"របប​ភ្នំពេញ​មិន​គួរ​ប្រតិកម្ម​ចំពោះ​មេដឹកនាំ​សិង្ហបុរី​ដែល​និយាយ​ការ​ពិត​ពី​វៀតណាម​ឈ្លាន​ពាន​កម្ពុជា"

ដោយ សុ ជីវី
2019.06.08
អ៊ុំ សំអាន ៦២០ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

ប្រជាពលរដ្ឋ​និង​អ្នក​សិក្សា​មួយ​ចំនួន យល់​ថា របប​ក្រុងភ្នំពេញ​មិន​គួរ​បញ្ចេញ​ប្រតិកម្ម​តាម​អំពើ​ចិត្ត​ចំពោះ​មេដឹកនាំ​ប្រទេស​សិង្ហបុរី ដែល​និយាយ​ការពិត​អំពី​រឿង​ប្រវត្តិ​សា​ស្រ​វៀតណាម​ឈ្លានពាន​កម្ពុជា​នោះ​ទេ។ ពួកគេ​ព្រួយបារម្ភ​ថា ប្រតិកម្ម​បែប​នេះ នឹង​ធ្វើ​ឱ្យ​ភាគី​ទាំងពីរ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយគ្នា។

ប្រជាពលរដ្ឋ និង​អ្នក​សិក្សា ឬ​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​ចាត់​ទុក​ការ​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​របស់​របប​ក្រុងភ្នំពេញ​ចំពោះ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong ) ដែល​ហ៊ាន​ថ្លែង​សារ​ការពិត​ថា​វៀតណាម​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ គឺជា​ប្រតិកម្ម​ខ្វះ​ការ​យល់ដឹង​ផ្នែក​ការទូត​និង​បង្ហាញ​ថា របប​នេះ​នៅតែ​រណប​វៀតណាម​ដដែល។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​និង​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្តី​ខ្មែរក្រហម​លោក ចៅ នី ថ្លែង​​ថា អ្វី​ដែល​មេដឹកនាំ​ប្រទេស​សិង្ហបុរី​ថ្លែង​ថា វៀតណាម​បាន​ចាប់ផ្ដើម​ឈ្លានពាន​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨​នោះ គឺជា​រឿង​ប្រវត្តិសាស្ត្រ​ពិត​ជាក់ស្ដែង​មិន​អាច​​ប្រកែក​បាន​ឡើយ៖ «នាយករដ្ឋមន្ត្រី​សិង្ហបុរី​ហ៊ាន​និយាយ​ហើយ គឺ​គាត់​ប្រហែលជា​គាត់​ហ៊ាន​និយាយ​ការពិត ដូច្នេះ​ទំនាក់ទំនង​ភាគី​ទាំងពីរ​ប្រហែលជា​មិនល្អ​ដូច​មុន​ទេ។ អ៊ីចឹង​ហ្អា​!​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​តំណែង​តាំងពី​ ១៩៧៩​ ដល់​សព្វថ្ងៃ ដោយសារ​តែ​វៀតណាម​បាន​ជួយ​គាត់​ម្ល៉ោះ​ហើយ​គាត់​ត្រូវ​ដឹងគុណ​វៀតណាម ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ថា វៀតណាម​ជា​អ្នក​មាន​គុណ​ទេ»

មេដឹកនាំ​កំពូល​របប​ក្រុងភ្នំពេញ​គឺ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​រួមមាន​លោក ទៀ បាញ់ លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​លោក​ហ៊ុន សែន និង​ក្រសួងការបរទេស​ជាដើម​សុទ្ធតែ​បាន សម្ដែង​ការ​សោកស្ដាយ​ដែល​លោក លី ស៊ានឡុង ថ្លែង​សារ​ចាត់​ទុក​ការណ៍​ដែល​កងទ័ព​វៀតណាម​លើកទ័ព​ចូល​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨​នោះ ថា​ជា​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន ចោទ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​ថា គាំទ្រ​របប​ខ្មែរក្រហម និង​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទើប​ថ្លែង​សារ​ដូច្នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម​អ្នកស្រី ឡេ ធី ធូហាំង (Lê Thị Thu Hằng) ក៏​​ជំទាស់​ទៅ​​នឹង​​សារ​​របស់​​លោក លី សៀនឡុង ដែរ ដោយ​ថា​ ការ​លើកឡើង​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​នៃ​ប្រវត្តិសាស្ត្រ​នាំ​ឱ្យ​មាន​ការយល់​ខុស​ពី​សាធារណ​មតិ។

