គណៈកម្មការជំនាញបានបញ្ជូនសំណើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតជិត ៤រយនាក់ (៣៨១) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ សំណើនេះត្រូវបានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចស្នើសុំទៅព្រះមហាក្សត្រ ដើម្បីផ្ដល់ការអនុគ្រោះទោសដល់ទណ្ឌិតទាំងនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដើម្បីសាកសួររឿងនេះបន្ថែមបានទេ កាលពីយប់ថ្ងៃទី៥ វិច្ឆិកា។
ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ធ្វើឡើង ៥ ដងក្នុងមួយឆ្នាំ។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មី បុណ្យវិសាខបូជា បុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក។
ទោះជាយ៉ាងណា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនលើកលែងទោសដល់អ្នកទោសនយោបាយ ឬអ្នកទោសមនសិការនោះទេ ដរាបណាគ្មានការសម្របសម្រួលនយោបាយនោះ។ លោកគិតថា ក្នុងចំណោមអ្នកដែលត្រូវបានស្នើលើកលែង ឬបន្ធូរបន្ថយទោសនៅ ពេលនេះទំនងជាគ្មានអ្នកជាប់ឃុំដោយសារបញ្ហានយោបាយឡើយ។
លោក អេង ឆៃអ៊ាង៖ « អ្នកនយោបាយ និងអ្នកទោសមនសិការទាំងអស់ហ្នឹង គាត់អត់មានបានធ្វើអ្វីខុសទេ។ គាត់គ្រាន់តែប្រើប្រាស់មនសិការឧត្ដមគតិរបស់គាត់ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីសម្ដែងមតិ និងធ្វើសកម្មភាព ប៉ុន្តែរបបលោក ហ៊ុន សែន បានប្រើប្រាស់តុលាការ យកពួកគាត់ហ្នឹងទៅដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌។ អ៊ីចឹងក្នុងចំណោមអ្នកដែលត្រូវលើកលែងទោសហ្នឹង ខ្ញុំមិនមានសុទិដ្ឋិនិយមថា មានអ្នកទោសនយោបាយ អ្នកទោសមនសិការនៅក្នុងហ្នឹងទេ »។
មកដល់ពេលនេះ អ្នកជាប់ឃុំដោយសារបញ្ហានយោបាយ និងការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់ មានមិនតិចជាង ៤០នាក់នោះទេ ដោយអ្នកខ្លះរងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» អ្នកខ្លះជាប់ចោទពីបទ «ញុះញង់» ហើយមានខ្លះទៀតជាប់ទាំងពីរបទចោទតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។