មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅក្រុងសៀមរាបឱ្យដឹងថា របបក្រុងភ្នំពេញបានពង្រាយកម្លាំងប្រដាប់អាវុធច្រើនស្អេកស្កះ តាមផ្លូវជាតិ វាលយន្តហោះ និងតាមច្រកព្រំដែន ជារូបភាពគំរាមកំហែងស្មារតីពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពួកគេអះអាងថា បញ្ហានេះ បង្កប៉ះពាល់ដល់វិស័យទេសចរ និងប្រាក់ចំណូលប្រជាជនមួយកម្រិតទៀត។
មន្ត្រីសង្គមស៊ីវិល និងក្រុមមគ្គុទ្ទេសក៍អង្គរ បង្ហាញក្ដីកង្វល់ជាថ្មីទៀត ពីការធ្លាក់ចុះភ្ញៀវទេសចរ ទៅទស្សនានៅតំបន់អង្គរខេត្តសៀមរាប ខណៈដែលរបបលោក ហ៊ុន សែន បានពង្រាយកងកម្លាំងប្រដាប់អាវុធ យាមល្បាតក្នុងក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិ វាលយន្តហោះក្រុងសៀមរាប និងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃជាដើម។ ពួកគេអំពាវនាវឱ្យរបបក្រុងភ្នំពេញ ដោះស្រាយរឿងនេះ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននានា លើជីវភាពប្រជាជន និងស្មារតីពលរដ្ឋស្លូតត្រង់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្តល់យោបល់ថា រដ្ឋាភិបាលគួរដកកម្លាំងប្រដាប់អាវុធស្អេកស្កះ ហើយរក្សាសន្តិសុខសណ្ដាប់ឱ្យប្រសើរឡើងវិញ ដើម្បីស្រោចស្រង់ភ្ញៀវទេសចរដែលកំពុងធ្លាក់ចុះយ៉ាងគំហុក។ លោកថា ពលរដ្ឋខ្មែរមួយចំនួនបង្ហាញអារម្មណ៍ភ័យខ្លាច មិនហ៊ានធ្វើដំណើរឆ្ងាយ និងខ្លះទៀតភៀសខ្លួនមួយរយៈដោយសារ បារម្ភពីជម្លោះនយោបាយ។ ចំណែកពលរដ្ឋមានប្រភពចំណូលពីវិស័យទេសចរ ក៏កំពុងប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូលកាន់តែធ្ងន់ធ្ងរ។ លោកបន្ថែមថា ការបង្ហាញកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនបែបនេះ នឹងប៉ះពាល់ស្មារតីពលរដ្ឋទូទាំងប្រទេស គំរាមកំហែងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសប៉ះពាល់សេដ្ឋកិច្ចជាតិធំធេង៖ «ផលប៉ះពាល់ទី១ វិស័យទេសចរ ទី២ ការប្រកបមុខរបបអាជីវកម្មរបស់ពលរដ្ឋ។ ការមើលឃើញរបស់ខ្ញុំ រដ្ឋាភិបាលគួរបង្កបរិកាសនយោបាយ ឱ្យស្ងប់ស្ងាត់វិញ ឱ្យមានភាពត្រូវរូវគ្នា រវាងអ្នកនយោបាយទាំងអស់ហ្នឹង។ ឱ្យប្រទេសជាតិមានការស្ងៀបស្ងាត់ កុំឱ្យដាក់កម្លាំងប្រដាប់អាវុធ ដកកម្លាំងប្រដាប់អាវុធចេញទាំងអស់។ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ដូចដើមវិញ នេះជាចំណុចមួយល្អ » ។
