របបក្រុងភ្នំពេញចំណាយប្រាក់ជិត៧ម៉ឺនដុល្លារក្នុងមួយខែជួលក្រុមហ៊ុនបញ្ចុះបញ្ចូលឬ ឡប់ប៊ី (Lobby) អាមេរិកមួយ ឲ្យជួយលុបលាងកេរ្តិ៍ឈ្មោះអាក្រក់របបលោក ហ៊ុន សែន។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង រិះគន់ថា របបក្រុងភ្នំពេញ កំពុងចំណាយលុយខ្ជះខ្ជាយឥតប្រយោជន៍ ហើយមិនអាចលុបលាងកេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួនបានទេ ប្រសិនបើ មិនព្រមស្ដារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។
របបក្រុងភ្នំពេញ បានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលថ្មីមួយទៀត ដើម្បីផ្តល់សេវាកម្មជួយលុបលាងកេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួន ខណៈសហរដ្ឋអាមេរិក កំពុងជំរុញការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំកំពូលៗនៅកម្ពុជារួមមានទាំងលោក ហ៊ុន សែន ផងដែរ។ ក្រុមហ៊ុនបញ្ចុះបញ្ចូលថ្មីនេះឈ្មោះខវីស (Qorvis Communications )ដែលល្បីល្បាញធ្វើជាតំណាងឲ្យរបបមួយចំនួនដែលមានកេរ្តិ៍ឈ្មោះអាក្រក់បំផុតនៅលើពិភពលោកពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។
ឯកសារដែលដាក់នៅក្រសួងយុត្តិធម៌អាមេរិក បង្ហាញថា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតុន លោក ជុំ សុន្ទរី បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនខវីស កាលពីថ្ងៃទី១៥ ខែកញ្ញា ។ ជាថ្នូរនឹងប្រាក់ឈ្នួលប្រចាំខែជិត៧ម៉ឺនដុល្លារ (៦៩.៣០០) ក្រុមហ៊ុនខវីស បានព្រមព្រៀងផ្តល់សេវាកម្មផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មផ្នែកសារគមនាគមន៍បែបយុទ្ធសាស្ត្រ ដើម្បីជួយគាំទ្រដល់ការបង្កើនការយល់ដឹងរបស់សាធារណជន រួមទាំងការធ្វើដំណើរ និងទេសចរណ៍សម្រាប់ប្រទេសកម្ពុជាផងដែរ។

វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា លោកមិនបានដឹងរឿងរដ្ឋាភិបាល ជួលក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកនេះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ការជួលក្រុមហ៊ុនអាមេរិក ដើម្បីឲ្យជួយសម្របសម្រួល ឬឡប់ប៊ីនេះ គឺជារឿងស្របច្បាប់ដែលប្រទេសផ្សេងៗទៀត ក៏ធ្វើបែបនេះដែរ ដើម្បីឲ្យសហរដ្ឋអាមេរិក បានទទួលស្គាល់និងយល់ពីអ្វីដែលកើតមាន ហើយឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសនីមួយៗ៖ «អាហ្នឹងជារឿងទូទៅធម្មតា។នៅក្នុងនយោបាយរបស់អាមេរិក គឺផលប្រយោជន៍អាមេរិកជាធំហើយបើចង់ធ្វើអី ទាល់តែឡប់ប៊ីដើម្បីរៀបចំគោលនយោបាយ (Policy) ឲ្យត្រឹមត្រូវ ដើម្បីពង្រឹងបណ្ដាញពាណិជ្ជកម្ម ឬបណ្ដាញអីផ្សេងដទៃទៀត មិនមែនរឿងលុបឈ្មោះលាងកំហុសលាងអីទេគឺអត់ទេ។ នៅសម័យកាលប្រទេសអារ៉ាប់ បានធ្វើឡប់ប៊ី ក្នុងពេលមានទំនាស់ជាមួយអូប៉ាម៉ាពីរឿងគេបម្រុងដាក់ប្រទេសអារ៉ាប់ហ្នឹងនៅក្នុងបញ្ជីរំលោភសិទ្ធិមនុស្សរំលោភអ៊ីចឹង គឺគេធ្វើការសម្របសម្រួលដើម្បីឲ្យកែប្រែអាផូលិស៊ី ( policy) ហ្នឹង។អាហ្នឹងជារឿងទំនៀមទម្លាប់ ហើយមិនត្រឹមតែទំនៀមទម្លាប់ទេ គឺជាប្រភពចំណូលរបស់អាមេរិកដែរ»។