បើទោះ​ជា​របប​ក្រុងភ្នំពេញ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ ជា​បន្តបន្ទាប់​ប្រឆាំង​ការ​ប្រើ​ពាក្យ​ថា ​វៀតណាម​ឈ្លានពាន​​កម្ពុជា​​ក្តី ក៏​របប​ក្រុងភ្នំពេញ​មិនទាន់​កោះហៅ​មន្ត្រី​ស្ថានទូត​សិង្ហបុរី​ប្រចាំ​ក្រុងភ្នំពេញ​ទៅ​តវ៉ា​នៅឡើយ​ទេ។ ស្ថានទូត​សិង្ហបុរី​ប្រចាំ​ក្រុង​ភ្នំពេញ​​​ប្រាប់​​អាស៊ីសេរី​​នៅ​​ថ្ងៃ​​ទី​៦ មិថុនា​ថា ​ស្ថានទូត​មិនទាន់​ឃើញ​មាន​លិខិត​កោះ​​អញ្ជើញ​​ជួប​​ដើម្បី​​សួរ​នាំ​​រឿង​​នេះ​​នៅ​ឡើយ​​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កេត សោផាន់ បាន​ទេ​ ដោយ​​ទូរស័ព្ទ​​របស់​​លោក​​មិន​​អាច​​ទំនាក់ទំនង​​បាន។ ប៉ុន្តែ គេហទំព័រ​ថ្មីៗ​ ចុះផ្សាយ​ថា​ក្រសួង​ការបរទេស​កម្ពុជា បាន​ទំនាក់ទំនង​និង​កំណត់ពេល​ជួប​ជា​មួយ​​ស្ថានទូត​សិង្ហបុរី​ហើយ។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯក​បក្ស​គឺ​លោក ផៃ ស៊ីផាន មិន​ទទួល​ទូរស័ព្ទ។

អ្នកគ្រប់គ្រង​កម្មវិធី​ពង្រឹង​អំណាច​យុវជន​ ដើម្បី​សមធម៌​សង្គម​ នៃ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន ​(YRDP)​ លោក លី ប៊ុនធា មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​មេដឹកនាំ​កម្ពុជា និង​មេដឹកនាំ​សិង្ហបុរី គឺ​ពិបាក​បែងចែក​រក​ខុសត្រូវ ព្រោះថា ​ជ្រុង​ប្រវត្តិ​សាស្ត្រ​​មួយ​ផ្នែក ​គឺ​ត្រូវ​ទទួល​ស្គាល់​ថា វៀតណាម​ពិតជា​បាន​នាំ​កងទ័ព​ចូល​មក​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប​ខ្មែរក្រហម។ ប៉ុន្តែ​ជ្រុង​ប្រវត្តិសាស្ត្រ​មួយទៀត​ គឺ​ពេល​វៀតណាម​បាន​ចូល​មក​ហើយ វៀតណាម​​មិន​បាន​​ដក​​កងទ័ព​​ទៅ​វិញ​​នោះ​​ទេ​ គឺ​​វត្តមាន​កងទ័ព​នៅ​កម្ពុជា​រហូត ​១០​ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កត់ត្រា​ថា ​វៀតណាម​បាន​​ចូល​​ឈ្លានពាន ​និង​​កាន់កាប់​​ទឹក​ដី​​កម្ពុជា៖ «ពេល​ដែល​វៀតណាម​ចូល​មក​វាយ​ខ្មែរក្រហម​ គឺ​ព្រឹត្តិការណ៍​នោះ​គឺ​ទាញ​បាន​ថា ជា​ការ​រំដោះ​ ប៉ុន្តែ​ក្រោយ​មក​ក៏​យើង​មាន​សំណួរ​​សួរ​ថា ហេតុ​អី​ចូល​មក​ហើយ មិន​ត្រឡប់​ទៅវិញ​? នេះ​គឺជា​ព្រឹត្តិការណ៍​មួយទៀត ដែល​យើង​មើល​ជ្រុង​ខុសគ្នា។ ខ្ញុំ​មិន​ថា រំដោះ​បាន​ត្រូវ​ ឬ​ឈ្លានពាន​បាន​ត្រូវ​នោះ​ទេ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ គឺ​កើតឡើង​ទាំងពីរ»

