្រ​ដែល​ធ្វើ​ឲ្យ​ការ​ប្រកប​របរ​នេសាទ​របស់​ពលរដ្ឋ​កាន់​តែ​មាន​ជីវភាព​ដុនដាប។

អភិបាល​រង​ខេត្ត​កំពត លោក សុដ សារ៉ាត់ ប្រកាស​ថា សំណើ​នេះ ថ្នាក់​ខេត្ត​នឹង​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «ខ្ញុំ​ក្ដាប់​ការងារ (ចាក់​ដី​លុប​សមុទ្រ) ហ្នឹង​អត់​បាន ខេត្ត​ក្ដាប់​ការងារ​ហ្នឹង​អត់​បាន ព្រោះ​វា​ជា​រឿង​ថ្នាក់​ជាតិ​អនុវត្ត​កិច្ច​ការងារ​ហ្នឹង​ណា​បង​ណា»

តែ​នៅ​ពេល​សួរ​ថា ការ​បង្កើត​ក្រុម​ការងារ​នោះ នៅ​ពេល​ណា​លោក​ស្នើ​សុំ​មិន​ថត​សំឡេង និង​រូបភាព ហើយ​ប្រាប់​ថា ត្រូវ​ដាក់​របាយការណ៍​ទៅ​អភិបាល​ខេត្ត​កំពត និង​ប្រធាន​ក្រុម​ការងារ​ចុះ​ពង្រឹង​ខេត្ត​កំពត លោក ចម ប្រសិទ្ធ ជា​មុន​សិន។

ពលរដ្ឋ​ម្នាក់​ទៀត លោក សឹម ស៊ាំសើន យល់​ថា វេទិកា​សាធារណៈ​របស់​មន្ត្រី​រដ្ឋាភិបាល មិន​បាន​ផ្ដល់​ឱកាស​ពេញលេញ​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ឆ្លើយ​តប​អំពី​ដំណោះស្រាយ​របស់​មន្ត្រី​ដែល​ផ្ដល់​ឲ្យ​ពលរដ្ឋ​នោះ​ទេ។ សម្រាប់​អ្នក​ភូមិ​ទទឹង​រូប​នេះ មិន​ចង់​ស្ដាប់​តែ​ការ​ដោះស្រាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ គឺ​ចង់​មាន​ការ​ជជែក​គ្នា​បន្ថែម​ទៀត៖ «សំណួរ​ខ្លះ​ដែល​យើង​ចោទ​សួរ​ហ្នឹង គាត់​យក​ទៅ​សួរ​ហើយ គាត់​ឆ្លើយ​ដោយ​ខ្លួន​ឯង​អត់​ឲ្យ​ម្ចាស់​សំណួរ​ហ្នឹង​បកស្រាយ​ថែម»

​មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា នឹង​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​ក្នុង​ឃុំ​ឲ្យ​អស់​ពី​ចិត្ត។ សម្រាប់​ការងារ​បម្រើ​គណបក្ស លោក សេង ចាន់ថន អះអាង​ថា ធ្វើ​តែ ១៤​ថ្ងៃ កាល​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែប៉ុណ្ណោះ ហើយ​ដល់​ពេល​ជាប់​ជា​មេ​ឃុំ លោក​បម្រើ​រាស្ត្រ​មិន​ដែល​រើសអើង​គណបក្ស​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។