ទោះជាយ៉ាងណា អ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ យល់ថា ការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីជួលក្រុមហ៊ុនខូវិសនេះ គឺគ្មានបំណងអ្វីក្រៅពីឲ្យក្រុមហ៊ុនមួយនេះ ជួយបញ្ចុះបញ្ចូលឬឡប់ប៊ីដល់រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក ឲ្យផ្លាស់ប្ដូរជំហរដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញនោះទេ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល លើកឡើងថា ក្រុមហ៊ុនខវីស គួរតែមានសេចក្តីខ្មាសអៀនខ្លួនឯង ដែលយករដ្ឋាភិបាលកម្ពុជា ធ្វើជាអតិថិជនរបស់ខ្លួន។ បណ្ឌិត អៀ សុផល បន្តថា វាជារឿងគួរឲ្យសង្វេគណាស់ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ចំណាយលុយ៧ម៉ឺនដុល្លារក្នុងមួយខែឲ្យក្រុមហ៊ុនឡប់ប៊ី ដើម្បីជួយការពារទង្វើរំលោភសិទ្ធិមនុស្ស ការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។ អ្នកនិពន្ធសៀវភៅ''ការពឹងផ្អែកលើជំនួយនៅកម្ពុជា''រូបនេះ សង្កត់ធ្ងន់ធ្ងរថា បច្ចុប្បន្ននេះ កម្ពុជា មានជាប់ពាក់ព័ន្ធនឹងការទិញអគ្គិសនីដែលផលិតដោយធ្យូងថ្ម ការកាប់បំផ្លាញព្រៃឈើដ៏មានតម្លៃចុងក្រោយ ការបូមខ្សាច់ និងអ្វីៗជាច្រើនទៀត។ ដូច្នេះបញ្ហាទាំងនេះ ក្រុមហ៊ុនខវីស គួរតែផ្អាកកិច្ចសន្យា ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ ហាក់មើលឃើញតែរឿងប្រាក់ចំណេញ និងផលប្រយោជន៍ប៉ុណ្ណោះ។
ក្រុមហ៊ុនខវីសនេះ គឺជាក្រុមហ៊ុនមួយ ដែលល្បីខាងទទួលយកកម្រៃពីក្រុមមេដឹកនាំនៃប្រទេសផ្ដាច់ការ និងពុករលួយមួយចំនួន ជាថ្នូរនឹងការ ផ្តល់សេវាកម្មជួយលុបលាងកេរ្តិ៍ ឈ្មោះអាស្រូវរបស់ពួកគេ ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ក្នុងនោះ ក្រុមហ៊ុនឡប់ប៊ីនេះ ធ្លាប់ទទួលយកប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត (Saudi Arabia ) ជាអតិថិជន ដើម្បីជួយលុបលាងរឿងឃាតកម្មលើអ្នកកាសែតម្នាក់ឈ្មោះ ចាម៉ែល កាហ្សូគហ្គី (Jamal khashoggi) កាលពីឆ្នាំ២០១៨។ក្រៅពីនេះ ក្រុមហ៊ុនខវីស ក៏ធ្លាប់បានធ្វើជាតំណាងឲ្យប្រទេសហ្គីណេអេក្វាទ័រ ( Equatorial Guinea )ប្រហែលមួយទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៧៩ ដែលស្ថិតក្រោមការគ្រប់គ្រងដ៏ឃោរឃៅរបស់ប្រធានាធិបតី លោក តេអូដូរ៉ូ អូប៊ែង(Teodoro Obiang )ហើយកូនប្រុសរបស់គាត់ ត្រូវបានប្រទេសអង់គ្លេស ហាមឃាត់មិនឲ្យធ្វើដំណើរ និងបង្កកទ្រព្យសម្បតិ្ត ជុំវិញការចោទប្រកាន់រឿងកិបកេងថវិកាជាតិ។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា របបលោក ហ៊ុន សែន គួរតែទុកលុយជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ប្រសើរជាងការចំណាយថវិកាជាតិខ្ជះខ្ជាយជួលក្រុមហ៊ុនអាមេរិក ដើម្បីការពារផលប្រយោជន៍បក្ខពួករបស់ខ្លួន។ លោកមើលឃើញថា នៅពីក្រោយខ្នង គឺក្រុមមេដឹកនាំរបបក្រុងភ្នំពេញ កំពុងតែព្រួយបារម្ភខ្លាំងពីការដាក់ទណ្ឌរបស់សហរដ្ឋអាមេរិក ទើបលួចជួលក្រុមហ៊ុនអាមេរិកដោយស្ងាត់ៗជាបន្តបន្ទាប់ ដើម្បីឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាល ឬព្រឹទ្ធសភាអាមេរិក កុំឲ្យចេញច្បាប់ដាក់ទណ្ឌកម្ម។ ទោះយ៉ាងណា តំណាងរាស្ត្របក្សប្រឆាំងរូបនេះ យល់ថា រដ្ឋាភិបាល និងព្រឹទ្ធសភាអាមេរិក នឹងមិនជឿលើការបញ្ចុះបញ្ចូលពីក្រុមហ៊ុនដែលរបបលោក ហ៊ុន សែន ជួលនោះទេ ព្រោះអាមេរិកបានដឹងយ៉ាងច្បាស់អំពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈស្ថានទូតអាមេរិក និងក្រុមអង្គការសង្គមស៊ីវិល៖ «របបក្រុងភ្នំពេញ មិនគួរចំណាយលុយ ដើម្បីជួលក្រុមហ៊ុន ដើម្បីការពារមុខមាត់របបក្រុងភ្នំពេញសព្វថ្ងៃទេ។ ផ្ទុយទៅវិញ របបក្រុងភ្នំពេញ គួរតែស្តារប្រជាធិបតេយ្យឡើងវិញ ធ្វើម៉េចរៀបចំឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយធ្វើឲ្យមានការគោរពសិទ្ធិមនុស្សឡើងវិញ ពេលនោះគេជឿបាត់ហើយ។ កាលណាស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះ គឺវាមិនត្រឹមតែមិនទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិក ឬពីសហគមន៍អន្តរជាតិទេ គឺគេ នឹងផ្តល់ជំនួយពីសហភាពអឺរ៉ុប ពីអាមេរិក ពីសហគមន៍អន្តរជាតិច្រើនជាងមុន ហើយរបបក្រុងភ្នំពេញ ក៏មានមុខមាត់នៅលើឆាកជាតិនិងអន្តរជាតិដែរ»។
នេះគឺជាលើកទី៣ហើយដែលរបបក្រុងភ្នំពេញ បានចំណាយទឹកប្រាក់រាប់សែនដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីជួលក្រុមហ៊ុនអាមេរិកាំងដែលជំនាញច្បាប់ឲ្យផ្ដល់សេវាកម្មបញ្ចុះបញ្ចូលពាក់ព័ន្ធនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក មកលើកម្ពុជា។ កាលពីខែមីនា ឆ្នាំ២០១៩ របបលោក ហ៊ុន សែន បានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលឈ្មោះប្រោន ស្ទីន ហាយស៍ ហ្វាប៊ឺ ស្រ៊េក ( Brownstein Hyatt Farber Schreck )ដោយចំណាយទឹកប្រាក់ចំនួន៧សែន២ម៉ឺនដុល្លារ(៧២០.០០០)ក្នុងមួយឆ្នាំ។ បន្ទាប់មក នៅដើមខែមេសា ឆ្នាំ២០១៩ របបលោក ហ៊ុន សែន ក៏បានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលមួយទៀតឈ្មោះផាករឹម ប្រ៊ីជ ( PacRim Bridges )ដោយចំណាយទឹកប្រាក់ចំនួនកន្លះលានដុល្លារ (៥០០.០០០)ក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ មានអ្នកជំនាញចំនួន២នាក់ គឺលោក ដួង អ៊ីរីកសេន(Doug Ericksen ) គឺជាសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងនៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត និងលោក ចាយ រ៉ូដណេ(Jay Rodne )គឺជាអតីតសមាជិកសភាប្រចាំរដ្ឋវ៉ាស៊ីនតោនស្តេត។ ការជួលក្រុមហ៊ុនឡប់ប៊ីអាមេរិកទាំងនេះ ធ្វើឡើងស្របពេលដែលសមាជិកព្រឹទ្ធសភា និងសភាអាមេរិកាំង មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កំពុងដំណើរការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងច្បាប់ស្ដីពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក ដោយសារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការគាស់រំលើងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។