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​បញ្ចេញ​ប្រតិកម្ម​តាម​ការ​នឹក​ឃើញ​ឬ​តាម​និន្នាការ​របស់​ខ្លួន​នោះ​ទេ គួរតែ​ធ្វើ​ការ​តវ៉ា​ដែល​មាន​លក្ខណៈ​ការទូត​ទើប​ប្រសើរ​ជាង ​ដើម្បី​រក្សា​ទំនាក់​ទង​ល្អ​ជាមួយគ្នា៖ «គួរតែ​ក្រសួង​ស្ថាប័ន​ជាតិ​ជាពិសេស​ក្រសួង​ការ​បរទេស​​ខ្មែរ​ឆ្លើយ​បំភ្លឺ​តាមរយៈ​ការទូត​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​ចំណង​មិត្តភាព​​ក្នុង​នាម​​ជា​​សមាជិក​អាស៊ាន​ និង​​ត្រូវ​​ឆ្លើយ​​បំភ្លឺ​​ឱ្យ​​បាន​​ត្រឹមត្រូវ​​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​យល់ថា​ស្ថានភាព​ពេលនោះ​យ៉ាងម៉េច»

ប្រតិកម្ម​របស់​របប​ក្រុងភ្នំពេញ​គឺ​បន្ទាប់ពី​កាលពី​សប្ដាហ៍​មុន​នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀនឡុង (Lee Hsien Loong) បាន​បង្ហោះ​សំណេរ​មួយ​នៅ​លើ​ហ្វេសប៊ុក ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) ដើម្បី​ចូល​រួម​​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ប្រធាន​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជំនាន់​ទសវត្សរ៍​ទី​៨០​ លោក ប្រេម ទីនស៊ូឡាណុន (Prem Tinsulanonda)។ លោក លី សៀនឡុង បាន​សង្កត់ធ្ងន់​អំពី​គុណសម្បត្តិ​ដឹកនាំ​របស់​ឧត្ដមសេនីយ៍ ​ប្រេម ក្នុង​កិច្ចការ​ការពារ​សន្តិសុខ​នៅ​ប្រទេស​ថៃ​និង​តំបន់​អាស៊ាន​ដែល​កាលនោះ​មាន​ប្រទេស ៥​ជា​សមាជិក គឺ​សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន។ លោក​បញ្ជាក់​ថា លោក ប្រេម រួម​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​ ​បាន​ពួតដៃគ្នា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម​លើ​​កម្ពុជា និង​រដ្ឋាភិបាល​ថ្មី​ ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម។ លោក​បញ្ជាក់​ទៀត​ថា លោក ប្រេម និង​ថ្នាក់ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​បាន​ជំទាស់​នៅ​លើ​ឆាក​អន្តរជាតិ​ចំពោះ​​ការ​ដាក់​នឹម​ត្រួតត្រា​លើ​កម្ពុជា ពី​សំណាក់​ប្រទេស​វៀតណាម ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការឈ្លានពាន​តាមរយៈ​កម្លាំង​យោធា និង​របប​ថ្មី​នៅ​ពេល​នោះ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ឡើយ ហើយ​នេះ​គឺ​ការ​ជួយ​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​​អាស៊ាន​​ដទៃ​​ទៀត។

តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ដែល​ធ្លាប់​ត្រូវ​បាន​របប​លោក ​ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ជាង ២​ឆ្នាំ​រឿង​រិះគន់​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ​លើក ឡើង​ថា ថ្ងៃ​ទី​៧ ខែ​មករា ១៩៧៩ ដែល​ជា​ថ្ងៃ​កងទ័ព​​ដណ្តើម​បាន​ទីក្រុង​ភ្នំពេញ​នោះ​គឺជា​ថ្ងៃ​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា ដែល​វៀតណាម​ចាំតែ​ឱកាស​នេះ​ជា​យូរ​មក​ហើយ ដើម្បី​ឈ្លានពាន​កម្ពុជា និង​យក​កម្ពុជា​ដូច​យក​កម្ពុជា​ក្រោម​តាម​នយោបាយ​ឆ្ពោះ​មក​ទិស​ខាងលិច​របស់​ហូជីមិញ។ លោក​​បន្ត​​ថា ដោយសារតែ​ចលនា​តស៊ូ​ខ្មែរ ​ដែល​ដឹកនាំ​ដោយ​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ នៅ​​តាម​ជាយ​ដែន​​ខ្មែរ​-​ថៃ និង​គំនាប​​អន្តរជាតិ​ ព្រមទាំង​ការ​ដួល​រលំ​របស់​សហភាព​សូវៀត ទើប​​ធ្វើ​​ឱ្យ​​វៀតណាម​ព្រម​​ដក​​ទ័ព​​ចេញ​ពី​​កម្ពុជា បើ​​ពុំ​​នោះ​ទេ វៀតណាម​មិន​ព្រម​ចេញពី​កម្ពុជា​ឡើយ។ លោក​បញ្ជាក់​ថា មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់​ថា វៀតណាម​ឈ្លានពាន​កម្ពុជា៖ «ទី​១ យួន​បាន​ចូល​មក​រំលំ​របប​ខ្មែរក្រហម ហើយ​មិនបាន​ដក​ទ័ព​ទៅវិញ​នោះ​ទេ។ ទី​២ យួន​​បាន​​ដាក់​​ជំនាញ​ការ​​គ្រប់​ស្ថាប័ន និង​គ្រប់​ថ្នាក់​ដើម្បី​ត្រួតត្រា​ខ្មែរ។ ទី​៣​ យួន​បាន​បង្ខំ​ឱ្យ​ខ្មែរ (លោក ហ៊ុន សែន កាលនោះ​ជា​រដ្ឋមន្ត្រីការបរទេស) ស៊ីញេ​កាត់​ដី​ខ្មែរ​ឱ្យ​យួន​តាម​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់​ឆ្នាំ​១៩៨២, ១៩៨៣ និង​ឆ្នាំ​១៩៨៥។ ទី​៤​ យួន​បាន​បង្ខំ​ឱ្យ​ខ្មែរ (រដ្ឋាភិបាល​ដែល​លើក​បន្តុប​ដោយ​យួន) ស៊ីញេ​ឱ្យ​ខ្មែរ ៥​គ្រួសារ​ត្រូវ​មាន​យួន ៣​គ្រួសារ និង​ទី​៥​ យួន​បង្ខំ​ឱ្យ​អនុវត្ត​ផែនការ ក​៥ ដើម្បី​សម្លាប់​ខ្មែរ»