បុគ្គលិកសណ្ឋាគារម្នាក់នៅក្រុងសៀមរាប ថ្លែងមិនហ៊ានបញ្ចេញឈ្មោះឱ្យដឹងនៅថ្ងៃទី៩ វិច្ឆិកាថា អំឡុងពេលនយោបាយតាងតឹងខ្លាំង ភ្ញៀវទេសចរមួយចំនួន ដែលបានកក់បន្ទប់រួចរាល់ បែរជាផ្អាកទៅវិញ ដោយសារពួកគេបារម្ភពីបញ្ហានយោបាយនៅកម្ពុជា។ លោកថា ម្ចាស់សណ្ឋាគារមួយចំនួន នៅក្រុងខេត្តសៀមរាប បានបិទទ្វារ និងបញ្ឈប់បុគ្គលិករបស់ខ្លួនជាបណ្ដើរៗ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលជាហេតុធ្វើឱ្យប៉ះពាល់ជីវភាពប្រជាជនក្នុងតំបន់។ រីឯពលរដ្ឋដែលមានប្រភពចំណូលពីវិស័យទេសចរ ក៏កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ និងខ្លះទៀតគ្មានប្រាក់បង្វិលសងម្ចាស់បំណុលវិញ៖ «សៀមរាបយើង មានអូតែលជាច្រើន ដែលផ្អាកបុគ្គលិក មានដូចជា សុខា អូតែល អង្គរអេរ៉ា និងអង្គរអេរ៉ាបាយ័ន ហើយនៅសុខាល័យដូចគ្នា ដែលអត់មានភ្ញៀវ ហើយនៅសុខាអូតែលនៅផ្លូវ ៦០ សឹងតែថា បិទតែម្តង។ បុគ្គលិកមួយចំនួន គេផ្អាកអ៊ីចឹង អត់មានចំណូល ក៏ដូចជាបង់សងធនាគារ។ ស្ថានភាពភ្ញៀវធ្លាក់ចុះ អាក្រក់បំផុត បើធៀបឆ្នាំកន្លងទៅ។ នេះបើខ្ញុំធ្វើការផ្ទាល់ គឺវាជាឆ្នាំអាក្រក់បំផុត » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលខេត្តសៀមរាប លោក ទៀ សីហា និង អ្នកនាំពាក្យក្រសួងទេសចរ ដើម្បីសុំការអធិប្បាយរឿងនេះ តែទូរស័ព្ទហៅចូល គ្មានអ្នកលើកនៅថ្ងៃទី៩ វិច្ឆិកា។
រីឯអ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃដដែលនេះ។
ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរ លោក ខៀវ ធី មានប្រសាសន៍ថា វិបត្តិនយោបាយ គឺជាមូលហេតុចម្បងដែលធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះខ្លាំង ប៉ះពាល់ជីវភាពពលរដ្ឋ។ លោកចង់ឃើញ អ្នកនយោបាយដោះស្រាយបញ្ហានេះ ដោយស្មោះត្រង់ កម្កល់ប្រយោជន៍ជាតិជាធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងស្ដារសេដ្ឋកិច្ចប្រជាជន។ លោកបារម្ភថា បើអ្នកនយោបាយនៅតែមានៈ ឈ្លោះប្រកែកគ្នាតទៀត ពលរដ្ឋនៅទូទាំងប្រទេសនឹងជួបការលំបាកផ្នែកជីវភាពកាន់តែធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចកាន់តែធ្លាក់ចុះខ្លាំង៖ «កាលណានយោបាយមិនល្អទេសចរណ៍ អត់សូវមក បើនយោបាយយើងល្អទេសចរនឹងមក។ ចង់ឱ្យអ្នកនយោបាយពិភាក្សាគ្នា មេត្តាចរាចគ្នា សម្របសម្រួលគ្នា ហ្នឹងបានល្អសម្រាប់ទេសចរណ៍ស្រុកខ្មែរ។ ឆ្នាំ២០១៩ នេះ មិនសូវល្អទេ ឆ្នាំ២០១៩ ទេសចរយើងធ្លាក់ចុះ » ។
របាយការណ៍គ្រឹះស្ថានអង្គរបង្ហាញថា រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៩ នេះ មានភ្ញៀវទេសចរជិត ១លាន ៤សែននាក់។ ចំនួននេះ គឺធ្លាក់ចុះជាង ១០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ មន្ត្រីសង្គមស៊ីវិល ពលរដ្ឋ និងក្រុមមគ្គុទ្ទេសក៍បារម្ភថា ប្រសិនបើជម្លោះនយោបាយនៅតែអូសបន្លាយពេលរហូតផ្ដាច់អនុគ្រោះពន្ធ EBA នឹងបង្កផលប៉ះពាល់ធំធេងដល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជនទាំងមូលជាពិសេស នឹងផ្ទុះឡើង នូវវិបត្តិសង្គមនានា រួមមាន ការរឹបអូសដីធ្លី ផ្ទះសម្បែងពីសំណាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។