លោក អ៊ុំ សំអាន បន្ត​ថា ​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី គឺជា​រឿង​ត្រឹមត្រូវ ដែល​​ខុស​ពី​​របប​​ក្រុង​ភ្នំពេញ បែរជា​ប្រតិកម្ម​ជំនួស​វៀតណាម​ទៅវិញ។ លោក​បញ្ជាក់​ថា សូម្បីតែ​ព្រះបរមរតនកោដ្ឋ ព្រះបាទ ​នរោត្តម សីហនុ ក៏​​ធ្លាប់​​មាន​ព្រះ​បន្ទូល​​ថា វៀតណាម​ឈ្លានពាន​កម្ពុជា​នា​ទសវត្ស​ទី​៨០ ​ដែរ។ ប្រវត្តិសាស្ត្រ សកលលោក​​ក៏​​សុទ្ធតែ​​លើក​​ឡើង​​ថា វៀតណាម​ឈ្លានពាន​កម្ពុជា។ ការណ៍​​ដែល​លោក ហ៊ុន សែន ខំ​​ការពារ​​វៀតណាម​​ដូច្នេះ ​ព្រោះ​​របប​​សព្វថ្ងៃ​​នេះ​​នៅ​តែ​រណប​វៀតណាម និង​ចាត់​ទុក​វៀតណាម​ជា​បងធំ​ដដែល។

ក្រោយ​មានការ​ប្រតិកម្ម​ពី​របប​ក្រុងភ្នំពេញ និង​ក្រសួងការបរទេស​វៀតណាម​នោះ ប្រធាន​រដ្ឋសភា ប្រទេស​សិង្ហបុរី លោក តាន់ ឈន់ជីន (Tan Chuan-Jin) បង្ហោះ​សំណេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្លើយតប​ទៅ​វៀតណាម​ថា វៀតណាម​ប្រហែលជា​មិន​ពេញចិត្ត​ចំពោះ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ទេ ហើយ​វៀតណាម​អាច​កំណត់​និយមន័យ​ពី​អតីតកាល​បែប​ណា​ដែល​ខ្លួន​គិត​ថា សមស្រប។ សំណេរ​ដដែល​បន្ត​ថា ទោះ​យ៉ាង​ណា​ក្តី​វា​នៅតែ​មិន​អាច​ផ្លាស់ប្ដូរ​អតីតកាល​ដែល​មនុស្ស​ភាគច្រើន​បាន​យល់​ឃើញ​ឡើយ ហើយ​ករណី​នេះ ក៏​មិន​អាច​បំបែក​មិត្តភាព​ប្រទេស​ទាំងពីរ​ដែរ។ ប្រធាន​រដ្ឋសភា​សិង្ហបុរី​រូប​នេះ​ក៏បាន​ថ្លែង​ក្នុង​ន័យ​បង្ហាញ​ពី​ជំហរ​នៅតែ​គាំទ្រ​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ខ្លួន​ដដែល​ថា ស្ថានភាព​កាលនោះ​បាន​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ដល់​ភ្នាក់ងារ​សន្តិសុខ​របស់​សិង្ហបុរី ហើយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​សុទ្ធតែ​បាន​ដឹង​ច្បាស់​ថា ការ​គំរាមកំហែង​នៃ​លទ្ធិ​កុម្មុយនិស្ត និង​ការ​រីក​សាយភាយ​នៃ​លទ្ធិ​នេះ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​ជា​កង្វល់​ធ្ងន់ធ្ងរ​បំផុត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​លោក យង់ គិមអេង មាន​ប្រសាសន៍ថា កម្ពុជា​មិន​គួរ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​នោះ​ទេ ព្រោះ​អន្តរជាតិ​សុទ្ធតែ​កំណត់​និយមន័យ​ និង​កត់ត្រា​ថា ការ​​ចូល​​អន្តរាគមន៍​​របស់​​វៀតណាម​​ពេល​នោះ ​គឺ​ជា​​ការ​ឈ្លានពាន​​ទឹក​ដី​​ខ្មែរ។ ម្យ៉ាងវិញទៀត ពេលនោះ​ក៏​មាន​អ្នក​តស៊ូ​ខ្មែរ​បី​ភាគី​ទៀត​ដែល​ប្រកាស ពី​ការ​ចូល​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា និង​សុំ​ឱ្យ​អន្តរជាតិ​ជួយ​ផង​ដែរ៖ «រដ្ឋាភិបាល​មិន​គួរ​ប្រតិកម្ម​ទេ ព្រោះ​គាត់​និយាយ​រឿង​អតីតកាល​មិនមែន​និយាយ​រឿង​បច្ចុប្បន្នកាល។ អ៊ីចឹង​ពេលនោះ​ពួក​អន្តរជាតិ​ភាគច្រើន​គេ​បាន​គិត​ និង​នៅ​ក្នុង​ទ្រឹស្ដី​របស់​គេ​ថា វា​ជា​ការ​ឈ្លានពាន​ហើយ។ ប្រសិនបើ​មាន​ប្រតិកម្ម​ចុះ​ឡើងៗ ​វា​​ធ្វើ​​ឱ្យ​​មាន​​ការ​​ជជែក​​កាន់​តែ​​វែង​ឆ្ងាយ ​ហើយ​​មិន​​សូវ​​មាន​ចំណេញ​​ដល់​​ជាតិ​​ផង​​ទេ។ ផ្ទុយទៅវិញ​វា​នឹង​ធ្វើ​ឱ្យ​មានការ​រង្កៀស​ចិត្ត​គ្នា​ខ្លះ នៅ​​ក្នុង​​ទំនាក់ទំនង​​ក្នុង​​អាស៊ាន​​ជា​ពិសេស​​សិង្ហ​បុរី»

លោក​បន្ត​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ការពារ​ថា វៀតណាម​មក​ជួយ​សង្គ្រោះ​មិនមែន​មក​ឈ្លានពាន​​នេះ ដោយសារ​តែ​​កាល​នោះ​ ពលរដ្ឋ​ខ្មែរ​​មួយ​​ក្រុម ​រួមមាន​​លោក ហ៊ុន សែន បាន​រត់​ទៅ​ពឹង​ឱ្យ​វៀតណាម​ជួយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។

ក្រុម​អ្នក​សិក្សា និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​សុទ្ធតែ​អះអាង​ថា ប្រទេស​សមាជិក​ស្ថាបនិក​អាស៊ាន​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​កម្ពុជា​ចេញពី​ការឈ្លានពាន និង​គ្រប់គ្រង​របស់​វៀតណាម​ចាប់​តាំង​ពី​ចុង​ទសវត្ស​ទី​៧០ រហូតដល់​មាន​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ក៏ប៉ុន្តែ​គុណសម្បត្តិ​នេះ​ហាក់​មិនសូវ​មានការ​អារម្មណ៍​និង​ដឹង​លឺ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ឡើយ​ដោយសារតែ​កង្វះ​ការស្រាវជ្រាវ​ និង​ការ​ផ្សព្វផ្សាយ។ ជាពិសេស​ គឺ​របប​លោក ហ៊ុន សែន មិន​​បាន​​ឱ្យ​​តម្លៃ​ដល់​​កិច្ច​​ខិតខំ​​ប្រឹងប្រែង​​របស់​​អាស៊ាន​​ឡើយ ប៉ុន្តែ​ឱ្យ​តម្លៃ​ខ្លាំង​ទៅលើ​ប្រទេស​វៀតណាម​ ដែល​​បាន​​ចូល​​ឈ្លានពាន​​កម្ពុជា​ និង​​លើក​​បន្តុប​​ខ្លួន​​ឱ្យ​​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។